វាំងននជាគ្រឿងសម្រាប់លម្អដើម្បីឱ្យមានភាពស្រស់ស្អាតនិងសិរីសួស្ដីនៅក្នុងគេហដ្ឋាន។ គេហដ្ឋាននីមួយៗមិនមែនអាច រៀបចំវាំងននបានតែនៅពេលដែលមានកម្មវិធី ឬពិធីបុណ្យផ្សេងៗនោះទេ។ លោកអ្នកអាចតុបតែងប្រចាំថ្ងៃបានដោយគ្រាន់តែ ជ្រើសរើសវាំងននយកមករៀបចំតុបតែងជាលក្ខណៈធម្មតា ឬបែបទំនើបបន្ដិចក៏បាន។ វាំងននមានច្រើនសណ្ឋាន ចំណែកការជ្រើស រើសវាំងននគឺអាស្រ័យទៅលើប្រភេទគេហដ្ឋាន មិនអាចជ្រើសរើសដូចគ្នានោះទេ។
សូមអានអំពីវិធីជ្រើសរើសវាំងននសម្រាប់តុបតែងផ្ទះ ជាមួយទស្សនាវដ្ដី សុខភាពយើងតាមរយៈការបកស្រាយរបស់លោកស្រី ហ្គេច រ៉ុង ដែលជាម្ចាស់ហាងលក់វាំងននដាឡា។
វាជាការពិតណាស់ គ្រប់ផ្ទះទាំងអស់មានការរៀបចំដោយឡែកៗពីគ្នាទៅតាមការនិយមចូលចិត្ដរបស់គ្រួសារនីមួយៗ។ ប៉ុន្ដែអ្វីដែលចង់ជម្រាបជូនពេលនេះគឺសំដៅបន្ថែមភាពស្រស់ស្អាតទៅលើអ្វីដែលមានស្រាប់រួចទៅហើយនោះដូចជាការតុបតែងវាំង ននតាមខ្លោងទ្វារ បង្អួច ចង្ក្រានបាយ បន្ទប់ទទួលភេឬៀវជាដើម។
ការជ្រើសរើសវាំងននតុបតែងផ្ទះបូរាណ
កាលពីសម័យមុន ម៉ូតផ្ទះមានតែមួយមុខគត់គឺផ្ទះបូរាណ ហើយមានឈ្មោះផ្សេងៗពីគ្នា។ ទោះបីជាមានការហូរចូល នូវម៉ូតផ្សេងៗច្រើនបន្ដិចមែន លោកអ្នកមួយចំនួននៅតែរក្សាបាន និងសាងសង់ផ្ទះតាមម៉ូតបូរាណដដែល។ ចំពោះការតុបតែងផ្ទះ បូរាណមិនមានការពិបាកឡើយជាទូទៅនៅក្នុងការរៀបចំវាំងននមានលក្ខណៈខុសពីផ្ទះម៉ូតផ្សេងៗនៅត្រង់ខ្លោងទ្វារ បង្អួច បន្ទប់គេង ចង្ក្រានបាយ គឺដេរម៉ូតធម្មតាដោយបត់វាំងននជាផ្នត់ដូចអ៊ុត និងដេរដាក់កងឈើហើយដាក់ផ្កាជាស្បៃខាងក្នុងវាំងនន។ ការដេរបែប នេះសាមញ្ញមែនពិតតែក៏មានលោកអ្នកមួយចំនួននៅតែត្រូវការ។
ការជ្រើសរើសវាំងននតុបតែងផ្ទះល្វែង
ផ្ទះល្វែងនាសម័យបច្ចុប្បន្នមានជាច្រើន ជាពិសេសនៅទីក្រុង ឬទីប្រជុំជន។ ចំពោះការតុបតែងវាំងននក្នុងផ្ទះអាស្រ័យទៅ លើចំណង់ចំណូលចិត្ដ លោកអ្នកមួយចំនួនត្រូវការរៀបចំ និងមានខ្លះទៀតមិនរៀបចំក៏គ្មានបញ្ហាអ្វីដែរ។ ប៉ុន្ដែទោះបីជាយ៉ាងណាក៏ ដោយ ដើម្បីបន្ថែមភាពស្រស់ស្អាតដល់គេហដ្ឋានរបស់លោកអ្នកព្រមទាំងអាចជួយឱ្យមានផាសុកភាពគួរតែរៀបចំវាំងនន។ បន្ទប់ ទទួលភេឬៀវវាំងននធម្មតា ឬម៉ូតសម័យថ្មី(រំលេចដោយស្រមោលទឹករលក)ភាគច្រើនសព្វថ្ងៃមានការនិយមម៉ូតសម័យថ្មីនៅក្នុង បន្ទប់គេងដូចគ្នាដែរ។ ជាទូទៅបន្ទប់បាយច្រើនរើសប្រើវាំងននធម្មតាដោយគ្មានការរចនាម៉ូត។ ជាងនេះទៅទៀតសម្រាប់ទ្វារបង្អួច វាំងននធម្មតា ឬម៉ូតក៏ដោយប្រសិនទ្វារម៉ូតបែបណាបង្អួចក៏បែបនោះ(ឈុតដូចគ្នា)។
ការជ្រើសរើសវាំងននតុបតែងភូមិគ្រឹះ(ផ្ទះវីឡា)
សម្រាប់ភូមិគ្រឹះត្រូវចំណាយថវិកាច្រើនបន្ដិចនៅក្នុងការរៀបចំវាំងនន ស្រដៀងគ្នានឹងផ្ទះល្វែង។ ប៉ុន្ដែមានលក្ខណៈពិសេសត្រង់បន្ទប់គេង និងបន្ទប់ទទួលភេឬៀវ ចាំបាច់ត្រូវប្រើវាំងននម៉ូតទំនើបដើម្បីមានភាពស័ក្ដិសមទៅតាមម៉ូតសម័យថ្មី។ ជា ពិសេសការច្នៃម៉ូតបំពាក់បន្ទប់គេង និងបន្ទប់ទទួលភ្ញៀវ លោកអ្នកមួយចំនួនទៀតត្រូវការឱ្យច្នៃម៉ូតដែលស្អាតប្លែកជាងគេដោយ គ្រាន់តែចំណាយប្រាក់ច្រើនជាធម្មតា។
ការជ្រើសរើសពណ៌វាំងននឱ្យស័ក្ដិសមតាមពណ៌ជញ្ជាំង
ចង់បានផ្ទះស្រស់ស្អាតបន្ថែមទៀតការជ្រើសរើសវាំងននត្រូវពិនិត្យមើលលើពណ៌ផ្ទះ ហើយម្យ៉ាងវិញទៀតក៏អាស្រ័យលើ កម្រាលការ៉ូ សាឡុងជាដើម។ ជញ្ជាំងផ្ទះពណ៌អ្វីត្រូវដាក់ពណ៌វាំងននបែបនោះដែរ។ ប៉ុន្ដែចំពោះជញ្ជាំងពណ៌សដាក់វាំងននពណ៌បែប ណាក៏ស័ក្ដិសមដែរ ដូចជាពណ៌ឈើ ពណ៌ខៀវ ពណ៌លឿង ពណ៌ចំប៉ាក្រៀម(ពណ៌ស៊ីជម្ពូ)ឬពណ៌ផ្សេងៗទៀតជាដើម។ ជាងនេះទៅ ទៀត លោកអ្នកគួរតែដឹងអំពីវាំងននការពារពន្លឺថ្ងៃដោយដេរក្រណាត់កៅស៊ូដែលមានពណ៌អាលុយមីញ៉ូមដាក់ខាងក្រៅ និងពណ៌ខ្មៅ ដាក់ខាងក្នុងក្រៅពីនេះត្រូវដេរវាំងននក្រណាត់ដាក់ខាងក្នុងមួយជាន់ទៀត។ ចំពោះនៅតាមបណ្ដាក្រុមហ៊ុននានាមិនសូវផ្ដោតលើការ ជ្រើសរើសវាំងននទេជាពិសេសនៅតាមការិយាល័យច្រើននិយមប្រើបង្អួចស្លាបព្រិលបញ្ឈរ និងលីមីញ៉ូម(ពណ៌សថ្លាៗ) ឬវាំងនន ធម្មតា។
ដំបូន្មានអ្នកប្រឹក្សា
លោកអ្នកគួរតែប្រុងប្រយ័ត្នបន្ដិចនៅពេលជ្រើសរើសវាំងននតុបតែងផ្ទះ ព្រោះការរៀបចំត្រូវពឹងផ្អែកទៅលើការរចនាម៉ូត និងពណ៌ផ្ទះ។ ប្រការល្អបំផុតលោកអ្នកត្រូវទៅពិភាក្សាជាមួយអ្នកជំនាញក្នុងការជ្រើសរើសវាំងនននិងរៀបចំឱ្យត្រូវទៅតាមប្រភេទ នៃផ្ទះ ដើម្បីចៀសវាងការពិបាកលើកក្រោយក្នុងការប្ដូរផ្លាស់។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៣ ខែធ្នូ ឆ្នាំ២០០៧
Leave a Reply