កុមារជាវ័យកំពុងលូតលាស់ដែលត្រូវការជាចាំបាច់នូវអាហារសម្រាប់ទ្រទ្រង់រាយកាយឱ្យធំធាត់់ចាប់តាំងពីពេលដែលទើបនឹងកើតដំបូង។ មិនមែនគ្រប់ចំណីអាហារទាំងអស់សុទ្ធតែអាចនាំឱ្យកុមារមានសុខភាពល្អ និងលូតលាស់នោះទេព្រោះមានចំណី អាហារមួយចំនួនមិនមានប្រយោជន៍ទាល់តែសោះដល់កុមារថែមទាំងផ្ដល់គ្រោះថ្នាក់ដែលប៉ះពាល់សុខភាពទៀតផង។ ហេតុនេះ លោកអ្នកជាមាតាបិតាទាមទារឱ្យមានការយល់ដឹងឱ្យបានច្រើនអំពីគុណប្រយោជន៍របស់អាហារដើម្បីងាយស្រួលក្នុងការជ្រើសរើស សម្រាប់កូនៗរបស់ខ្លួន។
ដើម្បីជ្រាបច្បាស់អំពីបញ្ហានេះ សូមលោកអ្នកតាមដានការបកស្រាយរបស់លោកស្រីវេជ្ជបណ្ឌិត ជី កាំហ៊ូយជំនាញខាងអា ហារបំប៉នកុមារ នៃមន្ទីរពេទ្យកុមារជាតិ តាមរយៈទស្សនាវដ្ដី សុខភាពយើង។
កុមារត្រូវការអាហារូបត្ថម្ភ
អាហារូបត្ថម្ភគឺសំដៅដល់អាហារទាំងឡាយដែលសំខាន់សម្រាប់ទ្រទ្រង់រាងកាយកុមារឱ្យមានសុខភាពល្អនិងលូតលាស់ធំ ធាត់។ អាហារូបត្ថម្ភត្រូវបានបែងចែកទៅតាមកម្រិតអាយុរបស់កុមារមិនមែនអាចផ្ដល់អាហារដូចគ្នាចំពោះកុមារគ្រប់វ័យបានទេ។
- កុមារនៅក្រោមអាយុ៦ខែ ៖ ក្នុងកំឡុងពេលនេះ ទឹកដោះម្ដាយជាអាហារបំប៉នដ៏ប្រសើរតែមួយគត់របស់កុមារ។ អ្នក ម្ដាយទាំងឡាយត្រូវបំបៅដោះកូនឱ្យបានគ្រប់គ្រាន់ ព្រោះជាដំណាក់កាលដំបូងនៃការលូតលាស់របស់កុមារ។ ដូចដែលលោកអ្នកបាន ជ្រាបរួចមកហើយតាមរយៈការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលក៏ដូចជាទស្សនាវដ្ដី សុខភាពយើង ផងដែរអំពីសារៈប្រយោជន៍នៃ ទឹកដោះម្ដាយ ព្រោះការបំបៅកូនដោយទឹកដោះម្ដាយជួយការពារកុមារឱ្យគេចផុតពីជម្ងឺផ្សេងៗនិងជួយឱ្យកុមារលូតលាស់បានល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ដ។ កុមារដែលមិនបានបៅទឹកដោះម្ដាយរៀនមិនបានល្អដូចកុមារដែលបៅទឹកដោះម្ដាយសុទ្ធនោះទេ។
- កុមារមានអាយុពី៦ខែដល់២ឆ្នាំ ៖កុមារនៅតែត្រូវការទឹកដោះម្ដាយហើយនឹងអាហារបន្ថែម៥ដងទៀតក្នុងមួយថ្ងៃ។ អាហារទាំងនោះត្រូវមានជីវជាតិគ្រប់គ្រាន់សម្រាប់ការលូតលាស់មានដូចជា ៖
1. ជីវជាតិអា ៖ កុមារត្រូវការជីវជាតិអាដើម្បីទប់ទល់នឹងជម្ងឺ និងជួយថែរក្សាភ្នែកជីវជាតិអាហារមាននៅក្នុងផ្លែឈើ និងបន្លែជាច្រើន ប្រភេទប្រេងធញ្ញជាតិ ស៊ុត ថែមទាំងមាននៅក្នុងទឹកដោះម្ដាយ ឬថ្នាំគ្រាប់ជីវជាតិអា។ ក្រៅពីនេះគេឃើញមានជីវ ជាតិអាមាននៅក្នុងថ្លើម ស្វាយទុំ ល្ហុងទុំ ដំឡូងជ្វាពណ៌លឿង បន្លែដែលមានស្លឹកពណ៌បៃតងចាស់និងការ៉ុតជាដើម។ ពេលដែលកុមារ មិនបានទទួលជីវជាតិអាឱ្យបានគ្រប់គ្រាន់ពួកគេត្រូវប្រឈមមុខជាមួយជម្ងឺខ្វាក់មាន់ដែលធ្វើឱ្យកុមារពិបាកមើលឃើញនៅពេល ក្បាលព្រលប់ និងពេលយប់។ បច្ចុប្បន្នជីវជាតិអាមានលក្ខណៈជាថ្នាំគ្រាប់ហើយត្រូវបានចែកចាយយ៉ាងទូលំទូលាយ ២ដងក្នុងមួយឆ្នាំ អំឡុងខែមិនា និងខែវិច្ឆិកាដល់កុមារដែលមានអាយុពី៦ខែដល់៥ឆ្នាំ។
2. សារជាតិដែក ៖ កុមារដែលបរិភោគអាហារដែលសម្បូរទៅដោយជាតិដែកមានដូចជាឈាម ថ្លើម សាច់ស៊ុតនិងគ្រាប់ ធញ្ញជាតិ។ អាហារដែលសម្បូរជីវជាតិអាអាចជួយការពារកុមារកុំឱ្យមានសភាពស្លេកស្លាំង។ ភាពស្លេកស្លាំងដែលបណា្ដលមកពីកង្វះ សារជាតិដែកអាចប៉ះពាល់ដល់ការលូតលាស់ផ្នែកផ្លូវកាយ និងផ្លូវចិត្ដ។ រោគសញ្ញានៃភាពស្លេកស្លាំងរួមមានអណ្ដាតស្លាំង បាតដៃ ស្លាំង និងផ្នែកខាងក្នុងនៃបបូរមាត់ស្លាំង អស់កម្លាំង ហត់ជាដើម។ ភាពស្លេកស្លាំងលើកុមារដែលមានអាយុតិចជាង២ឆ្នាំអាចធ្វើឱ្យ កុមារមានបញ្ហាខួរក្បាលដែលបញ្ជាផ្នែកសម្របសម្រួល និងលំនឹងហើយកុមារធ្លាក់ក្នុងភាពខ្លាចរអា និងរារែកក្នុងការសម្រេចកិច្ចការ អ្វីមួយ។ បញ្ហានេះអាចកម្រិតលទ្ធភាពរបស់កុមារក្នុងការធ្វើសកម្មភាពផ្សេងៗហើយអាចរាំងស្ទះដល់ការអភិវឌ្ឍន៍ផ្នែកសតិបញ្ញា របស់កុមារ។
3. សារជាតិអ៊ីយ៉ូដ ៖ ជាតិអ៊ីយ៉ូដបន្ដិចបន្ដួចមានសារសំខាន់ណាស់សម្រាប់ការលូតលាស់របស់កុមារ។ ប្រសិនបើកុមារមិន បានទទួលជាតិអ៊ីយ៉ូដគ្រប់គ្រាន់ ឬម្ដាយនៅពេលដែលមានផ្ទៃពោះកង្វះសារជាតិអ៊ីយ៉ូដកុមារកើតមកមានភាពពិការខាងស្មារតី ការស្ដាប់ និងការនិយាយ ឬធ្វើឱ្យការលូតលាស់មានភាពយឺតយ៉ាវទាំងផ្លូវកាយ និងផ្លូវចិត្ដ។ ការប្រើប្រាស់អំបិលអ៊ីយ៉ូដជំនួសអំបិល ធម្មតាអាចជួយឱ្យម្ដាយនិងកូនមានជាតិអ៊ីយ៉ូដតាមសេចក្ដីត្រូវការ។ ប្រសិនបើរកអំបិលដែលមានជាតិអ៊ីយ៉ូដមិនបានទេ គួរទទួលទាន គ្រាប់ថ្នាំជាតិអ៊ីយ៉ូដបន្ថែមពីគ្រូពេទ្យ។
ការកើនទម្ងន់ជាលំដាប់ គឺជាសញ្ញាសំខាន់បំផុតដែលបញ្ជាក់ថាកុមារកំពុងតែលូតលាស់ និងអភិវឌ្ឍន៍បានល្អ។ ប្រសិនបើ កុមារមិនឡើងទម្ងន់អំឡុងពេល២ខែនោះជាសញ្ញាប្រាប់ថាកុមារត្រូវការអាហារដែលសម្បូរសារជាតិផ្សេងៗបន្ថែមទៀត កុមារប្រ ហែលជាឈឺ ឬត្រូវការការយកចិត្ដទុកដាក់ច្រើនជាងមុន។ ទាំងឪពុកម្ដាយនិងគ្រូពេទ្យត្រូវរកឱ្យឃើញនូវបញ្ហាជាមូលហេតុ។
ប្រការគួរប្រតិបត្ដិ
លោកអ្នកជាឪពុកម្ដាយចាំបាច់ត្រូវតែយកចិត្ដទុកដាក់ចំពោះកូនៗ ព្រោះកុមារជាវ័យដែលងាយប្រឈមមុខនឹងជម្ងឺផ្សេង ៗ។ លោកអ្នកដឹងទេថាជាងពាក់កណ្ដាលនៃទារកទាំងអស់ដែលបានស្លាប់កន្លងមកមានទំនាក់ទំនងនឹងបញ្ហាកង្វះអាហារូបត្ថម្ភដែល ជាមូលហេតុធ្វើឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ។ កង្វះចំណីអាហារ ការឈឺញឹកញាប់និងការមិនយកចិត្ដទុកដាក់ថែទាំចំពោះ កុមារអាចធ្វើឱ្យកុមារមានបញ្ហាកង្វះអាហារូបត្ថម្ភ។ ម្យ៉ាងវិញទៀតប្រសិនបើស្ដ្រីជាម្ដាយមិនបានបរិភោគអាហារឱ្យបានត្រឹមត្រូវក្នុង អំឡុងពេលមានផ្ទៃពោះឬក៏កូនរបស់គាត់មិនបានទទួលអាហារត្រឹមត្រូវក្នុងរយៈពេល២ឆ្នាំដំបូងនៃជីវិតនោះ ការលូតលាស់ទាំងរាយ កាយ និងប្រាជ្ញារបស់កុមារមានការយឺតយ៉ាវ។ បញ្ហានេះមិនអាចជួសជុលឡើងវិញបាន គឺប៉ះពាល់ដល់កុមារអស់មួយជីវិត។
ដំបូន្មានអ្នកជំនាញ
សូមមេត្ដាយកចិត្ដទុកដាក់លើការថែទាំផ្គត់ផ្គង់ចំណីអាហារដល់កូនឱ្យបានគ្រប់គ្រាន់ ទើបកូនលោកអ្នកអាចគេចផុតពីជម្ងឺ ផ្សេងៗបាន។ ប្រសិនបើកូនលោកអ្នកបរិភោគអាហារអស់ហើយចង់បរិភោគទៀតលោកអ្នកត្រូវតែផ្ដល់អាហារបន្ថែម។ សូមចាំថា អាហារដែលជួយឱ្យកុមារឆាប់លូតលាស់មានសាច់ត្រី ស៊ុត សណ្ដែក គ្រាប់ធញ្ញជាតិ ប្រេងឆាជាដើម។ បើកុមារមិនសូវចូលចិត្ដរស ជាតិអាហារណាមួយ គួរតែផ្លាស់ប្ដូរអាហារផ្សេងទៀត ហើយគួរផ្ដល់ម្ដងបន្ដិចៗទើបប្រសើរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៣ ខែធ្នូ ឆ្នាំ២០០៧
Leave a Reply