ជាការពិតណាស់សម្រាប់សុភាពនារីមួយចំនួនតែងតែចង់ស្វែងរកនូវអ្វីដែលថ្មី ហើយប្លែកនៅក្នុងការតុបតែងខ្លួនក៏ដូចជាផ្ទៃមុខ។ដោយឡែកសម្រាប់វិធីតុបតែងមុខកុំឱ្យឃើញស្នាមជាំនេះ គឺជាវិធីសាស្ដ្រមួយដែលអាចជួយដល់ស្ដ្រីគ្រប់រូបមានភាពងាយស្រួលហើយនឹងមានសោភ័ណភាពស្រស់ស្អាតផងដែរ។ តាមពិតវិធីនៅក្នុងការតុបតែងមុខកុំឱ្យឃើញស្នាមមុខជាំនេះ មិនមែនជា រឿងដែលលំបាកនោះទេ បើសិនជាសុភាពនារីអនុវត្ដទៅតាមការណែនាំរបស់អ្នកជំនាញនោះ។
ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសន៍ផ្ទាល់ជាមួយអ្នកនាង ស៊ុន ហៀង នាយិកាសាលាបង្រៀនថែសម្ផស្ស គ្រីស្ទីណា នឹងធ្វើការពន្យល់អំពីវិធីនៅក្នុងការតុបតែងមុខកុំឱ្យឃើញស្នាមជាំ ដើម្បីឱ្យស្ដ្រីគ្រប់រូបបានយល់ និងជ្រាបកាន់តែច្បាស់។
សម្ភារៈគ្រឿងសម្អាង
រឿងសម្អាងនៅក្នុងការតុបតែងមុខគឺមានច្រើនប្រភេទ និងច្រើនម៉ាក ប៉ុន្ដែជាក់ស្ដែងសម្រាប់អ្នកអាជីពដែលជាអ្នកមាន ជំនាញផ្នែកការតុបតែងមុខវិញ គឺត្រូវតែមានចំណេះដឹងឱ្យបានច្បាស់លាស់នៅក្នុងការស្វែងរកនូវផលិតផលដែលមានគុណភាពខ្ពស់។ ពីព្រោះផលិតផលដែលមានគុណភាពគឺអាចធ្វើឱ្យផ្ទៃមុខរបស់មិត្ដនារីមិនមានបញ្ហា ហើយស្រស់ស្អាតថែមទៀតផង។ ចំណែកឯ សម្ភារៈនៅក្នុងការតុបតែងមុខ មានដូចជាម្សៅស្អិត ម្សៅផាត់ពណ៌សម្រាប់លាបនៅលើថ្ពាល់ និងនៅលើត្របកភ្នែក ខ្មៅដៃ គូសចិញ្ចើម ក្រែមលាបមាត់ ម៉ាស្ការ៉ា ឡេលាបការពារផ្ទៃមុខ ជក់ផាត់ភ្នែក ផាត់ថ្ពាល់ និងត្រូវមានរោមភ្នែកជាដើម។
វិធីតុបតែងមុខកុំឱ្យឃើញស្នាមជាំ
សម្រាប់ការតុបតែងមុខដើម្បីលុបបំបាត់ចំណុចផ្សេងៗដែលមាននៅលើផ្ទៃមុខនេះ ដូចជាមុខជាំ ស្នាមខ្មៅៗ ឬស្នាមអាចម៍រុយនេះ សុភាពនារីគួរតែអនុវត្ដន៍ដូចខាងក្រោម ៖
ជាដំបូងស្ដ្រីគ្រប់រូបត្រូវតែធ្វើការសម្អាតផ្ទៃមុខឱ្យបានស្អាតជាមុនសិន បន្ទាប់មកត្រូវជូតឱ្យស្ងួត។ បន្ទាប់មកទៀត ត្រូវប្រើ ឡេការពារលាបផ្ទៃមុខ(វាជាប្រភេទឡេទ្រនាប់លាបដើម្បីការពារកុំឱ្យសាច់ម្សៅស្អិតជាប់ផ្ទាល់ជាមួយនឹងផ្ទៃមុខ ហើយវាក៏ជាឡេ ដែលអាចការពារកុំឱ្យកើតមានកន្ទួលរមាស់ថែមទៀតផង)។បន្ទាប់ពីលាបឡេការពារហើយ ត្រូវប្រើម្សៅស្អិតលាបឱ្យសព្វពេញផ្ទៃមុខ។ម្សៅស្អិតមានពីរប្រភេទគឺម្សៅទឹកនិងម្សៅស្អិតខាប់វាជាប្រភេទម្សៅខាន់ឃ្យូលឺ។ ម្សៅទឹកគឺប្រើប្រាស់សម្រាប់ស្បែកធម្មតា ចំណែកឯម្សៅស្អិតខាប់ប្រភេទខាន់ឃ្យូលឺគឺយកមកបិទបាំងនៅលើចំណុចដែលមានបញ្ហា ដូចជាស្លាកស្នាមអាចម៍រុយ ចំណុចអុចខ្មៅ ឬក៏ជាំជាដើម។ បន្ទាប់ពីលាបម្សៅស្អិតហើយ ត្រូវប្រើម្សៅផាត់លាបពីលើម្សៅស្អិត ធ្វើដូចនេះគឺធ្វើឱ្យផ្ទៃមុខមានភាពស្រស់ស្អាត ហើយមិនឃើញស្នាមជាំនោះទេ។ បន្ទាប់មកទៀតគឺត្រូវគូសចិញ្ចើមទៅតាមទម្រង់មុខ និងត្រូវផាត់ពណ៌ភ្នែកទៅតាមចំណង់ចំណូលចិត្ដ និងទៅតាមដែលចង់បានរបស់ស្ដ្រីគ្រប់រូប។ ជាចុងក្រោយគឺត្រូវផាត់ពណ៌នៅលើថ្ពាល់ ហើយការផាត់នេះគឺផាត់ទៅតាម ទម្រង់មុខ និងតាមឆ្អឹងថ្ពាល់ផ្ទៃមុខផងដែរ។
ដំបូន្មានអ្នកជំនាញ
ភាពស្រស់ស្អាតអ្នកណាក៏ចង់បានដែរ ដូចនេះសុភាពនារីគ្រប់រូបគួរតែស្វែងយល់ឱ្យបានច្បាស់អំពីការតុបតែងមុខនេះ។ នៅ ពេលដែលស្ដ្រីគ្រប់រូបត្រឡប់មកពីកម្មវិធីផ្សេងៗ ហើយមិត្ដនារីគួរតែប្រញាប់ធ្វើការលាងសម្អាតផ្ទៃមុខជាមុនសិន ដោយត្រូវធ្វើការលាងសម្អាតជាមួយហ្វូមលាងមុខលាងឱ្យបានស្អាត។អ្វីដែលពិសេសជាងនេះ បន្ទាប់ពីលាងសម្អាតផ្ទៃមុខហើយ មិត្ដនារីគួរតែមានឡេ ឬក៏ទឹកលាងមុខជូតពីលើផ្ទៃមុខមួយសាទៀត ដើម្បីការពារស្បែកមុខកុំឱ្យមានបញ្ហា ព្រោះការលាងសម្អាតផ្ទៃមុខដោយហ្វូមលាង មុខមិនប្រាកដថាបានស្អាតមួយរយភាគរយនោះទេ។
Leave a Reply