ថៃ នរៈពិទូ សុខភាព​ល្អ រាងកាយ​មាំមួន

តាមរយៈ​រឿង “អ្វីៗ​ខ្ញុំធ្វើ​ដើម្បី​ស្នេហា”បានជំរុញ​ឱ្យលោក ថៃ នរៈ​ពិទូ​មាន​ឱកាស​សាង​កេរ្ដិ៍​ឈ្មោះ​ដ៏ល្បី​ល្បាញ​នៅក្នុង ពិភព​សិល្បៈ។ ទេព​កោសល្យ និង​ភាពស្រស់​សង្ហា​របស់​លោក​បានធ្វើ​ឱ្យមាន​ការ​ទទួល​ស្គាល់​និង​គាំទ្រ​ពី​ទស្ស​និកជន​ជាច្រើន​មិនចាញ់ តារា​សម្ដែង​ជើងចាស់​ប៉ុន្មាន​ឡើយ។ ទោះបី​ជាមាន​ការ​មមា​ញឹក​នឹងការ​សម្ដែង​យ៉ាង​ណា​ក៏លោក​នៅតែ​មាន​សុខភាព​មាំមួន និង​រាង កាយ​ស្រស់​សង្ហា​ដែលធ្វើ​ឱ្យ​ទស្ស​និកជន​មានការ​ចាប់​អារម្មណ៍​ពីអាថ៌​កំបាំង​នៃការ​ថែ​រក្សា​សុខភាព និង​រូបរាង​របស់​លោក។

រូបភាពទស្សនាវដ្ដីសុខភាពយើង

តារា​សម្ដែង ថៃ នរៈ​ពិទូ បាន​ពេញចិត្ដ​ចេញមក​ស្រាយ​បំភ្លឺ​ប្រាប់ពី​អាថ៌​កំបាំង​នៃការ​ថែរក្សា​សម្រស់​និង​សុខភាព​ជូនមិត្ដ​អ្នក អាន​ទាំងអស់​តាមរយៈ​ទស្ស​នាវដ្ដី សុខភាពយើង ទុកជា​ការ​ស្វែង​យល់​និង​សម្រាប់​ជ្រើស​រើស​វិធី​ណាល្អ​ៗដើម្បី​ថែ​រក្សា​សុខភាព និង សម្រស់​ឱ្យនៅ​តែមាន​ភាព​ស្រស់​សង្ហា​ដូចលោក។

ប្រវត្ដិ​មុនចូល​សិល្បៈ

ក្នុង​ពេល​បច្ចុប្បន្ន​នេះ លោកអ្នក​បាន​ស្គាល់​តារា​ចម្រៀង និង​សម្ដែង ថៃ នរៈ​ពិទូ រួចមក​ហើយ។ មុន​ពេល​ក្លាយ​ខ្លួនជា​តារា សម្ដែង​ដែល​មាន​ឈ្មោះ​ល្បី​ល្បាញ​ដូច​សព្វ​ថ្ងៃនេះ​ពិទូ​គឺជា​យុវជន​ម្នាក់​ដែល​រស់នៅ​ក្នុង​គ្រួសារ​មួយមាន​ជីវភាព​ធូរធា​ដោយមាន​ឪពុក ជា​មន្ដ្រី​នៅក្នុង​រាជ​រដ្ឋា​ភិបាល និង​ម្ដាយ​ជានា​យិកា​មជ្ឈ​មណ្ឌល​កែ​សម្ផស្ស​មួយនៅ​ក្រុង​ភ្នំពេញ។ នៅឆ្នាំ​២០០៥ ពិទូ​ជាសិស្ស​រៀន​ថ្នាក់ ទី១២ នៅ​វិទ្យា​ល័យ​បាក់ទូក។ ដោយ​មានការ​ជំរុញ​លើកទឹក​ចិត្ដពី​ប្អូនៗ និង​មិត្ដភក្ដិ​ផងនោះ​ពិទូ​បានដាក់​ពាក្យ​ប្រលង​នៅក្នុង​កម្មវិធី ស្រីស្អាត​ប្រុសស្អាត​ឆ្នាំ​២០០៦ ហើយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ១។ នៅឆ្នាំ​ដដែល ពិទូ​ត្រូវបាន​ផលិត​កម្ម​រស្មី​ស្ទឹង​សង្កែ​ជ្រើស​រើសជា តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម។ ក្រោយ​មក​លោក​ស្រី ពាន់​ភួង​បុប្ផា​បាន​ជ្រើស​រើស​លោកឱ្យ​ចូល​សម្ដែង​ជាតួ​ឯក​នៅរឿង​ភាគ“អ្វី​ៗខ្ញុំ ធ្វើ​ដើម្បី​ស្នេហា” ដែល​បញ្ចាំង​តាម​កញ្ចក់​ទូរ​ទស្សន៍ CTN។ ជាមួយ​គ្នានេះ​ដែរ លោក ថៃ នរៈ​ពិទូ ក៏បាន​សម្ដែង​ជាតួ​ឯកនៅ​ក្នុង រឿង“បំ​ពេព្រលឹង”។

ការ​ថែ​រក្សា​សម្រស់

សម្រស់​គឺជា​ផ្នែកមួយ​ដែល​សំខាន់​បំផុត​ក្នុង​ការទាក់​ទាញ​អារម្មណ៍​ពីអ្នក​ដទៃ។ ជា​ពិសេស​ជា​តារា​សម្ដែង​ត្រូវតែ​មានរូប សម្រស់​ស្អាត និង​សង្ហា​ជានិច្ច។

  • ការថែរក្សាស្បែកមុខ ក្នុង​នាម​ជា​តារា​សម្ដែង ត្រូវ​ប្រឈម​ទៅនឹង​កម្ដៅថ្ងៃ និង​ការផាត់​មុខ​ដោយ​ផលិត​ផលជា​ច្រើន​ប្រភេទ​ដែល​អាចធ្វើ​ឱ្យមាន​ការ​ប៉ះ​ពាល់​ដល់​សុខភាព​ស្បែក។ ដូច្នេះ​ហើយ​នៅ​ពេល​ចេញ​ក្រៅ​ឬ​សម្ដែង​លោក​តែងតែ​ប្រើនូវ ផលិត​ផល​ម្យ៉ាង​ដែល​អាចជួយ​ការពារ និង​ថែ​រក្សា​ស្បែក​មុខ​របស់​លោកមុន​ពេលតុប​តែងមុខ។ ចប់ការ​សម្ដែង​ពិទូ​យក​ផលិត​ផលទឹក ម្យ៉ាង​ជ្រលក់​នឹង​សំឡី រួចជូត​សម្អាត​ផ្ទៃមុខ។ លុះ​ត្រឡប់​ដល់ផ្ទះ​លោក​លុបមុខ​ជាមួយ​សាប៊ូ​ដើម្បី​បំបាត់​ស្នាម​ម្សៅ​ដែលនៅ​ជាប់ និង កម្ចាត់​ជាតិ​ខ្លាញ់​នៅលើ​ស្បែក​មុខ។ មុនពេល​ចូល​ដំណេក​ពិទូ​ក៏មាន​លាប​នូវ​ផលិត​ផល​ដែល​ជំនួយ​ដល់​ស្បែក​មុខផង​ដែរ។
  • ការថែរក្សាស្បែកដងខ្លួន ភាព​ស្រស់​ស្អាត​នៃ​រាងកាយ​របស់​ពិទូ គឺជា​លក្ខណៈ​ពី​ធម្មជាតិ។ ពេលនៅ​ផ្ទះ​លោក​មិនដែល លាបឡេ ឬ​ផលិត​ផល​ធ្វើឱ្យ​ស្បែកស​នោះទេ តែក៏​មិន​បណ្ដោយ​ឱ្យខ្មៅ​ដែរ។ ប៉ុន្ដែ​ក្នុងនាម​ជាអ្នក​សម្ដែង​តែងតែ​ប្រឈម​ទៅនឹង​កម្ដៅ ថ្ងៃ ដូច្នេះ​លោក​បាន​ជ្រើស​រើស​នូវ​ឡេលាប​ស្បែក​ម្យ៉ាង​ដើម្បី​ការពារ​កុំឱ្យ​ស្បែកខូច និង​ផ្ដល់​សំណើម​ដល់​ស្បែក។
  • ការថែរក្សាសក់ ចំពោះ​ការថែ​ទាំសក់​វិញ ទោះបី​លោក​ជាតារា​សម្ដែង​ក្ដី​តែ​របៀប​នៃការ​ថែរក្សា​សក់គឺ​មិនខុស​ពី​មនុស្ស​ទូទៅ​ឡើយ។ ព្រោះ​លោកមិន​ដែល​ចាប់​អារម្មណ៍​ទៅលើ​ការ​ថែសក់​នោះទេ។ ប៉ុន្ដែ​នៅពេល​ចេញទៅ​សម្ដែង​ឬ​ចូលរួម​នៅក្នុង ពិធី​ផ្សេងៗ លោក​គ្រាន់តែ​ប្រើ​ផលិត​ផលធ្វើ​ឱ្យសក់​រឹង និង​រលោង​ប៉ុណ្ណោះ​ជាការ​ស្រេច។
  • ការថែរក្សាភ្នែក ពន្លឺ ឬ​កម្ដៅ​ថ្ងៃ ធូលី ផ្សែង សុទ្ធតែ​អាចធ្វើ​ឱ្យ​មានការ​ប៉ះពាល់​ដល់កែវ​ភ្នែក។ ដើម្បី​បញ្ចៀស​នូវ​បញ្ហា នេះ លោកបាន​ជ្រើស​រើស​វ៉ែនតា​ការពារ​កែវភ្នែក ប្រើ​នៅពេល​ចេញ​ទៅក្រៅ ឬ​ចេញ​ទៅ​សម្ដែង។

ការ​ថែ​រក្សា​សុខ​ភាព

សម្រស់​មាន​សារះ​សំខាន់​ណាស់​ចំពោះ​មនុស្ស​គ្រប់រូប តែ​សុខភាព​រឹតតែ​មានសារះ​សំខាន់​ទៅទៀត។ រាល់ថ្ងៃ​ពិទូ​តែងតែ​យក ចិត្ដទុក​ដាក់ទៅ​លើ​បញ្ហា​សុខភាព​ជា​សំខាន់។

  • ការ​ទទួល​ទាន​អាហារ ក្នុង​អាជីព​ជាអ្នក​សម្ដែង ការ​ទទួល​ទាន​អាហារ​ពុំបាន​សូវទៀង​ទាត់ទេ​ដែលជា​ហេតុ​បង្កឱ្យ​មាន ជម្ងឺ​ឈឺក្រពះ​យ៉ាង​ងាយ។ ដូចនេះ​ហើយ​លោក​បាន​ជ្រើស​រើស​នូវ​អាហារ​ណា​ដែលមាន​ប្រយោ​ជន៍​ដល់​សុខភាព​និង​រាងកាយ ព្រមទាំង អាច​ជំនួយ​ដល់​ស្បែក។
  • ការ​ថែរក្សា​សុខភាព​មាត់​ធ្មេញ ក្លិន​មាត់មិន​ល្អ គឺជា​បញ្ហា​សំខាន់​បំផុត​ក្នុងការ​ទំនាក់​ទំនង​ផ្សេងៗ។ ដូចនេះ​ហើយ លោកតែង​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បញ្ហា​ទាំងនេះ។ ជារៀង​រាល់ថ្ងៃ​លោក​តែងតែ​ធ្វើការ​សម្អាត​មាត់​ធ្មេញ​យ៉ាង​តិចបី​ដងក្នុង​មួយ ថ្ងៃ។ លើសពី​នេះទៅ​ទៀត លោកមាន​ប្រើទឹក​ខ្ពុរមាត់​ដើម្បី​កម្ចាត់​កម្ទេច​ចំណី​អាហារ​ដែល​នៅ​ជាប់​ធ្មេញ។ ពេល​ទំនេរ លោក​ចូលចិត្ដ ទំពា​ស្ករ​កៅស៊ូ ដើម្បី​ជួយ​សម្អាត​ធ្មេញ និង​មានក្លិន​មាត់ល្អ។
  • ការ​ហាត់​កីឡា ពេល​ទំនេរ​បន្ទាប់​ពីការ​ថត​លោក​ពិទូ​បានយក​ចិត្ដទុក​ដាក់លើ​ការថែ​រក្សា​សុខភាព​ដោយ​ការ​ហាត់ កីឡា​ក្នុងមួយ​ថ្ងៃ១​ម៉ោង ដូចជា​លើក​ដុំដែក រត់​ចម្ងាយ និង​លេង​បាល់ទាត់​ជាដើម ដើម្បី​ឱ្យរាង​កាយ​មាំមួន​ល្អ។
  • ការ​ទទួល​ទាន​ដំណេក ដោយ​ជាប់​រវល់​នឹងការ​ថត​ពេក​បណ្ដាល​ឱ្យការ​ទទួល​ទាន​ដំណេក​មិនសូវ​បាន​គ្រប់​គ្រាន់​ទេ ជួន កាល​ថត​ដល់យប់​ជ្រៅ ជួន​កាល​ដល់​ទាប​ភ្លឺក៏​មាន។ ប៉ុន្ដែ​លោកតែង​តែមាន​ទម្លាប់​ទទួល​ទានឱ្យ​បានយ៉ាង​តិច៥​ម៉ោង​ក្នុងមួយ​ថ្ងៃមិន​ថា ពេល​ណាទេ ឱ្យតែ​ទំនេរពី​ការងារ។

    រូបភាពទស្សនាវដ្ដីសុខភាពយើង

បណ្ដាំ​ផ្ញើ​របស់​លោក ថៃ នរៈ​ពិទូ

ភាព​ស្រស់​ស្អាត​មិន​អាស្រ័យ​ទៅលើ​រាង​សង្ហា​នោះទេ សំខាន់​គឺ​សុខភាព​ល្អ រាងកាយ​មាំមួន។ ដូច្នេះ​សូម​ប្រិយ​មិត្ដអ្នក​អាន ទាំងអស់​ត្រូវយក​ចិត្ដទុក​ដាក់​ថែទាំ​សុខភាព​ឱ្យបាន​ល្អ ត្រូវ​ព្យាយាម​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​និង​បរិភោគ​អាហារ​ណា​ដែលមាន អនាម័យ។ ជា​ពិសេស​យុវវ័យ​ទាំងអស់​ត្រូវ​ចៀសវាង​ឱ្យ​ឆ្ងាយពី​គ្រឿង​ញៀន។

ប្រវត្ដិ​រូប​សង្ខេប

  • ឈ្មោះ ៖ ថៃ នរៈ​ពិទូ
  • អាយុ ៖ ២០​ឆ្នាំ
  • កម្ពស់ ៖ ១,៧៥ ម៉ែត្រ
  • ទម្ងន់ ៖ ៦៣ គីឡូ​ក្រាម
  • បង​ប្អូន ៖ ៣​នាក់ ស្រី១ (ជាកូន​ច្បងក្នុង​គ្រួសារ)
  • ឪពុក​ឈ្មោះ ៖ ថៃ នរៈ​សត្យា
  • ម្ដាយ​ឈ្មោះ ៖ ងិន ម៉ានី​យ៉ា
  • បច្ចុ​ប្បន្ន ៖ ជា​និស្សិត​នៅ​សកល​វិទ្យា​ល័យ​ជាតិ​គ្រប់គ្រង
  • ស្ថាន​ភាពគ្រួសារ ៖ នៅលីវ​(រស់នៅ​ជាមួយ​ឪពុក​ម្ដាយ)

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៣ ខែធ្នូ ឆ្នាំ២០០៧

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *