ជម្ងឺទឹកនោមផ្អែមគឺជាជម្ងឺរ៉ាំរ៉ៃមួយដែលកើតឡើងដោយសារអត្រាជាតិស្ករនៅក្នុងឈាមខុសពីធម្មតា។ នៅពេលដែលស្ករ ក្នុងសរីរាង្គនៅយូរទៅ វាធ្វើឱ្យខូចសរីរាង្គក្នុងខ្លួនរបស់មនុស្ស។ កាលណាស្ករឡើងខ្ពស់ វាធ្វើឱ្យអ្នកជម្ងឺមានរោគសញ្ញាមួយចំនួន ខុសពីធម្មតា ដូចជានោមយប់ញឹកញាប់ពេក ហើយនៅពេលដែលទទួលទានទឹកច្រើនឬក៏ទទួលទានអាហារច្រើន អ្នកជម្ងឺមិនសូវមាន កម្លាំងនោះទេ។
ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយលោកវេជ្ជបណ្ឌិត សេង សេរី ឯកទេសជម្ងឺទឹកនោមផ្អែមនៅមន្ទីរពេទ្យព្រះកុសុមៈ នឹងប្រាប់ពីវិធីនៅក្នុងការថែទាំសុខភាពរបស់អ្នកជម្ងឺទឹកនោមផ្អែម ដើម្បីឱ្យលោកអ្នកជ្រាប និងយល់ឱ្យកាន់តែច្បាស់អំពីបញ្ហានេះ។
វិធីថែទាំសុខភាពរបស់អ្នកជម្ងឺទឹកនោមផ្អែម
វិធីថែទាំសុខភាពរបស់អ្នកជម្ងឺទឹកនោមផ្អែមគឺត្រូវតែធ្វើការថែទាំ និងព្យាបាលមួយជីវិត ព្រោះថាវាជាជម្ងឺមួយ ដែលព្យាបាលមិនជានោះទេ។ ប៉ុន្ដែការព្យាបាលជម្ងឺអាចពន្យារជីវិតអ្នកជម្ងឺឱ្យរស់នៅបានយូរដូចគេឯងបាន និងអាចធ្វើការបាន ចៀសវាងផុតពីពិការភាព។ ចំពោះការថែទាំសុខភាពរបស់អ្នកជម្ងឺទឹកនោមផ្អែមនេះមានបីប្រការ ដែលអ្នកជម្ងឺទឹកនោមផ្អែមគួរតែ ប្រតិបត្ដិ ដែលមានដូចតទៅ ៖
១ . របបអាហារ ៖ អ្នកជម្ងឺត្រូវកាត់បន្ថយចំពោះចំណីអាហារណាដែលសម្បូរទៅដោយជាតិស្ករ មិនត្រូវទទួលទានផ្អែម ពេក។ កាត់បន្ថយចំពោះអាហារដែលសម្បូរទៅដោយជាតិខ្លាញ់ ដូចជាខ្លាញ់ជ្រូក ខ្លាញ់មាន់ ទា ប្រភេទត្រីដែលមានជាតិខ្លាញ់ច្រើន ត្រូវបរិភោគតែសាច់សុទ្ធដែលគ្មានជាតិខ្លាញ់។ លោកអ្នកត្រូវកាត់បន្ថយអាហារដែលមានជាតិប្រៃ ជាពិសេសកុំទម្លាប់ហូបប្រៃ ច្រើនពេក។
២ . ការធ្វើលំហាត់ប្រាណ ៖ ការធ្វើលំហាត់់ប្រាណមានសារប្រយោជន៍ខ្លាំងណាស់នៅក្នុងការជួយធ្វើឱ្យអ្នកជម្ងឺទឹកនោម ផ្អែមមិនសូវឡើងទម្ងន់ខ្លាំង ព្រោះអ្នកជម្ងឺទឹកនោមផ្អែមច្រើនតែធាត់។
៣ . ឱសថ ៖ អ្នកជម្ងឺត្រូវតែទទួលទានថ្នាំឱ្យបានទៀងទាត់ទៅតាមគ្រូពេទ្យណែនាំ មិនអាចធ្វេសប្រហែសឡើយ។
ដំបូន្មានអ្នកជំនាញ
ជាទូទៅអ្នកជម្ងឺទឹកនោមផ្អែមត្រូវតែអនុវត្ដន៍ទៅតាមដំបូន្មានរបស់អ្នកជំនាញខាងក្រោម ៖
- ត្រូវធ្វើលំហាត់ប្រាណយ៉ាងតិចឱ្យបាន៣០នាទីនៅក្នុងមួយថ្ងៃ
- ត្រូវបរិភោគអាហារឱ្យបានយ៉ាងតិច៣ដងនៅក្នុងមួយថ្ងៃ និងទៀងទាត់ពេលវេលា។
- ត្រូវទទួលទានថ្នាំឱ្យបានទៀងទាត់ និងតាមពេលវេលាដែលបានកំណត់ និងជាប្រចាំ។
- មិនត្រូវឈប់ទទួលទានថ្នាំដោយចិត្ដឯង ពេលឃើញអត្រាស្ករក្នុងឈាមចុះធម្មតា។
- ពេលមានរោគសញ្ញាឈឺក្បាល ញ័រដើមទ្រូង បែកញើសពេលល្ងាចមុនពេលបាយឬពាក់កណ្ដាលយប់ ឬជិតភ្លឺ លោកអ្នក គួរតែទទួលទានស្ករគ្រាប់ ទឹកស្ករ ឬទឹកផ្លែឈើភ្លាម ព្រោះអត្រាស្ករក្នុងឈាមអ្នកជម្ងឺអាចចុះហួសធម្មតាម្ដងម្កាលនាពេលនោះ ដោយសារការបរិភោគមិនប្រក្រតី។
- កុំបរិភោគប្រៃពេក អាចបណ្ដាលឱ្យលើសឈាម ខូចតម្រងនោម។ល។
- កុំពិសាបារីឱ្យសោះ អាចបណ្ដាលឱ្យឆាប់ខូចសរសៃឈាម
- កុំដើរជើងទទេ សម្អាតជើងឱ្យបានរៀងរាល់ថ្ងៃ ការពារដំបៅតូចតាចផ្សេងៗ។
- គ្រប់បញ្ហាទាំងឡាយណាដែលកើតមានឡើង ត្រូវតែមកជួបពិភាក្សាជាមួយគ្រូពេទ្យជំនាញជាបន្ទាន់។
Leave a Reply