ក្មេងស្រីសម័យនេះឆាប់លូតលាស់ណាស់ត្រឹមតែអាយុ១២ទៅ១៣ឆ្នាំក៏ចាប់ផ្ដើមបែកសាច់បែកឈាមពេញក្រមុំទៅហើយ ព្រោះអាហារមានចំណែកធ្វើឱ្យអ័រម៉ូននៅក្នុងសារពាង្គកាយមានដំណើរការល្អ។ ចំណែកឯការសិក្សាវិញក៏មានការរីកចម្រើនដែរ ដោយមានសុភាពនារីខ្លះ ខំប្រឹងសិក្សារហូតដល់ភ្លេចការថែរក្សាសម្រស់របស់ខ្លួនក៏មានដែរ ដែលជាហេតុអាចធ្វើឱ្យសម្រស់ត្រូវ បានបាត់បង់។ ដូចនេះសម្រាប់យុវតីដែលជាសិស្សឬនិសិ្សតទាំងឡាយ ក្រៅពីត្រូវយកចិត្ដទុកដាក់ទៅលើការសិក្សាហើយ ក៏ត្រូវគិត ទៅដល់ការថែរក្សាសម្រស់ផងដែរ ជាពិសេសការថែរក្សាស្បែក។
ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយលោកស្រី សាពណ៌ នាយកសាពណ៌ម៉ូឌែលីងអេជិនស៊ី បកស្រាយប្រាប់ពីវិធីនៅក្នុង ការថែរក្សាស្បែកស្ដ្រីនៅក្នុងវ័យសិក្សា ដើម្បីឱ្យសុភាពនារីគ្រប់រូបបានជ្រាបបន្ថែមចំពោះបញ្ហានេះ។
វិធីថែរក្សាស្បែកស្ដ្រីនៅក្នុងវ័យសិក្សា
វិធីថែរក្សាស្បែកសម្រាប់សិស្សឬនិសិ្សតនៅក្នុងវ័យសិក្សានេះមានសារប្រយោជន៍ណាស់ ដែលអាចធ្វើឱ្យសុភាពនារីមាន ស្បែកស្រស់ស្អាត មិនមានមុន ឬកន្ទួលរមាស់ជាដើម។ តែបើសិនជាសុភាពនារីមិនបានថែរក្សាឱ្យបានល្អ បណ្ដាលឱ្យស្បែកបាត់បង់នូវ ភាពស្រស់ស្អាតឬមានបញ្ហាមិនល្អនៅក្នុងវ័យក្មេងខ្ចីបែបនេះ វាពិតជាគួរឱ្យសោកស្ដាយណាស់។ ដូចនេះសុភាពនារីត្រូវតែធ្វើការ ថែរក្សាស្បែកឱ្យបានល្អ ហើយវិធីនៅក្នុងការថែរក្សានេះ វាមិនមានអ្វីលំបាកនោះទេ ដោយសុភាពនារីគ្រាន់តែអនុវត្ដទៅតាមការ ណែនាំដូចខាងក្រោម ៖
- ស្បែកមុខមិនត្រូវបណ្ដោយទៅតាមធម្មជាតិពេកនោះទេគឺត្រូវតែមានផលិតផលសម្រាប់ថែរក្សា ដោយត្រូវជ្រើសរើស សាប៊ូឬហ្វូមមកប្រើប្រាស់ជារៀងរាល់ថ្ងៃ។ មិត្ដនារីមិនត្រូវជ្រើសរើសផលិតផលដែលមានសារជាតិកាត់នោះទេ ព្រោះស្បែកមុខនៅខ្ចី អាចបណ្ដាលឱ្យមានអាការក្រហាយឬប្រតិកម្ម។ ដូចនេះគួរតែជ្រើសរើសហ្វូមលាងមុខឱ្យសមទៅនឹងប្រភេទស្បែកមុខ។ នៅពេល លុបលាងមុខត្រូវតែដុសឱ្យសព្វពេញផ្ទៃមុខ ដោយត្រូវយកដៃអង្អែលរហូតដល់មានពពុះ រួចសឹមលាងចេញ មិនមែនយកសាប៊ូដុសមុខ មិនទាន់សព្វផងក៏លាងទឹកចេញនោះទេ ព្រោះបើនៅមានខ្លាញ់ឬវត្ថុកខ្វក់នៅសេសសល់លាងមិនជ្រះ នាំឱ្យកើតមុននិងមានកន្ទួល រមាស់ជាដើម។
- នៅពេលងូតទឹក ត្រូវប្រើសាប៊ូនិងស្បៃដុសសម្អាតខ្លួនដៃជើងឱ្យបានស្អាត ជាពិសេសគួរតែធ្វើការសម្អាតខ្នងផងដែរ ដើម្បីកុំឱ្យកើតមុននៅលើខ្នង។
- ខោអាវទ្រនាប់ត្រូវតែធ្វើកាផ្លាស់ប្ដូរឱ្យបានញឹកញាប់ និងត្រូវបោកគក់សម្អាតឱ្យបានស្អាត ជាពិសេសត្រូវហាលឱ្យត្រូវពន្លឺ ថ្ងៃ។ ខោអាវស្លៀកពាក់ខាងក្រៅដែលពាក់ បើសិនជាមានភាពសើមដោយញើសនិងវត្ថុកខ្វក់ប្រឡាក់ប្រឡូក ត្រូវឆាប់ដោះចេញយក ទៅបោកគក់ មិនត្រូវផ្អាប់ទុកចោល ឬយកទៅហាលឱ្យស្ងួតនោះទេ។
- កន្លែងគេងត្រូវតែសម្អាតឱ្យបានស្អាតជានិច្ច ជាពិសេសត្រូវសម្អាតស្រោមពូក ស្រោមខ្នើយ ដោយត្រូវយកទៅបោកគក់ សម្អាតនិងត្រូវហាលថ្ងៃឱ្យស្ងួត កុំផ្អាប់ទុកឬត្រាំចោល ព្រោះអាចបណ្ដុះនូវមេរោគធ្វើឱ្យកើតមុន កើតកន្ទួលរមាស់ និងបង្កឱ្យកើត មានបញ្ហាទៅដល់ស្បែកផងដែរ។
- សិស្សឬនិសិ្សតនៅពេលចេញពីសាលារៀនតែងតែប៉ះពាល់ជាមួយធូលីដី និងបែកញើសជោកខ្លួន ជាពិសេសនៅបរិវេណ ក្លៀក ដូចនេះគួរតែមានក្រដាសអនាម័យឬកន្សែងជូតមុខដាក់នៅតាមខ្លួន ដើម្បីការពារការកើតកន្ទួលរមាស់ និងកើតមុនជាដើម។ នៅពេលមិត្ដនារីប៉ះពាល់នឹងភាពកខ្វក់ ជាតិពុល ល្អងធូលីដី និងបរិយាកាសកខ្វក់ បើមានពេលគួរតែឆ្លៀតលាងសម្អាតមុខចេញ ឬបើសិនជាមិនមានពេលទេ គួរតែឆ្លៀតជូតមុខជាមួយក្រដាសអនាម័យក៏បាន។ នៅពេលត្រឡប់ពីសាលារៀន ពេលមកដល់ផ្ទះ គួរ តែប្រញាប់ងូតទឹកលាងមុខឱ្យស្អាតមុននឹងចាប់ផ្ដើមធ្វើការងារផ្សេងៗទៀត។
- សុភាពនារីគួរតែមានឡេថែរក្សាស្បែក ដូចជាឡេផ្ដល់សំណើមដល់ស្បែកនិងឡេការពារកម្ដៅ ដែលអាចធ្វើឱ្យស្បែក មានសំណើម និងម៉ត់រលោង និងមិនធ្វើឱ្យស្បែកបែកស្រកាជាដើម។
- នៅពេលមករដូវម្ដងៗ អាចឡើងមុន២ទៅ៣នៅលើផ្ទៃមុខ។ សុភាពនារីមិនត្រូវខ្វាយខ្វល់នោះទេ ហើយក៏មិនត្រូវយក ដៃច្របាច់ឬញេចមុនដែរ គឺត្រូវទុកឱ្យវារាបដោយខ្លួនឯង ព្រោះកាលណាបើសុភាពនារីប្រើដៃញេចអាចបង្កឱ្យកើតមុនកាន់តែច្រើន ឡើង ព្រោះមិនបានដឹងថាដៃអាចមានភាពកខ្វក់ឬមានជាប់មេរោគអ្វីនោះទេ។
- ចំពោះសុភាពនារីដែលចូលចិត្ដទទួលទានបង្អែម ដូចជាប្រភេទនំប៉័ង នំផ្អែម អាចធ្វើឱ្យធាត់ឬឡើងមុន ដោយមិនដឹងខ្លួន ។ សុភាពនារីគួរតែសម្គាល់ខ្លួនឯងថាត្រូវឬខុសប្រក្រតី ដូចជាកើតមុនលើផ្ទៃមុខ ធាត់ដុះក្បាលពោះ ចង្កេះ និងកំភួនជើងធំ។ ដូចនេះ បើសិនជាមិត្ដនារីទទួលទានច្រើន គួរតែធ្វើលំហាត់ប្រាណឱ្យបានខ្ជាប់ខ្ជូន ទើបខ្លាញ់មិនគរផ្ដុំច្រើន ដែលមិនអាចធ្វើឱ្យធាត់។
- សិស្សឬនិស្សិតតែងតែរៀនច្រើន ជាពិសេសមុនពេលប្រឡងអាចអត់ងងុយ។ យុវតីត្រូវរៀបចំពេលឱ្យល្អ គួររកពេល វេលាសម្រាកឱ្យបានគ្រប់គ្រាន់ មិនត្រូវលេងអ៊ីនធឺណែតដល់យប់ជ្រៅ ភ្លេចទទួលទានដំណេក ឬធ្វើលំហាត់ប្រាណយូរពេក ប្រសិនបើ មិនចង់កើតមុន។ បើសិនជាចង់ស្អាត ត្រូវឱ្យស្បែកបានសម្រាកខ្លះ ព្រោះករណីអត់ងងុយយប់ជ្រៅពេកអាចធ្វើឱ្យស្បែកស្រពន់ ចំណែកឯប្រព័ន្ធការពាររាងកាយក៏មិនរឹងមាំ ដូចនេះមិនអាចប្រឆាំងនឹងមេរោគបាននោះទេ ជាហេតុដែលអាចធ្វើឱ្យខូចសុខភាពផង ដែរ។
- យុវតីគ្រប់រូបត្រូវតែរៀនធ្វើការសម្រួលអារម្មណ៍ឱ្យស្រស់ថ្លា ចេះសមាធិ កុំគិតតែរវើរវាយ នាំឱ្យកើតភាពតប់ប្រមល់ តានតឹង ព្រោះក្រៅពីធ្វើឱ្យឈឺក្បាលហើយ ថែមទាំងធ្វើឱ្យស្បែកមានបញ្ហា សុខភាពក៏ទ្រុឌទ្រោមទៅតាមនឹងផងដែរ។ បើសិនជា ធុញថប់ មិត្ដនារីអាចស្ដាប់បទភ្លេងឬចម្រៀងកំដរអារម្មណ៍ឱ្យស្រស់ថ្លាឡើងវិញ។
ដំបូន្មានអ្នកជំនាញ
សុភាពនារីត្រូវតែយកចិត្ដទុកដាក់់នៅក្នុងការថែរក្សាសម្រស់និងសុខភាពឱ្យបានល្អ ជាពិសេសគឺការសិក្សា មិនត្រូវធ្វេស ប្រហែសនោះទេ។ ភាពធ្វេសប្រហែសនៅក្នុងការថែរក្សាសម្រស់អាចធ្វើឱ្យសុភាពនារីជួបនឹងផលលំបាក ដូចជាកើតមានមុន មាន កន្ទួលរមាស់ ស្បែកឆាប់ជ្រីវជ្រួញជាដើម។ ចំពោះសិស្សនិសិ្សតមួយចំនួន ដែលតែងតែធ្វើការតុបតែងមុខជ្រុលហួសហេតុ ជាពិសេស ចូលចិត្ដស្លៀកសម្លៀកបំពាក់ខើចខ្លីទៅសាលារៀននោះ គួរតែផ្លាស់ប្ដូរនូវទម្លាប់នេះចោល ព្រោះនេះជាប្រការខុសឆ្គងដែលនាំឱ្យខូច ឈ្មោះជាសិស្សឬនិសិ្សត ជាពិសេសអាចប៉ះពាល់ដល់ទំនៀមទម្លាប់ខ្មែរផងដែរ។
Leave a Reply