ចម្លើយ : ចំពោះការចាក់ឱ្យមករដូវគឺគ្រូពេទ្យធ្វើឡើងក្រោយពេលពិនិត្យឃើញថាខួរក្បាលរបស់ស្ដ្រីជាអ្នកជម្ងឺខ្វះសារធាតុអ្វី ទើប មិនធ្លាក់រដូវ ពេលនោះគ្រូពេទ្យនឹងចាក់បន្ថែមនូវសារធាតុនោះ ដើម្បីឱ្យខួរក្បាលត្រឡប់មកធ្វើការដូចធម្មតាវិញ។ ផ្ទុយទៅវិញការ ចាក់ថ្នាំដោយមិនមានការពិនិត្យពីគ្រូពេទ្យពិតជាប្រឈមមុខនឹងគ្រោះថ្នាក់ជាខ្លាំង។ ចំពោះថ្នាំដែលរារាំងការមករដូវ មិនទាន់មានការ ស្រាវជ្រាវណាមួយបញ្ជាក់ពិតប្រាកដពីការប្រើប្រាស់នៅឡើយទេ។
សំណួរទី៧ ៖ តើជាទូទៅអាយុប៉ុន្មានទើបស្ដ្រីអស់រដូវ? បើក្នុងករណីឆាប់អស់រដូវមុនអាយុ តើមានផលប៉ះពាល់អ្វីទេ?
ចម្លើយ ៖ ការអស់រដូវជារឿងធម្មតារបស់ស្ដ្រីគ្រប់ៗរូប។ នៅពេលឈានចូលដល់វ័យកាន់តែចំណាស់ អូវែរលែងមានដំណើរការ ដោយឈប់បញ្ចេញអ័រម៉ូនតទៅទៀត មានន័យថាជាការបាត់ឈាមរដូវជារៀងរហូត។ ជាមធ្យម ស្ដ្រីអស់រដូវនៅចន្លោះអាយុពី៤៥ ទៅ៥០ឆ្នាំ។ ប្រសិនបើស្ដ្រីបាត់រដូវរយៈពេលមួយឆ្នាំហើយ ទើបចាត់ទុកថាពិតជាអស់រដូវមែនទែន។ ប៉ុន្ដែបើស្ដ្រីទើបតែបាត់រដូវពីរខែ ហើយស្រាប់តែមានរដូវមកវិញនោះ មិនអាចចាត់ទុកថាអស់រដូវទាំងស្រុងនោះទេ។
រយៈពេលពី២ទៅ៦ឆ្នាំមុនពេលអស់រដូវ ឈាមរដូវស្ដ្រីធ្លាក់មកមិនទៀងទាត់ដូចពីមុនឡើយ ច្រើនមានការរអាក់រអួល។ នៅពេលមានរដូវម្ដងៗ ជួនកាលមានឈាមរដូវច្រើន ជួនកាលមានតិចៗ។ ឋិតក្នុងដំណាក់កាលនោះ ស្ដ្រីច្រើនមានការប្រែប្រួលទាំង ផ្លូវកាយ និងផ្លូវចិត្ដ ដូចជាធាត់ ឡើងទម្ងន់ ឈឺសុដន់ ហើមពោះ តឹងពោះ ឆាប់ខឹងឆេវឆាវជាដើម។ ពេលខ្លះរឿងបន្តិចបន្ដួចចាត់ទុក ដូចជារឿងធំ ពិបាកចិត្ដ និងក្រៀមក្រំ។
សំណួរទី៨ ៖ តើមានថ្នាំអាចពន្យារការអស់រដូវបានឬទេ?
ចម្លើយ ៖ ការព្យាបាលត្រូវធ្វើឡើងទៅតាមរោគសញ្ញានីមួយៗរបស់អ្នកជម្ងឺ។ ស្ដ្រីគប្បីមកពិគ្រោះជាមួយគ្រូពេទ្យដើម្បីរករោគ សញ្ញា ថាតើជម្ងឺរបស់គាត់ពិតជាបណ្តាលមកពីការអស់រដូវមែនឬទេ។ គ្រូពេទ្យនឹងធ្វើការព្យាបាលទៅតាមប្រភេទជម្ងឺ។ នៅប្រទេស ជឿនលឿន គេមានការព្យាបាលធ្វើឱ្យមានរដូវឡើងវិញ ដោយប្រើថ្នាំដែលមានជាតិអ័រម៉ូន។ ប៉ុន្តែរប្រើថ្នាំប្រភេទនេះ អាចផ្តលល់ ទាំងផលល្អទាំងផលអាក្រក់ផងដែរ។ ផលល្អគឺធ្វើឱ្យស្ដ្រីស្រួលខ្លួនជាងមុនសម្រានលក់ឡើងវិញ និងខ្លួនមិនឡើងកម្ដៅទៀតឡើយ។ ប៉ុន្ដែការព្យាបាលបែបនេះទាមទារឱ្យមានការពិគ្រោះ និងតាមដានសុខភាពជាមួយគ្រូពេទ្យជំនាញឱ្យបានត្រឹមត្រូវ ព្រោះថ្នាំជាអាវុធ មុខពីរធ្វើឱ្យមានសុខភាពល្អផង និងផ្ដល់ផលវិបាកចំពោះសុខភាពផង។ ដោយឡែកនៅប្រទេសកម្ពុជាមិនទាន់មានប្រើថ្នាំធ្វើឱ្យមាន រដូវឡើងវិញនេះនៅឡើយទេ។ ចំណែកឯផលអាក្រក់ គឺអាចបង្កឱ្យស្ដ្រីមានគ្រោះថ្នាក់បាន។ បើមានធ្លាក់ឈាមខុសប្រក្រតី ស្ដ្រីក៏ ត្រូវប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យផងដែរ ព្រោះអាចបណ្ដាលមកពីជម្ងឺផ្សេងៗទៀត ដែលមិនទាក់ទងនឹងការអស់រដូវ ដូចជា ជម្ងឺដុំស្បូន មហារីកស្បូនជាដើម។
សំណួរទី៩ ៖ នៅពេលអស់រដូវ ស្ដ្រីអាចប្រឈមមុខនឹងបញ្ហាសុខភាពដែរឬទេ?
ចម្លើយ ៖ ស្ដ្រីជួបផលវិបាកយ៉ាងច្រើនចំពោះសុខភាពនៅពេលអស់រដូវ ព្រោះស្ដ្រីខ្វះអ័រម៉ូន។ នៅពេលឆាប់អស់រដូវពេក ស្រីអាច មានបញ្ហា ដូចជាជម្ងឺបេះដូង ឆាប់ពុកឆ្អឹងជាដើម។ ជាទូទៅសញ្ញាណដំបូងនៅពេលអស់រដូវ មានដូចជាមានអារម្មណ៍ក្តៅក្រហល់ក្រ ហាយក្នុងខ្លួន ពេលខ្លះក្រោកងូតទឹកពីរទៅបីដងក្នុងពេលយប់។ អារម្មណ៍ប្រែប្រួលក្លាយជាមនុស្សរញ៉ាំរញ៉ូវច្រើន។ អ្នកខ្លះទៅជាមាន អារម្មណ៍ស្រងូតស្រងាត់ហាក់ដូចជាមានវិបត្ដិផ្លូវចិត្ត សម្រាន្ដមិនលក់ និងអស់កម្លាំង ទោះជាទទួលទានឆ្អែតក៏ដោយ។ ស្ត្រីច្រើនស្ងួត នៅត្រង់ប្រដាប់ភេទ នាំឱ្យមានការឈឺចាប់នៅពេលរួមភេទ។ ដោយឡែកក៏មានស្ដ្រីខ្លះ នៅពេលអស់រដូវមានសុខភាពល្អធម្មតាមិន មានការប្រែប្រួលអ្វីទាំងអស់។
សំណួរទី១០ ៖ តើស្ដ្រីគួរថែទាំខ្លួនដូចម្ដេចនៅពេលអស់រដូវ?
ចម្លើយ ៖ នៅពេលអស់រដូវ ស្ដ្រីទាំងឡាយគប្បីថែរក្សាសុខភាពឱ្យបានល្អ ទើបចៀសផុតពីជម្ងឺផ្សេងៗ។ វិធីនៃការថែរក្សាមាន ដូចជា
១ – សកម្មភាពប្រចាំថ្ងៃ
ពេលអស់រដូវ ស្ត្រីអាចប្រតិបត្តិរៀងរាល់ថ្ងៃនូវសកម្មភាពធម្មតារបស់ខ្លួន។ ចំពោះស្ដ្រីដែលអស់រដូវហើយមានសុខភាព ល្អធម្មតាមិនមានអ្វីប្រែប្រួល នោះមិនអីទេ។ ប៉ុន្ដែស្ដ្រីខ្លះទៀតទទួលរងឥទ្ធិពលខ្លាំងពីការអស់រដូវ ធ្វើឱ្យរំខានយ៉ាងខ្លាំងដល់ការងារ ប្រចាំថ្ងៃ ដូចជាឈឺសន្លាក់ឆ្អឹងដែលត្រូវប្រឈមមុខនឹងការពុកឆ្អឹង ការអស់កម្លាំងល្ហិតល្ហៃជាដើម។ ដូច្នេះស្ដ្រីគួរប្រយ័ត្នប្រយែងកុំឱ្យ មានការដួលឬប៉ះទង្គិច ព្រោះអាចធ្វើឱ្យឆ្អឹងបាក់បាន។ ចំណែកអ្នកជិតខាងគួរតែមានការអត់ឱនឱ្យគាត់ ប្រសិនបើគាត់មានការ ជ្រុលជ្រួសទៅដោយពាក្យសម្ដី ឬកាយវិការក្ដី ព្រោះអារម្មណ៍របស់គាត់ប្រែប្រួលឆាប់ខឹង។
២ – ការទទួលទានចំណីអាហារ
ទន្ទឹមនឹងការអស់រដូវ ស្ដ្រីត្រូវប្រឈមមុខនឹងជម្ងឺផ្សេងៗជាច្រើនទៀត ដូចជាជម្ងឺលើសឈាម ជម្ងឺមហារីកសុដន់ ជម្ងឺទឹក នោមផ្អែមជាដើម។ ដូចនេះការទទួលទានអាហារត្រូវមានការប្រយ័ត្នប្រយែង ហើយត្រូវប្រកាន់យកនូវរបបអាហារមួយត្រឹមត្រូវ និងមានតុល្យភាព។ គួរចៀសវាងនូវការទទួលទានអាហារដែលមានជាតិផ្អែមពេក ប្រៃពេក ឬខ្លាញ់ពេក។ គួរទទួលទានចំណីអាហារ ណាដែលសម្បូរទៅដោយវីតាមីន សារជាតិអំបិលខនិជ ជាតិកាល់ស្យូម និងជាតិវីតាមីនដេ ដែលសម្បូរនៅក្នុងសណ្ដែកសៀង ដើម្បីជំនួយដល់ឆ្អឹង។
៣ – ការហាត់ប្រាណ
ការហាត់ប្រាណជាការល្អប្រសើរណាស់សម្រាប់សុខភាពរបស់មនុស្សទូទៅ ក៏ដូចជាស្ដ្រីដែលមានវ័យចំណាស់។ ប៉ុន្ដែស្ដ្រី មានវ័យចំណាស់មិនអាចហាត់ប្រាណ មិនអាចហក់លោត ឬរត់បានដូចមនុស្សវ័យក្មេងឡើយ។ ការដើរក៏ជាការហាត់ប្រាណមួយដែរ ដែលសមស្របសម្រាប់ស្ដ្រីអស់រដូវ។ ប្រសិនបើរត់ ស្ដ្រីអាចដួល ហើយអាចបាក់ឆ្អឹង ឬមានបញ្ហាផ្សេងជាច្រើនទៀត។
Leave a Reply