ប្រជាពលរដ្ឋខ្លះនៅមានការស្រពិចស្រពិលនឹងពាក្យយេនឌ័រ។ ភាគច្រើនគិតថាជាពាក្យមួយដែលគេនិយាយអំពីស្ដ្រី។ ដោយសារថានៅពេលដែលគេនិយាយពីយេនឌ័រ ឬធ្វើការស្រាវជ្រាវអំពីយេនឌ័រ គេតែងតែធ្វើការសន្និដ្ឋាន ដោយផ្ដោតលើស្ដ្រី និង និយាយអំពីស្ដ្រី។ យេនឌ័រមិនមែននិយាយអំពីស្ដ្រីទេ ហើយក៏មិនមែននិយាយតែអំពីបុរសដែរ គឺនិយាយអំពីសង្គមប្រព្រឹត្ដិទៅលើ បុរស និងស្ដ្រីខុសគ្នាបែបណា។ បញ្ហាយេនឌ័រនៅក្នុងសង្គមកម្ពុជាមិនទាន់បានដោះស្រាយទាំងស្រុងនៅឡើយទេ ទោះជាមានការ ខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាលនិងសង្គមស៊ីវិលយ៉ាងណាក៏ដោយ។
សូមស្វែងយល់ជាមួយទស្សនាវដ្ដី សុខភាពយើង ដែលបានជួបសម្ភាសន៍ជាមួយលោកស្រី មេញ ណាវី មន្ដ្រីកម្មវិធីផ្នែក យេនឌ័រនៃអង្គការអុកហ្វាម (អង់គ្លេស)។
យេនឌ័រ ឬសមភាពស្ដ្រីបុរសជាអ្វី?
យេនឌ័រសំដៅទៅលើភាពខុសគ្នានៃសង្គម និងទំនាក់ទំនងរវាងស្ដ្រី និងបុរស ភាពខុសប្លែកគ្នាយ៉ាងទូលំទូលាយរវាងប្រពៃណីនិងការផ្លាស់ប្ដូរតាមពេលវេលា។ ចំណុចចម្បងដែលប្រើពាក្យយេនឌ័រ គឺសំដៅលើភាពខុសគ្នារវាងស្ដ្រី និងបុរសដែលសង្គមជា អ្នកកំណត់ឱ្យមិនមែនដោយលក្ខខ័ណ្ឌធម្មជាតិនោះទេ។ វិសមភាពរវាងបុរស និងស្ដ្រីត្រូវបានកប់ជ្រៅនៅក្នុងរចនាសម្ព័ន្ធសង្គម ជា ពិសេសក្នុងគ្រួសារ សហគមន៍និងកន្លែងធ្វើការ។
សមភាពយេនឌ័រ ឬសមភាពស្ដ្រី និងបុរសមានន័យថាទាំងបុរស និងស្ដ្រីមានឱកាសស្មើគ្នា លក្ខខ័ណ្ឌដូចគ្នាក្នុងការទទួលបាននូវសិទ្ធិមនុស្សពេញលេញហើយមានការចូលរួមវិភាគទានប្រកបដោយសក្ដានុពលក្នុងការអភិវឌ្ឍន៍នយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និងទទួលបានផលប្រយោជន៍អំពីលទ្ធផលទាំងនោះដូចគ្នា។
មូលហេតុបង្កវិសមភាពស្ដ្រី និងបុរស
សង្គមបង្កើតឱ្យមានវិសមភាព និងអតុល្យភាពក្នុងទំនាក់ទំនងរវាងបុរស និងស្ដ្រី។ គម្លាតនេះត្រូវបានមើលឃើញច្បាស់ក្នុងសកម្មភាពរវាងស្ដ្រី និងបុរស។ ភាពខុសគ្នារបស់បុរស និងស្ដ្រីបណ្ដាលមកពីលក្ខខ័ណ្ឌធម្មជាតិដែលមិនអាចផ្លាស់ប្ដូរបាន ទោះជា ពេលខ្លះមនុស្សបានធ្វើការវះកាត់ដូរប្រដាប់ភេទក៏ដោយ។ ភាពខុសគ្នានៃយេនឌ័រអាចកើតដោយសារសហគម វប្បធម៌ និងប្រពៃណី ដែលកំពុងរស់នៅ។ សង្គមកំណត់ថាបុរស ឬក្មេងប្រុសត្រូវធ្វើអ្វី និងថែទាំខ្លួនបែបណាដើម្បីឱ្យសក្ដិសមជាមនុស្សប្រុស។ វប្បធម៌ក៏ បានកំណត់ដែរថាស្ដ្រី ឬក្មេងស្រីត្រូវតែមានលក្ខណៈបែបនេះ ត្រូវធ្វើអ្វី និងត្រូវថែទាំខ្លួនបែបណាដើម្បីឱ្យសក្ដិសមជាមនុស្សស្រី។ ដោយសារការគិតបែបនេះហើយទើបតួនាទីរបស់បុរស និងស្ដ្រីត្រូវបានបែងចែក។ វាមិនសំខាន់ទេចំពោះថាអ្នកណាធ្វើអ្វីនោះ អ្វី ដែលសំខាន់នោះគឺមានសកម្មភាពខ្លះបុរសអាចធ្វើបានហើយស្ដ្រីក៏ធ្វើបានដូចគ្នា។ ទស្សនៈសង្គមដែលថាភេទប្រុសធ្វើនេះ ភេទ ស្រីធ្វើនោះជំរុញឱ្យមានឥទ្ធិពលប៉ះពាល់ដល់ការចូលរួមរបស់ស្ដ្រីក្នុងគ្រប់ការងារសង្គម។ បន្ទុកមើលថែផ្ទះសម្បែង និងគ្រួសារដែល សង្គមយល់ថាវាសក្ដិសមទៅនឹងស្ដ្រី ធ្វើឱ្យស្ដ្រីគ្មានឱកាសដឹងឮព័ត៌មានខាងក្រៅក៏ដូចជាទទួលការអប់រំ ឬការចូលរួមក្នុងការងារ សង្គមផ្សេងៗ។ ហេតុនេះហើយ នៅពេលដែលស្ដ្រីបានចូលប្រឡូកក្នុងឆាកនយោបាយជារឿងថ្មីមួយរបស់សង្គមដែលការងារនេះពី មុនក្នុងរបបមាតាធិបតេយ្យ ស្ដ្រីបានចូលរួមយ៉ាងសកម្ម និងឈានមុខគេទៀតផងក្នុងការងារដឹកនាំប្រទេសជាតិ។ ដោយឡែកបុរស វិញ ដោយសារសង្គមរំពឹងទុកថាមានតួនាទី និងការងាររកប្រាក់ចំណូលចិញ្ចឹមគ្រួសារការងារជាអ្នកដឹកនាំសក្ដិសមទៅនឹងបុរស ទើប បុរសមានឱកាសច្រើនដឹងឮពីអ្វីៗដែលនៅក្នុងសង្គមខាងក្រៅ។ ជាអ្នកទទួលបានឱកាសច្រើនក្នុងការបង្កើនសមត្ថភាព ធ្វើឱ្យបុរសមានភាពក្លាហានក្នុងការសម្រេចចិត្ដ រហូតពេលខ្លះពិបាកធ្វើឱ្យបុរសទទួលយកគំនិតយោបល់ដែលលើកឡើងដោយស្ដ្រី ដែលរស់នៅក្នុងគ្រួសារជាមួយគ្នា(ប្រពន្ធ) ឬស្ដ្រីដែលធ្វើការក្នុងការិយាល័យជាមួយ។ ដូច្នេះសង្គមជាអ្នកបង្កើតវិសមភាពរវាងបុរស និងស្ដ្រី។
វិធានការរក្សាសមភាពយេនឌ័រ
ដើម្បីធានាបាននូវសមភាពក្នុងសង្គម មិនថាវិស័យណាមួយទេ ត្រូវមានវិធានការលើកកម្ពស់ការចូលរួមរបស់ស្ដ្រី ធ្វើឱ្យទាំងបុរសទាំងស្ដ្រីធានានូវការចែករំលែក និងទទួលបានលទ្ធផលស្មើគ្នា ព្រមទាំងមានឱកាសដូចគ្នាក្នុងការចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ ប្រទេសជាតិ។ រាជរដ្ឋាភិបាលត្រូវធានាទាំងច្បាប់ជាតិ និងអន្ដរជាតិមានលក្ខណៈសមភាពស្ដ្រី និងបុរសគ្រប់ទិដ្ឋភាពនៃជីវិតរស់នៅ។ បើបុរស និងស្ដ្រីទទួលបានភាពស្មើគ្នានិងសិទ្ធិស្មើគ្នា នោះនឹងអាចលប់បំបាត់ការរើសអើងភេទ។ ការរើសអើងត្រូវបានដោះស្រាយ លុះណាតែមានដំណោះស្រាយ។
1. ក្នុងស្ថាប័នការងារ ៖ ផ្ដល់ឱកាសឱ្យស្ដ្រីចូលរួមឱ្យបានច្រើន ផ្ដល់សិទ្ធិឱ្យស្ដ្រីក្នុងការបញ្ចេញមតិក្នុងអង្គប្រជុំ ឬចូលរួមក្នុងការសម្រេចចិត្ដ។ ជាពិសេសស្ដ្រីអាចទទួលបានប្រាក់កម្រៃស្មើគ្នាចំពោះការងារដូចគ្នា បើកទីផ្សារឱ្យទូលាយសម្រាប់មនុស្សគ្រប់ គ្នា។ ហើយក៏ត្រូវអនុវត្ដឱ្យបានត្រឹមត្រូវតាមច្បាប់ការងារដែលទាក់ទងដល់ការសម្រាកមាតុភាពរបស់ស្ដ្រីផងដែរ។
2. ក្នុងគ្រួសារ ៖ ត្រូវតែមានការឯកភាពគ្នាទាំងការសម្រេចចិត្ដ និងការទទួលយក។ ឪពុកម្ដាយត្រូវផ្ដល់ឱកាសឱ្យកូនស្រីសិក្សារៀនសូត្រ និងចូលរួមការងារសង្គម រួមទាំងឱកាសក្នុងការសម្រេចចិត្ដរើសគូស្រករ និងត្រូវទទួលស្គាល់សមត្ថភាពរបស់កូន ស្រីផងដែរ។
3. រវាងប្ដីប្រពន្ធ ៖ ត្រូវចេះអត់ឱន ចេះយោគយល់អាធ្យាស្រ័យគ្នា និងមិនប្រកាន់ការងារក្នុង និងក្រៅផ្ទះ ដែលជាកត្ដាឈានទៅលប់បំបាត់អំពើហិង្សាក្នុងគ្រួសារ។ ក្នុងនាមជាប្ដីត្រូវផ្ដល់ឱកាសឱ្យប្រពន្ធក្នុងការចេញទៅប្រកបការងារខាងក្រៅ លើកទឹកចិត្ដប្រពន្ធចូលរួមសម្រេចចិត្ដក្នុងគ្រួសារ។ ម្យ៉ាងទៀតប្ដីត្រូវផ្ដល់ឱកាសឱ្យប្រពន្ធចូលរួមក្នុងសង្គមឱ្យបានច្រើន។
4. ក្នុងនាមជាស្ដ្រី ៖ ត្រូវយល់ឱ្យបានពីភាពចាំបាច់របស់ខ្លួន បង្កើនការជឿទុកចិត្ដលើខ្លួនឯង ក្លាហានក្នុងការចូលរួមលើ គ្រប់ការងារ។ គប្បីស្ដាប់ និងរៀនសូត្រឱ្យបានច្រើនពីសង្គមខាងក្រៅ ចៀសវាងគំនិតដែលថាខ្លួនធ្វើអ្វីមិនកើតទៅណាមិនបានឆ្ងាយ មិនមានសមត្ថភាពដូចបុរស។
5. ដំណោះស្រាយបញ្ហាយេនឌ័រក្នុងសង្គម ៖ ការដោះស្រាយបញ្ហាយេនឌ័រ ពិតជាមានសារៈសំខាន់។ យេនឌ័រមានតួនាទីលើកកម្ពស់តួនាទីរបស់ស្ដ្រី ធ្វើឱ្យភេទទាំងពីរបញ្ឈប់បាននូវការរើសអើងរវាងគ្នា លុបបំបាត់អតុល្យភាពអំណាច បង្កើននូវទំនាក់ទំនង ល្អរវាងបុរស និងស្ដ្រីផ្ដល់សិទ្ធិឱ្យគ្នាទៅវិញទៅមកក្នុងការសម្រេចចិត្ដ។ មានភាពយោគយល់គ្នា និងផ្ដល់ឱកាសឱ្យស្ដ្រីធ្វើឱ្យសង្គម មានការរីកចម្រើន។ បើសិនជាគ្រួសារមានទំនាក់ទំនងយេនឌ័រ គឺប្ដីប្រពន្ធចេះយោគយល់អាធ្យាស្រ័យ និងគោរពគ្នា ព្រមទាំងចេះផ្ដល់ឱកាសឱ្យគ្នាចូលរួមក្នុងការសម្រេចចិត្ដ។ ផ្ដើមចេញពីគ្រួសារចេះយោគយល់គ្នា សង្គមទាំងមូលចេះយោគយល់គ្នាដែរ។ ផ្ដើម ចេញពីសង្គមទាំងមូលចេះយោគយល់គ្នានោះនឹងធ្វើឱ្យប្រទេសជាតិមានសន្ដិភាព។
ដំបូន្នានអ្នកជំនាញ
ភាពយោគយល់គ្នាជាគន្លឹះដ៏ល្អក្នុងការស្ថាបនាគ្រួសារមួយឱ្យមានសុភមង្គល ជាពិសេសផ្ដើមចេញពីការគោរពគ្នា អាធ្យា ស្រ័យល្អនិងភាពទុកចិត្ដ។ ទាំងបុរសទាំងស្ដ្រីត្រូវតែឱ្យតម្លៃស្មើៗគ្នា ទាំងការងារ និងការរស់នៅ ត្រូវមានទំនួលខុសត្រូវលើខ្លួនឯង។ ប្រជាពលរដ្ឋទាំងអស់លុបបំបាត់ចោលគំនិតចំពោះការរើសអើង គំនិតបន្ទោសបង្អាប់ ត្រូវចេះជួយជំរុញលើកទឹកចិត្ដឱ្យមានតម្លាភាព ទាំងការរស់នៅនិងការចូលរួមសកម្មភាពសង្គម។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៨ ខែកក្កដា ឆ្នាំ២០០៧
Leave a Reply