ផូ មុន្នីពៅ សុខភាព​សំខាន់​ជាងអ្វីៗ​ទាំង​អស់

ទឹកមុខ​ស្រទន់ ញញឹម​ប្រិមប្រិយ ស្រី​ស្រស់​សម្បុរស សម្លេង​ពីរោះ រាងតូច​ច្រឡឹង ផូ មុន្នីពៅ​ដែល​ជាពិធី​ការិនី​លេច​ធ្លោ​មួយ​ដួង​ក្នុង​កម្មវិធី​ជាច្រើន​នៅ​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអិន។ សព្វថ្ងៃ មុន្នីពៅ​កំពុង​តែមាន​ការពេញ​និយម​និង​ទទួល​នូវការ​គាំទ្រពី មហាជន​គ្រប់​មជ្ឈដ្ឋាន​ទាំងក្នុង និង​ក្រៅ​ប្រទេស។ ទោះបី​ជា​មុន្នីពៅ​មានការ​ហត់​នឿយ​ជាពិធី​ការិនី​ក្នុង​កម្មវិធី​ជាច្រើន​មែន ប៉ុន្ដែ​ភាព​មមាញឹក​ទាំង​នោះ​មិនបាន​ធ្វើឱ្យ​មុន្នីពៅ​ភ្លេចក្នុង​ការថែទាំ​សុខភាព​រាងកាយ​ក៏ដូច​ជា​សម្រស់​របស់​នាង​ឡើយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

មុន្នីពៅ​មានភាព​រីករាយ​ណាស់​ក្នុងការ​ទម្លាយ​អាថ៌​កំបាំង​ថែទាំ​សុខភាព​ក៏ដូច​ជា​សម្រស់​របស់​នាង​មកជូន​មិត្ដអ្នក​អាន​ឱ្យ​បានដឹង​តាម​រយៈ​កិច្ច​សម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង។

ប្រវត្ដិ​មុន​ឈាន​ជើង​ចូល​វិស័យ​សិល្បៈ

កាល​ពីដំបូង​ឡើយ មុន្នី​ពៅ​ជាសិស្ស​រៀន​នៅ​វិទ្យាល័យ​នៅ​ខេត្ដ​កំពង់​ចាម។ ស្រប​ពេល​នោះ​ក៏មាន​កម្ម​វិធី​ជ្រើស​រើស​ស្រី ស្អាត​ប្រុស​ស្អាត នាងក៏​បាន​សម្រេច​ចិត្ដ​ចូល​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី​នោះ​ហើយ​មុន្នីពៅ​ក៏បាន​លេខ១​ខាង​ទឹកមុខ​មាន​ប្រជា​ប្រិយ។ បន្ទាប់​មក​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ៣ បាន​ជ្រើស​រើស​មុន្នីពៅ​ឱ្យធ្វើ​ពិធី​ការិនី​ក្នុង​កម្មវិធី​ជាច្រើន​ដូចជា​កម្មវិធី​ចង់ដឹង​ត្រូវ​មើល កម្មវិធី​ស្នាដៃ​ច្នៃ​ប្រឌិត កម្មវិធី​ហ្វម៉ូស​ជាដើម ដោយ​ឆ្លង​កាត់​ការ​ធ្វើ​តេស្ដ​សម្លេង។ សព្វថ្ងៃ​នេះ​មុន្នីពៅ​បាន​ក្លាយ​ទៅជា​ពិធី​ការិនី​មួយ​ដួង​ដែល លេច​ធ្លោ​នៅ​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអិន។

ការថែ​រក្សា​សម្រស់

បច្ចុប្បន្ន ផូ មុន្នីពៅ ជាពិធី​ការិនី​ដ៏ឆ្នើម​មួយរូប​ក្នុង​កម្មវិធី​ជាច្រើន​នៅ​ស្ថានីយ​ទូរទស្សន៍ ស៊ីធីអិន។ ការងារ​ជាពិធី​ការិនី​កាន់​កម្មវិធី​ច្រើន​បែប​នេះ បានធ្វើ​ឱ្យមុន្នី​ពៅ​ម្រឈម​មុខ​នឹង​ការ​ហត់​នឿយ។ ប៉ុន្ដែ​ចំពោះ​ការ​ថែរក្សា​សម្រស់​មុន្នីពៅ​មិន​ដែល​មានការ​ធ្វេស ប្រហែស​ឡើយ ព្រោះ​នាង​មិន​អាច​បណ្ដោយ​ឱ្យ​សម្រស់​បាត់បង់​ទៅតាម​អាយុ​កាល​នោះ​ទេ។

  • ការថែ​រក្សាសក់ សក់​របស់​មុន្នីពៅ ត្រូវ​បាន​តុបតែង​ធ្វើជា​ម៉ូត​ជារៀង​រាល់ថ្ងៃ​មិន​ដែល​ខាន​ទេ​ជាហេតុ​បណ្ដាល​ឱ្យសក់​ស្រួយ និង​បែក​ចុង។ ហេតុនេះ ធ្វើឱ្យ​មុន្នីពៅ​មានការ​ព្រួយ​បារម្ភ​ចំពោះ​សក់​ព្រោះ​ម្យ៉ាង​ទៀត​សក់​របស់​មុន្នីពៅ​មាន​ចំនួន​តិច​ស្រាប់ ផងនោះ ទើប​នាង​បាន​ជ្រើស​រើស​យក​សាប៊ូ​ដែល​ត្រូវជា​មួយ​ស្បែក​ក្បាល និង​សរសៃ​សក់​ដោយ​កក់​សក់រយៈ​ពេល​២ឬ៣​ថ្ងៃម្ដង និង ប្រើ​សារធាតុ​ជួយ​បន្ទន់​សក់​ឱ្យទន់។
  • ការថែ​រក្សា​ស្បែក​មុខ ស្បែក​មុខ​មុន្នីពៅ​ឆាប់​មាន​ប្រតិកម្ម​ណាស់ ធ្វើឱ្យ​មុខ​មុន្នីពៅ​ទៅជា​មាន​មុន​ឬមាន​អាចម៍រុយ​ទៀតផង។ នៅ​ពេល​ដែល​ចូលរួម​ក្នុង​កម្ម​វិធី មុន្នីពៅ​ប្រើម្សៅ​ទឹកមក​លាបជា​ទ្រនាប់​ទើប​យក​ម្សៅ​ផាត់​មកផាត់​ពីលើ​បន្ថែម​ដើម្បី​ឱ្យ ស្បែកមុខ​ត្រជាក់ និង​មិនមាន​ប្រតិកម្ម។ តែទោះ​ជាយ៉ាង​ណា​ក៏ដោយ បន្ទាប់​ពីត្រឡប់​ក្នុង​កម្មវិធី​វិញ​មុន្នីពៅ​ត្រូវ​លុបលាង​សម្អាត​មុខ ភ្លាម​ដោយ​មិនទុក​ឱ្យយូរ​ទេ ព្រោះ​ខ្លាច​ស្បែក​មុខ​រោល ឬកើត​មុន​គ្រើម​តូចៗ។
  • ការថែ​រក្សា​ស្បែក​ដងខ្លួន នៅ​ពេល​យប់ មុន្នីពៅ​មិន​ប្រើឡេ​លាប​ស្បែក​ជាប្រចាំ​ទេ។ ក្នុង​មួយ​សប្ដាហ៍​មុន្នីពៅ​ប្រើឡេ​លាប​ស្បែក​តែ៣ ឬ៤ថ្ងៃ​តែ​ប៉ុណ្ណោះ ដោយ​ប្រើឡេ​លាយ​ជាមួយ​ម្សៅ។ នៅ​ពេល​ចេញ​ទៅខាង​ក្រៅ​មុន្នីពៅ​ប្រើឡេ​ការពារ​កម្ដៅ​ថ្ងៃ​ដើម្បី​កុំឱ្យ​ស្បែក​ស្ងួត និង​ឆាប់​ជ្រីវ​ជ្រួញ។
  • ការថែ​រក្សា​ភ្នែក រោម​ភ្នែក និងរោម​ចិញ្ចើម ភ្នែក​មុន្នីពៅ​ស្រស់​ស្អាត​ពីធម្មជាតិ មិន​ដែល​មាន​បញ្ហាអ្វី​ឡើយ។ ចំណែក ឯរោម​ភ្នែក​វិញ មុន្នីពៅ​ស្រឡាញ់​រោម​ភ្នែក​វែង​ក្រាស់​ហើយង។ នៅ​ពេល​ដែល​ចេញ​ទៅខាង​ក្រៅ​ឬ​ចូលរួម​ក្នុង​កម្មវិធី​ធំៗ មុន្នីពៅ តែង​តែ​យក​ម៉ាស្ការ៉ា​ពណ៌ខ្មៅ​មក​លាប​រោមភ្នែក​វែង រួចពត់​ឱ្យង។ មុន្នីពៅ​ស្រឡាញ់​រោម​ចិញ្ចើម​ក្រាស់​ហើយធំ​តាម​ធម្មជាតិ​ដែល​បាន ផ្ដល់ឱ្យ។ ទោះ​ជា​ចូលរួម​ក្នុង​កម្មវិធី​ណា​ក៏ដោយ មុន្នីពៅ​មិនដែល​កោរ​រោម​ចិញ្ចើម​ឡើយ​គ្រាន់តែ​យក​ប្រដាប់​គូស​ចិញ្ចើម​មកគូស​តុប តែង​តែ​ប៉ុណោ្ណះ។
  • ការថែ​រក្សា​បបូរមាត់ នៅ​ពេល​សម្រាក​ពីការងារ មុន្នីពៅ​មិន​ប្រើក្រែម​មកលាប​បបូរមាត់​ទេ​ព្រោះ​កាល​ណា​លាបញឹក ញាប់​ពេកធ្វើ​ឱ្យ​បបូរមាត់​ខ្មៅ។ មុន្នីពៅ មិន​ចូលចិត្ដ​ប្រើក្រែម​ដែល​មានពណ៌​ឆើត​ឡើយ​តែ​ចូលចិត្ដ​ពណ៌​ស្រាល​ស្លេក​បែប​ធម្មជាតិ ជាពិសេស​ក្រែម​ដែល​មានជាតិ​រលោង​មកលាប​នៅពេល​ទៅ​កម្មវិធី ដើម្បី​កុំឱ្យ​បបូរមាត់​ស្ងួត។
  • ការថែ​រក្សា​ធ្មេញ មុន្នីពៅ​ព្រួយ​ខ្លាច​បំផុត​ចំពោះ​សុខភាព​មាត់​ធ្មេញ​ព្រោះ​ខ្លាច​មាន​ក្លិន​មិនល្អ​នាំឱ្យ​ខ្លួនឯង​នៅមិន​សុខ និង​ពិបាក​ប្រាស្រ័យ​ទំនាក់​ទំនង​គ្នា។ ហេតុនេះ​ក្នុង១ថ្ងៃ មុន្នីពៅ​ត្រូវ​សម្អាត​ធ្មេញ២​ដង​ឡើង​ទៅ។ ក្នុងមួយ​សប្ដាហ៍​មុន្នីពៅ​តែង​តែ​យក​ក្រដាស​ស្ទីកក័រ​មកបិទ​នៅលើ​ធ្មេញ​ដើម្បី​កាត់​ក្អែល​ធ្មេញ ហើយ​ជួយ​ឱ្យ​ធ្មេញស។
  • ការថែ​រក្សា​ក្រចក​ដៃ​ជើង មុន្នីពៅ​មិន​ស្រឡាញ់​ក្រចក​ដៃជើង​វែង​ពេក ឬខ្លី​ពេក​ទេ។ មុន្នីពៅ​ស្រលាញ់​តែថ្នាំ​ក្រចក ដែល​មានពណ៌ស ដោយ​លាប​នៅចុង​ក្រចក ទើប​យក​ទឹក​រលោង​មកលាប​ពីលើ​ក្រចក​បន្ថែម។

    រូបភាពទស្សនាវដ្ដីសុខភាពយើង

ការថែ​រក្សា​សុខភាព​រាង​កាយ

ការងារ​ជាពិធី​ការិនី​កាន់​កម្មវិធី​ច្រើន​ក៏ពិត​មែន ប៉ុន្ដែ​មុន្នីពៅ​មានការ​ប្រុង​ប្រយ័ត្ន​ជានិច្ច​ចំពោះ​សុខភាព​រាងកាយ។ រាល់ថ្ងៃ​មុន្នីពៅ​បាន​បែងចែក​កាលវិភាគ​យ៉ាង​ច្បាស់​លាស់។ នៅពេល​ចេញ​ពីធ្វើការ​រៀងរាល់​ពេល​ល្ងាច​មុន្នីពៅ​ហាត់​ប្រាណ​គ្រប់​បែប​រូបភាព។ ចំណែក​ចំណី​អាហារ​មុន្នីពៅ​ទទួល​ទាន៣ដង​ក្នុង​មួយ​ថ្ងៃជា​ប្រចាំ។ មុន្នីពៅ​មិន​ចូលចិត្ដ​អាហារ​ណា​ដែល​មាន​ជាតិ​ខ្លាញ់​ឡើយ មុន្នីពៅ ចូលចិត្ដ​អាហារ​ដែល​មាន​បន្លែ​ច្រើន និង​ចូលចិត្ដ​ទទួល​ទាន​ផ្លែឈើ។ ក្នុងរយៈ​ពេល​៦ខែ​មុន្នីពៅ​តែងទៅ​មន្ទីរពេទ្យ​ម្ដង​ដើម្បី​ពិនិត្យ សុខភាព ព្រោះខ្លាច​សុខភាព​មាន​បញ្ហា។

បំណង​សម្រាប់​ថ្ងៃ​អនាគត

មុន្នីពៅ​មិន​ពឹងផ្អែក​ទៅលើ​អាជីព​ជាអ្នក​សិល្បៈ​រហូត​ដល់ថ្ងៃ​អនាគត​ឡើយ។ មុន្នីពៅ​កំពុងតែ​មាន​គម្រោង​ចង់ធ្វើ​ជំនួញ​ផ្ទាល់ខ្លួន​ហើយ​ជំនួញ​នោះ​មុន្នីពៅ​បាន​គិតទុក​ជាយូរ​មក​ហើយថា​ជា​ជំនួញ​អ្វី​គ្រាន់តែ​នៅពេល​នេះ​មុន្នីពៅ​សុំលាក់​ទុកសិន។ ម្យ៉ាងវិញ​ទៀត​មុន្នីពៅ​កំពុង​តែសន្សំ​ថវិកាឱ្យ​បាន​ច្រើន ដើម្បី​ធ្វើ​ជំនួញ​សម្រាប់​ថ្ងៃ​អនាគត។

បណ្ដាំផ្ញើរបស់ ផូ មុន្នីពៅ

ម្នាក់ៗ​សុទ្ធតែ​មមាញឹក​ដូចគ្នា ប៉ុន្ដែ​សូម​ងាក​មើល​ពី​សុខភាពផង ដោយ​ឆ្លៀត​ពេល​ហាត់​ប្រាណ ទទួល​ទាន​អាហារ​និង​ទទួល​ទាន​ដំណេក​ឱ្យបាន​ទៀង​ទាត់។ ជាពិសេស​សម្រាប់​សុភាពនារី បន្ទាប់ពី​មានការ​ថែទាំ​សុខភាព​រាងកាយ​ហើយ​គួរយក​ចិត្ដ​ទុកដាក់ បន្ថែម​ពីសម្រស់​ផង កុំ​បណ្ដោយ​ឱ្យឆាប់​ចាស់​ទៅតាម​អាយុ​កាល។

ប្រវត្ដិរូបសង្ខេប

  • ឈ្មោះ ៖ ផូ មុន្នីពៅ
  • អាយុ ៖ ២៤ឆ្នាំ
  • កម្ពស់ ៖ ១,៥៨ម៉ែត្រ
  • ទម្ងន់ ៖ ៤៧ គីឡូក្រាម
  • ទំហំទាំងបី ៖ ៣៤ ២៥ ៣៤
  • បងប្អូន ៖ ៥នាក់ (ជាកូនទី៥)
  • កម្រិត​វប្បធម៌ ៖ កំពុង​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ផ្នែក​ធនាគារ​ឆ្នាំទី៣
  • អាជីព​បច្ចុប្បន្ន ៖ ជាតារា​សម្ដែង ពិធី​ការិនី​នៅ​ស្ថានីយ​ទូរទស្សន៍ ស៊ីធីអិន
  • ទីកន្លែង​កំណើត ៖ ខេត្ដ​កំពង់​ចាម
  • ស្ថានភាព​គ្រួសារ ៖ នៅលីវ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៥ ខែកុម្ភះ ឆ្នាំ២០០៨

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *