ដេកមិនលក់ធ្វើឱ្យមានផលវិបាកច្រើនចំពោះសុខភាព និងសម្រស់។ លោកអ្នកគ្រប់រូបពិតជាចៀសមិនផុតឡើយចំពោះ បញ្ហាដេកមិនលក់។ ដេកមិនលក់នេះទៀតសោតអាចបណ្ដាលឱ្យមានរង្វង់ភ្នែកខ្មៅ ខូងភ្នែក ជម្ងឺឈឺក្បាលឬវិលមុខជាដើម។ ប៉ុន្ដែ ដេកមិនលក់មិនមែនជាជម្ងឺទេ គ្រាន់តែជាអាការរោគមួយប្រភេទដែលបណ្ដាលមកពីការគិតច្រើននិងមកពីជម្ងឺផ្សេងៗ។
លោកស្រីវេជ្ជបណ្ឌិត ចក ធីតា ឯកទេសវិកលវិទ្យាបានចូលរួមបកស្រាយពីមូលហេតុដេកមិនលក់ជូនមិត្ដអ្នកអានបាន ជ្រាបជាមួយទស្សនាវដ្ដី សុខភាពយើង។
មូលហេតុដេកមិនលក់
អាការដេកមិនលក់កើតមកពីបញ្ហា២យ៉ាង។
1 . បញ្ហាផ្លូវកាយ ៖ ជម្ងឺពាក់ព័ន្ធរាងកាយមានដូចជាឈឺសរសៃ រោយឆ្អឹងខ្នង បញ្ហារោគស្ដ្រីជាដើម។ ម្យ៉ាងទៀតវាអាច បណ្ដាលមកពីការធ្វើការច្រើនហួសកំណត់ពុំសូវមានពេលសម្រាក ដែលភាគច្រើនកើតមានលើកម្មករសំណង់និងអ្នកធ្វើការនៅរោង ចក្រ។ ជួនកាលមកពីការទទួលទានអាហារច្រើនជ្រុល ក៏ធ្វើឱ្យរសាប់រសល់ពិបាកដេក។
2 . បញ្ហាផ្លូវចិត្ដ ៖ អាចកើតចេញជាច្រើនរូបភាពតាមរយៈពិបាកចិត្ដឬស្មុគស្មាញនៅកន្លែងធ្វើការដែលជាកត្ដាចម្បង សម្រាប់ការគិតច្រើន ធ្វើឱ្យដេកមិនលក់។ អ្នកខ្លះទៀតកង្វល់អំពីបន្ទុកក្រុមគ្រួសារ មានការមិនយល់ចិត្ដគ្នាឬដោះស្រាយមិនចេះចប់ មិនចេះហើយជាដើម។ ម្យ៉ាងទៀតមូលហេតុដេកមិនលក់ក៏អាចដោយសាររឿងស្នេហាមានជម្លោះមិនសូវត្រូវរ៉ូវគ្នាជាដើមផងដែរ។
វិធីដោះស្រាយដេកមិនលក់
មានដំណោះស្រាយមួយចំនួនសម្រាប់លោកអ្នកជួយខ្លួនឯងឱ្យគេងលក់ស្រួល។
- លោកអ្នកត្រូវរកមូលហេតុពិតប្រាកដដែលបណ្ដាលឱ្យដេកមិនលក់ ដើម្បីដំណោះស្រាយទាន់ពេលវេលានិងទៅតាម រឿងនីមួយៗ។ លោកអ្នកគួរតែដោះស្រាយដោយសន្ដិវិធី រម្ងាប់អារម្មណ៍ដោយខ្លួនឯង ហើយព្យាយាមសម្ងំដេកមិនត្រូវគិតពីរឿងអ្វី ទាំងអស់ ដើម្បីជួយឱ្យមានអារម្មណ៍ឱ្យជ្រះថ្លាពេលក្រោកពីដំណេក។
- លោកអ្នកអាចទៅពិភាក្សាជាមួយដៃគូដែលអ្នកទុកចិត្ដ ដូចជាមិត្ដភក្ដិ បងប្អូន គូសង្សារជាដើម។ តែបើបញ្ហាសំខាន់មិនអាចដោះស្រាយបាន គួរទៅជួបអ្នកជំនាញដើម្បីផ្ដល់ជាយោបល់ និងអាចជួយសម្រួលឱ្យដេកលក់។
ផលវិបាកនៅពេលដេកមិនលក់
ដេកមិនលក់មានផលវិបាកច្រើនចំពោះរាងកាយ ដូចជាស្រកទម្ងន់លឿន ស្លេកស្លាំងទាំងមុខមាត់ឬរូបរាងកាយមិនស្រស់ថ្លាជាដើម។ មិនត្រឹមតែប៉ុណ្ណោះទេ ធ្វើឱ្យរង្វង់ភ្នែកជាំខ្មៅមួយរយៈពេល ឬអាចជារៀងរហូតក៏មាន។ ម្យ៉ាងទៀតជម្ងឺអាចមកបៀតបៀនបានយ៉ាងឆាប់រហ័ស ព្រោះសុខភាពចុះទ្រុឌទ្រោម។ ដេកមិនលក់ជាបញ្ហាមួយដែលកើតចំពោះលោកអ្នកគ្រប់វ័យដោយ សារការគិតដែលមានលក្ខណៈផ្សេងៗពីគ្នា។
វិធីទប់ស្កាត់នៅពេលដេកមិនលក់
លោកអ្នកមិនគួរគិតច្រើនពេកទេនៅពេលដេកមិនលក់ និងសូមកុំធ្វើសកម្មភាពដែលនាំឱ្យគិតដល់រឿងរ៉ាវដែលអាក្រក់ ចំពោះខ្លួនឯង។ ដើម្បីទប់ស្កាត់បញ្ហាទាំងនោះលោកអ្នកដែលដេកមិនលក់គួរប្រតិបត្ដិដូចខាងក្រោមទើបអាចប្រសើរជាងមុន ហើយជួនកាលអាចបំភ្លេចបញ្ហាគ្រប់យ៉ាង និងជួយឱ្យដេកលក់ស្រួលទៀតផង។
- មិនត្រូវទទួលទានអាហារច្រើនហួសកំណត់ឡើយ
- ព្យាយាមរម្ងាប់អារម្មណ៍ចំពោះរឿងរ៉ាវទាំងឡាយដែលពាក់ព័ន្ធនឹងខ្លួនឯង
- ត្រូវគិតមួយរឿងៗឱ្យដាច់ស្រឡះពីគ្នា មិនត្រូវគិតច្របូកច្របល់នូវបញ្ហាទាំងអស់ទេ
- ត្រូវលួងខ្លួនឯងថាអ្វីៗក៏អាចដោះស្រាយបានដែរ ឱ្យតែយើងហ៊ានប្រឈមមុខនឹងការពិត
- ប្រសិនបើអាចនិយាយពីរឿងរបស់ខ្លួនបាន គួរតែនិយាយប្រាប់អ្នកណាម្នាក់ដែលអ្នកទុកចិត្ដបំផុត
- បើលោកអ្នកគិតថាខ្លួនមានអាការខុសប្រក្រតី គប្បីលោកអ្នកត្រូវទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីរកវិធីទប់ ស្កាត់ឱ្យទាន់ពេលវេលា។
លោកអ្នកត្រូវគិតថាការបាក់ទឹកចិត្ដអ្នកណាក៏ជួបប្រទះដែរ មិនអាចចៀសផុតបានទេហើយការបាក់ទឹកចិត្ដទាំងនោះក៏ជាចំណែកមួយដ៏ធំធ្វើឱ្យលោកអ្នកដេកមិនលក់។ អ្វីដែលសំខាន់លោកអ្នកត្រូវជួយខ្លួនឯងឱ្យបានចំពោះរឿងដែលកើតឡើងជុំវិញខ្លួន។
ដំបូន្មានអ្នកប្រឹក្សា
ជាទូទៅពេលដេកមិនលក់ លោកអ្នកមិនគប្បីប្រើថ្នាំរម្ងាប់អារម្មណ៍នោះទេព្រោះអាចប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ លោកអ្នកគួរគិតថាជារឿងធម្មតា អ្នកណាក៏ធ្លាប់ជួបប្រទះ គ្មានអ្នកណាម្នាក់អាចចៀសរួចឡើយ។ គប្បីបើកចិត្ដឱ្យទូលាយដើម្បី ទទួលយកអ្វីដែលជាការពិត និងធ្វើការដោះស្រាយដើម្បីឱ្យដេកលក់ស្រួលជាងពេលមុន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៥ ខែកុម្ភះ ឆ្នាំ២០០៨
Leave a Reply