បច្ចុប្បន្ននេះមិនថានៅតាមទីប្រជុំជនឬក៏នៅតាមបណ្ដាខេត្ដនោះទេ អ៊ីនធឺណែតគឺជាមធ្យាបាយសម្រាប់ទំនាក់ទំនងរវាងមនុស្សម្នាក់និងម្នាក់ទៀត។ ជាពិសេសអ៊ិនធឺណែតបានផ្ដល់សារៈប្រយោជន៍ជាច្រើន នៅក្នុងការស្វែងរកព័ត៌មានផ្សេងៗ ដែលមាននៅជុំវិញពិភពលោកយើងនេះ។ ដោយឡែកអ៊ីនធឺណែតក៏បានផ្ដល់នូវផលវិបាកមួយចំនួនដែរ ដូចជាធ្វើឱ្យក្មេងគេចសាលារៀន ដើម្បី ទៅលេងហ្គេមឬស្វែងរកវីដេអូអាសអាភាសជាដើម។
ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសផ្ទាល់ជាមួយអ្នកនាង លី កញ្ញា ជាជនរងគ្រោះដោយសារតែការស្វែងមិត្ដ តាមរយៈអ៊ីនធឺណែត។ អ្នកនាងបានចូលខ្លួនមកបកស្រាយអំពីការឈឺចាប់ និងការរងគ្រោះរបស់នាង ដើម្បីឱ្យយុវវ័យមួយចំនួនបានដឹង កុំឱ្យរងគ្រោះដូចជារូបនាង។
កាលពីឆ្នាំ២០០៦កញ្ញាគឺជានិស្សិតឆ្នាំទី១នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ កញ្ញាគឺជានារីម្នាក់ដែលចូលចិត្ដទាក់ទង និងរាប់អានមិត្ដភក្ដិតាមរយៈអ៊ីនធឺណែត។ ការលេងអ៊ីនធឺណែតធ្វើឱ្យកញ្ញាសប្បាយចិត្ដ និងអាចរាប់អានជាមួយមនុស្សជាច្រើននាក់ ក្នុងនោះក៏មានអាណិកជនខ្មែរផងដែរ។ អាណិកជនម្នាក់នោះមានឈ្មោះថា ភីតធឺ រស់នៅទីក្រុងញូវយ៉ក ហើយមានអាយុ៣២ឆ្នាំ។
ជារៀងរាល់ល្ងាចកញ្ញាតែងតែទៅលេងអ៊ីនធឺណែតជាមួយភីតធឺ ដោយមានពាក្យពេចន៍ជាច្រើន សុទ្ធតែបង្កប់នូវអត្ថន័យ ស្នេហាដ៏ផ្អែមល្ហែម។ កញ្ញាបានដាក់ចិត្ដស្រឡាញ់ភីតធឺយ៉ាងខ្លាំង ហើយភីតធឺក៏បាននិយាយថាស្រឡាញ់កញ្ញា និងចង់រៀបការជាមួយកញ្ញាថែមទៀតផង។ កញ្ញា និងភីតធឺទាក់ទងគ្នាបាន១ឆ្នាំ ភីតធឺក៏បានមកស្រុកខ្មែរដើម្បីមកជួបជាមួយកញ្ញា។ កញ្ញាបាននាំ ភីតធឺដើរកម្សាន្ដនៅតាមតំបន់ទេសចរណ៍មួយចំនួន ដូចជាខេត្ដសៀមរាប ក្រុងសីហនុ និងក្រុងកែបជាដើម។ ការដើរកម្សាន្ដនេះ វាជាឱកាសមួយដ៏ល្អសម្រាប់ឱ្យភីតធឺលួងលោមកញ្ញាដើម្បីយកខ្លួនប្រាណ។ ដោយសារតែកញ្ញាស្រឡាញ់ភីតធឺ កញ្ញាក៏បានព្រម ប្រគល់ភាពបរិសុទ្ធឱ្យទៅភីតធឺទាំងមិនបានគិតគូរវែងឆ្ងាយ។ ១ខែក្រោយមកភីតធឺក៏បានត្រឡប់ទៅបរទេសវិញ ដោយសន្យាថានឹង ធានាកញ្ញាឱ្យទៅនៅជាមួយខ្លួននៅឯបរទេស។ ភីតធឺទៅបានមួយខែកញ្ញាក៏មានកូន ធ្វើឱ្យឪពុកម្ដាយកញ្ញាខ្មាសគេជាខ្លាំង។ ម្ដាយ កញ្ញាបានឱ្យកញ្ញាយកកូនចេញ តែកញ្ញាមិនព្រមនោះទេ។ ម្ដាយរបស់កញ្ញាក៏បានឱ្យកញ្ញាព្យាយាមទាក់ទងជាមួយភីតធឺ ដើម្បីឱ្យ ភីតធឺចូលដណ្ដឹងទៅតាមផ្លូវច្បាប់។ កញ្ញាក៏បានទាក់ទងទៅភីតធឺ ហើយបានប្រាប់ថានាងមានកូន នៅពេលនោះភីតធឺបានឱ្យនាងយកកូនចេញ តែកញ្ញាមិនព្រមនោះទេ ភីតធឺក៏បានស្របតាមកញ្ញា និងតែងតែផ្ញើថវិកាមកឱ្យកញ្ញារហូតដល់កញ្ញាសម្រាលបុត្របាន ប្រហែលជា៦ខែ ភីតធឺក៏បានមកស្រុកខ្មែរម្ដងទៀត។ គួររម្លឹកផងដែរថា នៅពេលដែលកញ្ញាពពោះ កញ្ញាបានបោះបង់ការសិក្សាចោល។ មកស្រុកខ្មែរលើកនេះ ភីតធឺបានមកជួបកញ្ញាបានតែពីរថ្ងៃប៉ុណ្ណោះ ដោយគេប្រាប់កញ្ញាថាគេរវល់ការងារ។ នៅថ្ងៃដែល ភីតធឺត្រឡប់ទៅវិញ ភីតធឺបានឱ្យប្រាក់កញ្ញាចំនួន៥០០ដុល្លារហើយក៏ឡើងយន្ដហោះចេញទៅ។ រំលងបានជាមួយខែ កញ្ញាក៏បាន ទូរស័ព្ទទៅភីតធឺ តែភីតធឺមិនលើកទូរស័ព្ទនោះទេ។ តាំងពីទៅអាមេរិកវិញភីតធឺមិនដែលទូរស័ព្ទមកសួរសុខទុក្ខនាងនោះទេ ហើយ នៅពេលដែលនាងទូរស័ព្ទទៅភីតធឺក៏មិនលើកនោះដែរ។ មានថ្ងៃមួយកញ្ញាក៏បានសម្រេចចិត្ដទូរស័ព្ទទៅភីតធឺម្ដងទៀត តែនៅពេល ដែលទូរស័ព្ទទៅស្រាប់តែមានមនុស្សស្រីជាអ្នកលើក។ កញ្ញា និងស្ដ្រីបាននិយាយជាមួយគ្នាមួយសន្ទុះទើបដឹងថាជាភរិយាពេញច្បាប់ របស់ភីតធឺ ដែលទើបតែរៀបការជាមួយគ្នាបានមួយខែកន្លះ ហើយនាងទើបតែទៅរស់នៅប្រទេសអាមេរិកបានកន្លះខែនោះទេ។ កញ្ញាបានដឹងរឿងនេះវាធ្វើឱ្យនាងខកចិត្ដយ៉ាងខ្លាំង នាងបានសុំស្ដ្រីម្នាក់នោះជួបជាមួយភីតធឺ តែភីតធឺមិននៅនោះទេ។ កញ្ញាតែងតែ ព្យាយាមទូរស័ព្ទទៅភីតធឺ តែមិនបានសម្រេចនោះទេ។ កញ្ញាក៏បានផ្ដាច់ទំនាក់ទំនងជាមួយភីតធឺតាំងពីពេលនោះមករហូតមកដល់សព្វថ្ងៃនេះ។ កញ្ញាមានការអាណិតចំពោះកូនបំផុត ព្រោះគ្មានឪពុកហៅដូចជាកូនគេគ្រប់ៗគ្នា។ កញ្ញាសូមផ្ដាំទៅយុវជនយុវនារី ទាំងអស់ដែលមានទំនាក់ទំនងស្នេហាទាំងមិនដែលដឹងពីប្រវត្ដិគេច្បាស់ ដោយគ្រាន់តែស្គាល់គ្នាតាមអ៊ីនធឺណែតនោះ សូមកុំដាច់ចិត្ដ ស្រឡាញ់គេខ្លាំងពេក ហើយក៏មិនត្រូវទុកចិត្ដគេខ្លាំងពេកដែរ។
ដំបូន្មានអ្នកជំនាញ
កញ្ញា ម៉ៅ ពុទ្ធារ័ត្ន អ្នកសម្របសម្រួលនៃអង្គការក្រុមប្រឹក្សាយុវជនបានមានប្រសាសន៍ប្រាប់ទស្សនាវដ្ដី សុខភាពយើង ថា ជាការពិតណាស់ការប្រើប្រាស់អ៊ីនធឺណែតវាប្រៀបដូចជាឱសថដែរ ព្រោះថាបើប្រើប្រាស់ខុសវានឹងផ្ដល់មកវិញនូវផលលំបាក តែបើ ប្រើប្រាស់ត្រូវវាក៏បានផ្ដល់នូវផលប្រយោជន៍យ៉ាងច្រើនដល់អ្នកប្រើប្រាស់វិញ។ បើតាមការសង្កេតឃើញនៅបច្ចុប្បន្ននេះ អ៊ីនធឺណែត វាជាមធ្យោយបាយដ៏ល្អបំផុតនៅក្នុងការប្រើប្រាស់ ដូចជាស្វែងរកឯកសារ ព័ត៌មាន ទំនាក់ទំនងការងារ ទំនាក់ទំនងមិត្ដភក្ដិ ដែលមាននៅជុំវិញពិភពលោកយើងនេះ។ ប៉ុន្ដែបើសិនជាដូចករណីខាងលើនេះវិញវាមិនមែនជាការល្អនោះទេ វាបានផ្ដល់មកវិញនូវផលវិបាក នេះជាមេរៀនមួយសម្រាប់សុភាពនារីគ្រប់រូបគួរតែពិចារណា។ មិនត្រឹមតែប៉ុណ្ណោះ មានស្ដ្រីម្នាក់ក៏បានបាត់បង់ជីវិតដោយ ការចាប់រំលោភរួចសម្លាប់ចោល ហើយអ្នកដែលរំលោភរួចសម្លាប់នោះគឺជាបុរសដែលមានទំនាក់ទំនងជាមួយនាងតាមអ៊ីនធឺណែត។ ដូចនេះហើយសម្រាប់មិត្ដយុវវ័យគ្រប់រូបត្រូវប្រើប្រាស់អ៊ីនធឺណែតឱ្យជាប្រយោជន៍សម្រាប់សង្គម និងសម្រាប់ខ្លួនឯងឱ្យបានច្រើន ហើយមិនត្រូវបណ្ដោយឱ្យខ្លួនវង្វេងជាមួយអ៊ីនធឺណែតដោយភ្លេចការសិក្សានោះដែរ។
Leave a Reply