វិធី​ខាត់​ស្បែក​តាម​បែប​ធម្ម​ជាតិ

សម្រាប់​អ្នកដែល​មាន​ស្បែក​មិនស្អាត​ប្រាកដ​ជាមាន​ទុក្ខ​កង្វល់ ដោយ​សារតែ​មាន​អារម្មណ៍​អៀន​ខ្មាស​ចំពោះ​អ្នកដ​ទៃ។ ដូច​នេះបើ​ចង់បាន​ស្បែក​សម៉ត់​រលោង​ស្អាត​ហើយ​មាន​សំណើម​ដូច​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួនមិន​ជាពិ​បាកទេ​ហើយ​ក៏មិន​សូវ​អស់​ថវិកា ច្រើន​ទៀត​ផង ដោយ​គ្រាន់តែ​លោកអ្នក​ផ្ដោត​ទៅលើ​របៀប​ខាត់​ស្បែក​តាម​បែប​ធម្មជាតិ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

កញ្ញា សោភា ម្ចាស់​ហាង​ម៉ាលីន​ណា នឹង​បង្ហាញ​ពីវិធី​ខាត់​ស្បែក​តាម​បែប​ធម្មជាតិ​ជូន​ប្រិយ​មិត្ដ​អ្នកអាន​ដើម្បី​ស្វែង​យល់​តាម​រយៈការ​ជួប​សម្ភាស​ជាមួយ​ទស្ស​នាវដ្ដី សុខភាពយើង។

មូល​ហេតុ​ដែល​ធ្វើឱ្យ​ស្បែក​មិនស្អាត

កត្ដា​ដែលធ្វើ​ឱ្យស្បែក​មិនស្អាត​សម៉ត់​រលោង​បណ្ដាល​មកពី​មូល​ហេតុ​ច្រើន​យ៉ាង ជា​ពិសេស​ការ​ប្រើ​ប្រាស់​ផលិត​ផលមិន​ត្រូវ​ជាមួយ​នឹង​ស្បែក ធ្វើឱ្យ​មាន​ចេញជា​កន្ទួល​រមាស់​នៅលើ​ស្បែក។ ការ​ប្រើ​ប្រាស់​ផលិត​ផល​ខុស​ដែលធ្វើ​ឱ្យ​ស្បែក​មាន​ប្រតិកម្ម​ដោយ សារវា​បង្កើត​បានជា​បាក់​តេរី ព្រោះថា​ការ​លាប​ជ្រាប​ចូលទៅ​តាមរន្ធ​រោម​ហើយ​បង្កើត​ជាការ​បង្ក​មេរោគ។ ម្យ៉ាង​ទៀត​ការ​លាប​ឡេ ហើយ​ដើរ​ហាលថ្ងៃ​ក្ដៅ​ច្រើនក៏​នាំឱ្យ​ចេញ​ញើស និង​ធ្វើឱ្យ​ស្បែក​ក្រៀម​ស្ងួតគ្មាន​សំណើម​ហើយ​ប្រែ​ក្លាយ​ទៅជា​ស្បែក​ខ្មៅ​ស្រអាប់។

វិធី​ខាត់ស្បែក​តាម​បែប​ធម្មជាតិ

វិធី​ខាត់​ស្បែក​តាម​បែប​ធម្មជាតិ​គឺជា​ការ​អនុវត្ដ​ដែល​មិនប្រើ​ផលិត​ផល​គីមី​ឡើយ ដោយ​ប្រើ​ប្រាស់តែ​ផលិត​ផល​ធម្មជាតិ ដូច​ជាល្មៀត ក្រូច​ឆ្មារ ក្រូច​ពោធិ៍​សាត់ អំបិល​ជាដើម។ វិធី​នេះមិន​សូវ​អស់​ថវិកា​ច្រើន​ហើយ​ក៏មិន​ចាំបាច់​ចំណាយ​ពេល​វេលា​ច្រើន​ដែរ គ្រាន់តែ​ប្រើ​ថេរ​វេលា​ប្រហែល​ជា១៥​នាទី ហើយ​ក្នុងមួយ​សបា្ដហ៍​ត្រូវ​អនុវត្ដ​៤ឬ​៥ដង​តែ​ប៉ុណ្ណោះ។ វិធី​ប្រើ​ផលិត​ផល​ធម្មជាតិ​ដើម្បី ខាត់​ស្បែក​មានដូច​តទៅ។

1 . វិធីទី១ សូម​លោកអ្នក​ច្របាច់​ផ្លែ​ក្រូច​ឆ្មារ​ដើម្បី​យក​ទឹក រួច​លាយ​ជាមួយ​អំបិល​ម៉ត់​ហើយ​យកមក​លាប​នៅលើ​ខ្លួន ប្រាណ​ឱ្យសព្វ​ដោយ​ប្រើ​រយៈ​ពេល​ប្រហែល​ជា១៥​នាទី ទើប​លាង​សម្អាត​ខ្លួន។

2 . វិធីទី២ សូម​ច្របាច់​ក្រូច​ពោធិ៍​សាត់​ដើម្បី​យកទឹក​លាយ​ជាមួយ​ល្មៀត​ម៉ត់ឱ្យ​ខាប់​រួចយក​មក​លាប​នៅលើ​ស្បែក​ឱ្យ សព្វ ដោយ​ទុក​រយៈ​ពេល​ប្រហែល​ជា១៥​នាទី ទើប​លាង​សម្អាត​ខ្លួន។

3. វិធីទី៣ ប្រើ​អំបិល​ដោយ​មិន​លាយ​ជាមួយ​អ្វីទាំង​អស់ ហើយ​យកមក​ខាត់នៅ​លើស្បែក​ឱ្យសព្វ​យកដៃ​ញីចុះ​ញី​ឡើង នៅលើ​ស្បែក​ដោយ​ប្រើ​ថេរ​វេលា​ប្រហែល​ជា១៥​នាទី ឬយូរ​ជាងនេះ​បន្ដិច​ក៏បាន។ បន្ទាប់​មក​ត្រូវ​លាង​សម្អាត​ខ្លួនឱ្យ​ស្អាត ដើម្បី​កុំឱ្យ អំបិល​ក្រាប​នៅជាប់​នឹង​ស្បែក។

4 . វិធីទី៤ ប្រើ​ក្រូច​ពោធិ៍​សាត់​ដោយ​ចិតជា​ចំ​ណិតៗ ហើយ​ញីនៅ​លើ​ស្បែក​បន្ទាប់​មក​លាង​សម្អាត​ខ្លួន។ វិធី​នេះប្រើ​រយៈ ពេលតែ​១៥​នាទី ឬប្រើ​រយៈ​ពេល​យូរជាង​នេះ​បន្ដិច​ក៏បាន។

អត្ថ​ប្រយោជន៍ និង​ផល​វិបាក

ការ​ព្យាយាម​ខាត់​ស្បែក​តាម​រូបមន្ដ​នេះជា​រៀង​រាល់ថ្ងៃ នឹង​ធ្វើឱ្យ​លោកអ្នក​ទទួល​បាន​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​ដូចជា​ជួយ​បំបាត់​សន្លាក់​ស្នាម​ខ្មៅអុច​តូចៗ និង​ជួយឱ្យ​ស្បែក​សម៉ត់​រលោង​ស្អាត​ទៀត​ផង។ ប៉ុន្ដែ​សម្រាប់​ការខាត់​បែបនេះ​ក៏ធ្វើ​ឱ្យ​លោកអ្នក​ដែល មាន​របួស​សន្លាក់​ស្នាមថ្មី​ៗដែល​មិនទាន់​ជាសះ​ស្បើយ ឬស្បែក​ដែលមាន​កន្ទួល​រមាស់​មានការ​ផ្សាឈឺ​បន្ដិច​បន្ដួច​ដោយសារ​ក្រូច​ឆ្មារ និង​ក្រូច​ពោធិ៍​សាត់​មាន​ជាតិ​អាស៊ីត។

ដំ​បូន្នាន​អ្នក​ជំនាញ

វិធី​ខាត់​ស្បែក​ទាំង៤​ខាងលើ​នេះអាច​ប្រើបាន​សម្រាប់​ស្បែក​ទូទៅ មិនថា​ស្បែក​ស្ងួត ឬស្បែក​ខ្លាញ់​ឡើយ។ លោកអ្នក​អាច​ជ្រើស​រើស​វិធី​ណា​មួយ​មក​អនុវត្ដន៍​ជារៀង​រាល់ថ្ងៃ​នោះនឹង​ធ្វើ្វឱ្យ​លោកអ្នក​បានស្បែក​ស្អាតដូច​សេចក្ដី​ប៉ង​ប្រាថ្នា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *