ឈិត សុជាតា មិន​ត្រូវ​ប្រើ​ផលិត​ផលតាម​ការ​និយម​តៗគ្នា​ឡើយ

ការ​បោះ​ជំហាន​ចូលក្នុង​វិស័យ​សិល្បៈ​លើ​មាគ៌ា​ជាអ្នក​សម្ដែង កញ្ញា ឈិត សុជាតា​ស្រីស្អាត​វ័យ​ក្មេង​បានឆ្លង​កាត់​ឧបសគ្គ​ជា​ច្រើន។ សព្វ​ថ្ងៃនេះ កញ្ញា សុជាតា បាន​ដណ្ដើម​យកភាព​ល្បី​ល្បាញ​តាម​រយៈការ​សម្ដែង និងធ្វើ​ជាពិធិ​ការិនី។ ទាំងនេះ​គឺបាន​ដោយ ភាព​តស៊ូ អត់ធ្មត់ គួបផ្សំ​នឹងរូប​សម្រស់​ដ៏​ត្រកាល​របស់​នាង។ ភាព​ល្បី​ល្បាញ​បានធ្វើ​ឱ្យ​សុជាតា​មានការ​រវល់​កាន់តែ​ច្រើន តែរូប សម្ផស្ស​នៅតែ​មិនបាត់​បង់។ ហេតុនេះ​ហើយ​ទើបស្ដ្រី​គ្រប់រូប​ដែល​លួច​ច្រណែន​នឹងនាង​បាន​ពោល​ថា​ពិតជា​មានអាថ៌​កំបាំង​មិនខាន ទេ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សូម​ទទួល​យកបទ​ពិសោធន៍​ក្នុងការ​ថែ​រក្សា​សម្រស់ និង​សុខភាព​របស់​កញ្ញា សុជាតា តាមរយៈ​ទស្ស​នាវដ្ដី​សុខភាពយើង។

មុនឈាន​ដល់ការ​បរិយាយ​ពី​សម្រស់ និង​សុខភាព សូម​លោកអ្នក​អានតាម​ដាន​អំពី​ប្រវត្ដិ​ខ្លះៗ​របស់​កញ្ញា​មុន​ពេល​ឈានចូល​ក្នុង សិល្បៈ។

ប្រវត្ដិ​មុនចូល​សិល្បៈ

យុវតី​ឈិត សុជាតា មាន​ដើម​កំណើត​នៅ​ខេត្ដ​តាកែវ ក្នុង​គ្រួសារ​ដែលមាន​ជីវភាព​ធូរធារ​ហើយ​ឪពុក​នាងជា​មន្ដ្រី​រាជការ​ដែល​មានមុខ​មាត់​ម្នាក់ក្នុង​ខេត្ដ។ នៅឆ្នាំ​២០០៣​កញ្ញា​សុជាតា​បានចាក​ចេញពី​ស្រុក​កំណើត​មកបន្ដ​ការ​សិក្សា​នៅក្រុង​ភ្នំពេញ។ ស្រប ពេលជា​មួយគ្នា​នេះ នាងក៏​បាន​បំពេញ​ការងារ​ជាអ្នក​ទីផ្សារ​នៃក្លឹប​សិល្បៈ​ប្រជា​នុភាព​ហើយ​ក្រោយ​មកត្រូវ​បាន​ជ្រើស​រើសឱ្យ​ធ្វើជា ពិធិ​ការិនី​ជំនួស​ពិធិ​ការិនី​ចាស់​ដែល​លាលែង​តំណែង។ ក្រោយ​ពេលធ្វើ​ជាពិធិ​ការិនី​មួយ​រយៈ​កញ្ញា​សុជាតា​ក៏មាន​ឱកាស​ចូលរួម​សម្ដែង ក្នុងភាព​យន្ដភាគ ដូចជា​រឿង​ចំណង​ប្រាំ​ប្រការ រឿងមាន​សំបុក​តែរងា​រឿង​ជំរះ​បញ្ជី​ចាស់ជា​ដើម។ តាមរយៈ​ខ្សែ​ភាពយន្ដ​ទាំងនេះ ហើយ​ទើប​ធ្វើឱ្យ​ទស្សនិក​ជនកាន់​តែស្គាល់ ឈិត សុជាតា​ច្រើន​ឡើង។

ការ​ថែរក្សា​សម្រស់

អាជីព​ជាពិធិ​ការិនី និង​តារា​សម្ដែង ឈិត សុជាតា ចាំបាច់​ត្រូវ​ថែរក្សា​សម្រស់​ឱ្យ​ស្រស់​ស្អាត​ជានិច្ច។ មាន​វិធី​ថែរក្សា​សម្ផស្ស​មួយ​ចំនួន​ដែល​កញ្ញា សុជាតា​ជ្រើស​រើស​យកមក​អនុវត្ដ​ជា​ប្រចាំ ៖

  • ការថែ​រក្សាសក់ ពេល​សម្ដែង សក់​របស់​នាងត្រូវ​បានតុប​តែងតាម​ម៉ូត​ផ្សេងៗ គាប ផ្លុំជា​ដើម​ដែលធ្វើ​ឱ្យចៀស​មិនផុត ពីការ​ខូច​សរសៃ​សក់​ឡើយ។ ហេតុនេះ​ហើយ​ទើប​សុជាតា​មានការ​ថែរក្សា​សក់ជា​ពិសេស​ដោយ​អប់​បំប៉ន​សក់ម្ដង​ក្នុងមួយ​សបា្ដហ៍ ដើម្បី​ជំនួយ​ដល់​សរសៃ​សក់។ បើ​មិនមាន​ពេល​វេលា​គ្រប់គ្រាន់​ក្នុងការ​ទៅរក​អ្នក​ជំនាញ​ដើម្បី​អប់​សក់ទេ​នោះ សុជាតា​អាច​អប់សក់ នៅផ្ទះ​ដោយខ្លួន​ឯង​ដោយ​ប្រើក្រូច​សើច​ដើម្បី​ឱ្យ​សរសៃ​សក់ទន់​ហើយ​សម្បូរ​ជាតិ​ប្រេងទៀត​ផង។
  • ការ​ថែរក្សា​ស្បែក​មុខ ៖ ស្បែក​មុខ​របស់​សុជាតា​ត្រូវ​ទទួល​រងនូវ​កម្ដៅ​ថ្ងៃ និងគ្រឿង​សម្អាង​គ្រប់​ប្រភេទ​នៅពេល​សម្ដែង។ ដូចនេះ​សុជាតា​ចាំបាច់​ត្រូវ​បំប៉ន​ស្បែកមុខ​ឱ្យមាន​សំណើម​ជា​ប្រចាំ ដើម្បី​កុំឱ្យ​ឆាប់​ជ្រីវ​ជ្រួញ។ ក្រៅពី​ការស្ទីម​សម្អាត​ស្បែក មុខ​ហើយ​នោះ សុជាតា​ជ្រើស​រើស​ការ​ថែរក្សា​ស្បែកមុខ​តាម​ធម្មជាតិ។ នាងតែង​អនុវត្ដ​ពីរឬ​បីដង​ក្នុងមួយ​សប្ដាហ៍ ជាមួយ​និងការ​ចិត ត្រសក់​ជា​ចំណិត​ស្ដើងៗ​យកទៅ​ត្រាំ​ជាមួយ​ទឹកដោះ​គោឆៅ​ក្នុង​បរិមាណ​សមរម្យ​រួចទុក​ឱ្យ​ត្រជាក់​ក្នុងទូ​ទឹកកក ទើបយក​ចំណិត ត្រសក់​នោះមក​បិតលើ​មុខទុក​រយៈពេល​ពី១៥​ទៅ២០​នាទី ទើប​លាង​សម្អាត​ដោយទឹក​ស្អាត។ នៅរៀង​រាល់ពេល​ដែល​សម្ដែង សុជាតា តែងតែ​ប្រើម្សៅ​ទ្រនាប់ ដើម្បី​ការពារ​ស្បែក​មុខពី​ពន្លឺ​ភ្លើងនិង​កម្ដៅ​ថ្ងៃ។ ជាងនេះ​ទៅទៀត បន្ទាប់ពី​ការតុប​តែងក្នុង​ពេល​សម្ដែង សុជាតា​ត្រូវតែ​ប្រញាប់​លាង​សម្អាត​មុខ​ព្រោះការ​ទុកគ្រឿង​សម្អាង​នៅលើ​មុខក្នុង​រយៈពេល​យូរ វាជា​រឿងមិន​ល្អ​សម្រាប់​ស្បែក។

    រូបភាពទស្សនាវដ្ដីសុខភាពយើង
  • ការ​ថែរក្សា​ស្បែក​ខ្លួន សុជាតា​តែងតេង​ប្រើ​ផលិត​ផល​ការពារ​កម្ដៅ​ថ្ងៃជា​ប្រចាំ​មិន​ចំពោះ​តែពេល​សម្ដែង​នោះទេ​ព្រោះ​នាងយល់​ការលាប​ឡេ​ការពារ​នេះអាច​ធ្វើឱ្យ​ស្បែក​របស់នាង​មាន​ថាមពល​គ្រប់គ្រាន់ ដើម្បី​ទប់ស្កាត់​ផល​ប៉ះពាល់​ផ្សេងៗ​របស់ ពន្លឺថ្ងៃ​និងភ្លើង​បាន។ ជា​រៀង​រាល់​សប្ដាហ៍​សុជាតា​តែងតែ​ទៅហាង​រក្សា​សម្ផស្ស ដើម្បី​ខាត់​ស្បែក​ឱ្យភ្លឺ​រលោង​ដោយ​រួមទាំង​ការប្រើ ផលិត​ផល​ជំនួយ​នៅពេល​យប់ទៀត​ផង ជា​ប្រយោជន៍​ឱ្យស្បែក​របស់នាង​មាន​សំណើម​គ្រប់ពេល​វេលា។
  • ការ​ថែរក្សា​បបូរ​មាត់ សុជាតា​មិនចូល​ចិត្ដលាប​បបូរ​មាត់ពណ៌​ក្រហម ឬ​ក្រមៅ​ទេ​លើក​លែងតែ​ករណី​ចៀស​មិនបាន ដូចជា​ពេល​សម្ដែង​ជាដើម។ ពេល​ធម្មតា សុជាតា​លាប​បបូរ​មាត់​ពណ៌​ស្រាល ឬមិន​លាបតែ​ម្ដង​ព្រោះថា​បើលាប​បបូរ​មាត់​ឋិត​ឋេរ និង ពណ៌​ដិតពេក​អាចធ្វើ​ឱ្យ​បបូរ​មាត់ខ្មៅ​បាន។

ការ​ថែរក្សា​សុខភាព

សុជាតា​មាន​របប​អាហារ​បីពេល​ក្នុងមួយ​ថ្ងៃ ដោយ​ក្នុងមួយ​ពេលៗ​នាង​ទទួល​ទានក្នុង​បរិមាណ​សមរម្យ​មិនច្រើន​ពេកទេ។ ដោយ​ឡែក​សម្រាប់​ពេល​ដែលនាង​បំពេញ​ការងារ ឬ​សម្ដែង​ហត់នាង​ទទួល​ទាន​ច្រើន​លើស​ធម្មតា​ដើម្បី​ទប់ទល់​នឹង​ថាម​ពល​រាងកាយ ដែល​បាត់បង់។ ភាគច្រើន​នៃ​អាហារ​របស់​នាងគឺ បន្លែ ផ្លែ​ឈើ​ស្រស់ ជា​ពិសេស​សាច់ត្រី​ព្រោះ​របប​អាហារ​បែបនេះ​អាចឱ្យ​នាងរក្សា ទម្ងន់​ខ្លួនបាន​ជា​ប្រចាំ។ ជា​ទូទៅ​សុជាតា​សម្អាត​ធ្មេញ​ក្នុងមួយ​ថ្ងៃ៣​ដងជា​ប្រចាំ​ជាមួយ​នឹងថ្នាំ​ដុស​ធ្មេញ​ដែលមាន​សារជាតិ​ជួយឱ្យ​ធ្មេញ រឹងមាំ និងស។ សុជាតា​តែងតែ​ទៅរក​គ្រូពេទ្យ​ធ្មេញ​រៀងរាល់​២ឬ៣​ខែម្ដង​ជា​ប្រចាំ​ដើម្បី​ពិនិត្យ​និង​សម្អាត​ធ្មេញ​មិនដែល​ខកខាន ទ្បើយ។ ចំពោះ​ការ​ហាត់​ប្រាណ​សុជាតា​អនុវត្ដ​នៅពេល​ណាដែល​នាងមាន​អារម្មណ៍​ថាឡើង​ទម្ងន់ និងដុះ​ក្បាល​ពោះតែ​ប៉ុណ្ណោះ។

បំណង​ទៅថ្ងៃ​អនាគត

សម្រាប់​បំណង​ទៅថ្ងៃ​អនាគត សុជាតា​បានអះ​អាងថា បើ​ទស្ស​និកជន​នៅតែ​គាំទ្រ​នោះ​នាងនៅ​តែបន្ដ​បម្រើ​លើ​វិស័យ សិល្បៈ​ជារៀង​រហូត។ ទោះជា​យ៉ាងនេះ​ក្ដី​សុជាតា​នៅត្រូវ​ការមុខ​របរ​មួយ​ដែលពិត​ប្រាកដ​សម្រាប់​ទៅថ្ងៃ​អនាគត​របស់នាង​ដដែល។

បណ្ដាំ​ផ្ញើ​របស់​ឈិត សុជាតា

សូម​ជ្រើស​រើស​ប្រើតែ​ផលិត​ផលណា​ដែលមាន​គុណភាព​ល្អមិន​ត្រូវប្រើ​តាមការ​និយម​តៗគ្នា​ទ្បើយ​ព្រោះ​អាចឱ្យ​រូប​សម្រស់ ត្រូវ​បាត់បង់​គ្មានថ្ងៃ​នឹង​ត្រទ្បប់​មកវិញ​ទេ។ សុភាព​នារី​ទាំងអស់​គួរទៅ​រកអ្នក​ជំនាញ​មុននឹង​សម្រេច​ចិត្ដប្រើ​ផលិត​ផលណា​មួយ។

ការរៀប​រាប់ជូន​ខាងលើ​នេះ ជាការ​យល់​ឃើញ និងការ​អនុវត្ដ​របស់​កញ្ញា ឈិត សុជាតា​តែ​ប៉ុណ្ណោះ។ សូម​លោកស្រី​អ្នក នាង​កញ្ញា​ជ្រើស​រើស​យកអ្វី​ដែល​លោកអ្នក​យល់ថា​ល្អត្រឹម​ត្រូវ​សម្រាប់​អនុវត្ដ​បាន​ហើយ។

ប្រវត្ដិ​រូប​សង្ខេប

  • ឈ្មោះ ៖ ឈិត សុជាតា
  • អាយុ ៖ ២៣​ឆ្នាំ
  • កម្ពស់ ៖ ១,៦២​ម៉ែត្រ
  • ទម្ងន់ ៖ ៤៦គី​ទ្បូក្រាម
  • ទំហំ​ទាំងបី ៖ ៣៤, ២៤, ៣៦
  • បង​ប្អូន ៖ ៦នាក់ (ជាកូន​ទី៣)
  • ស្ថានភាព​គ្រួសារ ៖ រស់នៅ​ជាមួយ​ឪពុក​ម្ដាយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *