វិធី​សាក់​រង្វង់​ភ្នែក

ការ​តុបតែង​នៅលើ​ផ្ទៃមុខ​ឱ្យមាន​សម្ជស្ស​ស្រស់​ស្អាត ជាកត្ដា​ចម្បង​របស់​សុភាព​បុរស និង​សុភាព​នារី​ទាំង​ឡាយ។ បច្ចុប្បន្ន​នេះ​ឧបករណ៍​ទំនើប​ដែល​មាន​លក្ខណៈ​បច្ចេក​ទេស​ខ្ពស់​សម្រាប់​សាក់នៅ​លើ​រង្វង់​ភ្នែក​ត្រូវបាន​បង្កើត​ឡើង។ ដើម្បី​ជួយឱ្យ​ភ្នែកមាន ទម្រង់​ស្អាត និង​ជួយ​លើក​តម្កើង​ផ្ទៃមុខ​ឱ្យមាន​សម្រស់​គួរឱ្យ​គយគន់ ហើយ​ទាក់ទាញ​អារម្មណ៍​ពីអ្នក​ដទៃ​ការ​សាក់​រង្វង់​ភ្នែក​ជា​វិធី មួយ​ដែល​គួរ​យល់ដឹង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សម្រាប់​លេខ​នេះ ទស្ស​នាវដ្ដី សុខភាពយើងសូម​លើក​យក​ប្រធាន​បទ​ស្ដី​អំពី​វិធី​សាក់​រង្វង់​ភ្នែក​មកជូន​មិត្ដអ្នក​អាន​ឱ្យ​បាន​ជ្រាប​តាមរយៈ​ការ​ជួប​សម្ភាស​ជាមួយ​លោក​ស្រី ហេង ជាន អ្នក​ជំនាញ​និងជា​ម្ចាស់​ហាង​មជ្ឈ​មណ្ឌល​ថែរក្សា​សម្ជស្ស​ប៊ីប៊ី។

វិធី​សាក់​រង្វង់​ភ្នែក

ការ​សាក់​រង្វង់​ភ្នែក គឺ​សំដៅ​ទៅលើ​ការធ្វើ​ឱ្យ​រង្វង់​ភ្នែក​ដែលមាន​ពណ៌​ស្រស់​ស្អាតនៅ​ជាប់​រង្វង់​ភ្នែក​បានយូរ​ហើយ​ជួយ​លើក​តម្កើង​ទម្រង់​មុខឱ្យ​មាន​សម្ជស្ស​មួយ​កម្រិត​ថែម​ទៀត។

ចំពោះ​វិធី​សាក់​រង្វង់​ភ្នែក មុន​ដំបូង​លោកអ្នក​ត្រូវ​លាង​សម្អាត​នៅលើ​ផ្ទៃមុខ​សិន រួច​បន្ទាប់​មកទើប​យក​សំឡី​និង​អាល់​កុល​មកជូត​ឱ្យស្អាត ជា​ពិសេស​ជូត​ត្រង់​ត្របក​ភ្នែក​ទាំងខាង​លើនិង​ខាង​ក្រោម​ដែលជា​កន្លែង​ត្រូវសាក់។ ជំហ៊ាន​បន្ទាប់​មកទៀត​គឺ​ប្រើថ្នាំ ស្ពឹកចាក់​នៅត្រង់​ត្របក​ភ្នែក ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់​នៅពេល​សាក់។ បន្ទាប់​មកទើប​យក​ម៉ាស៊ីន​ដែលមាន​ម្ជុលមុខ​តូច ហើយ ចាក់ទឹក​ថ្នាំសាក់​ដែល​លោកអ្នក​ជ្រើស​រើស​ពណ៌​ដែល​ចូលចិត្ដ​ចូលទៅ​ក្នុងម្ជុល​ម៉ាស៊ីន​រួចសាក់​ចូលទៅ​ក្នុងសាច់​ត្របក​ភ្នែក ទើប​ចាប់ អូស​ម៉ាស៊ីន​តាមសាច់​ត្របក​ភ្នែក ដោយ​ប្រើ​ថេរ​វេលា​២នាទី​តែ​ប៉ុណ្ណោះ​ជាការ​ស្រេច។

អត្ថ​ប្រយោជន៍​នៃការ​សាក់​រង្វង់​ភ្នែក

បន្ទាប់ពី​បានសាក់​រង្វង់​ភ្នែករួច​រាល់​ហើយ លោកស្រី​អ្នកនាង​កញ្ញា​មានរង្វង់​ភ្នែក​ស្រស់​ស្អាតទៅ​តាមពណ៌​ដែលចង់​បាន។ ការ​សាក់​រង្វង់​ភ្នែកគឺ​ថេរ​រហូត​ហើយពុំ​ហើរពណ៌ ងាយ​ស្រួលដល់​សុភាព​នារី​ដែល​មមាញឹក​នឹង​ការងារ​មិន​ចាំបាច់​គូសរាល់​ថ្ងៃ។ ជាង នេះទៅ​ទៀត​ការសាក់​រង្វង់​ភ្នែក​អាចជួយ​លើក​តម្កើង​ទម្រង់​មុខ​សុភាព​នារី​ឱ្យមាន​សម្ជស្ស​ស្រស់​មួយ​កម្រិត​ហើយ​មិន​បណ្ដាល​ឱ្យ រោម​ភ្នែក​សុភាព​នារី​ទាំងឡាយ​ជ្រុះឡើយ។

ផល​ប៉ះពាល់​នៃការ​សាក់​រង្វង់​ភ្នែក

លោកស្រី​អ្នកនាង​កញ្ញា​ជ្រើស​រើស​កន្លែង​ដែល​មិនមាន​សេវា​កម្មល្អ គ្មាន​អ្នក​ជំនាញ​ពិត​ប្រាកដ​នោះ​ប្រាកដ​ជាមាន​ផលប៉ះ​ពាល់​ដូចជា​ធ្វើឱ្យ​សាច់​ត្របក​ភ្នែក​ហើម ឬ​រលាក​សាច់​ត្របក​ភ្នែកនៅ​ជើង​រោម មាន​ផ្លែសាច់​និង​អាច​ធ្វើឱ្យ​ភ្នែក​សុភាព​នារី​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ជាងនេះ​ទៅទៀត។ ព្រោះ​ការ​សាក់​រង្វង់​ភ្នែកនេះ​កម្រ​មាន​ផលប៉ះ​ពាល់​ណាស់​បើសិន​សុភាព​នារី​ជ្រើស​រើស​កន្លែង​មាន សេវា​កម្មល្អ ហើយ​មាន​ជំនាញ​ពិត​ប្រាកដ។

ដំ​បូន្មាន​អ្នក​ជំនាញ

បើចង់​សាក់​រង្វង់​ភ្នែក​ដើម្បី​ជួយ​លើក​តម្កើង​សម្រស់​ផ្ទៃមុខ សុភាព​នារី​ត្រូវតែ​ជ្រើស​កន្លែង​ណាដែល​មាន​សេវា​កម្មល្អ​មាន បទ​ពិសោធ​ច្បាស់​លាស់ និង​ជំនាញ​ពិត​ប្រាកដ ចៀស​វាងការ​សាក់​រង្វង់​ភ្នែក​មានផល​វិបាក​អាក្រក់​កើតឡើង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *