ការឡើងទម្ងន់បន្ទាប់ពីការប្រើថ្នាំពន្យារកំណើត មិនមែនអាចកើតមានគ្រប់ស្ដ្រីទាំងអស់នោះទេ។ ស្ដ្រីខ្លះក្រោយពីប្រើថ្នាំ ពន្យារកំណើតធ្វើឱ្យស្គមជាងមុន។ ចំណែកឯអ្នកខ្លះទៀតនៅពេលប្រើមិនបានត្រឹមត្រូវ បែរទៅជាមានជម្ងឺទៅវិញ។ ហេតុដូចនេះ ហើយ ដើម្បីឱ្យបានត្រឹមត្រូវមុននឹងប្រើថ្នាំពន្យារកំណើត លោកស្រីអ្នកនាងគួរតែទៅជួបគ្រូពេទ្យជាមុនសិន។
លោកអ្នកធ្លាប់បានដឹងខ្លះៗមកហើយនូវបញ្ហាមួយចំនួនដែលពាក់ព័ន្ធទៅនឹងថ្នាំពន្យារកំណើត។ សម្រាប់លេខនេះទស្សនា វដ្ដី សុខភាពយើង សូមបន្ដលើកយកប្រធានបទមួយទៀតមកបកស្រាយគឺការប្រើថ្នាំពន្យារកំណើតតាមរយៈការបកស្រាយរបស់ លោកវេជ្ជបណ្ឌិត ថៃហ្វា វីហ្គង់ អ្នកជំនាញខាងសម្ភព និងរោគស្ដ្រី នៃមន្ទីរពេទ្យព្រះកុសុមៈ។
ការប្រើថ្នាំគ្រាប់ពន្យារកំណើត
ការប្រើថ្នាំគ្រាប់សម្រាប់លេបគឺជាវិធីមួយដែលទទួលស្គាល់ថាមានប្រសិទ្ធភាពលើស្ដ្រីគ្រប់រូប។ ប៉ុន្ដែក៏មិនមានន័យថាគ្រប់កម្មវិធីពន្យារកំណើតទាំងអស់សុទ្ធតែមានប្រសិទ្ធភាព និងមានគុណភាព១០០ភាគរយនោះទេ។ មិនតែប៉ុណ្ណោះវិធីខ្លះក៏អាចបង្កឱ្យ មានផលប៉ះពាល់ដល់បញ្ហាសុខភាពផងដែរ។ ដូច្នេះគូស្វាមីភរិយាត្រូវពិភាក្សាគ្នាពីកម្មវិធីពន្យារកំណើតដែលសម្រាប់ជួយសម្រួល ដល់ជីវភាពគ្រួសារ។ ប៉ុន្ដែការទប់ស្កាត់មិនឱ្យមានកូនចំពោះមនុស្សប្រុសមានលក្ខណៈខុសពីមនុស្សស្រី។
មូលហេតុដែលប្រើថ្នាំពន្យារកំណើតធ្វើឱ្យធាត់
អ្នកប្រើប្រាស់ថ្នាំពន្យារកំណើតមានរាប់រយលាននាក់ ក្នុងមួយឆ្នាំៗ។ ថ្នាំអូខេ ឬស្រីពេជ្រក៏ដូចជាថ្នាំពន្យារកំណើតដែល មានជាតិអឺស្ដ្រូហ្សែនផ្សេងទៀតដែរ គឺត្រូវប្រើប្រាស់ដោយប្រុងប្រយ័ត្ន។ ជាមួយនឹងការតាមដានឬអង្កេតយ៉ាងពិសេសបានឱ្យឃើញ ថាចំពោះស្ដ្រីធាត់ ស្ដ្រីលើសជាតិខ្លាញ់ ស្ដ្រីដែលមានតំណពូជកើត ទឹកនោមផ្អែមពូជកំណកឈាមនៅក្នុងសរសៃឈាម ឬពូជមហារីក ដោះជាដើមជាបញ្ហាចម្បងដែលអាចបង្កការធាត់ឡើងទម្ងន់ប្រសិនបើស្ដ្រីប្រើប្រាស់ថ្នាំពន្យារកំណើតនឹងរិតតែងាយឡើងទម្ងន់។ ស្ដ្រី ដែលមានទម្ងន់ធម្មតាមិនមានជម្ងឺតពូជណាដែលទាក់ទងនឹងទឹកនោមផ្អែម ឬធាត់ការប្រើប្រាស់ថ្នាំប្រភេទនេះមិនបានធ្វើឱ្យមានការ ប្រែប្រួលទម្ងន់នោះទេ។
អត្ថប្រយោជន៍របស់ថ្នាំពន្យារកំណើត
ថ្នាំគ្រាប់លេបដែលប្រើប្រាស់សម្រាប់ធ្វើការពន្យារកំណើតមានច្រើនប្រភេទ។ ថ្នាំប្រភេទអូខេ ឬស្រីពេជ្រដែលកំពុងប្រើ ប្រាស់ក្នុងប្រទេសកម្ពុជាយើងមានជាតិអ័រម៉ូនពីរប្រភេទ គឺអេទីនីលអឺស្ដ្រាដ្យុលក្នុងកម្រិត៣០មីក្រូក្រាមនិងប្រូហ្សេស្ដេរ៉ូន។ មុខងារ នៃថ្នាំពន្យារកំណើតប្រភេទនេះ គឺទៅបញ្ឈប់កន្សោមពងទាំងសងខាងរបស់ស្ដ្រីមិនឱ្យចេញមេជីវិត។ ដោយសារជំនួយរបស់អង្គការ អន្ដរជាតិក្នុងការផលិតថ្នាំប្រភេទនេះក្នុងបំណងបន្ថយចំនួនកូននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ធ្វើឱ្យថ្នាំទាំងពីរនេះមានតម្លៃទាបមែន ទែននៅប្រទេសយើង បើសិនជាប្រៀបធៀបជាមួយថ្នាំនៅប្រទេសជឿនលឿន។ ដោយសារថ្នាំពន្យារកំណើតមានតម្លៃទាបបែបនេះ ហើយទើបធ្វើឱ្យស្ដ្រីស្ទើរតែគ្រប់រូបអាចទទួលយកកម្មវិធីនេះទៅប្រើប្រាស់ជាប្រចាំបានដោយភាពងាយស្រួល។ បន្ទាប់ពីប្រើជួន កាលអាចធ្វើឱ្យអ្នកប្រើមានកម្លាំងមាំមួននិងមានសម្រស់ស្អាតជាងមុន ប្រសិនបើការប្រើថ្នាំនេះបានត្រឹមត្រូវ។ ម្យ៉ាងទៀតអាចធ្វើ ឱ្យកូនៗរបស់លោកស្រីអ្នកនាងមានសុខភាពរឹងមាំនិងទទួលបានរបបអាហារគ្រប់គ្រាន់។
វិធីប្រើថ្នាំពន្យារកំណើត ដើម្បីទប់ស្កាត់មិនឱ្យឡើងទម្ងន់
ទោះបីយ៉ាងណាក៏ដោយក៏ស្ដ្រីដែលប្រើប្រាស់ថ្នាំពន្យារកំណើតត្រូវតាមដានទម្ងន់របស់ខ្លួនឯងឱ្យបានទៀងទាត់និងត្រូវទៅ ពិគ្រោះជាមួយគ្រូពេទ្យរាល់៦ខែម្ដង។ ជាទូទៅមុននឹងឱ្យស្ដ្រីបន្ដប្រើប្រាស់ថ្នាំពន្យារកំណើតគ្រូពេទ្យតែងតែពិនិត្យមើលស្ថានភាព មួយចំនួនរបស់ស្ដ្រី ដួចជាស្ថានភាពសរសៃឈាមនៅជើង ពិនិត្យជាតិស្ករ និងជាតិខ្លាញ់ក្នុងឈាម។ រាល់ការប្រើប្រាស់ថ្នាំពន្យារ កំណើតដែលបណ្ដាលឱ្យមានឡើងទម្ងន់ច្រើន ឡើងជាតិស្ករ និងជាតិខ្លាញ់ក្នុងឈាមគ្រូពេទ្យត្រូវធ្វើការប្ដូរទៅប្រភេទថ្នាំពន្យារ កំណើតផ្សេងទៀត ដែលមានជាតិអ័រម៉ូនទាបជាងនេះឬក៏អាចជ្រើសរើសរកមធ្យោបាយពន្យារកំណើតផ្សេងទៀត ដូចជាការដាក់កង ការប្រើស្រោមអនាម័យជាដើម។ ទាក់ទងនឹងបញ្ហាមហារីកវិញតាមការសិក្សារបស់អង្គការអន្ដរជាតិបានឱ្យឃើញថា មហារីក កន្សោមពងមានការថយចុះច្រើនលើក្រុមស្ដ្រីដែលមានប្រើថ្នាំពន្យារកំណើតរីឯមហារីកដោះ និងស្រទាប់រដូវវិញមិនឃើញមានភាព ខុសគ្នារវាងស្ដ្រីដែលមិនប្រើថ្នាំពន្យារកំណើតនោះទេ។
ដំបូន្មានអ្នកប្រឹក្សា
ទោះបីជាការពន្យារកំណើត មានស្ដ្រីខ្លះអាចឡើងទម្ងន់ខុសពីធម្មតាពិតមែនតែក៏មិនគួរមើលរំលងពីវិធីពន្យារកំណើតបានឡើយ។ ការពន្យារកំណើតធ្វើឱ្យមានផលប្រយោជន៍ច្រើនចំពោះខ្លួន ដូចជាជួយសម្រួលបន្ទុកក្នុងក្រុមគ្រួសារឱ្យមានជីវភាពធូរ ស្រាលបានមួយចំណែក និងមានសុខភាពល្អ។ ហេតុដូចនេះហើយលោកស្រីអ្នកនាងគប្បីជ្រើសរើសយកវិធីមួយណាក៏បានដែលសម ស្របសម្រាប់សុខភាពរាងកាយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨
Leave a Reply