លោក​ជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ស្ដ្រីទី​១នៃ​កម្ពុជា ស្នាដៃ​មហា​សាល

ក្នុង​ឱកាស​ទិវា​នារី​អន្ដរ​ជាតិ ៨ មីនា ២០០៨ ខួបទី​៩៨ ក្រោម​ប្រធាន​បទ “ស្ដ្រី​ចូលរួម​ក្នុងការ​អភិវឌ្ឍ​ន៍សង្គម”​លោក ជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ជា​ឥស្សរ​ជនឆ្នើម​ថ្នាក់​ជាតិនៃ​វេទិកា​ភាពជា​អ្នកដឹក​នាំតំបន់​អាស៊ី-​ប៉ាស៊ី​ហ្វិក ឆ្លើយតប​មេរោគ​អេដស៍​និង​ជម្ងឺ​អេដស៍ ប្រធាន​កិត្ដិយស​គណៈ​កម្មា​ធិការ​ជាតិលើក​កម្ពស់​សីលធម៌​សង្គម​តម្លៃ​ស្ដ្រី និង​គ្រួសារ​ខ្មែរ និងជា​ប្រធាន​កិត្ដិយស​សមាគម​នារី​ដើម្បី​សន្ដិភាព និង​អភិវឌ្ឍន៍ មាន​ស្នាដៃ​និងគាំទ្រ​យ៉ាងពេញ​ទំហឹង​រាល់​សកម្មភាព​ដើម្បី​ប្រទេស ជាតិ។ ទស្ស​នាវដ្ដី សុខភាព​យើង សូម​ចូលរួម​គាំទ្រ និង​អបអរ​សាទរ​រាល់​សកម្ម​ភាព ស្នាដៃ​អនុ​សាសន៍ និងវីរៈ​ភាពជា ប្រវត្ដិ​សាស្ដ្រ​របស់​លោក​ជំទាវ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ក្នុងនាម​ជាស្ដ្រី​ទី១​នៃកម្ពុជា ដែល​ជា​ភរិយា​ដ៏ឧត្ដុង​ឧត្ដម​បំផុត នៃ​សម្ដេច​អគ្គ​មហា​សេនា​បតីតេ​ជោ ហ៊ុន សែន​នាយ​ករដ្ឋ​មន្ដ្រីនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា លោក​ជំទាវ ប៊ុន រ៉ានី ហ៊ុន សែន មានក្ដី​សោម​នស្ស​រីករាយ​ចូលរួម​អបអរ​សាទរ​ទិវា អន្ដរ​ជាតិនារី ៨មីនា ២០០៨ ខួបទី​៩៨ ក្រោម​ប្រធាន​បទ ស្ដ្រីចូល​រួមក្នុង​ការអភិ​វឌ្ឍន៍​សង្គម តាមរយៈ​ការ​បង្ហាញ​នូវបទ​ពិសោធន៍ ទទួល​បានក្នុង​ជីវភាព​នៃ​តួនាទី​ដ៏​សំខាន់ៗ រួម​ចំណែក​ក្នុងការ​ស្ដារ កសាង និង​អភិវឌ្ឍន៍​ប្រទេស។ អនុ​សាសន៍​ដែល​ផ្ដល់ជូន​មានសារៈ សំខាន់​យ៉ាងខ្លាំង​សម្រាប់​នារី​គ្រប់រូប និង​ពលរដ្ឋ​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន​យកជា​មូលដ្ឋាន​គ្រឹះក្នុង​ការចូល​រួម​អនុវត្ដ​យុទ្ធ​សាស្ដ្រច​តុកោណ គោលដៅ​សហស្ស​វត្សរ៍​កម្ពុជា និងជា​ពិសេស​ផែនការ​នារី​រតនៈ​ដើម្បី​ធ្វើឱ្យ​សង្គម​ជាតិ​កម្ពុជា​សម្រេច​បាននូវ​ការថែ​រក្សា ការ​ការពារ វប្បធម៌​ជាតិ ធានា​ដល់ការ​គោរព​សីលធម៌​និង​សុភមង្គល​គ្រួសារ​ដោយ​លើក​កម្ពស់​ស្ថានភាព​តួនាទី តម្លៃ និង​សុខុមាល​ភាពស្ដ្រី​ខ្មែរ ការធ្វើ​ឱ្យ​អត្ដ​សញ្ញាណ​ជាតិ អរិយ​ធម៌ កិត្យា​នុភាព​របស់​ប្រទេស​ជាតិ​និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ជនជាតិ​ខ្មែរត្រូវ​បានលើក​ស្ទួយលើ​ឆាក អន្ដរជាតិ។

លោក​ជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ដ៏ឆ្នើម ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​១៩៩៤ លោក​ជំទាវ ប៊ុន រ៉ានី ហ៊ុន សែន​បាន​ចាប់ផ្ដើម​ចូលរួម​ក្នុងការ​ដឹកនាំ​កាកបាទ​ក្រហម​កម្ពុជា​មាន​តួនាទី​ជាអនុ​ប្រធាន​នៃ​គណៈ​កម្មា​ធិការ​កណ្ដាល ជ្រើស​តាំង​ដោយ​មហា​សន្និ​បាត​អាណត្ដិ​ទី១។ មហា​សន្និ​បាត​កាកបាទ​ក្រហម កម្ពុជា អាណត្ដិ​ទី២ ឆ្នាំ​១៩៩៨ អាណត្ដិ​ទី៣ ឆ្នាំ​២០០២ និង​អាណត្ដិ​ទី៤ ឆ្នាំ​២០០៦​បាន​បោះឆ្នោត​ជ្រើសរើស​លោក​ជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន​ដឹកនាំ​រៀង​រហូត​មក។ លោក​ជំទាវ​ប្រធាន​បានដឹក​នាំកាក​បាទ​ក្រហម​កម្ពុជា​ដោយ​ផ្ដល់​អាទិភាព​ការងារ​លើការ ជួយ​សង្គ្រោះ​បានទាន់​ពេល​វេលា និងមាន​ប្រសិទ្ធ​ភាព​ដោយដើរ​ទន្ទឹម​គ្នានឹង​ការ​កសាង​មូលដ្ឋាន​គ្រឹះ ការ​ពង្រឹង​រចនា​សម្ពន្ធ័​ពីថ្នាក់​ជាតិ ដល់​សហ​គមន៍ ដែលក្នុង​នោះការ​បង្កើត​និង​ពង្រឹង​សមត្ថ​ភាព​សាខា​តាមខេត្ដ-ក្រុងទាំង​២៤ ការ​កសាង​ធនធាន​មនុស្ស ការ​កសាង​មូល ដ្ឋាន​ច្បាប់ នីតិ​វិធី​នានា យុទ្ធ​សាស្ដ្រ​និង​ផែនការ​សម្រាប់​អនុវត្ដ​ដែល​ធានា​បានការ​ជឿទុក​ចិត្ដពី​ដៃគូ ការរក្សា​តម្លាភាព គណ​នេយ្យ ភាពជា​មួយ​សប្បុ​រសជន​ជាមួយ​ម្ចាស់​អំណោយ និង​ជាមួយ​គ្រួសារ និង​សហគមន៍​ទទួល​ផល។ កម្លាំង​អ្នកស្មគ្រ័​ចិត្ដ និង​យុវជន​កាក បាទ​ក្រហម​ការ​កសាង​សមាជិក​ភាព​ត្រូវបាន​កសាង និង​ពង្រឹងក្នុង​ក្របខណ្ឌ​អភិវឌ្ឍន៍​ស្ថាបន័ អភិវ​ឌ្ឍន៍​សាខា កសាង​សមត្ថ​ភាព​សាខា​ឱ្យឈាន​ទៅ​សម្រេច​បានភាព​ម្ចាស់ការ​ថវិកា​លើបុព្វ​ហេតុ​រដ្ឋបាល​ក្នុងឆ្នាំ​២០០៤។ នៅឆ្នាំ​២០០៥ កាកបាទ​ក្រហម​កម្ពុជា​បានចង​ក្រងប្រវត្ដិ​៥០ឆ្នាំ​នៃការ​កសាង ការស្ដារ និង​អភិវឌ្ឍន៍​កាកបាទ​ក្រហម​កម្ពុជា​ទៅតាម​ដំណាក់​កាល​នីមួយៗ​នៃសង្គម​ធ្វើឱ្យ​យុវជន ជំនាន់​ក្រោយបាន​ស្គាល់​ព្រះរាជ​គំរូ​វីរ​ភាព​សម្ដេច​ឪសម្ដេច​ម៉ែក្នុង​ព្រះរាជ​សកម្មភាព​មនុស្ស​ធម៌​និង​កំណត់​ទិសដៅ​បានយ៉ាង​ច្បាស់ លាស់​ក្នុងការ​អភិ​វឌ្ឍន៍​កាកបាទ​ក្រហម​កម្ពុជា​ឱ្យ​សម្រេច​បាន​លក្ខណៈ​វិនិច្ឆ័យ​ជាសមា​គម​ជាតិ​មាន​ដំណើរ​ការល្អ។

បច្ចុប្បន្ន​នេះ កាកបាទ​ក្រហម​កម្ពុជា​មានសមា​ជិកជាង​១២ម៉ឺន​នាក់ អ្នក​ស្ម្រ័គចិត្ដ​និង​យុវជន​កាកបាទ​ក្រហម​ជាង១​ម៉ឺននាក់​សាខា​ទាំង២៤​មានទី​ស្នាក់ការ​ថ្មីធ្វើ​ការ និង​កំពុង​ឈានទៅ​កសាង​ការិយា​ល័យ​អនុ​សាខា​ជាបន្ដ​បន្ទាប់ បាន​និង​កំពុង​អនុវត្ដ​កម្មវិធី​ការ ងារតាម​វិស័យ​ស្នូលទាំង​៤ នៃយុទ្ធ​សាស្ដ្រ​២០០៣​-២០១០​របស់​កាកបាទ​ក្រហម​កម្ពុជា​គឺ​លើក​កម្ពស់​តម្លៃ​មនុស្ស​ធម៌ (ក្នុងនោះ​មាន ការ​ឆ្លើយតប​ទៅនឹង​ការជួញ​ដូរស្ដ្រី និងកុមារ) ថែទាំ​សុខភាព គ្រប់គ្រង​គ្រោះ​មហន្ដ​រាយ និង​អភិ​វឌ្ឍន៍​ស្ថាប័ន​/ធនធាន ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ និងលើក​កម្ពស់​តម្លៃ​មនុស្ស​ធម៌។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សមិទ្ធិ​ផល​ប្រវត្ដិ​សាស្ដ្រ​លេចធ្លោ​ក្នុង​ប្រវត្ដិ​៥២ឆ្នាំ (១៩៥៥​-២០០៧) របស់​សមា​គមជាតិ​ជាទី​ស្នាក់ការ​កណ្ដាល​ថ្មីរបស់​កាកបាទ​ក្រហម​កម្ពុជា​ប្រសូត​ចេញពី​ការផ្ដួច​ផ្ដើមគំនិត ការ​លះបង់​កម្លាំង​កាយចិត្ដ ពេល​វេលា​ប្រកប​ដោយភាព​ស្វាហាប់​ឈ្លាសវៃ និងយ៉ាង​សកម្ម​មោះមុត​នៃ​លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​រួម​ជាមួយ​នឹងការ​ចូលរួម​ឧបត្ថ​ម្ភថវិកា សម្ភារៈពី​សប្បុ​រសជន​គ្រប់​មជ្ឈដ្ឋាន​ក្នុង និងក្រៅ​ប្រទេស​ដែលឆ្លើយ​តប​ប្រកប​ដោយការ​ជឿទុក​ចិត្ដលើ​មគ្គុទ្ទេស​ក៍ភាព​នៃលោក ជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបាន​ប្រកាស​អបអរ​សាទរ​យ៉ាង​មហោ​ឡារិក​នៅថ្ងៃ​ទី១៥​ខែធ្នូ ឆ្នាំ​២០០៧។ ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះន​រោត្ដម​សីហ​មុនី​ព្រះមហា​ក្សត្រនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​បានប្រោស​ព្រះរាជ​ទានគ្រឿង​ឥស្សរិ​យយស​ខ្ពស់​បំផុត​នៃ ព្រះរាជា​ណាចក្រ​កម្ពុជា មេដាយ“​ជាតូប​ការ” ជូន​លោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន​ដើម្បី​ជាសក្ខី​ភាពនៃ​ការកោត​សរសើរ​យ៉ាង ជ្រាល​ជ្រៅ និងការ​ទទួល​ស្គាល់​មគ្គុទ្ទេស​ក៍ភាព​របស់​លោកជំទាវ​ប្រធាន​ហើយ​ដែលលោក​ជំទាវ​បាន​ប្រកាស​ផ្ទេរជូន​នូវ​កិត្ដិយស​ដ៏ឧត្ដុង ឧត្ដម​ថ្លៃថ្លា​និងប្រកប​ដោយក្ដី​មោទន​ភាពនេះ​បន្ដជូន​ថ្នាក់ដឹក​នាំ​មន្ដ្រី​បុគ្គលិក កម្មករ អ្នក​ស្ម្រ័គចិត្ដ សមាជិក​សមាជិកា និង​យុវជន​កាកបាទ​ក្រហម​កម្ពុជា​គ្រប់ៗ​រូបទូ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា​នៅគ្រប់​ជំនាន់​ទាំងអស់។

លោក​ជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ឥស្ស​រជន​ឆ្នើមថ្នាក់​ជាតិនៃ​វេទិកា​ភាពជា​អ្នកដឹក​នាំ តំបន់​អាស៊ី-ប៉ាស៊ី​ហ្វិក​ឆ្លើយតប​មេរោគ​អេដស៍ និង​ជម្ងឺ​អេដស៍បន្ថែម​ពីលើ​កាតព្វ​កិច្ច​មនុស្ស​ធម៌ លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន​ជា​សកម្មជន​ចូលរួម​យ៉ាងក្លៀវ​ក្លាក្នុង​ការដោះ​ស្រាយ បញ្ហា​ប្រឈម​នានា​របស់​កម្ពុជា ដែលក្នុង​នោះមាន​ការ​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺ​អេដស៍​ការបញ្ឈប់​ការរើស​អើង​មេរោគ​អេដស៍​ការដោះ ស្រាយ​ថ្នាំពន្យារ​ជីវិត​ដល់អ្នក​ជម្ងឺ។ ការ​ទទួល​ស្គាល់ពី​អន្ដរជាតិ​ចំពោះ​សកម្ម​ភាព​លោក​ជំទាវ​ត្រូវបាន​អបអរ​សាទរ​ដោយការ​ប្រគល់ ជូន​លោក​ជំទាវ ប៊ុន រ៉ានី នូវ​គោរម​ងារជា​ឥស្ស​រជន​ឆ្នើមថ្នាក់​ជាតិនៃ​វេទិកា​ភាពជា​អ្នកដឹក​នាំតំបន់​អាស៊ី-ប៉ាស៊ី​ហ្វិក ឆ្លើយតប​មេរោគ អេដស៍ និងជម្ងឺ​អេដស៍​នៅកម្ពុជា​នៅថ្ងៃ​ទី១៧ ខែវិច្ឆិកា ឆ្នាំ​២០០៦​ដោយ​វេទិកា​ភាពជា​អ្នកដឹក​នាំអាស៊ី​-ប៉ាស៊ី​ហ្វិក អេភី​អិលអេហ្វ និងយូអិន​អេដស៍ (OPLT និង UNA​IDS)។ លោក​ជំទាវ​បាននិង​កំពុង​បន្ដដឹក​នាំ​សកម្មភាព​ក្រុម​ការងារ ឥស្ស​រជន​ឆ្នើម​ថ្នាក់ជាតិ និងសាខា​ទាំង២៤​ខេត្ដ-ក្រុងឱ្យ​អនុវត្ដ​ព្រមៗ​គ្នា​បង្ហាញ​ភាពជា​គំរូក្នុង​ការមិន​រើសអើង​អ្នកជម្ងឺ​អេដស៍ ផ្ដល់ការ​ថែទាំ​ដល់កុមារ/ គ្រួសារ​រងផល​ប៉ះពាល់​ដោយ​មេរោគ​អេដស៍ ចុះជួប​កម្មករ​-កម្មកា​រិនី​និយោ​ជកតាម​រោងចក្រ លើក​កម្ពស់​ការគោរព​អនុវត្ដ​ច្បាប់ជាតិ ស្ដីពី​ការទប់​ស្កាត់ការ​រីករាល​ដាលជម្ងឺ​អេដស៍​និង​គោល​នយោបាយ​ស្ដីពី​ជម្ងឺអេដស៍​នៅកន្លែង​ធ្វើការ បង្កើត​ឱ្យមាន​បរិយា​កាស​ផ្លាស់ប្ដូរ ឥរិយា​បថ​ស្អប់​ខ្ពើម​មកជា​ក្ដីមេត្ដា ករុណា ថែទាំ​ផ្ដល់ក្ដី​សង្ឃឹម​ដល់អ្នក​រងគ្រោះ។ លោក​ជំទាវ​តែងតែ​ចាត់ទុក​សេចក្ដី​ឈឺចាប់​របស់ អ្នករង​គ្រោះ​គ្រួសារ​អ្នករង​គ្រោះ​របស់​ពលរដ្ឋ​គ្រប់រូប និង​របស់​លោក​ជំទាវ​ផ្ទាល់។ ក្នុង​ព្រហ្ម​វិហារ​ធម៌គិត​ដល់សុខ​ទុក្ខ​របស់​ស្ដ្រី​លោក​ជំទាវ​បានគាំ​ទ្រទាំង​ស្រុង​យុទ្ធ​សាស្ដ្រ​របស់​ក្រសួង​កិច្ចការ​នារី ស្ដីពី​មេរោគ​អេដស៍ ស្ដ្រី និង​ក្មេងស្រី ឆ្នាំ​២០០៨​-២០១២។ លោក​ជំទាវ​បាន​អំពាវ​នាវឱ្យ​ពលរដ្ឋ​គ្រប់រូប​ចូលរួម​អនុវត្ដ ដើម្បី​កាត់​បន្ថយ​ភាពងាយ​រងគ្រោះ​របស់​ស្ដ្រី និង​កុមារី និង​បង្កើន​ការយក​ចិត្ដទុក​ដាក់​របស់​បុរស​ចំពោះ​ផលវិបាក​គ្រួសារ និងការ​បំផ្លាញ​ខ្លួនឯង។ លោក​ជំទាវ​អំពាវ​នាវ​ដល់​ពលរដ្ឋ​គ្រប់រូប​ឱ្យចង​ចាំថា បញ្ហា​មេរោគអេដស៍​ជាបញ្ហា​រួម​របស់​សង្គម​ជាតិ ដែល​ចាំបាច់​ត្រូវតែ​រួម​កម្លាំង​គ្នាដោះ​ស្រាយ

លោក​ជំទាវ ប៉ុន រ៉ានី ហ៊ុន សែន ប្រធាន​កិត្ដិ​យស គណៈ​កម្មា​ធិការ​ជាតិលើក​កម្ពស់​សីលធម៌​សង្គម តម្លៃ ស្ដ្រី​និងគ្រួសារ​ខ្មែរនៅ​ចំពោះ​មុខ​បញ្ហា​ប្រឈម​ផ្នែក​សីលធម៌​សង្គម លោក​ជំទាវ​អបអរ​សារទរ​យ៉ាង​ក្លៀវក្លា​ចំពោះ​ការបង្កើត​ឱ្យមាន​គណៈ កម្មា​ធិការ​ជាតិលើក​កម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ដ្រី និង​តម្លៃ​គ្រួសារ​ខ្មែរ កាលពី​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០០៦​ហើយបាន​និង​កំពុង បន្ដ​ចូលរួម​យ៉ាង​សកម្ម​ក្នុងការ​ខិតខំ​កាត់​បន្ថយ​ជា​បណ្ដើរ​ៗប្រកប​ដោយ​ប្រសិទ្ធ​ភាពនូវ​ភាពងាយ​រងគ្រោះ​របស់​ស្ដ្រី យុវនារី និង​កុមារី  ដោយ​តម្កល់​ទស្សនៈ​សីលធម៌​សង្គម​នេះថា​ជាមូល​ដ្ឋានគ្រឹះ​នៃការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​សម្រាប់​ការអភិ​វឌ្ឍន៍​គ្រប់​វិស័យ និងជា មូលដ្ឋាន​គ្រឹះនៃ​សមភាព​យេនឌ័រ​នៅក្នុង​បរិបទ​កម្ពុជា​ជារៀង​រហូត។ ក្នុងឋានៈ​ជាប្រធាន​កិត្ដិយស​គណៈ​កម្មាធិការ​ជាតិ​លើក​កម្ពស់ សីលធម៌​សង្គម តម្លៃ​ស្ដ្រី និងគ្រួសារ​ខ្មែរ លោក​ជំទាវ​បាន​អំពាវ​នាវ​ចំពោះ​ថ្នាក់ដឹក​នាំក្រសួង-ស្ថាប័ន​ទាំងអស់ និង​អាជ្ញាធរ​មូល​ដ្ឋាន គ្រប់​លំដាប់​ថ្នាក់ សហការ និង​គាំទ្រ​ដល់ការ​អប់រំ​ផ្សព្វផ្សាយ​អំពី​សីល​ធម៌​សុជី​វធម៌​ទាំងក្នុង​គ្រួសារ ក្នុង​សង្គម និង​នៅកន្លែង​ធ្វើការ ព្រម ទាំងធ្វើ​ជាគំរូ​ដ៏ល្អ​សម្រាប់​អ្នកក្រោម​ឱវាទ​និងបាន​សំណូម​ពរ​សមត្ថ​កិច្ច​អាជ្ញា​ធរដែន​ដីឱ្យ​បំពេញ​តួនាទី​របស់ខ្លួន ដោយ​គ្មានការ​លើក លែង​និងមិន​ត្រូវ​បណ្ដោយ​ឱ្យជន​ល្មើស​បានរួច​ពីទុក្ខ​ទោស​ឡើយ។ លោក​ជំទាវ​ថែមទាំង​បាន​សំណូម​ពរ​ក្រសួង​ព័ត៌មាន និង​វប្បធម៌ សហការ​គ្នា​ត្រួត​ពិនិត្យ​ការស្លៀក​ពាក់​ការប្រើ​ពាក្យ​សម្ដី កាយ​វិការ និង​ខ្លឹមសារ​សម្ដែង​របស់​សិល្បករ​តាម​បណ្ដាញ​ព័ត៌មាន ត្រូវ​ទាញ ស្មារតី​អប់រំ​ឱ្យ​រក្សា​ភាព​ថ្លៃថ្នូរ សមរម្យ​ដើម្បី​ឆ្លុះបញ្ចាំង​អំពី​អត្ដ​សញ្ញាណ​ជាតិ ដែលមាន​អារ្យ​ធម៌​ខ្ពង់ខ្ពស់។ លោក​ជំទាវ​បាន​ជម្រុញ​ក្រសួង​មហា​ផ្ទៃឱ្យ​បន្ដការ​បង្ក្រាប​បនស្រី​ពេស្យា​ចារ កន្លែង​លក់​ផ្លូវភេទ កន្លែង​ប្រើប្រាស់​គ្រឿង​ញៀន បិទ​កន្លែង​បញ្ចាំង​វីដេអូ​អាស​អាភាស​នៅគ្រប់​ទីកន្លែង​ទាំងអស់​នៃប្រទេ​សកម្ពុជា។ ពីព្រោះ​អំពើ​ពាលា​អាវាសែ​ទាំងអស់​នោះ គឺជា​មូលហេតុ​ចម្បង​នៃការ​ចាប់​រំលោភ​សេពស​ន្ថវៈទៅ​លើស្ដ្រី និង​កុមារី។ លោក​ជំទាវ​បាន​អំពាវ​នាវដល់​គ្រួសារ​ខ្មែរ​ទាំងអស់​ឱ្យបន្ដ​ប្រពៃណី​ដ៏ល្អនៃ​គ្រួសារ​ខ្មែរថែ​រក្សា​ការពារ​កូនស្រី-ចៅ​ស្រី  របស់​ខ្លូន ដូចជា​ការថែ​រក្សា  និង​ការពារ​ប្រស្រី​ភ្នែករៀង​ៗខ្លួន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ជាមួយ​នឹង​សមិទ្ធិ​ផល​លេចធ្លោ និង​ការចូល​រួមលើក​កម្ពស់​ស្ដ្រីក្នុង​ការ​អភិវឌ្ឍន៍​សង្គម​លោក​ជំទាវ​គិតគូរ​ដល់សុខ​ទុក្ខរបស់ កង​យោធពល​ខេមរ​ភូមិន្ទ​ដែល​បាន​លះបង់​គ្រួសារ ធ្វើ​ពលិកម្ម​ការពារ​ជាតិ នាំមក​នូវ​សុខសន្ដិភាព​ជូន​មាតុភូមិ​ហើយ​កំពុង​បន្ដ​រក្សា​សុវត្ថិភាព​ការពារ​បូរណ​ភាពដែន​ដីឱ្យ​បានគង់​វង្ស។ លោក​ជំទាវ​បានចុះ​ជួបសួរ​សុខទុក្ខ សំណេះ​សំណាល ផ្ដល់​សម្ភារៈ​ចាំបាច់ និង​លើក ទឹកចិត្ដ​ដល់​គ្រួសារ​យុទ្ធជន​ដែល​ឈរជើង​នៅតាម​មូលដ្ឋាន​សំខាន់ៗ​ទាំង​ឡាយ។

សកម្មភាព​ដ៏អង់​អាច​ក្លាហាន​ជាគំរូ​របស់​លោក​ជំទាវ​មាន​តាំងពី​យុវវ័យ។ ក្នុងវ័យ​១៦ឆ្នាំ លោក​ជំទាវ ប៊ុន រ៉ានី​បាន​ចាប់ផ្ដើម​ការងារ ឆ្លងកាត់​បទ​ពិសោធន៍​ជាគិលា​នុបដ្ឋា​យិកា និង​បន្ទាប់​មកជា​ឆ្មប ក្នុង​ចលនា​តស៊ូ​ក្នុងព្រៃ​ម៉ាគីស។ លោក​ជំទាវ​បាន​បាត់បង់​បុត្រ​ទី១ ដែលជា​ចំណង​ដៃ​អាពាហ៍​ពិពាហ៍​ជាមួយ​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន​បានឆ្លង​កាត់​ជីវិត​ក្នុង​ពន្ធនា​គារ ខ្មែរ​ក្រហម​ពីឆ្នាំ​១៩៧៧​រហូត​ដល់ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ១៩៧៩ ក្នុងពេល​ដែល​សម្ដេច ហ៊ុន សែន​កំពុង​ធ្វើការ​តស៊ូ​រំដោះ​ជាតិពី​របប ប្រល័យ​ពូជ​សាសន៍ ក្រោមទង់​រណ​សិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ផ្ដល់​កំណើត​ទី២ដល់​ប្រជាជន​កម្ពុជា​ជាង៤​លាននាក់។

ក្នុង​ដំណាក់​កាលស្ដារ​ប្រទេស​ក្រោយ​ជ័យជំនះ ៧ មករា ១៩៧៩ លោក​ជំទាវ ប៊ុន រ៉ានីបាន​ផ្ដោតការ​យកចិត្ដ​ទុកដាក់​ជួយ​ឧបត្ថម្ភ សម្ភារៈ ថវិកា ដល់ការ​ប្រមូល​ផ្ដុំ អប់រំ ថែទាំ​កុមារ​កំព្រា។ មាន​កុមារ​កំព្រា​ជាច្រើន​ដែល​ទទួល​បានវិជ្ជា​និងការ​បណ្ដុះ​បណ្ដាល​ជំនាញ រួចហើយ​ចាកចេញ​ពីមជ្ឈ​មណ្ឌល​កុមារ​កំព្រា​កសាង​ជីវភាព​រស់នៅ​ដោយ​ជំហរ​ខ្លួនផ្ទាល់​បាន​កសាង និង​រក្សា​សុភ​មង្គល​គ្រួសារ​ប្រកប​ដោយ​សេចក្ដី​ថ្លៃថ្នូរ។

លោក​ជំទាវ ប៉ុន រ៉ានីហ៊ុនសែនប្រធានកិត្ដិយសសមាគមនារីដើម្បីសន្ដិភាពនិងអភិវឌ្ឍន៍ក្នុងការ​អភិវឌ្ឍន៍​សង្គម​ជាតិ លោក​ជំទាវ ប៊ុន រ៉ានី ជា​ប្រធាន​កិត្ដិយស​សមាគម​នារី​ដើម្បី​សន្ដិភាព និងការ​អភិវឌ្ឍន៍​បាន​ជម្រុញ​យ៉ាង​សកម្ម​ឱ្យស្ដ្រី​ចូលរួម​ក្នុងការ​ធ្វើ​នយោ​បាយ និង​អភិវឌ្ឍន៍​ជាតិ។ លោក​ជំទាវ​បានបង្កើត​មជ្ឈ​មណ្ឌល​សម្រាប់​មនុស្ស ចាស់នៅ​វត្ដចំប៉ា និង​មជ្ឈ​មណ្ឌល​ស្ដារ​និតិ​សម្បទា​យុទ្ធជន​នៅកៀន​ឃ្លាំង​ខេត្ដក​ណ្ដាល​និងបាន​ចុះជួប​សួរសុខ​ទុក្ខជា​រឿយៗ។ ឆ្នាំ ១៩៩៦ លោក​ជំទាវ​បានចាប់​ផ្ដើម​បង្កើត​មជ្ឈ​មណ្ឌល​អភិ​វឌ្ឍន៍ បណ្ដុះ​បណ្ដាល​ជំនាញ​កាត់ដេរ​តម្បាញ​គ្រឿង​សូត្រ កន្ទេល​កក់ និង សម្អាង​ការដល់​យុវនារី​នៃ​គ្រួសារ​ដែលពុំ​មាន​លទ្ធភាព ដើម្បី​កសាង​សមត្ថភាព​ចិញ្ចឹម​ជីវិត។ មកទល់​សព្វថ្ងៃ​នេះ យុវនារី​ចំនួន​ជិត១​ម៉ឺន នាក់ បាន​ទទួលការ​បណ្ដុះ​បណ្ដាល​ពីមជ្ឈ​មណ្ឌល​អភិ​វឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុន សែន​អង្គស្នួល កោះថ្មី (ខេត្ដ​កណ្ដាល) ពោធិ៍​សាត់ ព្រះ​វិហារ​និងបាន​ចេញទៅ​ប្រកប​មុខរបរ​ចិញ្ចឹម​ជីវិត​ដោយ​មាន​ឥណទាន​កម្ចី​ពីមជ្ឈ​មណ្ឌល ឬមាន​ការងារ​ក្នុង​រោងចក្រ​កាត់ដេរ​នានា។

លោក​ជំទាវ ប៊ុន រ៉ានី ហ៊ុន សែន និង​គ្រឿង​ឥស្សរិ​យស-មេដាយ​ជាច្រើនគ្រឿង​ឥស្ស​រិយស​ផ្សេងៗ​ទៀត ដែល​បញ្ជាក់​នូវការ​ទទួល​ស្គាល់​ចំពោះ​ស្នាដៃ និងគំរូ​វីរភាព​របស់លោក​ជំទាវ ប៊ុនរ៉ានីហ៊ុន សែន មានជា​អាទិ​មេដាយ​ថ្នាក់ខ្ពស់​បំផុតនៃ​សម្ដេច​ព្រះវរ​រាជ​បិតា​ជាតិខ្មែរ នរោត្ដម សីហនុ​មេដាយ​លើក​កម្ពស់​ពិភព​លោក ដោយ​បេះដូង​តែមួយ​នៃ​វិទ្យា​ស្ថាន​សន្ដិភាព​ស្រ៉ីជិន​មួយ មេដាយ​សន្ដិភាព​នៃកាក​បាទ​ក្រហម​សាធា​រណរដ្ឋកូ​រ៉េ។ល។ ខាង​ផ្នែក វេជ្ជ​សាស្ដ្រ​វិញ លោក​ជំទាវ ប៊ុន រ៉ានី ហ៊ុន សែន​ជា​សមាជិក​កិត្ដិយស​នៃគណៈ​អភិបាល​អង្គការ​មូល​និធិ​វេជ្ជ​សាស្ដ្រ​កម្ពុជា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨

Categories: , , , , ,

Leave a Reply

Your email address will not be published. Required fields are marked *