ត្រគាកស្រស់ស្អាត ក្លុំ ហើយណែនមិនយារធ្លាក់ ជាតម្រូវការរបស់មនុស្សគ្រប់គ្នាជាពិសេសស្ដ្រី។ ការអនុវត្ដនូវសកម្មភាព ផ្លូវកាយ ដូចជាហាត់ប្រាណ និងលេងកីឡាបែបងាយៗ ដែលមានរយៈពេលមួយកំណត់ត្រឹមត្រូវជារៀងរាល់ថ្ងៃអាចធ្វើឱ្យក្ដីស្រមៃ ទាំងនោះនឹងក្លាយជាការពិតបាន។ លោកអ្នកមានការលំបាកបន្ដិចក្នុងការរកប្រភេទកីឡាដែលសក្ដិសមទៅនឹងរូបរាង សុខភាពរាង កាយ ហើយតម្រូវការដែលអ្នកចង់បាន។ ដូច្នេះទាមទារឱ្យលោកអ្នកយល់ដឹងនូវអត្ថប្រយោជន៍ពីរបៀបហាត់ប្រាណឱ្យបានប្រសើរ ជាមុនសិន។
នៅក្នុងទំព័រនេះ ទស្សនាវដ្ដី សុខភាពយើង សូមលើកយកពីវិធីហាត់ប្រាណបែបងាយៗដែលអាចហាត់នៅគេហដ្ឋានបាន ជម្រាបជូនប្រិយមិត្ដអ្នកអានជ្រាប តាមរយៈការបកស្រាយរបស់លោក អ៊ុន សូរ៉េតគ្រូបង្ហាត់ប្រាណតាមចង្វាក់ភ្លេងនៃសហព័ន្ធ កីឡាកាយសម្ព័ន្ធកម្ពុជា។
របៀបហាត់ដើម្បីធ្វើឱ្យត្រគាកក្លុំ
ការហាត់ប្រាណដើម្បីឱ្យត្រគាកណែនក្លុំ មិនប្រកាន់វ័យ និងភេទនោះទេ។ ភាគច្រើនបុរសមិនសូវរវីរវល់ហាត់ដើម្បីឱ្យ ត្រគាកស្រស់ស្អាតប៉ុន្មានទេ អ្នកហាត់ភាគច្រើនតែស្ដ្រី។ ការហាត់ប្រាណដើម្បីត្រគាកណែនស្រស់ស្អាតអាស្រ័យទៅនឹងដងខ្លួននិង អំណោយផលត្រគាកពីធម្មជាតិផងដែរ។ ចំពោះអ្នកមានត្រគាកស្អាតស្រាប់ តែសម្បូរទៅដោយខ្លាញ់ការហាត់អាចមានប្រសិទ្ធភាព ដល់ទៅមួយរយភាគរយ។ ចំពោះអ្នកមិនសូវមានត្រគាកក៏ការហាត់នេះអាចជួយបានប្រមាណជា៣០ទៅ៤០ភាគរយដែរ។ ដូច្នេះ លោកអ្នកគួរព្យាយាមហាត់តាមវិធីងាយៗ ដែលនឹងបង្ហាញខាងក្រោមនេះ។
1 . លោកអ្នកអាចផ្ដើមចេញពីការឈរលើកជើងស្ដាំទៅដាក់នៅលើកៅអី ឬតុដែលមានកម្ពស់ខ្ពស់ជាងចង្កេះហើយជើង ឆ្វេងជំទើត ឱនក្បាលទៅមុខចុះឡើងៗចំនួន៨ដង។ បន្ទាប់មកឆ្លាស់ជើងឆ្វេងហើយរក្សានូវកាយវិការដដែលដោយប្រើចំនួនកំណត់ ដូចគ្នា។
2 . លោកអ្នកធ្វើកាយវិការដេកផ្ងារ ក្បាលជង្គង់ទាំងពីរបញ្ឈរផ្ទឹមគ្នា រីឯចុងជើងត្រូវជំទើតលើកម្រាល។ លោកអ្នកត្រូវ លើក ឬបំបះអាងត្រគាកឡើងលើឱ្យបានចំនួន៨ដង។ បន្ទាប់មកកន្ធែករួចបង្រួមក្បាលជង្គង់សាចុះសាឡើងឱ្យបានចំនួន៨ដងដែរ។
3 . សូមធ្វើកាយវិការផ្ដេកខ្លួន ផ្កាប់មុខ ផ្ទៃមុខ និងដើមទ្រូងត្រូវបែរទៅរកកម្រាល បន្ទាប់មកកែងដៃនិងចុងជើងច្រត់ និងជំទើតលើកម្រាល។ បន្ទាប់មកធ្វើកាយវិការរុញអាងត្រគាកចុះក្រោម តែមិនដល់កម្រាលទេ រួចលើកឡើងលើវិញធ្វើកាយវិការ បែបនេះចុះឡើងៗឱ្យបានចំនួន៨ដង។
4 . សូមលោកអ្នកដេកចំហៀងខ្លួន កែងដៃម្ខាងច្រត់នឹងកម្រាលជើងទាំងពីរដាក់ស្របគ្នាឱ្យត្រង់នៅលើកម្រាល។ បន្ទាប់ មកលើកជើងម្ខាងរុញមកមុខ ដោយរក្សានូវលំនឹងជើងត្រង់ទៅមុខឱ្យអស់ រួចបន្ថយមកវិញខ្លះ។ សូមធ្វើការផ្លាស់ប្ដូរទៅចំហៀងម្ខាង ទៀត និងអនុវត្ដនូវកាយវិការបែបនេះដដែល ដោយធ្វើឱ្យបានមួយចំហៀងចំនួន៨ដង។
5 . សូមលោកអ្នកដេកផ្ងារបញ្ឈរក្បាលជង្គង់ បាតជើងជាន់លើកម្រាល រីឯប្រអប់ដៃចាក់ស្រេះគ្នាទ្រកញ្ចឹងក។ រួចសូម ងើបក្បាលផុតពីកម្រាលកម្ពស់ប្រមាណមួយចំអាមដៃ ហើយរាប់ឱ្យបានគ្រប់៨ដងបន្ទាប់មកសូមដាក់ក្បាលទៅលើកម្រាលវិញ។ សូមធ្វើកាយវិការបែបនេះសាចុះសាឡើងឱ្យបានចំនួន៨ដង។
រាល់កាយវិការហាត់ដើម្បីធ្វើឱ្យត្រគាកណែនក្លុំនេះ លោកអ្នកគួរប្រឹងសាច់ដុំត្រគាកគ្រប់ពេលដើម្បីជួយធ្វើចលនាសាច់ដុំ ណែន ជាពិសេសអាចជួយឱ្យមានប្រសិទ្ធភាពបានឆាប់។
ពេលវេលាដែលត្រូវហាត់
ការហាត់ប្រាណដែលធ្វើឱ្យត្រគាកក្លុំ មិនកំណត់ពេលព្រឹក ឬពេលល្ងាចទេ។ ប្រទេសនៅតំបន់អាស៊ីអាចហាត់ទាំងពេលព្រឹក ទាំងពេលល្ងាច តែបើនៅប្រទេសតំបន់អឺរ៉ុបភាគច្រើនហាត់ថែមពេលថ្ងៃទៀត។ បើលោកអ្នកអាចហាត់ទាំងពីរពេលបានរឹតតែ ប្រសើរ។ សូមហាត់បានទៅតាមកម្លាំង មិនត្រូវហាត់ទាំងគំហុកនោះទេ។ នៅដំណាក់កាលដំបូងលោកអ្នកគួរហាត់ប្រមាណជា១០ទៅ ២០នាទី ដើម្បីចៀសវាងការឈឺចាប់សាច់ដុំខ្លាំងពេក។ លុះដល់ថ្ងៃបន្ទាប់ៗលោកអ្នកអាចថែមពេលវេលាបន្ដិចម្ដងៗ ទៅតាមកម្លាំង របស់ខ្លួន ដែលអាចទទួលយកបាន។
របបអាហារចំពោះអ្នកកីឡា
ការហាត់កីឡាដែលធ្វើឱ្យត្រគាកស្រស់ស្អាត ក្លុំណែនល្អអាស្រ័យទៅលើកាយវិការនៃការធ្វើចលនារបស់លោកអ្នកនៅ ពេលហាត់។ ទន្ទឹមនឹងនេះរបបចំណីអាហារក៏ជារឿងមួយរួមផ្សំក្នុងការកាត់បន្ថយសារជាតិខ្លាញ់នៅក្នុងសរីរាង្គកាយផងដែរ។ ដើម្បី ហាត់ឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការសម្រកជាតិខ្លាញ់នៅត្រគាកលោកអ្នកគួរទទួលទានបន្លែឱ្យបានច្រើនជារៀងរាល់ថ្ងៃ។ លោកអ្នក អាចបរិភោគសាច់គោមួយសបា្ដហ៍២ដង ដែលមួយដងៗមានបរិមាណប្រមាណ២០០ក្រាម(២ខាំ)។ ចំពោះសាច់មាន់វិញ គួរកុំ បរិភោគស្បែកនិងខ្លាញ់ សាច់ដែលប្រសើរជាងគេគឺនៅបរិវេណដើមទ្រូង។ រីឯសាច់ត្រីវិញលោកអ្នកអាចបរិភោគបានគ្រប់ប្រភេទ ព្រោះខ្លាញ់ត្រីអាចរលាយនៅក្នុងខ្លួនរបស់លោកអ្នកបានដោយមិនបង្កឱ្យមានជាតិខ្លាញ់នៅក្នុងសរីរាង្គឡើយ។ ប្រសិនបើលោកអ្នក មិនអនុវត្ដឱ្យបានខ្ជាប់ខ្ជួននូវរបបអាហារឱ្យបានប្រសើរទេលោកអ្នកអាចនឹងមានការលំបាកបន្ដិចក្នុងការធ្វើឱ្យត្រគាកណែនក្លុំ។
អត្ថប្រយោជន៍នៃការហាត់កីឡាធ្វើឱ្យត្រគាកក្លុំ
សកម្មភាពផ្លូវកាយបានផ្ដល់អត្ថប្រយោជន៍ជាច្រើន ដល់សុខភាពរាងកាយ និងសតិអារម្មណ៍។ ការហាត់ប្រាណដើម្បីឱ្យ ត្រគាកក្លុំនេះមិនត្រឹមតែធ្វើឱ្យត្រគាកណែនស្រស់ស្អាតប៉ុណ្ណោះទេតែក៏អាចជួយឱ្យចលនាសរសៃឈាមរត់ស្រួលថែមទៀតផង។ លើសពីនេះក៏អាចបង្កើនកម្លាំងពលំ កម្លាំងសាច់ដុំ កែតម្រូវកាយវិការ ចង្វាក់នៃការដកដង្ហើមចេញចូលជួយបញ្ចេញជាតិពុលនៅ ក្នុងខ្លួន ជួយសម្រួលអារម្មណ៍ និងកាត់បន្ថយភាពតានតឹងអារម្មណ៍(លាងខួរក្បាល)ជាដើម។
ផលប៉ះពាល់នៃការហាត់កីឡាធ្វើឱ្យត្រគាកក្លុំ
ប្រសិនបើលោកអ្នកធ្វើការហាត់ប្រាណតាមក្បួនខ្នាត និងសម្ភារៈហាត់បានត្រឹមត្រូវនោះមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព រាងកាយទេ។ ប៉ុន្ដែចំពោះលោកអ្នកទើបតែចាប់ផ្ដើមហាត់ប្រាណជាលើកដំបូងចៀសមិនផុតពីការឈឺចុកចាប់ខ្លះៗនៅសាច់ដុំនៃរាង កាយនោះឡើយ។ នៅពេលលោកអ្នកជួបបញ្ហាទាំងនេះ គួរជ្រើសរើសយកប្រេងរឹតឬលាបនៅបរិវេណដែលឈឺ។ ដើម្បីកាត់បន្ថយ ការឈឺចុកចាប់នេះបានមួយកម្រិត លោកអ្នកគួរតែធ្វើសកម្មភាពហាត់មួយៗនិងតាមចង្វាក់លំដាប់លំដោយ។
ដំបូន្មានអ្នកប្រឹក្សា
លោកអ្នកគួរហាត់កីឡាជាប្រចាំ ព្រោះអាចធ្វើឱ្យរូបរាងស្រស់ស្អាត មាំមួន សុខភាពល្អ បញ្ចៀសជម្ងឺតម្កាត់ផ្សេងៗសរសៃ ឈាមរត់ស្រួល និងអារម្មណ៍ជ្រះថ្លា។ ជាពិសេសចំពោះក្មេងៗ និងយុវវ័យគួរកុំសេពគ្រឿងញៀន និងគ្រឿងស្រវឹងហើយបែរ មកហាត់ប្រាណឬកីឡាជំនួសវិញ ទើបប្រសើរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៧ ខែមេសា ឆ្នាំ២០០៨
Leave a Reply