បច្ចុប្បន្នមានប្រមាណជា៧២ភាគរយនៃអ្នកកើតជម្ងឺមហារីកបំពង់កបានមកពិគ្រោះ និងព្យាបាលជម្ងឺនៅដំណាក់កាល ធ្ងន់ធ្ងរ។ ដោយសារតែមានការធ្វេសប្រហែសពីបញ្ហាសុខភាពទើបធ្វើឱ្យអត្រាអ្នកស្លាប់ដោយសារជម្ងឺមហារីកបំពង់កមានចំនួនកើន ឡើងជារៀងរាល់ឆ្នាំ។ ជម្ងឺមហារីកបំពង់កជាប្រភេទជម្ងឺមួយក្នុងចំណោមជម្ងឺកាចសាហាវជាងគេចំនួន៣ដែលបច្ចុប្បន្នកំពុងរាត ត្បាតនៅក្នុងប្រទេសកម្ពុជា ហើយឱកាសជាសះស្បើយមានតិចតួចបំផុត។
លោកវេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានផ្នែកជម្ងឺមហារីកនៃមន្ទីរពេទ្យមិត្ដភាព ចូលខ្លួនមកបកស្រាយនូវចម្ងល់់ដែលទាក់ ទងនឹងជម្ងឺមហារីកបំពង់កជូនប្រិយមិត្ដអ្នកអានតាមរយៈទស្សនាវដ្ដី សុខភាពយើង។
ជម្ងឺមហារីកបំពង់ក
ជម្ងឺមហារីកបំពង់កសំដៅដល់ដុំសាច់មួយនៅក្នុងបំពង់ក ដែលរាលដាលធំឡើងយ៉ាងលឿនដោយមិនមានការគ្រប់គ្រងពី ប្រព័ន្ធសរីរាង្គ។ ជម្ងឺនេះមិនកើតនៅតែមួយកន្លែងនោះទេ វាអាចរាលដាលទៅសរីរាង្គផ្សេងៗទៀតដូចជាពីបំពង់ខ្យល់ទៅសួត ខួរក្បាល ថ្លើម ឆ្អឹងជាដើម រហូតដល់ធ្វើឱ្យលោកអ្នកបាត់បង់ជីវិតប្រសិនបើមិនមានការព្យាបាលទាន់ពេលវេលា។
ការរីករាលដាលនៃជម្ងឺមហារីកបំពង់ក
លោកអ្នកគួរចងចាំថា ប្រសិនបើជម្ងឺមហារីកបំពង់កនេះរីករាលដាលទៅដល់កោសិកាផ្សេងៗហើយនោះពាក្យថាព្យាបាលជាសម្រាប់ជម្ងឺនេះមិនមានទៀតឡើយ គឺមានតែរង់ចាំសេចក្ដីស្លាប់តែប៉ុណ្ណោះ។ ដោយឡែកបើជម្ងឺនេះទើបតែកើតឬកើតត្រឹម តែរាលដាលដល់កូនកណ្ដុរអាចព្យាបាលបាន មិនគ្រោះថ្នាក់ដល់ជីវិតហើយការចំណាយប្រាក់កាសក៏អស់តិចតួចដែរ។
- ប្រព័ន្ធទឹករងៃ ៖ នៅពេលដែលលោកអ្នកមានរបួស ឬដំបៅផ្សេងៗតែងតែឃើញមានទឹកថ្លាៗចេញមកខាងក្រៅដែល ហៅថាទឹករងៃ។ ចំពោះការរាលដាលជម្ងឺមហារីកបំពង់កដោយសារទឹករងៃ បង្កឡើងទៅជាកូនកណ្ដុរនៅបរិវេណករបស់លោក អ្នក។
- ចរន្ដឈាម ៖ មានសរសៃឈាមតូចៗជាច្រើនទៅចិញ្ចឹមដុំមហារីកបំពង់កដែលធ្វើឱ្យកោសិកានៃមហារីកដាច់តាមចរន្ដ ឈាមចូលទៅក្នុងសរសៃឈាមទាំងនោះ ហើយបង្កឱ្យសាយភាយទៅសរីរាង្គផ្សេងៗទៀត។ កន្លែងដែលងាយរាលដាលមុនគេនោះ គឺនៅសួត ព្រោះចរន្ដឈាមបរិវេណសួតដើរយឺតជាងគេដែលងាយធ្វើឱ្យកោសិកាមហារីកជាប់នៅបានយ៉ាងស្រួល។ បន្ទាប់មកវាអាច រាលដាលទៅខួរក្បាល ឆ្អឹង ឬសរីរាង្គដទៃទៀត។
វិធីសាស្ដ្រធ្វើរោគវិនិច្ឆ័យ
ប្រសិនបើលោកអ្នកសង្ស័យពីជម្ងឺមហារីកបំពង់ក គួរតែទៅធ្វើការពិនិត្យនៅមន្ទីរពេទ្យឱ្យបានត្រឹមត្រូវដើម្បីឱ្យគ្រូពេទ្យ ជំនាញច្រឹបសាច់ដែលដុះនោះពិនិត្យនៅឯមន្ទីរពិសោធន៍ ថាមានជម្ងឺមហារីកបំពង់កប្រភេទណា។ ជម្ងឺនេះមានចំនួន៥ប្រភេទខុសៗ គ្នា ក្នុងនោះមាន៩០ភាគរយជាប្រភេទជម្ងឺមហារីកបំពង់ក កាស៊ីណូមអេឌែមម៉ូអ៊ីន។ បន្ទាប់ពីរកប្រភេទជម្ងឺរួចគ្រូពេទ្យត្រូវពិនិត្យ សរីរាង្គកាយ ដើម្បីដឹងពីដំណើរ ឬដំណាក់កាលនៃជម្ងឺ ថាតើវាស្ថិតនៅដំណាក់កាលធ្ងន់ធ្ងរ ឬស្រាល។
រោគសញ្ញាជម្ងឺមហារីកបំពង់ក
ជម្ងឺមហារីកបំពង់កនៅដំណាក់កាលដំបូង គឺស្ទើរតែមិនមានរោគសញ្ញាទាល់តែសោះសូម្បីតែគ្រូពេទ្យជំនាញក៏ដោយ។ លុះដល់ពេលមានអាការធ្ងន់ធ្ងរបន្ដិច ទើបអាចដឹងពីរោគសញ្ញាខ្លះៗ ដូចជាមានដុះសាច់នៅបំពង់កដែលអាចធ្វើឱ្យកើតជាកូនកណ្ដុរ ភាគច្រើនមិនមានការឈឺចាប់ដូចកូនកណ្ដុរដែលបង្កពីជម្ងឺដទៃទៀតទេ។ ជម្ងឺនេះក៏អាចធ្វើឱ្យពេលខាកកំហាកមានលាយឈាម ហូរ ឈាមតាមច្រមុះ ជួនកាលមានដុំសាច់នៅក្បែរបំពង់សម្លេង ធ្វើឱ្យស្អកៗ ឬនិយាយមិនចេញនិងញ៉ាំចំណីអាហាររាងទើសៗ។
មូលហេតុបង្កជម្ងឺមហារីកបំពង់ក
ជម្ងឺមហារីកបំពង់កអាចកើតឡើងដោយសារតែការគ្មានអនាម័យក្នុងការរស់នៅប្រចាំថ្ងៃ និងខ្វះការយល់ដឹងពីអត្ថប្រ យោជន៍ ឬគុណវិបត្ដិនៃចំណីអាហារ។
- ការទម្លាប់ហូបចុកផ្ដេសផ្ដាស ៖ ភាគច្រើនចាស់ៗនៅតាមជនបទតែងយល់ឃើញថាការជក់បារីពិតជាមានផលប៉ះពាល់ ដល់សុខភាពរាងកាយពិតមែន។ តែចំពោះការជក់ថ្នាំជក់ដែលមូលជាមួយក្រដាសឬជាមួយស្លឹកសង្កែមិនមានប៉ះពាល់ដល់សុខភាព ឡើយ ការយល់បែបនេះគឺខុសទាំងស្រុង។ ការប្រើប្រាស់ថ្នាំជក់បែបនេះមានគ្រោះថ្នាក់ជាងការជក់បារីទៅទៀត ព្រោះគ្មានកន្ទុយ ស្នោដែលជាតម្រងទប់ស្កាត់សារធាតុជ័រនៃថ្នាំពោលការប្រើប្រាស់ថ្នាំជក់គ្រប់ប្រភេទសុទ្ធតែធ្វើឱ្យកើតជម្ងឺមហារីកបំពង់ក។ មិនត្រឹម តែថ្នាំជក់នោះទេ សូម្បីតែស្រា មិនថាជាស្រាថ្លៃ ថោកឬស្រាជាន់ធាងផ្អៀងខ្លួន(ទឹកត្នោតជូរ)គឺសុទ្ធតែអាចធ្វើឱ្យលោកអ្នកប្រឈម នឹងជម្ងឺមហារីកបំពង់កទាំងអស់។ ប្រសិនបើលោកអ្នកប្រព្រឹត្ដទាំងថ្នាំជក់និងស្រា កាន់តែធ្វើឱ្យលោកអ្នកមានគ្រោះថ្នាក់ជាងអ្នក ដែលមិនបានប្រព្រឹត្ដរហូតដល់២០ដង។
- ការខ្វះអនាម័យមាត់ធ្មេញ ៖ បច្ចុប្បន្នការសម្អាតមាត់ធ្មេញមានច្រើនតែនៅតាមទីក្រុងនិងទីប្រជុំជនមួយចំនួនតែប៉ុ ណ្ណោះ ចំណែកឯនៅតាមជនបទខ្លះ មិនសូវមានការសម្អាតមាត់ធ្មេញបានប្រសើរទេ។ ខណៈដែលលោកអ្នកមិនមានអនាម័យមាត់ ធ្មេញល្អ អាចធ្វើឱ្យមេរោគម្យ៉ាងឈ្មោះអេបស្ដែនបាវៃរើស (បែសតេិនបាររ្វិរុស) ដែលចូលចិត្ដរស់នៅក្នុងមាត់និងក្រពេញទឹក មាត់យូរៗទៅអាចធ្វើឱ្យរលាកបំពង់ក ហើយអាចឈានទៅកើតជម្ងឺមហារីកបំពង់កបានយ៉ាងងាយ។
- ការបង្កដោយតំណពូជ ៖ ប្រសិនបើលោកអ្នកមានឪពុកម្ដាយមានជម្ងឺមហារីកបំពង់កអាចធ្វើឱ្យលោកអ្នកប្រឈមនឹង ជម្ងឺនេះគ្រាន់តែក្នុងអត្រាត្រឹមតែ៥ភាគរយប៉ុណ្ណោះ។
ការព្យាបាលជម្ងឺមហារីកបំពង់ក
គ្រូពេទ្យជំនាញមានវិធីបីយ៉ាង ដើម្បីព្យាបាលជម្ងឺមហារីកបំពង់ក ដោយការប្រើវិធីវះកាត់ ការស្អំដោយកាំរស្មីនិងប្រើ ប្រាស់ថ្នាំគីមី។ មានករណីខ្លះការព្យាបាលអាចប្រើវិធីទាំងនេះក្នុងពេលតែមួយបាន អាស្រ័យលើស្ថានភាពជម្ងឺនិងទីតាំងដែលដុំសាច់ ដុះ។ មានករណីខ្លះមិនអាចប្រើវិធីវះកាត់បានទេ ព្រោះអ្នកជម្ងឺមានកើតកូនកណ្ដុរច្រើនពេកឬដុំសាច់ដុះនៅខាងក្នុងកន្លើត។ លោក អ្នកគួរចងចាំថា បើនៅក្នុងដំណាក់កាលដំបូងជម្ងឺមហារីកបំពង់កអាចព្យាបាលជាដោយប្រើវិធីវះកាត់យកដុំសាច់ចេញ។ បើក្នុង ដំណាក់កាលធ្ងន់ធ្ងរពិបាកព្យាបាល ភាគច្រើនអ្នកជម្ងឺអាចមានគ្រោះថ្នាក់ដល់ជីវិត។
ប្រការគួរប្រតិបត្ដិនៅពេលកើតជម្ងឺមហារីកបំពង់ក
លោកអ្នកគួរចៀសវាងការព្យាបាលដោយថ្នាំបុរាណផ្សេងៗ ព្រោះធ្វើឱ្យជម្ងឺនៅក្នុងដំណាក់កាលដំបូងទៅជាធ្ងន់ធ្ងររហូត មិនអាចជួយសង្គ្រោះបាន។ ត្រូវបំបាត់មូលហេតុដែលបង្កឱ្យកើតជម្ងឺមហារីកបំពង់ក ដូចជាបញ្ឈប់ការជក់បារីនិងការទទួលទាន ស្រាជាដើម។ មិនត្រូវតមអាហារ ដូចជាប្រភេទសាច់សត្វគោ ទា ឬគ្រឿងសមុទ្រនោះទេព្រោះធ្វើឱ្យរាងកាយរបស់លោកអ្នកកាន់ តែចុះខ្សោយ ដែលអាចជាឱកាសមួយសម្រាប់ការវិវត្ដន៍ជម្ងឺមហារីកបំពង់កបានលឿនជាពិសេសគួរតែអនុវត្ដតាមការណែនាំពីការ ទទួលទានអាហារ និងការព្យាបាលរបស់គ្រូពេទ្យ។
វិធីការពារជម្ងឺមហារីកបំពង់ក
ជម្ងឺមហារីកបំពង់កមិនមានវ៉ាក់សាំងការពារទេ តែលោកអ្នកអាចការពារជម្ងឺនេះបានតាមរយៈការបំបាត់មូលហេតុទាំង អស់ដែលបង្កជម្ងឺ។ ចំពោះលោកអ្នកមានឪពុកម្ដាយកើតជម្ងឺមហារីកបំពង់ក គួរមានការប្រុងប្រយ័ត្នឱ្យបានខ្ជាប់ខ្ជួនដោយឧស្សាហ៍ ទៅឱ្យគ្រូពេទ្យជំនាញពិនិត្យមើលបំពង់កក្រែងមានរោគសញ្ញាបញ្ជាក់ថាមានកើតជម្ងឺមហារីកបំពង់កនៅដំណាក់កាលដំបូង ដើម្បីរក វិធីព្យាបាលឱ្យបានទាន់ពេលវេលា។
ដំបូន្មានអ្នកប្រឹក្សា
លោកអ្នកគួរតែជ្រើសរើសមន្ទីរពេទ្យជាកន្លែងទីមួយ ដើម្បីព្យាបាលជម្ងឺផ្សេងៗ មុននឹងទៅរកសេវាកម្មថ្នាំបុរាណឬតាម ជំនឿអរូបីផ្សេងៗ។ ប្រសិនបើនៅបរិវេណករបស់លោកអ្នកមានឡើងកូនកណ្ដុរ ឬដុំសាច់នៅបំពង់កគួរប្រញាប់ទៅពិគ្រោះសុខភាព ជាមួយគ្រូពេទ្យជាបន្ទាន់ កុំបណ្ដែតបណ្ដោយយូរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៧ ខែមេសា ឆ្នាំ២០០៨
Leave a Reply