ពេលចូលឆ្នាំថ្មី មិនថាជាតិសាសន៍ណានោះទេ គឺជាឱកាសមួយសប្បាយរីករាយជាទីបំផុត។ សម្រាប់ប្រទេសកម្ពុជាវិញ ក៏ដូចគ្នាដែរ ជាពិសេសយុវជនយុវនារីព្រោះជាឱកាសមួយសម្រាប់ពួកគេជួបជុំគ្នាលេងកម្សាន្ដសប្បាយនូវល្បែងប្រជាប្រិយផ្សេងៗ និងជួបជុំគ្នាដើរកម្សាន្ដនៅតាមរមណីយដ្ឋាននានា។ ទន្ទឹមនឹងនេះលោកអ្នកក៏ត្រូវប្រុងប្រយ័ត្នចំពោះកត្ដាគ្រោះថ្នាក់ដែលអាចកើត មានឡើងក្នុងពេលសប្បាយរីករាយនោះ ដូចជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ សម្រស់ និងសុខភាពផងដែរ។
ទស្សនាវដ្ដី សុខភាពយើង សូមលើកយកបញ្ហាមួយចំនួនមកជម្រាបជូនប្រិយមិត្ដអ្នកអានដើម្បីជាការប្រុងប្រយ័ត្ននិង រំលឹកស្មារតីលោកអ្នកឱ្យមានការប្រុងប្រយ័ត្ន។
1 . សូមថែរក្សាសុខភាព
មិនថានៅទីណា ពេលវេលាណានោះទេ ការជ្រើសរើសចំណីអាហារមកទទួលទានជាប្រការសំខាន់ណាស់។ លោកអ្នកត្រូវ ទទួលទានអាហារប្រកបដោយអនាម័យ និងចម្អិនឱ្យបានឆ្អិនល្អ។ ក្នុងការទៅកម្សាន្ដនៅទីឆ្ងាយលោកអ្នកគួរជ្រើសរើសចំណីអាហារ ដែលចម្អិនបានឆ្អិនល្អ។ ចៀសវាងទទួលទានអាហារត្រាំមួយចំនួន ដូចជាស្វាយត្រាំអំពិលត្រាំជាដើមស្របជាមួយរដូវនេះជារដូវ ក្ដៅផង ធ្វើឱ្យលោកអ្នកងាយនឹងកើតជម្ងឺរាករូសបានយ៉ាងងាយ។ នៅមុនពេលចាប់កាន់ចំណីអាហារបរិភោគ កុំភ្លេចលាងសម្អាត ដៃទាំងពីរជាមុនផង។ សូមពិសាទឹកស្អាតឱ្យបានគ្រប់គ្រាន់។
2 . សូមថែរក្សាសម្ផស្សស្បែក
សម្រាប់បុរសមិនជាបញ្ហាចោទប៉ុន្មានឡើយ ប៉ុន្ដែសម្រាប់យុវនារីវិញជារឿងសំខាន់ណាស់។ មុនពេលចេញដំណើរទៅ កម្សាន្ដទោះនៅទីជិត ឬទីណាក្ដីក៏លោកស្រីអ្នកនាងមិនគួរភ្លេចរឿងថែរក្សាសម្ផស្សស្បែកនោះទេ។ ដោយសាររដូវនេះជារដូវក្ដៅ ផ្ទៃមុខរបស់លោកអ្នកនាងអាចនឹងជាំ ឬឡើងក្រហម ឬចេញជាជម្ងឺមុនផ្សេងៗបានដោយត្រូវកម្ដៅថ្ងៃ។ ដូចនេះដើម្បីចៀសវាងនូវ ប្រការទាំងនេះ មុនពេលចេញទៅដើរកម្សាន្ដ លោកអ្នកនាងត្រូវជ្រើសរើសប្រភេទឡេការពារកម្ដៅថ្ងៃដែលត្រូវនឹងស្បែករបស់ លោកអ្នកមកលាបលើស្បែកមុខ ឬស្បែកដងខ្លួន ដើម្បីការពារកុំឱ្យស្បែកឡើងជាំនិងមានភាពជ្រីវជ្រួញ។ លើសពីនេះ លោកស្រី អ្នកនាងគប្បីគ្របដណ្ដប់ស្បែកឱ្យបានជិតៗ ដោយពាក់អាវដៃវែងនិងត្រូវមានមួកពាក់សម្រាប់ការពារកម្ដៅថ្ងៃផង។ ក្នុងពេលកំពុង ហត់នឿយ លោកស្រីអ្នកនាងមិនគួរលុបលាងស្បែកមុខភ្លាមៗឡើយព្រោះអាចធ្វើឱ្យផ្ទៃមុខឡើងក្រហម ឬជាំបាន។
3 . សូមប្រុងប្រយ័ត្នក្នុងពេលធ្វើដំណើរ ឬបើកបរ
ក្នុងរយៈពេលបុណ្យចូលឆ្នាំថ្មី មន្ដ្រីរាជការ បុគ្គលិកបម្រើការនៅតាមស្ថាប័ននានា កម្មករនិងសិស្សនិស្សិតត្រូវបានឈប់ សម្រាក។ តាំងពីមុនពេលថ្ងៃបុណ្យប៉ុន្មានថ្ងៃ ចរាចរណ៍នៅតាមផ្លូវជាតិនានាមានសភាពមមាញឹកជាខ្លាំងព្រោះជាពេលដែលគេ ធ្វើដំណើរចេញពីទីក្រុង ដើម្បីទៅដើរកម្សាន្ដនៅទីរមណីយដ្ឋានឆ្ងាយៗផងនិងជាពេលវេលាដែលបងប្អូនជនរួមជាតិខ្មែរត្រូវចេញពី ទីក្រុង ដើម្បីត្រឡប់ទៅជួបជុំញាតិមិត្ដ មាតាបិតា និងក្រុមគ្រួសារនៅតាមបណ្ដាខេត្ដនានា។
ជារៀងរាល់ឆ្នាំ គេតែងសង្កេតឃើញមានគ្រោះថ្នាក់ចរាចរនៅលើដងផ្លូវក្នុងកំឡុងពេលនេះ ជួនគ្រោះថ្នាក់ដល់ជីវិតជួន របួស និងពិការមួយជីវិតផងក៏មាន។ ដើម្បីចៀសវាងគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុនោះ សូមលោកអ្នកជាពិសេសអ្នកបើក បរយានយន្ដទាំងឡាយ សូមមានការប្រុងប្រយ័ត្ន។ ត្រូវចេះអត់ឱននិងយោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ព្រោះគ្រោះថ្នាក់ ចរាចរណ៍ច្រើនបណ្ដាលមកពីការបើកបរមិនយោគយល់គ្នាផង និងត្រូវគោរពច្បាប់ចរាចរណ៍ផង។ សូមធ្វើដំណើរដោយសន្សឹមៗ សមដូចពាក្យចាស់ថា ” សន្សឹមៗកុំបំបោរ ក្រែងពុំដល់ដូចប្រាថ្នា” ឬ“សូមកុំពិសាស្រាក្នុងពេលបើកបរ បើបើកបរសូមកុំពិសាស្រា”។ ប្រសិនបើលោកអ្នកបើកបរម៉ូតូ លោកអ្នកមិនត្រូវភ្លេចប្រើមួកការពារសុវត្ថិភាពឡើយ។
4 . សូមប្រុងប្រយ័ត្នក្នុងពេលលេងល្បែងកម្សាន្ដ
នៅក្នុងឱកាសជួបជុំគ្នានេះ ជាពិសេសយុវជនយុវនារីនាំគ្នាលេងល្បែងប្រជាប្រិយក្រុមខ្លះចូលចិត្ដរាំច្រៀងយ៉ាងសប្បាយ រីករាយ ដោយគ្មានចាស់ទុំណាហាមឃាត់ឡើយ។ នៅតាមភូមិស្រុក ឬតាមទីវត្ដអារាមនានាពួកគេមិនមែនលេងសប្បាយតែបីថ្ងៃ ក្នុងកំឡុងបុណ្យប៉ុណ្ណោះទេ។ ពួកគេលេងនៅមុន និងក្រោយប៉ុន្មានថ្ងៃបុណ្យទៀតផង។ ក្នុងពេលលេងល្បែងទាំងនេះ មិត្ដយុវវ័យ ទាំងឡាយគួរគប្បីប្រកាន់ខ្ជាប់វិន័យរបស់ល្បែងឱ្យបានខ្ជាប់ខ្ជួន ត្រូវមានការយោគយល់គ្នានិងគោរពគ្នាទៅវិញទៅមកតាមលក្ខណៈ ប្រពៃណីទើបលទ្ធផលនៃការកម្សាន្ដសប្បាយរបស់លោកអ្នកមិនប្រែក្លាយជាសេចក្ដីទុក្ខបុកម្នេញ។
- ល្បែងប៉ាតម្សៅ ៖ ល្បែងនេះមិត្ដយុវវ័យមិនគួរលេងឡើយ ព្រោះវាមិនមានផលចំណេញឡើយម្យ៉ាងវាមិនមែនជា ល្បែងប្រជាប្រិយរបស់ខ្មែរយើងផង។ ផ្ទុយទៅវិញ គេតែងតែសង្កេតឃើញយុវតីត្រូវរងការកេងចំណេញពីភាគីខាងបុរសដោយពេល ខ្លះបន្លំបេះក្រវិល ជួនអាចក្លាយជារឿងទាស់ទែងគ្នាផងក៏មាន។
- ល្បែងជះទឹក ៖ ល្បែងប្រភេទនេះត្រូវបានហាមឃាត់ ព្រោះវាជាល្បែងមួយប្រកបដោយគ្រោះថ្នាក់។ ការលេងប្រព្រឹត្ដ ទៅក្នុងរូបភាពជះទឹកទៅលើអ្នកដែលកំពុងធ្វើដំណើរដោយយានយន្ដនៅលើដងផ្លូវ។ មិនត្រឹមតែប៉ុណ្ណោះមានអ្នកខ្លះគប់ ឬគ្រវែង ថង់ទឹក ជួនជាទឹកកខ្វក់ទៅលើអ្នកកំពុងធ្វើដំណើរជួនបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងររហូតដល់អាយុជីវិតផងដែរ។
ដំបូន្មាន
ចូលឆ្នាំជាឱកាសមួយដ៏វិសេសវិសាលសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប មិនថាក្មេង ឬចាស់។ សូមប្រជាពលរដ្ឋខ្មែរ ទាំងអស់ សប្បាយអបអររីករាយក្នុងឆ្នាំថ្មី ជម្រះនូវមន្ទិលសៅហ្មងទាំងឡាយ ដែលមាននៅក្នុងឆ្នាំចាស់និងត្រៀមទទួលយកភាព ជោគជ័យនៅក្នុងឆ្នាំថ្មីគ្រប់ៗគ្នា។ លោកអ្នកមិនត្រូវធ្វើឱ្យការសប្បាយរីករាយក្នុងពេលនេះប្រែក្លាយជាភាពអំពល់ទុក្ខដល់់ក្រុម គ្រួសារលោកអ្នកឡើយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៧ ខែមេសា ឆ្នាំ២០០៨
Leave a Reply