គិត​ច្រើន មិន​ចម្រើន​អាយុ

ការគិត​របស់​មនុស្ស​យើងមាន​លក្ខណៈ​មិនដូច​គ្នាឡើយ។ ការគិត​ច្រើន​ហួស​ហេតុ​ពេកអាច​ធ្វើឱ្យ​មានផល​វិបាក​ចំពោះ​ខ្លួន ឯង ព្រោះនាំ​ឱ្យ​អារម្មណ៍​សោក​សៅ និងមាន​ភាពតាន​តឹង។ ដើម្បី​សម្រួល​មិនឱ្យ​គិត​ច្រើន​លោកអ្នក​គួរតែ​រក​ដំណោះ​ស្រាយមួយ​ដ៏ ប្រសើរ​មក​អនុវត្ដន៍ ព្រោះ​កាលណា​ទុកកាន់​តែយូរ​អាច​ក្លាយជា​បញ្ហា​ធ្ងន់ធ្ងរ​បាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោកស្រី​វេជ្ជ​បណ្ឌិត ចក ធីតា​ឯកទេស​វិកល​វិទ្យា​បានចូល​ខ្លួនមក​បកស្រាយ​នូវរឿង​ដែល​ពាក់​ព័ន្ធនឹង​ការគិត​ច្រើន​ជូន លោកអ្នក​បាន​ជ្រាប​តាមរយៈ​ទស្ស​នាវដ្ដី សុខភាពយើង។

ស្ថាន​ភាពគិត​ច្រើន

គិតច្រើន​ជាកង្វល់​ដែល​ពាក់ព័ន្ធ​នឹង​ការងារ បញ្ហា​គ្រួសារ​ឬ​បញ្ហា​ផ្សេងៗ​ទៀត​ដែល​បណ្ដាល​ឱ្យគិត​ច្រើន​ដោយ​សារដោះ ស្រាយ​មិនចេញ ឬ​ពិបាក​ដោះ​ស្រាយ។ បញ្ហា​នៃកង្វល់​អាចមក​ពីកង្វះ​ការ​ទទួល​ខុសត្រូវ​និងមិន​យល់ចិត្ដ​គ្នារវាង​អ្នកនៅ​ជុំវិញ​ខ្លួន។ បញ្ហានេះ​ច្រើន​កើតលើ​លោកអ្នក​ដែល​ឧស្សាហ៍​ឬ​ព្យាយាម​នឹង​ការងារ​ឬជា​មនុស្ស​យកចិត្ដ​ទុកដាក់​ជាមួយ​អ្នក​ដទៃ​ជាដើម។

មូល​ហេតុ​ដែល​នាំឱ្យ​គិតច្រើន

គ្មាន​នរណា​ម្នាក់​លើ​លោកនេះ​មិនចេះ​គិត ឬ​គ្មាន​រឿង​ដែលត្រូវ​គិតនោះ​ទេ​គ្រាន់តែ​តិចឬ​ច្រើនទៅ​តាមស្ថាន​ភាពជាក់​ស្ដែង តែ​ប៉ុណ្ណោះ។ បញ្ហា​ចម្បង​ដែលធ្វើ​ឱ្យ​លោកអ្នក​តែងតែ​ជួប និងគិត​ជា​ប្រចាំ​នោះមាន​ដូចជា ៖

  • បញ្ហា​គ្រួសារ ៖ គ្មានអ្វី​ពិបាក​ដោះ​ស្រាយ​ជាងរឿង​នេះទេ​ព្រោះ​បញ្ហា​គ្រួសារ​ស្មុគ​ស្មាញ​ដោះស្រាយ​មិនចេះ​ចប់មិ​នេចេះ ហើយ។ រឿងរ៉ាវ​នេះហើយ​ដែលធ្វើ​ឱ្យ​លោកអ្នក​មួយ​ចំនួន​ស្មុគ​ស្មាញ​រហូត​ដល់​ក្លាយជា​មាន​វិបត្ដិ។
  • បញ្ហា​ការងារ សង្គម​បច្ចុប្បន្ន​បញ្ហា​ការងារ និង​គ្រួសារ​ដើរ​ទន្ទឹមគ្នា។ ការងារ​មានច្រើន​យ៉ាងខុស​ៗគ្នា​ការងារ​មួយចំនួន ទាមទារ​ការត្រិះ​រិះ​ពិចារ​ណាឱ្យ​បាន​ម៉ត់ចត់ ម្ល៉ោះ​ហើយ​ទើប​លោកអ្នក​ចាំបាច់​ត្រូវប្រើ​ការគិត​ច្រើន​ដែលជួន​កាលគិត​ហួស​កម្រិត​ធ្វើឱ្យ មាន​បញ្ហា។ សម្ពាធ​ការងារ​ធ្ងន់ធ្ងរ បរិស្ថាន​កន្លែង​ធ្វើការ​មិន​ប្រសើរ គ្មាន​ទំនាក់​ទំនង​មិត្ដរួម​ការងារ​សុទ្ធតែ​ជាដើម​ចមនៃ​ការគិត។
  • បញ្ហា​សេដ្ឋកិច្ច ៖ ប្រាក់​ចំណូល​មាន​កម្រិត​តិចតួច​មិនសម​ស្របនឹង​តម្រូវ​ការ​ចំណាយ​បានក្លាយ​ជា​ប្រធាន​បទ​ចម្បង​ក្នុង ការគិត ព្រោះថា​បើមិន​មានប្រាក់​គ្រប់​គ្រាន់ នោះ​គ្រប់​ចង្វាក់នៃ​ការរស់​នៅត្រូវ​រាំងស្ទះ ឬ​ខកខាន។
  • បញ្ហា​សង្គម ៖ សង្គ្រាម អសន្ដិ​សុខ គ្រោះ​មហន្ដ​រាយ និងគ្រោះ​ធម្មជាតិ​បានធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋា​មាន​កង្វល់​នៅក្នុង​ចិត្ដ ភ័យខ្លាច​គ្រប់​ពេល​វេលា។ នេះក៏​ជាមូល​ហេតុនាំ​ឱ្យមាន​ការគិត​ច្រើនដែរ។ បញ្ហា​សង្គមក៏​អាចធ្វើ​ឱ្យប្រ​ជាពល​រដ្ឋក្លាយ​ទៅជា​អ្នក ជម្ងឺផ្លូវ​ចិត្ដដោយ​មិនដឹង​ខ្លួន។
រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ព្យាបាល​ការគិត​ច្រើន

ដើម្បី​បញ្ចៀស​ការគិត​ទាំងនេះ លោកអ្នក​ត្រូវតែ​ហ៊ាន​ទទួល​យកអ្វី​ដែលជា​ការពិត​ចំពោះ​ខ្លួនឯង​និងអ្ន​ដែលនៅ​ជុំវិញ​ព្រោះ​គ្មានអ្នក​ណាដឹង​អ្វីដែល​ពិត​ប្រាកដ​ជាង​លោកអ្នក​ខ្លួនឯង​ឡើយ។ ប្រសិន​ជាអាច​គិត​បែបនេះ​បាននោះ​លោកអ្នក​ប្រាកដ​ជាទទួល ជោគ​ជ័យ​សម្រាប់​អ្វី​កំពុង​តែ​ប្រតិ​បត្ដិ ជា​ពិសេស​អាច​បំបាត់​នូវការ​គិតច្រើន​ទៀតផង។ ម្យ៉ាង​ទៀត​លោកអ្នក​មិនត្រូវ​ទុកចិត្ដ​អ្នក​ដទៃ ច្រើន​ជាងខ្លួន​ឯងនោះ​ទេ ព្រោះ​អាចមាន​វិប្បដិ​សារី​នៅពេល​ក្រោយ។ ប្រការ​មួយទៀត​លោកអ្នក​គួររក​ពេល​សម្រាក​ពីការ​សិក្សា ឬ​ការងារ​ទៅ​លម្ហែ​កម្សាន្ដខ្លះ ទើប​ជួយ​កាត់​បន្ថយ​នូវការ​គិតច្រើន​បាន។ សំខាន់​លោកអ្នក​ត្រូវ​ហ៊ាន​ប្រឈម​មុខនឹង​ការពិត និងរក​វិធី ដោះ​ស្រាយ​បញ្ហា​ដោយ​សន្ដិ​វិធី។ ការ​តវ៉ា​យក​ចាញ់​យក​ឈ្នះ និងគិត​ច្រើន​ឬគិត​ផ្ដេស​ផ្ដាស​វាមិន​បានរីក​ចម្រើន​អ្វីឡើយ។

ផល​វិបាក​នៅពេល​គិត​ច្រើន

ការគិត​ច្រើន​អាចធ្វើ​ឱ្យ​លោកអ្នក​មួយ​ចំនួន​ទៅ​ជាអ្នក​ជម្ងឺ​ផ្លូវចិត្ដ។ ការធ្វើ​អត្ដឃាត​ចំពោះ​ខ្លួនឯង​គឺដោយ​សារ​ពិបាក​ក្នុង អារម្មណ៍ ឬ​ឬចាក​ចេញពី​ផ្ទះ និង​បង្ក​ជម្លោះ​ជាមួយ​អ្នក​ដទៃ​ជាដើម។ លោកអ្នក​មាន​ទឹកមុខ​ស្រពាប់​ស្រពោន​និងកាយ​វិការ​សោះ អង្គើយ​ជាមួយ​អ្នកនៅ​ជុំវិញ​ខ្លួន​រហូត​ដល់​និយាយ​មិនចេញ​ទៀតផង។ បើ​លោកអ្នក​មិនព្រម​បោះបង់​នូវការ​គិតច្រើន​នោះទេ ការ​ពិបាក នឹងត្រូវ​ធ្លាក់មក​លើខ្លួន​ឯង​ដដែល។

វិធី​ទប់ស្កាត់​ការគិត​ច្រើន

ខាង​ក្រោមនេះ​ជាវិធី​ទប់​ស្កាត់​មួយដ៏​ល្អ​បំផុត​ចំពោះ​លោកអ្នក រឿងរ៉ាវ​ដែល​ពាក់ព័ន្ធ​និងការ​គិត​ផ្សេងៗ។

  • គួរយក​បញ្ហា​មកដោះ​ស្រាយ ចៀស​វាង​ការលាក់​ទុក ប្រសិន​បើលោក​អ្នកអាច​ធ្វើទៅ​បាន
  • ពិភាក្សា​ជាមួយ​ដៃគូ ដែលអាច​ទុកចិត្ដ​បាន
  • ត្រូវគិត​ថាអ្នក​ណាក៏​មាន​បញ្ហា​ដែរ មិនអាច​ចៀស​បាន​ឡើយ
  • មិនត្រូវ​ធ្វើអ្វី​ឱ្យអ្នក​នៅ​ជុំវិញ​ខ្លួន​មើល​ងាយ ឬវាយ​តម្លៃ​លោកអ្នក​បាន​(និយាយ​ច្រើន ឆាប់ទុក​ចិត្ដអ្នក​ដទៃ)
  • មិនត្រូវ​មើល​មនុស្ស​ក្នុងផ្លូវ​ល្អពេក​ឡើយ ព្រោះ​អាចមាន​បញ្ហា​នៅពេល​ក្រោយ នាំឱ្យ​ខកចិត្ដ
  • សហ​ការ និងបង្កើត​ភាព​ស្និទ្ធ​ស្នាល​ជាមួយ​អ្នកនៅ​ជុំវិញ​ខ្លួន
  • ចៀស​វាង​ទំនាស់​ឱ្យបាន​ច្រើន​បំផុត
  • ធ្វើ​លំហាត់​ប្រាណ​ឱ្យបាន​ច្រើន
  • បែងចែក​ពេល​វេលា​ក្នុងការ​ដើរ​កម្សាន្ដ
  • ត្រូវ​ប្រុង​ប្រយ័ត្ន​ពាក្យ​សម្ដី​ដែលអ្នក​ដទៃ​និយាយ​មកកាន់​ខ្លួន ព្រោះមាន​អ្នកខ្លះ​មាន​បំណង​ល្អ​ចំពោះ​យើង​ហើយ​ក៏មាន អ្នកខ្លះ​មិនល្អ​ផងដែរ។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

គិត​ច្រើន​ធ្វើឱ្យ​លោកអ្នក​មួយ​ចំនួន​មានការ​លំបាក​ក្នុង​អារម្មណ៍ រហូត​អាចទៅ​ជាគិត​ខ្លី។ ហេតុ​ដូចនេះ​លោកអ្នក​គួរគិត​ថា កើតមក​ជា​មនុស្ស​ត្រូវតែ​ជួបទាំង​រឿង​ល្អទាំង​រឿង​អាក្រក់។ ដើម្បី​កាត់​បន្ថយ​បញ្ហា​គិត​ច្រើន​លោកអ្នក​គប្បី​ធ្វើ​ដំណោះ​ស្រាយ​ចំពោះ ខ្លួនឯង​ជាមុន​សិន ទើបដោះ​ស្រាយ​ជាមួយ​អ្នក​ដទៃ​បាន​សម្រេច។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៧ ខែមេសា ឆ្នាំ២០០៨

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *