ច័ន្ទ សុផានី រវល់​តែ​គួរ​ឆ្លៀត​ថែទាំ​សុខភាព

ច័ន្ទ សុផានី ជា​ពិធី​ការិនី​មួយ​ដួង​ដែល​មាន​រូប​សម្ផស្ស​ដ៏​ស្រស់​សោភា​និងមាន​កេរ្ដិ៍​ឈ្មោះ​ល្បី​ល្បាញ​គួរ​សមនៅ​ស្ថានីយ ទូរ​ទស្សន៍​ប៉ុស្ដិ៍​លេខ៥។ រូប​សម្រស់​របស់​សុផានី មិន​ចាញ់​តារា​សម្ដែង​ដទៃ​ទៀត​ឡើយ។ ក្រៅពី​ធ្វើជា​ពិធី​ការិនី​សុផានី​ក៏​ជាអ្នក​ដឹក នាំកម្ម​វិធីដ៏​ច្រើន​ផងដែរ ជា​ហេតុ​ធ្វើឱ្យ​សុផានី​មានការ​មមា​ញឹក​ខ្លាំង។ ភាពហត់​នឿយ​ទាំងនេះ​មិនបាន​ធ្វើឱ្យ​សុផានី​មានការ​ធ្វេស ប្រហែស​ក្នុងការ​ថែទាំ​សុខភាព​រាងកាយ ក៏ដូច​ជាការ​ថែរក្សា​សម្រស់​របស់​កញ្ញា​ឡើយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សុផានី​មានភាព​រីករាយ​ខ្លាំង​ណាស់​ក្នុងការ​ទម្លាយ​អាថ៌​កំបាំង ពីការ​ថែរក្សា​សុខភាព​រាងកាយ​ក៏​ដូចជា​ការ​ថែរក្សា​សម្រស់ ជូន​ប្រិយ​មិត្ដ​អ្នកអាន​ឱ្យបាន​ដឹង​តាមរយៈ​កិច្ច​សម្ភាសន៍​ជាមួយ​ទស្ស​នាវដ្ដី សុខភាពយើង។

ប្រវត្ដិ​មុនឈាន​ជើង​ចូល​សិល្បៈ

ដំបូង​ឡើយ​សុផានី​ជា​សិស្ស​រៀនថ្នាក់​ទី១២ នៅ​វិទ្យាល័យ​ច្បារ​អំពៅ​រួចក៏​បាន​បន្ដការ​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​ជាតិ គ្រប់គ្រង។ ស្រប​ពេល​កំពុង​តែ​សិក្សា ក៏បាន​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ឥណ្ឌូ​ចិន។ សុផានី​បាន​ធ្វើការ​នៅ​ក្រុមហ៊ុន និង​បានធ្វើ ការជា​អ្នកថត​ខ្សែ​ភាពយន្ដ​ឱ្យ​មណ្ឌល​ព័ត៌មាន​ស្ដ្រី​កម្ពុជា។ ដោយ​សារ​ការងារ​របស់​សុផានី​យ៉ាង​សកម្ម​ក៏បាន​ធ្វើឱ្យ​ខាង​ស្ថានីយ ទូរ​ទស្សន៍​ប៉ុស្ដិ៍​លេខ៥​មានការ​ចាប់​អារម្មណ៍​មកលើ​សុផានី។ បច្ចុប្បន្ន​នេះ​សុផានី​ជា​ពិធី​ការិនី​នៅ​ស្ថានី​យទូរ​ទស្សន៍​ប៉ុស្ដិ៍​លេខ៥។

ការ​ថែរក្សា​រូប​សម្រស់

  • ការ​ថែរក្សា​សក់ រាល់​ពេល​ទំនេរ សុផានី​បានយក​ពងមាន់​ដោយ​យកតែ​ផ្នែកស​មក​លាយ​ជាមួយ​ស្រាបៀរ​មក​អប់​សក់ ក្រោយ​ពីកក់​សក់រួច។ ដោយ​ផ្អាប់ទុក​១៥​នាទី បន្ទាប់​មកទើប​លាង​សម្អាត​សក់វិញ។ ក្នុង​រយៈពេល​៣ថ្ងៃ​សុផានី​ត្រូវកក់​សក់ម្ដង ដោយ​ជ្រើស​រើស​យក​សាប៊ូ​ដែល​ត្រូវ​ជាមួយ​សរសៃ​សក់ និង​ស្បែក​ក្បាល។
  • ការ​ថែរក្សា​ភ្នែក រាល់​ពេល​ចេញទៅ​ខាង​ក្រៅ សុផានី​ត្រូវ​ពាក់វ៉ែន​តាខ្មៅ​ដើម្បី​ការពារ​ភ្នែកពី​ពន្លឺថ្ងៃ​និង​ការពារ​ភ្នែក ពី​ធូលី​ដី ព្រោះ​ខ្លាចភ្នែក​មាន​បញ្ហា។ សុផានី​យល់ថា​សុខភាព​ភ្នែក​សំខាន់​ណាស់​សម្រាប់​មើល​ឃើញ​របស់​វត្ថុអ្វី​មួយ​នៅជិត ឬនៅ ឆ្ងាយ។
  • ការ​ថែរក្សា​រោម​ចិញ្ចើម រោមភ្នែក និង​បបូរ​មាត់ នៅពេល​ចូល​កម្ម​វិធី សុផានី​មិន​កោរ​រោម​ចិញ្ចើម​ទេ ព្រោះ​សុផានី​ស្រឡាញ់​រោម​ចិញ្ចើម​ក្រាស់ គ្រាន់តែ​យក​ប្រដាប់​គូស​មក​គូស​តុបតែង​លើ​ចិញ្ចើម​តែ​ប៉ុណ្ណោះ។ ចំពោះ​រោមភ្នែក​សុផានី​ក៏ ស្រឡាញ់​រោម​ភ្នែក​វែងង ហើយ​ក្រាស់​ដែរ។ នៅពេល​ឡើងឆាក ឬចូល​កម្មវិធី​សុផានី​យកម៉ា​ស្ការ៉ា​មកលាប​ពីលើ​រោមភ្នែក​ហើយ ពត់ឱ្យ​ង។ នៅពេល​ត្រឡប់​មកពី​កម្ម​វិធី​វិញ សុផានី​ត្រូវយក​សំឡី​ជ្រលក់​ទឹកមក​ជូតរោម​ភ្នែក​ថ្នមៗ​ព្រោះ​ខ្លាច​រោមភ្នែក​ជ្រុះច្រើន។ រីឯ​បបូរ​មាត់ សុផានី​យក​ក្រែម​ដែលមាន​ជាតិ​រលោង​មក​លាប​រាល់ពេល​ទំនេរ និង​ពេល​ឡើងឆាក​ដើម្បី​កុំឱ្យ​បបូរ​មាត់​ប្រេះ និង​ស្ងួត។
  • ការ​ថែរក្សា​ធ្មេញ សុផានី​យកចិត្ដ​ទុកដាក់​ខ្លាំង​ណាស់ ចំពោះ​ការ​អនាម័យ​ធ្មេញ។ សុផានី​យល់ថា​បើមាន​មាត់​ធ្មេញ មិនល្អ ធ្វើឱ្យ​ខ្លួនឯង​មិនមាន​សេចក្ដី​សុខ ហើយ​មាន​អារម្មណ៍​ខ្មាសអ្នក​ដទៃ​និង​ពិបាក​ធ្វើការ​ប្រា​ស្រ័យ​ទំនាក់​ទំនង​ការងារ។ ក្នុង១ថ្ងៃ សុផានី​ត្រូវ​សម្អាត​ធ្មេញ​៣ដង ហើយ​រយៈពេល​៦ខែ​សុផានី​ត្រូវទៅ​មន្ទីរ​ពេទ្យ​ពិនិត្យ​សុខភាព​មាត់​ធ្មេញ​ម្ដង​ព្រោះ​ខ្លាច​ធ្មេញ​មាន បញ្ហា។
  • ការថែរក្សាស្បែកមុខ នៅពេល​ទំនេរ សុផានី​មិនដែល​ប្រើ​ផលិត​ផលអ្វី​លាប​នៅលើ​ផ្ទៃមុខ​ទេ​ព្រោះ​សុផានី​ចូល​ចិត្ដ​បែប​ធម្ម​ជាតិ ហើយ​ស្បែក​មុខ​របស់​សុផានី​មាន​ជាតិ​សំណើម​ពី​ធម្មជាតិ។ សុផានី​តុបតែង​មុខនៅ​ពេល​ណាដែល​ឡើងឆាក​ឬចូល រួមក្នុង​វិធី​ផ្សេងៗ​តែ​ប៉ុណ្ណោះ។ ស្បែក​មុខ​របស់​សុផានី​មិនដែល​មាន​ប្រតិកម្ម​អ្វីឡើយ ព្រោះ​នៅពេល​ចប់កម្ម​វិធី​សុផានី​តែងតែ​លុប លាង​សម្អាត​មុខចេញ​ភ្លាម ព្រោះ​សុផានី​មិន​ចូលចិត្ដ​ទុកម្សៅ​នៅលើ​ផ្ទៃមុខ​យូរទេ។
  • ការ​ថែរក្សា​ស្បែកដង​ខ្លួន នៅពេល​ទំនេរ សុផានី​ចូលចិត្ដ​ស្ទីមខ្លួន ដើម្បី​ជួយឱ្យ​ស្បែក​ស្អាត។ ជួន​កាល​សុផានី​ខាត់​ស្បែក ដោយ​ប្រើ​ម្នាស់​មកខាត់​ឱ្យសព្វ​នៅលើ​រាងកាយ ដោយ​ប្រើ​រយៈពេល​១៥​នាទី ទើប​លាង​ជម្រះ​សម្អាត​ខ្លួន។ សុផានី​ចូលចិត្ដ​ថែទាំ ស្បែក​តាម​បែប​ធម្មជាតិ ដោយ​កម្រ​នឹង​ប្រើប្រាស់​ផលិត​ផល​គីមី​ណាស់។
  • ការ​ថែរក្សា​ក្រចក​ដៃជើង ដោយ​មានការ​មមា​ញឹក​នឹងការ​ងារ​ច្រើន​ធ្វើឱ្យ​សុផានី​ពុំមាន​ពេល​ថែរក្សា​ក្រចក​ដៃជើង​ទេ។ ជា​ហេតុ​ធ្វើឱ្យ​សុផានី​ត្រូវកាត់​ក្រចក​ដៃជើង​ឱ្យខ្លី ហើយ​នៅពេល​ដែលចូល​កម្មវិធី​សុផានី​ក៏មិន​ពាក់​ក្រចក​សិប្ប​និម្មិត​ដែរ។ សុផានី មិន​ចូលចិត្ដ​លាប​ពណ៌​ក្រចក ឬគូស​ជាម៉ូត​ផ្កានៅ​លើ​ក្រចក​ឡើយ។

ការ​ថែរក្សា​សុខភាព​រាង​កាយ

ក្នុង​អាជីព​ជាពិធី​ការិនី និងជា​អ្នកដឹក​នាំ​កម្ម​វិធី​ជាច្រើន​នៅ​ស្ថានី​យទូរ​ទស្សន៍​ប៉ុស្ដិ៍​លេខ៥​បានធ្វើ​ឱ្យ​សុផានី​មានការ​ហត់ នឿយ​យ៉ាង​ច្រើន។ ជាហេតុ​ធ្វើឱ្យ​សុផានី​មានការ​ព្រួយ​បារម្ភ​ចំពោះ​សុខភាព និង​សម្រស់ ខ្លាច​ធ្លាក់ចុះ។ ទោះបី​ជាមមា​ញឹក​ជុំវិញ អាជីព​ការងារ​ខ្លាំងយ៉ាង​ណាក្ដី ក៏​សុផានី​ត្រូវតែ​មានការ​ព្យា​យាមថែ​ទាំ​សុខភាព និង​សម្រស់​ដែរ។ សុផានី​មិន​បណ្ដោយ​ឱ្យ​សម្រស់ បាត់បង់​ទៅតាម​អាយុ​កាលទេ។ សុផានី​ញ៉ាំ​បាយ​ទៀងទាត់​៣ដង​ក្នុង​១ថ្ងៃ​និង​ទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​វីតាមីន​គ្រប់គ្រាន់ ដើម្បី​ជួយ​បំប៉ន​ដល់​រាងកាយ​មាំមួន។

បំណង​ទៅថ្ងៃ​អនាគត

អាជីព​ជា​ពិធី​ការិនី និងជា​អ្នកដឹក​នាំ​កម្ម​វិធី ពិតជា​ធ្វើឱ្យ​មានការ​ហត់នឿយ​ខ្លាំង​ណាស់។ ភាព​មមាញឹក​ទាំងនេះ​មិន​បាន​ធ្វើឱ្យ​សុផានី​ចង់​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​ឡើយ​ទៅថ្ងៃ​អនាគត ព្រោះ​វិស័យ​សិល្បៈ​គឺជា​បំណង​មួយ​របស់​សុផានី​កញ្ញា​នៅតែ​បន្ដ​អាជីព នេះ​រហូត ប្រសិន​មាន​ទស្ស​និកជន​ច្រើន​គាំទ្រ។ ចំពោះ​ពេល​អនាគត សុផានី​ចង់មាន​មុខ​របរ​ធ្វើ​ជំនួញ​មួយទៀត​ប៉ុន្ដែ​នៅពេល​នេះ សុផានី​សុំលាក់​ទុកសិន។

បណ្ដាំ​ផ្ញើ​របស់​សុផានី

ទោះជា​លោកអ្នក​រវល់​នឹងការ​ងារ​ច្រើន​យ៉ាង​ណាក្ដី លោកអ្នក​គួរឆ្លៀត​ពេល​លៃលក​ថែទាំ​សុខភាព​ផង​ទើបអ្វី​ៗចាប់​ផ្ដើម ដំណើរ​ការជា​ក្រោយ។ សម្រាប់​សុភាព​នារី ដែលចង់​បាន​សម្រស់​ស្រស់​សោភា​មិនឱ្យ​វិវត្ដន៍​ទៅតាម​អាយុ​កាលនោះ​ដំបូង​ក៏ត្រូវ​ថែទាំ សុខភាព​ឱ្យបាន​មាំមួន​ជាមុន​ដែរ ទើប​សម្រស់​មិនធ្លាក់​ចុះ។ រីឯ​ប្អូនៗ​កុមារា​កុមារី​កំពុង​សិក្សា​គប្បី​យកចិត្ដ​ទុកដាក់​រៀន​សូត្រ ព្រោះ ប្អូនៗ​គឺជា​សសរ​ទ្រូង​របស់​ប្រទេស​ជាតិ។

ការ​រៀបរាប់​ជូនខាង​លើនេះ ជាការ​យល់​ឃើញ និងជា​ការ​អនុវត្ដ​របស់​កញ្ញា ច័ន្ទ សុផានី​តែ​ប៉ុណ្ណោះ។ សូម​លោកស្រី អ្នកនាង​កញ្ញា​ជ្រើស​រើស​យកអ្វី​ដែល​លោកអ្នក​យល់ថា​ល្អត្រឹម​ត្រូវ​សម្រាប់​អនុវត្ដ​បាន​ហើយ។

ប្រវត្ដិ​រូប​សង្ខេប

  • ឈ្មោះ ៖ ច័ន្ទ សុផានី
  • អាយុ ៖ ២៥ឆ្នាំ
  • ទម្ងន់ ៖ ៤៥​គីឡូ​ក្រាម
  • ទំហំ​ទាំងបី ៖ ៣៦, ២៧, ៣៦
  • កម្ពស់ ៖ ១,៦១​ម៉ែត្រ
  • មានបង​ប្អូន ៖ ៣នាក់​(ជាកូន​ទី១)
  • ទីកន្លែង​កំណើត ៖ ភ្នំពេញ
  • អាជីព​បច្ចុប្បន្ន ៖ ជា​ពិធី​ការិនី​នៅស្ថា​នីយ​ទូរ​ទស្សន៍​ប៉ុស្ដិ៍​លេខ៥
  • កម្រិត​វប្បធម៌ ៖ បរិញ្ញា​បត្រ​គ្រប់គ្រង​ទេសចរណ៍​នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង
  • ស្ថាន​ភាព​គ្រួសារ ៖ នៅលីវ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៨ ខែឩសភា ឆ្នាំ២០០៨

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *