របៀប​ថែរក្សា​ស្បែក​ខ្លួន

នរណា​ក៏ចង់​បាន​ស្បែក​ខ្លួនស្អាត​ដែរ។ គ្រាន់តែ​សុភាព​បុរស​និង​សុភាព​នារី​មួយ​ចំនួន​ពុំសូវ​បានយក​ចិត្ដទុក​ដាក់ថែ​ទាំ ដោយ ចាប់​អារម្មណ៍​ថែទាំ​ស្បែក​តែលើ​ផ្ទៃមុខ ព្រោះ​យល់ថា​បើស្បែក​មុខ​សម៉ត់​រលោង​ស្អាត​ផូរផង់​ធ្វើឱ្យ​ទាក់​ទាញ​ការចាប់​អារម្មណ៍​​ពីអ្នក ដទៃ។ ប៉ុន្ដែ​ស្បែក​ខ្លួនមិន​ស្អាតជា​ការ​ខ្វល់​ខ្វាយ​គួរឱ្យ​ខ្មាស​អៀន​ណាស់​ថ្វីត្បិត​តែមាន​ការ​ស្លៀក​ពាក់​បិទបាំង​ជិតក៏​ដោយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្ស​នាវដ្ដី សុខភាពយើង បាន​លើក​​យក​របៀប​ថែរក្សា​ស្បែក​ខ្លួន​មក​ជូន​លោកអ្នក​ឱ្យបាន​ជ្រាប​តាម​រយៈ​ការជួប​សម្ភាស ជាមួយ​លោក​វេជ្ជ​បណ្ឌិត ថៃ គា អ្នក​ឯកទេស​ជម្ងឺ​សើស្បែក និង​កាមរោគ។

មុខងារ និង​តួនាទី​របស់​ស្បែក​ខ្លួន

ស្បែក​មានមុខ​ងារ​ជួយ​សម្រួល​ក្នុង​ការ​ផ្លាស់ប្ដូរ​អុកស៊ី​សែនពី​ខាងក្រៅ ហើយ​បញ្ចេញ​ចោល​ជាតិ​ញើស​និង​​​ជាតិ​ខ្លាញ់​នៅ លើ​ស្បែក ដើម្បី​ជួយឱ្យ​កោសិ​កាស្បែក​មាន​សុខ​ភាព​រឹងមាំ​ល្អ។ ស្បែក​មាន​តួនាទី​

ជា​របាំង​ការពារ​សរីរៈ​ខាងក្នុង​រាងកាយ​និងជា​របង ទប់ទល់​មជ្ឈ​ដ្ឋានឬ​បរិយា​កាសពី​ខាងក្រៅ។ ស្បែក​បញ្ចេញ​ប្រតិ​កម្ម​ទប់ទល់​នឹងកម្ដៅ​ភ្លើង កម្ដៅ​ព្រះអាទិត្យ​អាកាស​ធាតុ​ក្ដៅ​ត្រជាក់ ឬប៉ះ​ទង្គិច​អ្វីមួយ ដូចជា​ដួល មុត វាយដំ​ជាដើម គឺ​ស្បែក​ជាអ្នក​ទទួល​រ៉ាប់រង​ទាំងអស់។

កត្ដា​ដែល​ប៉ះពាល់​ដល់​ស្បែក

មាន​កត្ដា​ជាច្រើន​យ៉ាង​ដែល​ធ្វើឱ្យ​ស្បែក​ខ្លួន​លោកអ្នក​មិន​ស្អាត។

  • ទទួល​ទាន​អាហារ​ពុំបាន​គ្រប់​គ្រាន់ ខ្វះវី​តាមីន ឬខ្វះ​ប្រូតេ​អ៊ីនដែល​ធ្វើឱ្យ​កោសិ​កាស្បែក​ពុំមាន​សំណើម​
  • សុខភាព​មិនល្អ​មានជម្ងឺ​រ៉ាំរ៉ៃ ឬជម្ងឺ​ដែល​ឈឺយូរ​បណ្ដាល​ឱ្យមាន​កង្វះទឹក​នៅក្នុង​ខ្លួន ធ្វើឱ្យ​ស្បែក​ក្រៀម​ស្ងួត
  • ការ​ប្រើ​បាស់​ឱសថ​ច្រើន​ដែល​ប៉ះពាល់​ដល់ការ​លូត​លាស់​នៃកោ​សិកា​ស្បែក
  • ប្រើ​ប្រាស់​សាប៊ូ​ដុសខ្លួន​មិនត្រូវ​នឹងស្បែក​ខ្លួន បណ្ដាល​ឱ្យស្បែក​មាន​ប្រតិកម្ម
  • ស្បែក​ត្រូវ​កម្ដៅ​ថ្ងៃញឹក​ញាប់ ធ្វើឱ្យ​ស្បែក​ក្រៀម​ស្ងួត​ជ្រីវ​ជ្រួញ បែក​ស្រកា បាត់បង់​ភាព​មាំមួន និង​សំណើម​
  • ស្បែក​មិនស្អ្អាត​ដោយសារ​មាន​ជម្ងឺ​រមាស់ ឬជម្ងឺ​ផ្សេងៗ ធ្វើឱ្យ​ប៉ះពាល់ ដូចជា​ធ្វើឱ្យ​មានការ​ឈឺចាប់​ពិបាក​នឹងទ្រាំ​ចង់អេះ​ជាដើម រំខាន​ធ្វើឱ្យ​ការ​ទទួល​ទាន​ដំណេក​មិនបាន​គ្រប់គ្រាន់ សុខភាព​ទ្រុឌ​ទ្រោម​រំខាន​ពេល​វេលា​បំពេញ​ការងារ​របស់​លោក អ្នក និងអាច​ឆ្លងដល់​អ្នកដទៃ​ទៀតផង។

វិធី​ធ្វើឱ្យ​ស្បែក​ស្អាត

មិនជា​ពិបាក​ទេ បើ​លោកអ្នក​ចង់បាន​ស្បែក​ស្អាត ត្រូវ​អនុវត្ដ​ដូចខាង​ក្រោម​នេះ។

  • ហាត់​ប្រាណ​ឱ្យបាន​ទៀង​ទាត់ ដើម្បី​បញ្ចេញ​ជាតិ​ញើស ឬ​ខ្លាញ់​នៅក្នុង​ខ្លួនឱ្យ​ស្បែក​ស្រស់ថ្លា
  • ទទួល​ទាន​អាហារ​ដែល​មាន​វីតាមីន និង​ប្រូតេ​អ៊ីន ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​បំប៉ន​កោសិកា​ស្បែក​ឱ្យមាន​សំណើម
  • ការពារ​ស្បែក​កុំឱ្យ​ត្រូវ​កម្ដៅ​ថ្ងៃញឹក​ញាប់​ពេក ដើម្បី​ចៀស​វាង​ស្បែក​ក្រៀម​ស្ងួត
  • ថែទាំ​សុខភាព​កុំឱ្យ​មាន​ជម្ងឺ​រ៉ាំរ៉ៃ ឬ​ជម្ងឺ​ផ្សេងៗ
  • ត្រូវ​សម្អាត​ស្បែក​រាល់ពេល​ងូតទឹក ដើម្បី​ចៀស​វាង​ស្បែក​មានក្អែល​កាន់ជាប់។

ដំ​បូន្នាន​អ្នក​ជំនាញ

ប្រសិន​បើស្បែក​ខ្លួន​របស់​លោកអ្នក​មិន​ស្អាត ដូចជា​មាន​អាចម៍​រុយ មុត ឬ​ស្បែក​មាន​ជម្ងឺ​ដំបៅ ចេញ​រមាស់​ស្បែក​ក្រៀម ស្ងួតបែក​ស្រកា ឬស្បែក​មាន​បញ្ហា​ផ្សេងៗ​ទៀត​សូម​លោកអ្នក​ប្រញាប់​ប្រញាល់​ទៅជួប​វេជ្ជ​បណ្ឌិត​ដែលមាន​ជំនាញ​ពិត​ប្រាកដ​ជា បន្ទាន់ ដើម្បី​ពិគ្រោះ និង​ពិនិត្យ​ស្បែក​របស់​លោកអ្នក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៨ ខែឩសភា ឆ្នាំ២០០៨

Categories:

Leave a Reply

Your email address will not be published. Required fields are marked *