នៅក្នុងសម័យបច្ចុប្បន្ននេះ គូស្វាមីភរិយាមានការមមាញឹកកាន់តែខ្លាំងដើម្បីជីវភាព។ ដូច្នេះមធ្យោបាយពន្យារកំណើត គឺជាវិធីមួយដែលជួយឱ្យគូស្វាមីភរិយាអាចមានកូន តាមសេចក្ដីប្រាថ្នានិងមានឱកាសគ្រប់គ្រាន់ក្នុងការថែរក្សាសុខភាព និងប្រកប អាជីវកម្មផ្សេងៗ ពិសេសភាគីជាភរិយា។ មានវិធីពន្យារកំណើតច្រើនយ៉ាងណាស់ដែលគេអាចសម្រេចចិត្ដទទួលយក។ ក្នុងនោះ មានវិធីមួយហៅថា វិធីចងបំពង់មេជីវិតឈ្មោល ។ ចងបំពង់មេជីវិតឈ្មោលជាវិធីដែលមានប្រសិទ្ធភាពខ្ពស់ និងដែលគេធ្វើចំពោះ តែ ភាគីបុរសតែប៉ុណ្ណោះ។ វិធីនេះធ្វើឱ្យការបង្កកំណើតរបស់បុរសត្រូវបានបញ្ឈប់ជារៀងរហូត។
ក្នុងទំព័រនេះ ទស្សនាវដ្ដី សុខភាពយើង សូមនាំអារម្មណ៍ប្រិយមិត្ដអ្នកអានជ្រួតជ្រាបអំពីវិធីចងបំពង់មេជីវិតឈ្មោលតាម រយៈការប្រឹក្សាជាមួយលោកវេជ្ជបណ្ឌិត ម៉ៅ វណ្ណៈ អ្នកសម្របសម្រួលវគ្គបណ្ដុះបណ្ដាលគ្លីនិកប្រចាំអង្គការរ៉ាក់។
អ្វីដែលហៅថាចងបំពង់មេជីវិតឈ្មោល?
បំពង់មេជីវិតឈ្មោលមានពីរ លាតសន្ធឹងពីកន្ទុយអេពីឌីឌីមទៅបាតក្រពេញប្រ៉ូស្ដាតនៃពងស្វាសទាំងគូរបស់បុរស។ វាមាន រាងស៊ីឡាំង រឹងតិចៗប្រវែងប្រមាណ៤៥សង់ទីម៉ែត្រ និងវិជ្ជមាត្រពី២ឬ៣មីលីម៉ែត្រ។ ចងបំពង់មេជីវិតឈ្មោលគឺជាវិធីបញ្ឈប់ កំណើតរហូតចំពោះបុរស ឬហៅថាបញ្ឈប់កំណើតជាអចិន្ដ្រៃយ៍ ឬគេអាចហៅម្យ៉ាងទៀតថាការចោះចងបំពង់មេជីវិតឈ្មោល។ បំពង់មេជីវិតឈ្មោលនោះត្រូវបានគេកាត់ផ្ដាច់ហើយចងភ្ជិតមុខដែលជាហេតុធ្វើឱ្យមេជីវិតឈ្មោលមិនអាចធ្វើដំណើរឆ្លងកាត់ ឬចេញ មកក្រៅបាន។ មេជីវិតឈ្មោលនឹងត្រូវបានពងស្វាសអាចផលិតបានដដែលប៉ុន្ដែវាមិនអាចចេញក្រៅហើយវានឹងជ្រាបបាត់ទៅវិញ ដោយមិនមានបញ្ហាអ្វីឡើយ។ ពងស្វាសនៅតែផលិតអ័រម៉ូននៅតែមានឈាមទៅចិញ្ចឹមធម្មតាដដែល។
លក្ខខណ្ឌដែលមិនចងបំពង់មេជីវិតឈ្មោល
ជាទូទៅមិនមានការហាមចងបំពង់មេជីវិតឈ្មោលទេ តែក្នុងករណីខ្លះត្រូវពន្យារពេលសិន។ ករណីដែលគួរពិចារណាគឺ កត្ដាផ្ទាល់ខ្លួនរបស់បុរសមួយចំនួន ដែលកើតរោគនៅលើស្បែកពងស្វាស មានជម្ងឺកាមរោគសកម្មមានរលាកក្បាលលិង្គ រលាក ពងស្វាសឬក្រពេញអេពីឌីឌីម រីកសរសៃឈាមវ៉ែន ធ្លាប់វះពងស្វាសពីមុន មានការកររោគទូទៅឬរលាកក្រពះឬពោះវៀន មានដុំ គីសនៅក្នុងពងស្វាស មានជម្ងឺក្លន មានជម្ងឺទឹកនោមផ្អែមមានភាពមិនធម្មតានៃកំណកឈាមនៅបរិវេណពងស្វាសជាដើម។ ករណី ទាំងនេះគេអាចវះនិងចងបំពង់មេជីវិតបាននៅពេលដែលបញ្ហាទាំងនោះត្រូវបានព្យាបាលជាសះស្បើយ ឬតាមការពិនិត្យជាក់ស្ដែង ដោយគ្រូពេទ្យជំនាញ។ ប៉ុន្ដែទោះជាយ៉ាងណាក្ដីវាគឺជាករណីដែលត្រូវមានការប្រុងប្រយ័ត្នជាពិសេស។ មានកត្ដាមួយផ្សេងទៀត ប្រសិនបើភរិយាមិនឯកភាពការឬមិនទាន់គ្រប់លក្ខខណ្ឌផ្សេងទៀតដែលផ្នែកវេជ្ជសាស្ដ្របានកំណត់ទុក។
លក្ខខណ្ឌដែលអាចចងបំពង់មេជីវិតឈ្មោល
មានលក្ខខណ្ឌសំខាន់ៗមួយចំនួនដែលត្រូវមានជាចាំបាច់នូវការចងបំពង់មេជីវិតឈ្មោល។
- មានសុខភាពល្អដែលអាចអំណោយផលដល់ការវះចងជីវិតឈ្មោលបាន
- មានហេតុផលវេជ្ជសាស្ដ្រដែលមិនអនុញ្ញាតឱ្យប្រពន្ធគាត់មានកូនតទៅទៀត ឬមិនអាចប្រើវិធីពន្យារកំណើតបាន
- បើប្រពន្ធគាត់មានអាយុតិចជាង៣០ឆ្នាំ យ៉ាងហោចណាស់នាងមានកូន៣នាក់ហើយកូនពៅមានអាយុលើសពី២ឆ្នាំ
- បើប្រពន្ធគាត់មានអាយុច្រើនជាង៣០ឆ្នាំ ហោចណាស់នាងមានកូន២នាក់ហើយកូនពៅត្រូវមានអាយុច្រើនជាង២ឆ្នាំ
វិធីចងបំពង់មេជីវិតឈ្មោល
1 . មុនចោះចងបំពង់មេជីវិតឈ្មោល ៖ គ្រូពេទ្យជំនាញនឹងពន្យល់អំពីសកម្មភាព ប្រសិទ្ធភាព គុណសម្បត្ដិគុណវិបត្ដិ និងផលរំខានដល់អតិថិជន។ បើអតិថិជនយល់បញ្ហាទាំងនេះអស់ហើយគឺឱ្យគាត់អាននូវកិច្ចព្រមព្រៀងដែលផ្ដល់ព័ត៌មានជាមុន។ ករណីគាត់មិនចេះអាន អាចឱ្យសាក្សីណាម្នាក់អានឱ្យគាត់ស្ដាប់។ ក្នុងករណីយល់ព្រម គឺត្រូវចុះហត្ថលេខានិងផ្ដិតមេដៃស្ដាំទាំងប្ដីទាំង ប្រពន្ធ។ ការចោះចងបំពង់មេជីវិតឈ្មោលមិនអាចធ្វើទៅបានទេបើសិនជាគ្មានការចុះហត្ថលេខានិងស្នាមផ្ដិតមេដៃលើកិច្ចព្រមព្រៀង នោះទេ។ ពេលល្ងាចមុនពេលវះត្រូវកក់សក់ និងសម្អាតខ្លួនប្រាណ។ ជាពិសេសសម្អាតពងស្វាស លិង្គ និងពោះ ដោយមិនត្រូវកោរ រោមឡើយ ហើយក៏មិនត្រូវប្រើថ្នាំផ្សេងៗមុនវះដែរលើកលែងតែមានវេជ្ជបញ្ជាពីគ្រូពេទ្យ។ បើអតិថិជនភ័យខ្លាច គ្រូពេទ្យអាចឱ្យ លេបថ្នាំរម្ងាប់អារម្មណ៍ខ្លះមុនពេលវះ៣០នាទី។ បន្ទាប់មកអ្នកជំនាញនឹងចាក់ថ្នាំស្ពឹកត្រង់កន្លែងដែលត្រូវវះ។
2 . ការចោះចងបំពង់មេជីវិតឈ្មោល ៖ គ្រូពេទ្យជំនាញនឹងប្រើឧបករណ៍ចោះ និងសម្ភារៈប្រភេទផ្សេងទៀតដែលត្រូវបាន ត្រៀមដោយសម្លាប់មេរោគរួចរាល់។ ក្រោយពីត្រៀមលក្ខណៈជាស្រេចហើយនោះគ្រូពេទ្យជំនាញនឹងចោះរន្ធតូចមួយប្រហែលប៉ុន ជើងធូបខាងក្រោមគល់លិង្គបន្ដិចហើយប្រើកូនតង្កៀបគាបយកបំពង់មេជីវិតឈ្មោលចេញមកក្រៅកន្សោមពងស្វាស។ បន្ទាប់មកគេ កាត់ចោលនូវបំពង់មេជីវិតនោះប្រហែលជិត១សង់ទីម៉ែត្រ។ ជាបន្ដទៀតនឹងប្រើអំបោះដែលអាចរលាយបាន ចងភ្ជិតក្បែរមុខកាត់ ទាំងសងខាងដាច់ដោយឡែកពីគ្នា។ ក្រោយពីចងរួចស្រេចហើយនោះអ្នកជំនាញនឹងញាត់បំពង់មេជីវិតទាំងពីរទៅកន្លែងដើមរបស់វា វិញ ហើយគាបយកបំពង់មេជីវិតម្ខាងទៀតមកអនុវត្ដដូចលើកទីមួយ។ រយៈពេលប្រហែល១៥នាទី ការចោះចងនេះនឹងចប់ជា ស្ថាពរ។ វាអាចចេញឈាមតិចតួច ហើយក៏មិនបាច់ដេរភ្ជិតដែរដោយគ្រាន់តែប្រើបង់បិតដំបៅជាការស្រេច។
3 . ក្រោយចោះចងបំពង់មេជីវិតឈ្មោល ៖ ក្រោយការវះកាត់ អតិថិជនមិនបាច់ប្រើថ្នាំផ្សះគ្រប់ប្រភេទតែមិនត្រូវឱ្យមុខ របួសត្រូវទឹក ត្រូវស្ងួត និងស្អាតជានិច្ចក្នុងរយៈពេលបីថ្ងៃ។ ដើម្បីមានសុវត្ថិភាពខ្ពស់ពីការមានកូនអតិថិជនត្រូវតមរួមរ័ក១២សបា្ដហ៍ ឬត្រូវប្រើស្រោមអនាម័យយ៉ាងតិច២០ដង ឬ១២សបា្ដហ៍ដើម្បីធានាថាទឹកកាមដែលចេញមកគ្មានមេជីវិតឈ្មោល។
គុណសម្បត្ដិនៃការចងបំពង់មេជីវិតឈ្មោល
- មានប្រសិទ្ធភាពខ្ពស់ និងសុវត្ថិភាពខ្ពស់ក្នុងអត្រាលើសពី៩៩,៩% ដែលមិនអាចមានកូន
- មិនរំខានដល់ការរួមរ័ក ដោយលិង្គអាចរឹងដូចធម្មតា ចេញទឹកកាមដូចប្រក្រតី គ្រាន់តែគ្មានមេជីវិតឈ្មោល
- មិនរំខានអារម្មណ៍ដោយភ័យព្រួយពីការមានកូន
- មិនចាំបាច់ប្រើមធ្យោបាយពន្យារកំណើតផ្សេងទៀតជួយឡើយ។
ផលប៉ះពាល់នៃការចងបំពង់មេជីវិតឈ្មោល
- ត្រូវមកពិនិត្យវះចោះនៅគ្លីនិក ធ្វើការវះកាត់ និងបង់ថវិកាខ្លះ
- បើគ្មានអនាម័យ អាចឆ្លងរោគ
- ជាមធ្យោបាយមិនអាចត្រឡប់មកមានកូនវិញជាស្ថាពរ ពេលខ្លះអាចមានការស្ដាយក្រោយ។
ប្រសិនបើភរិយាមានបញ្ហាចោទចំពោះសុខភាព ឬសុខភាពបន្ដពូជ បុរសគួររួមចំណែកក្នុងការពន្យារកំណើតដើម្បីបង្កើន សុខភាពផ្លូវភេទ និងសុខភាពបន្ដពូជ។ ការពន្យារកំណើតអាចធ្វើឱ្យគូស្វាមីភរិយាមានផលចំណេញដូចគ្នាព្រោះបើភរិយាមានសុខ ភាពល្អ ស្ដ្រីក៏មានឱកាសជួយបុរសក្នុងការកសាងសេដ្ឋកិច្ចគ្រួសារ សុភមង្គលក្នុងគ្រួសារដែរ។ សូមជម្រាបដែរថា ការចោះចងបំពង់ មេជីវិឈ្មោលនេះមិនមែនការក្រៀវទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៨ ខែឩសភា ឆ្នាំ២០០៨
Leave a Reply