សុភមង្គលជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប ប៉ុន្ដែមិនមែនមនុស្សគ្រប់រូបសុទ្ធតែទទួលបានសុភមង្គលនោះទេ។ នៅ សម័យកាលរីកចម្រើន មនុស្សក៏មានការរីកចម្រើនផ្នែកគំនិតដែរ ដើម្បីដើរទាន់របត់ថ្មីនៃសង្គម។ ការជ្រើសរើសនារីណាម្នាក់ធ្វើជាគូ ជីវិតរួមខ្នើយវាសនា ជាកត្ដាចាំបាច់មួយដែលបុរសសម័យថ្មីតែងតែយកចិត្ដទុកដាក់។ ដូច្នេះនារីដែលមានសមត្ថភាពគឺជាគោលដៅ ដែលបុរសប៉ងប្រាថ្នាជាគូអនាគត។
លេខមុនៗលោកអ្នកបានជ្រាបរួចមកហើយពីលក្ខណៈនារីដែលបុរសគួរជ្រើសរើសជាគូជីវិតសម្រាប់លេខនេះទស្សនាវដ្ដី សុខភាពយើង បានបន្ដជួបលោកសាស្ដ្រាចារ្យ សំបូរ មាណ្ណារ៉ាអនុប្រធានដេប៉ាទឺម៉ង់ប្រវត្ដិសាស្ដ្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្ដីពីគុណវិបត្ដិដែលនឹងកើតឡើង ប្រសិនបើការជ្រើសរើសនារីរបស់បុរសមិនបានសមស្រប។
ស្ដ្រីដែលបុរសត្រូវជ្រើសរើស
កត្ដាផ្លូវចិត្ដមានការពាក់ព័ន្ធសំខាន់នឹងចរិយាសម្បត្ដិ ព្រោះត្រូវរស់នៅជាមួយគ្នាពោរពេញដោយក្ដីស្រឡាញ់និងចេះអធ្យា ស្រ័យពេញមួយជីវិត។ ប៉ុន្ដែអ្វីដែលសំខាន់ជាងនេះគឺសមត្ថភាពព្រោះជាមូលដ្ឋានចំណេះដឹងដែលនាំដល់ការត្រិះរិះបានវែងឆ្ងាយ អាច ចាប់យកអ្វីដែលគេប៉ងប្រាថ្នា និងគិតគូរបានល្អិតល្អន់មុននឹងធ្វើការសម្រេចកិច្ចការអ្វីមួយ។ នារីមួយចំនួនមាននិស្ស័យ ឬសារជាតិមិន សូវល្អពីកំណើត ដូចជាឆ្នាស់ឆ្នើម ឆេវឆាវជ្រុលពេក ធ្វើឱ្យគ្រួសារងាយរងវិបត្ដិ។ ជាទូទៅនារីដែលទទួលបានការអប់រំខ្ពស់ មាន សមត្ថភាពគឺមានក្រមសីលធម៌ ឬចរិយាធម៌កាន់តែប្រសើរដែរ។ សមត្ថភាពអាចជួយជ្រោងសេដ្ឋកិច្ចគ្រួសារ និងសង្គមឱ្យប្រសើរ ស្ថិតនៅក្នុងភាពថ្លៃថ្នូរ។ ដូច្នេះសមត្ថភាពនៅតែដើរតួយ៉ាងសំខាន់ក្នុងការជ្រើសរើសគូស្រកររបស់បុរសសម័យថ្មី ដែលមានការ អភិវឌ្ឍ។
ការជ្រើសរើសនារីពុំបានសមស្រប
ពិតជាកម្រណាស់សម្រាប់នារីម្នាក់ដែលមានលក្ខណៈល្អទាំងព្រម មានទាំងសមត្ថភាព មានទាំងចរិយាមានទាំងសម្រស់ ឥតខ្ចោះ ដើម្បីឱ្យបុរសធ្វើការជ្រើសរើសនោះ។
- បើបុរសជ្រើសរើសនារីម្នាក់ដោយគិតតែលើសោភ័ណជាធំនោះ ការបែកបាក់គ្នាក៏មានកម្រិតកាន់តែខ្ពស់ព្រោះសោភ័ណ មិនស្ថិតនៅជានិរន្ដរ៍ទេ វានឹងបាត់បង់ទៅវិញទៅតាមពេលវេលាបន្ដិចម្ដងៗ។ ម្យ៉ាងទៀតអំពើអសីលធម៌របស់បុរសអាចកើតមាន ដោយតាំងខ្លួនជាអធិបតីនៃគ្រួសារ ព្រោះភាពអវិជ្ជានាំឱ្យស្ដ្រីបាត់បង់ភាពក្លាហាន រងគំនាបពីភាគីបុរសនិងខ្វះការតស៊ូរើបម្រះ។
- បើការជ្រើសរើសដោយផ្ដោតសំខាន់ទៅលើតែចរិយាធម៌ នោះគ្រួសារក៏មិនសូវទទួលសុភមង្គលដែរដោយចរិយាសម្បត្ដិ មិនបានបង្គ្រប់នូវលទ្ធភាពនៃការចិញ្ចឹមជីវិតនោះទេ។ បុគ្គលជាបុរសប្រាកដជាមានអំរែកដ៏ធ្ងន់នៅលើស្មានិងត្រូវទទួលខុសត្រូវខ្ពស់ បំផុតលើបញ្ហាសេដ្ឋកិច្ច។ ប្រៀបបាននឹងការបររទេះ“គោរកឹកនឹម”ដែលគោម្ខាងព្យាយាមដើរឯគោម្ខាងទៀតមិនព្រមដើរ ឬដើរយឺត ដូច្នោះ។ ទីបំផុតល្បឿននៃរទេះមានលក្ខណៈវិលជុំជារង្វង់រកផ្លូវឈានឡើងទៅមុខពុំបាន។ ម្យ៉ាងវិញទៀតភាពអវិជ្ជាក៏ងាយឱ្យ មនុស្សងាយបាត់បង់ចរិយាធម៌ដែរដោយគេពុំអាចស្វែងយល់ឱ្យបានស៊ីជម្រៅពីសីលធម៌សង្គម តម្លៃកិត្ដិយស។ នេះមិនមែនជាការ ប្រមាថ ឬមើលស្រាលស្ដ្រីភេទឬនារីភេទនោះទេតែជាប្រត្យក្សភាពរបស់មនុស្សទូទៅទោះជាបុរសក៏ដោយ។
- បើបុរសជ្រើសរើសយកតែសមត្ថភាពជាគោលមិនគិតពីកត្ដារួមផ្សំផ្សេងទៀតនោះអាចមានផលវិបាកតិចតួចដែលអាច កើតឡើង។ ឧបមាថាចរិយាធម៌ទាបពេក(ច្រើនពាក់ព័ន្ធនឹងឫកពាពីកំណើត) នោះអាចថយចុះនូវតម្លៃកិត្ដិយសពុំសូវមានញាតិរាប់ រក ខ្វះការប្រាស្រ័យទាក់ទងល្អរវាងអន្ដរបុគ្គលតែប៉ុណ្ណោះ តែមិនមានអ្វីធំដុំជាងនេះទេ។
សរុបមកប្រសិនបើបុរសជ្រើសរើសនារីពុំបានសមស្រប នោះនឹងមានបញ្ហាចោទឡើងចំពោះសេដ្ឋកិច្ចជាចម្បង។ សម័យថ្មី នេះយើងអាចទទួលបានអ្វីៗដោយសារមានសមត្ថភាព មិនអាចរស់នៅពឹងផ្អែកលើធនធានធម្មជាតិឬភ័ព្វសំណាងណាមួយនោះទេ។ ហេតុនេះហើយទើបរដ្ឋាភិបាលបច្ចុប្បន្នកំពុងលើកស្ទ្ទួយសមភាពយែនឌ័រ បង្កឱ្យនារីមានភាពក្លាហានពង្រឹងសមត្ថភាព ដើម្បីចូលរួម សកម្មភាពសង្គម ជាដៃគូដ៏ប្រសើរនឹងបុរសទាំងក្នុងគ្រួសារទាំងក្នុងសង្គម។
ដំបូន្មានអ្នកប្រឹក្សា
បើបុរសបាញ់ឆ្ពោះទៅរកសមត្ថភាព នោះនារីនឹងខំបោះជំហានក្លាយខ្លួនទៅជាអ្នកមានសមត្ថភាពដោយកាត់បន្ថយនូវមោ ទនភាពសម្រស់ និងជំរុញឱ្យមានសមធម៌យែនឌ័រក្នុងសង្គម។ នារីគប្បីពង្រឹងសមត្ថភាពឱ្យបានរឹងប៉ឹងនិងមិនត្រូវភ្លេចជាដាច់ខាតការ ប្រកាន់ខ្ជាប់នូវចរិយាធម៌ថ្លៃថ្នូរ។ ហើយអាណាព្យាបាលក៏គួរប្ដូរផ្នត់គំនិតដើម្បីជួយជំរុញកូនស្រីសិក្សាឱ្យបានច្រើន ដើម្បីរួមចំណែក សហការជាមួយបុរសកសាងសុភមង្គលគ្រួសារ និងសង្គមជាតិឱ្យមានការរីកចម្រើន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៨ ខែឩសភា ឆ្នាំ២០០៨
Leave a Reply