សេចក្តីអំពាវនាវបានសរសេរថា សូមបងប្អូនដែលប្រកបមុខរបរជាអ្នករត់តាក់ស៊ី និងឡានក្រុងទាំងអស់ មេត្តារក្សាតម្លៃមួយសមរម្យ និងបង្កលក្ខណៈងាយស្រួលជូនដល់កម្មករ គ្រូបង្រៀន និងប្រជាពលរដ្ឋធ្វើដំណើរទៅកាន់ទីកន្លែងដែលពួកគាត់ត្រូវបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីបោះឆ្នោតផ្លាស់ប្តូរថ្នាក់ដឹកនាំមូលដ្ឋាន ដែលមិនបម្រើប្រជារាស្រ្ត ជំនួសដោយមេឃុំចៅសង្កាត់បម្រើប្រជារាស្រ្ត និងសង្គម។
សេចក្តីអំពាវនាវបានបន្តថា ចំពោះការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ត្រូវបានផ្លាស់ប្តូរនោះ គឺជាមូលដ្ឋានមួយឈានទៅធ្វើការផ្លាស់ប្តូរថ្នាក់ជាតិ នៅពេលបោះឆ្នោតសកលឆ្នាំ២០១៣ ដែលមានអ្នកដឹកនាំជាតិ គិតអំពីសុខទុក្ខប្រជារាស្រ្ត មានការគោរពសិទ្ធិមនុស្ស មានយុត្តិធម៌សង្គម និងប្រជាធិបតេយ្យពិតប្រាកដ ហើយសង្គមគ្មានអំពើពុករលួយ និងទំនិញមានតម្លៃសមរម្យ (ប្រេងឥន្ធនៈ) បងប្អូននឹងងាយស្រួលប្រកបមុខរបររកទទួលទាន ប៉ុន្តែបើបងប្អូនឆ្លៀតឱកាសចង់ចំណេញច្រើនក្នុងកំឡុងពេលបោះឆ្នោតនេះ គឺប៉ះពាល់ដល់កម្មករ គ្រូបង្រៀន មន្រ្តីរាជការ និងប្រជាពលរដ្ឋខ្មែរមួយចំនួនមិនអាចទៅចូលរួមបោះឆ្នោតបាន ដោយគ្មានលទ្ធភាព ព្រោះថា សន្លឹកឆ្នោតមួយសន្លឹកៗមានសារៈសំខាន់ណាស់ ជាតិរស់ ឬស្លាប់ក៏ដោយសារសន្លឹកឆ្នោតមួយសន្លឹកនេះដែរ។
សេចក្តីអំពាវនាវបានបន្តទៀតថា សហភាពកម្ពុជាសង្ឃឹមថា បងប្អូនអ្នកប្រកបមុខរបរតាក់ស៊ី និងឡានក្រុងនឹងជួយសម្រួលតម្លៃឲ្យបានសមរម្យជូនប្រជាពលរដ្ឋខ្មែរ កម្មករ គ្រូបង្រៀន និងមន្ត្រីរាជការ ក្នុងការធ្វើដំណើរទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រពឹត្តទៅនៅថ្ងៃអាទិត្យ ទី០៣ ខែមិថុនា ឆ្នាំ២០១២ ខាងមុខនេះ។
គេហទំព័រសុខភាពកម្ពុជា សូមបញ្ជាក់ថា ដើម្បីបងប្អូនប្រជាពលរដ្ឋអាចបោះឆ្នោតបាន សូមបងប្អូនកុំភ្លេចយកឯកសារបញ្ជាក់អត្តសញ្ញាណដែលមានសុពលភាព ដូចខាងក្រោម៖
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
- អត្តសញ្ញាណប័ណ្ណនគរបាលជាតិ
- អត្តសញ្ញាណប័ណ្ណយោធា
- លិខិតសម្គាល់ខ្លួនក្រសួងស្ថាប័ន
- សៀវភៅគ្រួសារមានបិទរូបថត
- លិខិតឆ្លងដែន
- ឆាយាគណៈមហានិកាយ
- សុទ្ធិប័ត្រគណៈធម្មយុត្តិកនិកាយ
- សង្ឃដីកា
- លិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោត
ដើម្បីមានភាពងាយស្រួលរកឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមបងប្អូនយកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតដែលគណៈកម្មាធិការរៀបចំការបោះឆ្នោតបានចែកជូនបងប្អូន ភ្ជាប់ទៅជាមួយផងនៅពេលទៅបោះឆ្នោត ដើម្បីបងប្អូនអាចដឹងអំពីទីតាំងការិយាល័យ លេខបោះឆ្នោតក្នុងបញ្ជី និងលេខការិយាល័យបោះឆ្នោតជាដើម។ គេហទំព័រសុខភាពកម្ពុជាសង្ឃឹមថា បងប្អូនធ្វើដំណើរទៅចូលរួមការបោះឆ្នោតប្រកបដោយសុខសុវត្ថិភាពទាំងអស់គ្នា។
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១២
Leave a Reply