នៅពេលដែលលោកអ្នកជ្រើសរើសសម្លៀកបំពាក់អាពាហ៍ពិពាហ៍ លោកអ្នកចាំបាច់ត្រូវយកចិត្ដទុកដាក់ទៅលើកត្ដាសំខាន់ មួយចំនួន។ កត្ដាសំខាន់ទាំងនោះរួមមាន ដូចជាសិល្បៈនៃការរចនាម៉ូត ពណ៌សម្លៀកបំពាក់ឬពណ៌សម្បុរស្បែកជាដើម។ លោកអ្នក មួយចំនួនប្រាកដជាមានការពិបាកក្នុងការសម្រចចិត្ដជ្រើសរើសសម្លៀកបំពាក់ព្រោះមិនដឹងថាតើពណ៌បែបណាទើបសក្ដិសមនឹងខ្លួន នោះទេ។ ការជ្រើសរើសម្លៀកបំពាក់មិនបានត្រឹមត្រូវអាចនាំឱ្យការបាត់បង់សោភ័ណភាពរបស់លោកអ្នកមួយផ្នែកឬទាំងស្រុង។
សម្រាប់លេខនេះ ទស្សនាវដ្ដី សុខភាពយើងសូមបង្ហាញពីរបៀបជ្រើសរើសសម្លៀកបំពាក់អាពាហ៍ពិពាហ៍ជូនមិត្ដអ្នកអាន ឱ្យបានស្វែងយល់ តាមរយៈការជួបសម្ភាសជាមួយកញ្ញា សឿ សុធារ៉ា ម្ចាស់ហាងសម្អាងការសឿ សុធារ៉ា។
របៀបជ្រើសរើសសម្លៀកបំពាក់អាពាហ៍ពិពាហ៍
ជាដំបូងលោកអ្នកត្រូវគិតគូរជ្រើសរើសហាងសម្អាងការណាដែលមានសម្លៀកបំពាក់អាពាហ៍ពិពាហ៍ច្រើន ហើយជាសម្លៀកបំពាក់ថ្មីៗជាមុនសិន។ ដើម្បីងាយស្រួលក្នុងការជ្រើសរើសសម្លៀកបំពាក់ដែលមានរចនាម៉ូតស្អាតដូចជាមានឌិនជាអង្កាំ ឬមានប៉ាក់នៅលើអាវ និងពណ៌សម្លៀកបំពាក់ដែលសក្ដិសមទៅនឹងសម្បុរស្បែករបស់ខ្លួន។ បន្ទាប់មកត្រូវមើលសម្លៀកបំពាក់ អាពាហ៍ពិពាហ៍នោះឱ្យសមស្របទៅនឹងវ័យ ទំហំរូបរាងកាយរបស់លោកអ្នក។ ទោះបីជាការជ្រើសរើសសម្លៀកបំពាក់អាពាហ៍ពិពាហ៍ ទាមទារឱ្យមានកត្ដាច្រើនបន្ដិចមែនប៉ុន្ដែកត្ដាទាំងនេះនាំមកនូវសោភ័ណភាពសម្រាប់លោកអ្នក។
សម្រាប់អ្នកសម្បុរស
សម្រាប់អ្នកដែលមានសម្បុរស គឺងាយស្រួលក្នុងការជ្រើសរើសពណ៌សម្លៀកបំពាក់។ លោកអ្នកអាចស្លៀកសម្លៀកបំពាក់ បានគ្រប់ពណ៌ទាំងអស់ទៅតាមចំណង់ចំណូលចិត្ដ។ ទោះបីជាលោកអ្នកចង់ស្លៀកសម្លៀកបំពាក់អាពាហ៍ពិពាហ៍ដែលមានពណ៌ ក្រហម ពណ៌ទឹកមាស ពណ៌ឈាមជ្រូក ពណ៌ផ្កាឈូក ឬពណ៌បែបណាក៏ដោយ គឺសក្ដិសមទាំងអស់។ អ្នកមានសម្បុរស បើស្លៀក សម្លៀកបំពាក់អាពាហ៍ពិពាហ៍ដែលមានពណ៌ដិត រឹតតែប្រសើរថែមទៀតព្រោះជួយលើកសម្រស់ស្បែកលេចនឹងពណ៌។ ពណ៌ដែលដិត មានដូចជាពណ៌ទឹកប៊ិច ពណ៌កាប់ស្ដាំង ឬលឿងឆ្អិនជាដើម។ ប្រការដែលលោកអ្នកអាចធ្វើទៅបានគួរតែជ្រើសរើសពណ៌មុតច្រើន ជាងពណ៌ស្រាលព្រោះពណ៌ដិតអាចឱ្យលោកអ្នកកាន់តែមានសោភ័ណភាពបន្ថែមទៀត។
សម្រាប់អ្នកសម្បុរខ្មៅស្រអែម
អ្នកដែលមានសម្បុរខ្មៅស្រអែមមានការពិបាកបន្ដិចក្នុងការជ្រើសរើសពណ៌សម្លៀកបំពាក់។ លោកអ្នកមិនអាចជ្រើស រើសពណ៌ទៅតាមចំណង់ចំណូលចិត្ដដែលខ្លួនស្រឡាញ់បានឡើយ។ ពណ៌ដែលលោកអ្នកអាចជ្រើសរើសបានគឺពណ៌ស្រាល ឬពណ៌ស្លេក ដូចជាពណ៌ផ្ទៃមេឃស្រាល ពណ៌ចំប៉ាក្រៀម ពណ៌ស ពណ៌ទឹកក្រូច ឬពណ៌ត្របែកព្រៃជាដើម។ លោកអ្នកដែលមានសម្បុរខ្មៅ ស្រអែមមិនចាំបាច់តូចចិត្ដទេ គួរជ្រើសរើសតែពណ៌ស្រគាំៗ ហើយចៀសវាងប្រើពណ៌ឆើតដូចជាពណ៌ត្រួយចេក ពណ៌ឈាមជ្រូក ពណ៌ទឹកប៊ិច ឬពណ៌ក្រហមជាដើម។
ដំបូន្មានអ្នកជំនាញ
ភាពស្រស់ស្អាតរបស់លោកអ្នកក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ គឺអាស្រ័យទៅលើលោកអ្នកចេះជ្រើសរើសសម្លៀកបំពាក់ថ្មីៗ ហើយមានរចនាម៉ូតស្អាត និងពណ៌សម្លៀកបំពាក់ដែលសក្ដិសមទៅតាមវ័យ និងសម្បុររបស់លោកអ្នក។ មិនតែប៉ុណ្ណោះលោកអ្នក ត្រូវសម្លឹងមើលហាងសម្អាងការណាដែលមានសេវាតុបតែងរហ័សទាន់ចិត្ដនិងមានសម្លៀកបំពាក់ច្រើន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៩ ខែមិថុនា ឆ្នាំ២០០៨
Leave a Reply