កុមារី​ម្នាក់​ទៀត​ហើយ​ស្លាប់​ដោយ​សារ​ជម្ងឺ​ផ្តា​សាយ​បក្សី

កាល​ពីពេល​ថ្មីៗនេះ​អង្គកា​រ​សុខភាព​ពិភពលោក (WHO) និង​ក្រសួង​សុខា​ភិបាល​កម្ពុជា បាន​រកឃើញ​​ថា ក្មេង​ស្រី​អាយុ១​១ឆ្នាំ​ម្នាក់ ​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ បាន​ស្លាប់​ដោយ​សារ​មេរោគ​គ្រុន​ផ្ដាសាយបក្សី (H5N1)​ ដែល​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​ជន​រង​គ្រោះ​ទី៣​ហើយ​សម្រាប់​ឆ្នាំ២០១២នេះ។ ​

រូបភាពទស្សនាវដ្ដីសុខភាពយើង

កុមារី រងគ្រោះ​​ដោយ​សារជម្ងឺ​គ្រុន​ផ្តា​សាយបក្សីម្នាក់ ​រស់​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​ ​បាន​ស្លាប់បាត់​បង់​ជីវិត​នៅ​មន្ទីរពេទ្យ​​គន្ធ​បុប្ផា​រាជ​ធានី​ភ្នំ​ពេញ កាល​ពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ។  នេះគឺជា​ករណី​ថ្មី​មួយ​ទៀតហើយ ​នៃ​ការ​បង្ហាញខ្លួន​សារជា​ថ្មី​របស់​ជម្ងឺ​ផ្ដាសាយ​បក្សី​នៅកម្ពុជា។

មន្ត្រី​សុខា​ភិបាល​ខេត្ត​កំពង់ស្ពឺ​ ត្រូវ​បាន​គេ​ស្រង់​សម្ដី​ ឲ្យដឹង​ថា​ កុមារី​រង​គ្រោះ​មាន​ឈ្មោះ​អ៊ឹម សុខន ​អាយុ​ ១១ឆ្នាំ ដែល​​​រស់​នៅ​ជាមួយ​ម្ដាយ​ជា​ស្ត្រី​មេម៉ាយ​នៅ​ឯ​​ស្រុក​បរសែត​។ នាង​បាន​ចាប់​ផ្តើម​ធ្លាក់​ខ្លួន​ធ្ងន់ធ្ងរ​ជាមួយ​អាការៈ​​ក្តៅ​និង ក្អក​​យ៉ាង​ខ្លាំង​តាំង​ពី​ថ្ងៃ​២០​ ខែ​ឧសភា​ តែ​ប្រាំ​ថ្ងៃ​ក្រោយ​មក​ទើប​​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​​។

​ កាលពី​ខែ​មេសា​ឆ្នាំ​មុន​ កុមារី​​អាយុ​១១​ឆ្នាំ​​រស់​នៅ​ស្រុក​ស្ទឹង​ត្រង់ ខេត្ត​កំពង់​ចាម​ ក៏​បាន​ស្លាប់​ក្រោយ​ពី​ឆ្លង​វីរុស​គ្រុនផ្តាសាយបក្សី​ H5N1នេះផង​ដែរ​។ បន្ទាប់​ពី​ករណី​ស្លាប់​កុមារី​នោះ​ឯក​ឧត្តម ​ម៉ម​ ប៊ុន​ហេង​ រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​​ ក៏​បាន​ស្នើ​ដល់​សហគមន៍ទាំងឡាយ ឲ្យ​​ពិនិត្យមើលបណ្តា​​អ្នក​ជម្ងឺដែល​មាន​ការ​លំ​បាក​ក្នុង​ការ​ដក​ដង្ហើម​ មាន​ប្រវត្តិ​​ប៉ះ​ពាល់​នឹង​បក្សី​ងាប់​ ឫឈឺ ត្រូវ​​បញ្ជូន​មក​ពិគ្រោះ​ជម្ងឺក្នុងមណ្ឌល​សុខភាព​ជាជាង​ព្យាយាម​ព្យាបាល​ដោយ​ខ្លួន​ឯង​​នៅឯផ្ទះ។

យោងតាម​សេចក្ដី​ប្រកាស​​របស់​ក្រសួង​សុខាភិបាល និង​​អង្គការ​សុខភាព​ពិភព​លោក បានឲ្យ​ដឹង​ថា កុមារី​ដែល​​ស្លាប់​ដោយ​សារ​រោគ​ផ្ដាសាយបក្សីនោះ​មាន​អាការៈ​​គ្រុន​ក្ដៅ​ខ្លាំង និង​ដក​ដង្ហើម​​ញាប់ ហើយ​ក៏​បានស្លាប់ ​កាល​ពី​ថ្ងៃ​អាទិត្យ ទី២០ ឧសភា កន្លងទៅថ្មីៗ​នេះ បន្ទាប់​ពី​នាង​បាន​បរិភោគ​សាច់​មាន់​ងាប់ ដែល​យក​មក​ពី​កសិដ្ឋាន​មួយ​នៅ​ក្នុង​ភូមិ។ បើតាម​ការ​ធ្វើ​តេស្ដ​សាក​​​ល្បង​ពី​មន្ទីរ​ពេទ្យ​​ បានបញ្ជាក់​ថាក្មេង​ស្រី​រងគ្រោះ​ពិត​ជា​មានវីរុស ​H5N1 ពិតប្រាកដ​មែន។

គួរបញ្ជាក់ផងដែរថា បើយោង​តាម​តួលេខ​ចេញ​ដោយ​អង្គការ​សុខភាព​ពិភពលោក​ បាន​ឱ្យ​ដឹង​ថា នៅ​ទូទាំង​ពិភពលោក អ្នក​ស្លាប់ដោយសារ​មេរោគ​ផ្ដាសាយ​បក្សី​មាន​រហូតដល់៣៥៧នាក់ គិត​ចាប់​ពី​ឆ្នាំ​២០០៣មក ។ ដោយ​ឡែក​ ​ ជម្ងឺផ្តាសាយបក្សី ឬ H5N1 ​នេះ ​បាន​សម្លាប់​មនុស្ស​ចំនួន​១៩នាក់ហើយនៅប្រទេសកម្ពុជា ហើយ​ករណី​កុមារី​នៅ​ខេត្ត​កំពង់ស្ពឺ​នេះ គឺ​ជា​ករណី​ទី​២១​​ដែល​បាន​ឆ្លង​ជម្ងឺប្រភេទ​នេះ​បន្ទាប់​ពីបាន​បរិភោគ​សាច់​មាន់​ងាប់​នៅ​ឯ​កសិ​ដ្ឋាន​នៅ​ក្នុង​ភូមិ​របស់​នាង។

អត្ថបទដោយ ៖​ សៀង វិរៈ​

ចេញផ្សាយ ៖ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១២​

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *