រក​ឃើញ​វី​រុស​ប្រភេទ​ថ្មី​ស្រដៀង​វីរុសហ៊ីវ(HIV)

បច្ចុប្បន្ន​ជម្ងឺ​អេដស៍​(HIV/AIDS) នៅ​លើ​ពិភពលោក នៅ​ពុំទាន់​ទប់​ស្កាត់​បាន​ទាំង​ស្រុង​ផង​ស្រាប់​តែមាន​លេច​ឮនូវ​ជម្ងឺ​ថ្មី​ម្យ៉ាង​ទៀត​ដែល​ស្រដៀង​ទៅនឹង​វីរុស​ហ៊ីវ ហើយ​បាន​ធ្វើ​ឲ្យ​ពិភពលោក​កាន់​តែ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​ទាំង​នេះ។ បើ​មាន​ជម្ងឺ​នេះកើត​ឡើង​មែន​នោះ តើ​ពិភព​លោក​នឹងត្រូវ​ធ្វើ​ដូចម្តេច ហើយ​ការ​ចម្លង​របស់​វាមាន​ភាព​សាហាវ​​ជាង​វីរុស HIV ដែរឬទេ? បើ​ប្រិយ​មិត្ត​អ្នក​អាន​ចង់​ជ្រាប​កាន់​តែ​ច្បាស់​នោះ សូម​តាម​អាន​ជាមួយ​គេហ​ទំព័រ​សុខភាព​កម្ពុជា​ដូច​តទៅ៖

រូបភាពទស្សនាវដ្ដីសុខភាពយើង

យោង​តាម​គេហ​ទំព័រ Dailymail.co.uk ចេញ​ផ្សាយ​កាល​ពីពេល​ថ្មីៗ​នេះ បាន​ឲ្យ​ដឹង​ថា អ្នក​វិទ្យា​សាស្ត្រ​ជនជាតិ​អាហ្វ្រិក​បានចេញ​សេចក្តី​ព្រមាន​ថា ការ​បរិភោគ​សាច់​ស្វា អាច​បណ្តាល​ឲ្យកើត​មាន​ជម្ងឺ​ម្យ៉ាង​ស្រដៀង​ទៅនឹង​ជម្ងឺ​អេដស៍​ដ៏កាច​សាហាវ។ ​ អ្នកវិទ្យា​សាស្រ្ត​បាន​បញ្ជាក់​ឲ្យដឹង​ថា នៅ​ភាគ​កណ្តាល​នៃទ្វីប​អាហ្វ្រិក ​ការ​ទទួល​ទាន​សត្វ​ស្វា​អាច​ឈាន​ទៅ​រក​ការ​រីក​រាល​ដាល​នៃ​វីរុសហ៊ីវ​ (HIV) ប្រភេទ​ថ្មី​ ដែលធ្វើ​ឱ្យ​មនុស្ស​នៅទូទាំង​ពិភព​លោក​ប្រឈម​មុខ​នឹង​វិបត្តិ​ផ្នែក​សុខ​ភាព​ដ៏​អា​ក្រក់​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ ។

តាម​ការ​ត្រួត​ពិនិត្យ​ជា​លើក​ដំ​បូង​ឃើញ​ថា ​វីរុស​នេះ​មាន​ឈ្មោះ​ថាសៃមៀនហ្វូមី (Simian Foamy)។ វីរុសនេះ មាន​លក្ខណៈ​ស្រដៀង​ទៅនឹងវីរុសហ៊ីវ​។ ប៉ុន្តែ​អ្នក​វិទ្យា​សាស្ត្រ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​ការ​ឆ្លង​របស់​វី​រុស​នោះ​នៅ​ឡើយ​នោះទេ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​មាន​ការ​រំ​ពឹង​ទុក​ថា ការ​ប៉ះ​ពាល់​លើ​ឈាម​ ទឹក​មាត់​ និង​វត្ថុ​រាវ​ផ្សេងៗ​ទៀត ​ពី​រាង​កាយ​របស់​សត្វ​ដែល​ឆ្លង​វី​រុស​អាច​ជា​ប្រភព​ចម្លង​ដ៏​សំខាន់​ទៅដល់​មនុស្ស ហើយ​គេ​ក៏បារម្ភ​ផងដែរ​អំពី​ជម្ងឺ​នេះ ដែល​វា​អាច​ឆ្លង​រីក​រាល​ដាល​ពីសត្វ​ស្វា​ទៅ​មនុស្ស និង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ដូច​វីរុស​ហ៊ីវ​យ៉ាង​ឆាប់​រហ័ស​ផងដែរ ។

នាយក​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​ប៉ាស្ទ័រ​ក្នុង​ទី​ក្រុង​យ៉ា​អ៊ុន​ដេ(Yaounde) លោក​សាស្ត្រា​ចារ្យ Dominiqe Baudon នៃ​ប្រទេស​កាមេ​រូន​ បានឱ្យ​ដឹង​ថា ​បច្ចុប្បន្ន​អ្នក​វិទ្យា​សា​ស្ត្រ​ កំពុង​បារម្ភ​យ៉ាង​ខ្លាំង​ក្រោយ​ពី​មាន​របាយ​ការណ៍​ថា ប្រជា​ជន​ស្លាប់​ដ៏​អា​ថ៌​កំបាំង​ស្ទើរ​តែ​ពេញ​ភូមិ​ នៅ​ក្នុង​ភូមិ​បា​ហ្គាក​លី​អុន(Bakalion)​ និង​នៅ​ទី​ជន​បទ​របស់ប្រទេស​កាមេ​រូន​ ក្រោយ​ពី​មាន​មនុស្ស​យក​ខ្មោច​ស្វា​នៅ​កណ្តាល​ព្រៃ​មក​ទទួល​ទាន​ និ​ងចែក​ជូន​​អ្នក​ស្រុក ។​ ការ​ទទួល​ទាន​​សាច់​ស្វា​នោះ​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ទាំង​បុរ​ស​ស្ត្រី​ព្រម​ទាំង​ក្មេងៗ​ចំនួន​២៥នាក់​ ពោលគឺ​ស្លាប់​ស្ទើរ​តែទាំង​អស់​គ្នា​នៅ​ពេល​ដែល​ពួក​គេ​បាន​បរិភោគ​សាច់​សត្វ​ស្វា​ទាំង​នោះ​រួចមក។ ​ប៉ុន្តែ​មាន​ស្ត្រី​ម្នាក់​បាន​រួច​រស់​ជីវិត​បន្ទាប់​ពីគាត់​បាន​បដិសេធ ការ​ទទួល​ទាន​សាច់​សត្វ​ស្វា​ជាមួយអ្នក​ភូមិ​ទាំង​នោះ។

គួរ​បញ្ជាក់​ផងដែរ​ថា តាម​​ទិន្ន​ន័យ​របស់​អា​ជ្ញា​ធរ​កាមេរូនបាន​បញ្ជាក់​ថា ជា​មធ្យម​មាន​ស្វា​ប្រហែល​៣.០០០​ក្បាល​ ត្រូវ​សម្លាប់​ដោយ​ព្រាន​ព្រៃក្នុងមួយឆ្នាំ។ ជា​ពិសេស​នៅ​ភាគ​ខាង​ត្បូង​ប្រទេស ប្រហែល​៨០%​ នៃ​សាច់​សត្វ​ដែល​ត្រូវ​បរិភោគ​នៅ​ក្នុង​ប្រទេស​ ជា​សាច់​សត្វ​ដែល​ទទួល​បា​ន​ពីការ​បរ​បាញ់​នៅ​ក្នុង​ព្រៃ​រួម​ទាំង​សាច់​ស្វា​ផង​ដែរ​។

គួរ​រំឮក​ផងដែរ​ថា កាល​ពីឆ្នាំ​២០១០ មាន​មនុស្ស​ចំនួន១.៨​លាន​នាក់​នៅ​លើ​ពិភព​លោក​បាន​ស្លាប់​ដោយ​សារ​ជម្ងឺ​អេដស៍​ហើយ​ក្នុង​នោះ​មាន​កុមារ​អាយុ​ក្រោម​១៥ឆ្នាំ ចំនួន​២៥ម៉ឺន​នាក់បាន​ស្លាប់​បាត់​បង់​ជីវិត​ផង​ដែរ។ ហើយ​ចាប់​តាំង​ពីមាន​ការរាត​ត្បាត​ជម្ងឺ និង​មេរោគ​អេដស៍​នៅ​ទូទាំង​​ពិភព​លោក​នាពេល​កន្លង​មក​រហូត​មក​ដល់​ពេល​បច្ចប្បន្ន មាន​មនុស្ស​ចំនួន​៦០​លាន​នាក់​​ហើយ​ដែល​បាន​ឆ្លង​មេរោគ​អេដស៍ និង​មនុស្ស​ចំនួន​៣០លាន​នាក់បាន​ស្លាប់​បាត់​បង់​ជីវិត។ នេះ​បើ​យោង​តាម​គេហ​ទំព័រ amfar.org។ រីឯ​អត្រា​នៃ​ចំនួន​អ្នកស្លាប់​ដោយ​សារ​ជម្ងឺ​អេដស៍​នៅ​កម្ពុជា​នាឆ្នាំ​២០១១​កន្លង​ទៅ​នេះ​វិញ ​មាន​ចំនួន​ប្រមាណ​ ២៦០៨​នាក់ ក្នុង​នោះ​មនុស្ស​អាយុ​១៥​ឆ្នាំ​មាន​ចំនួន​២៤៨៤​នាក់ និង១២៤​នាក់​ជា​កុមារ។ នេះ​បើ​តាម​អាជ្ញា​ធរ​អេដស៍​ជាតិ​ ដែល​ហៅ​កាត់ថា​ NAA នៅ​កម្ពុជា។

អត្ថបទដោយ ៖​ សៀង វិរៈ​

ចេញផ្សាយ​ ៖​​ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១២

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *