ជោគជ័យនៃផលិតផលកសិកម្មមិនអាស្រ័យទៅលើកត្ដាធម្មជាតិទាំងស្រុងនោះទេ ចាំបាច់ត្រូវពឹងផ្អែកទៅលើបច្ចេកទេស និងការប្រើប្រាស់ជីជាជំនួយផងដែរ។ ការជ្រើសរើសជីជាកត្ដាសំខាន់ដែលលោកអ្នកគួរមានការប្រុងប្រយ័ត្នព្រោះពេលខ្លះវាអាច ផ្ដល់នូវគុណវិបត្ដិទៅវិញ។ ជីធម្មជាតិជាជម្រើសដ៏ល្អដែលលោកអ្នកគួរប្រើប្រាស់ដើម្បីបម្រើឱ្យកសិកម្ម។ តើជីធម្មជាតិជាអ្វីនិងមាន ផលប្រយោជន៍យ៉ាងណាខ្លះ?
លោក យិន សុប៊ុណ្ណា អនុប្រធានសមាគមសុខភាព និងវិជ្ជាជីវៈនារីខ្មែរបានស្រាយបំភ្លឺអំពីបញ្ហាជីធម្មជាតិជូនមិត្ដអ្នកអាន តាមរយៈទស្សនាវដ្ដី សុខភាពយើង។
ជីធម្មជាតិ
ជីធម្មជាតិ ជាជីដែលទទួលបានពីការកែច្នៃបែបធម្មជាតិ ឬដោយយកវត្ថុធាតុដើមចេញពីអ្វីដែលមានស្រាប់នៅក្នុងធម្មជាតិ ទៅផលិតជាជីដើម្បីបម្រើឱ្យកសិកម្ម ឬកសិដ្ឋាន។ ជីគីមីមិនមែនជាជីដែលកើតចេញពីការធ្វើសំយោគរវាងសមាសធាតុគីមីណាមួយ នោះទេ។
ប្រភេទជីធម្មជាតិ
ជីធម្មជាតិមានច្រើនប្រភេទច្រើនសណ្ឋានទៅតាមការប្រើប្រាស់និងសម័យកាល។ ជីធម្មជាតិមួយប្រភេទដែលចាស់បុរាណ តែងប្រើជាប្រចាំគឺជាជីបានពីលាមកសត្វ និងកាកសំណល់ផ្សេងៗ។ ទិន្នផលដំណាំដែលទទួលបានគឺមិនសមនឹងតម្រូវការរបស់ ប្រជាកសិករ មានន័យថាមានកម្រិតទាបនៅឡើយ។ ចំណែកជីកំប៉ុសជាជីធម្មជាតិមួយប្រភេទដែលបានមកពីការផ្អាប់រុក្ខជាតិ លាមក សត្វ អង្កាម និងកាកសំណល់ផ្សេងៗក្នុងរយៈពេលពី៣ទៅ៦ខែនោះ គេនឹងបានជីគោក។ ចំណែកឯជីទឹកវិញគេយកស្លឹករុក្ខជាតិពណ៌ បៃតងទាំងអស់ទៅផ្អាប់។ ដោយបច្ចេកវិទ្យាកាន់តែទំនើបមានការរីកចម្រើនគេបានរកឃើញការផលិតជីធម្មជាតិមួយបែបទៀតគឺ ជាប្រភេទអតិសុខុមប្រាណ ដោយប្រើអតិសុខុមប្រាណល្អនៅក្នុងធម្មជាតិដែលមាននៅក្នុងប្រទេសកម្ពុជា។
គុណប្រយោជន៍នៃការប្រើជីធម្មជាតិ
ពុំមានគុណវិបត្ដិណាមួយដែលកើតឡើងដោយការប្រើជីធម្មជាតិនោះឡើយ តែវាមានគុណសម្បត្ដិច្រើនប្រការទៅវិញ។ លោកអ្នកអាចប្រើជីធម្មជាតិបានគ្រប់តម្រូវការទាំងអស់ ទាំងផ្នែកកសិកម្មស្រែចម្ការ ការចិញ្ចឹមសត្វ (សត្វលើគោកនិងសត្វក្នុង ទឹក) កសិដ្ឋាន និងអាចយកមកប្រើប្រាស់ដើម្បីបម្រើជាផលប្រយោជន៍ក្នុងគេហដ្ឋានបានផងដែរ។
1 . បង្កើនទិន្នផលដំណាំ ៖ ជួយកាត់បន្ថយជាតិអាស៊ីដក្នុងដីនិងទឹក កម្ចាត់សត្វល្អិតដែលជាសត្រូវនឹងដំណាំ។ ប្រើជី ធម្មជាតិអាចជួយធ្វើឱ្យដីផុស និងជក់ទឹក មិនរឹង មិនត្រឹមតែប៉ុណ្ណោះអាចជួយរំលាយពពួកកម្ទេចកាកសំណល់ផ្សេងៗឱ្យក្លាយទៅជា អាហារសម្រាប់ដំណាំបានថែមទៀតផង។ ជីធម្មជាតិជួយបង្កើតអ័រម៉ូនធ្វើឱ្យដំណាំទទួលបានទិន្នផលខ្ពស់មានគុណភាព និងអាចរក្សា ទុកបានយូរ។ ពិសេសគឺអាចជួយបង្កើនចំណូលពីការនាំចេញនូវផលិតផលដែលប្រើជីធម្មជាតិនាំឱ្យសេដ្ឋកិច្ចគ្រួសារមានការកើនឡើង ទ្វេដង។ ការប្រើជីធម្មជាតិមិនត្រឹមតែមានប្រយោជន៍សម្រាប់កសិកម្មនិងបង្កើនផលដំណាំប៉ុណ្ណោះទេ តែក៏មានគុណសម្បត្ដិច្រើន ចំពោះសត្វចិញ្ចឹម ពិសេសត្រី និងស្រះទឹក។ ជីធម្មជាតិជួយដោះស្រាយបញ្ហាព្រូនក្នុងទឹកដែលជាផលអាក្រក់សម្រាប់ការចិញ្ចឹមត្រី និងកង្កែប ជួយផ្សះដំបៅ បំបាត់ក្លិន ភក់ក្នុងអាង បឹង ស្រះ និងជួយបង្កើតប្លង់តុងសម្រាប់ចិញ្ចឹមត្រីផងដែរ។
2 . បរិស្ថាន ៖ ការប្រើប្រាស់ជីធម្មជាតិពុំមានការប៉ះពាល់ទៅដល់បរិស្ថាននោះឡើយ តែវាអាចជួយដល់បរិស្ថានបាន ច្រើនយ៉ាង ដូចជាជួយបំបាត់ក្លិនស្អុយក្នុងកសិដ្ឋានចិញ្ចឹមសត្វ រោងចក្រឧស្សាហកម្ម និងនៅតាមទីប្រជុំជននានា។ វាជួយធ្វើឱ្យសម្រាម នៅតាមដងផ្លូវ ឬកន្លែងផ្ទុកសម្រាមពុំមានក្លិនស្អុយឡើយ។ វាជួយធ្វើឱ្យបរិយាកាសមានលក្ខណៈល្អប្រសើរ មិនប៉ះពាល់ទៅដល់ខ្យល់ និងទឹកនោះទេ។ ការប្រើប្រាស់ជីធម្មជាតិជួយបំបាត់សម្រាម ដោយការយកសម្រាមទៅកែច្នៃឱ្យបានជាប្រយោជន៍ក្នុងការធ្វើកសិកម្ម វិញ។ មិនត្រឹមតែប៉ុណ្ណោះការប្រើប្រាស់ជីធម្មជាតិមានប្រយោជន៍បំផុតក្នុងការទ្រទ្រង់គុណភាពដី មិនធ្វើឱ្យដីខូចបែកក្រហែង និងមិន ធ្វើឱ្យដីបាត់បង់ជីជាតិនោះឡើយ។ ប៉ុន្ដែវាជួយកែប្រែដីឱ្យមានជីជាតិល្អ ដីផុសងាយស្រួលក្នុងការធ្វើកសិកម្ម។
3 . សុខភាព ៖ ការប្រើជីធម្មជាតិពុំមានប៉ះពាល់ដល់សុខភាពនោះទេ ទាំងការប៉ះទង្គិចដោយផ្ទាល់ និងដោយប្រយោល។ ផ្ទុយទៅវិញវាអាចជួយទ្រទ្រង់សុខភាពលោកអ្នកឱ្យមានលក្ខណៈល្អប្រសើរនៅពេលដែលលោកអ្នកទទួលទាននូវផលិតផលដែលបានមកពីការប្រើជីធម្មជាតិ។
ដំបូន្មានអ្នកប្រឹក្សា
ការប្រើជីធម្មជាតិមិនត្រឹមតែជួយឱ្យលោកអ្នកទទួលបាននូវផលប្រយោជន៍ច្រើនខាងផ្នែកកសិកម្មប៉ុណ្ណោះទេ ថែមទាំង អាចជួយការពារបរិស្ថាន និងធ្វើឱ្យដីមានគុណភាពល្អ មិនប៉ះពាល់ដល់សុខភាព។ ដូចនេះសូមលោកអ្នកជ្រើសរើសការប្រើប្រាស់ជី ធម្មជាតិ ហើយសូមចៀសវាងការប្រើប្រាស់ជីគីមីទៅលើដំណាំ ព្រោះធ្វើឱ្យប៉ះពាល់គ្រប់យ៉ាងទាំងសុខភាពនិងបរិស្ថានរស់នៅ។ សូមលោកអ្នកសម្រេចចិត្ដជ្រើសរើសនូវវិធីដ៏ល្អនេះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៩ ខែមិថុនា ឆ្នាំ២០០៨
Leave a Reply