ម៉េង កែវ​ពេជ្ជតា សម្រស់​សំខាន់​សម្រាប់​នារីៗ

អ្នក​នាង​ម៉េង កែវ​ពេជ្ជតា ជាតារា​ចម្រៀង​មួយរូប​ដែល​មាន​ឈ្មោះ​បោះ​សម្លេង​ល្បី​រន្ទឺ​ក្នុង​ព្រះ​រាជាណា​ចក្រ​កម្ពុជា។ អ្នកណា​ក៏ស្គាល់​អ្នកនាង និង​តែងតែ​និយាយ​កោត​សរសើរ​ថា ពេជ្ជតា​មាន​សម្លេង​ពីរោះ និង​រូប​សម្រស់​ស្រស់​ស្អាត​មើល​ទៅមិន សមថា​មាន​បុត្រ​មួយ​នោះទេ ទាំង​សាច់​សខ្ចី និង​ផ្ទៃមុខ​ស្រស់​ផូរផង់។ តើ​ប្រិយ​មិត្ដ​អ្នក​អាន​ចង់​ដឹងទេ​ថា​អ្នក​នាង​មាន​អាថ៌​កំបាំង យ៉ាង​ណា​ក្នុងការ​ថែរក្សា​សម្រស់​ឱ្យបាន​ល្អ​នោះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បាន​ធ្វើការ​សម្ភាសន៍​ជាមួយ​អ្នកនាង​ម៉េង កែវ​ពេជ្ជតា ផ្ទាល់ ប្រយោជន៍​ចង់ដឹង​ថា​អ្នកនាង មានអ្វី​ដែល​អាចធ្វើ​ឱ្យរូប​សម្រស់​ស្រស់​ស្អាត​ដូចនេះ។

ប្រវត្ដិ​មុន​ពេល​ចូល​ក្នុង​វិស័យ​សិល្បៈ

កាល​ពីនៅ​ជាកុមារ​ភាព​អ្នក​នាង​ម៉េង កែវពេជ្ជតា បាន​រៀន​សូត្រ​នៅ​សាលា​សុធារស ក្នុង​កំឡុង​ឆ្នាំ​១៩៨២។ បន្ទាប់​មក​អ្នក នាង​បានរៀន​នៅ​វិទ្យាល័យ​បឹង​ត្របែក​រហូត​ដល់​បញ្ចប់​ការ​សិក្សា។ ឪពុក​របស់​អ្នក​នាង​ជា​គ្រូ​បង្ហាត់​សិល្បៈ​មួយ​រូប​កាល​សម័យ​នោះ គឺ លោក ម៉េង ហ៊ុន ដែល​លោក​បាន​បង្ហាត់​បង្រៀន​នៅ​សកល​វិទ្យាល័យ​វិចិត្រ​សិល្បៈ។ ចំណែក​ឯម្ដាយ លោកស្រី កែវ សង្វា​ពេជ្ជ ដែល​ជាអ្នក​ច្រៀង​អាយ៉ៃ​ដ៏ល្បី​ឈ្មោះ​ម្នាក់​ដែរ​នៅ​សម័យ​នោះ។ ឪពុក​របស់​អ្នក​នាង​ពេជ្ជតា បាន​បង្ហាត់​បង្រៀន​អ្នក​នាង​ឱ្យក្លាយ​ជាអ្នក សិល្បៈ​តាំង​តែ​អាយុ៨ឆ្នាំ​មក​ម្ល៉េះ។ រហូត​មក​ដល់​ពេល​នេះ​អ្នក​នាង​​បានថត​​​ឱ្យ​ផលិតកម្ម​ជា​ច្រើន ទាំង​នៅក្នុង​ស្រុក និង​នៅ​ក្រៅ​ស្រុក​ប៉ុន្ដែ​អ្នកនាង​មិន​ដែល​មានកុងត្រា​នឹង​ផលិតកម្ម​ណាមួយ​ឡើយ។ នៅឆ្នាំ​២០០៥ អ្នក​នាង​បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​លោក មួង ឃីម ជាមន្ដ្រី​នៅក្នុង​រដ្ឋាភិបាល​មួយ​រូប។ ហើយ​ឥឡូវ​នេះ​អ្នក​នាង​ទទួល​បាន​បុត្រា​មួយ​ហើយ។

វិធី​ថែរក្សា​សម្រស់

អ្នកនាង​ពេជ្ជតា មាន​វិធីសាស្ដ្រ​ក្នុងការ​ថែរក្សា​សម្រស់​ខ្លះៗ​ដែល​ធ្វើឱ្យ​សម្ផស្ស​របស់​អ្នកនាង​ស្រស់​ស្អាត​ដូច​ជាតារា​វ័យ ក្មេង​មួយ​ចំនួន។ ទោះបី​ជាអ្នក​នាង​មាន​អាយុ​ច្រើន​គួរសម​ហើយ​ក៏ដោយ​ក៏សម្ផស្ស​ស្បែក​របស់​អ្នក​នាង​នៅតែ​ស្រស់​ស្អាត​ដូចជា​ស្ថិត នៅវ័យ​១៨ឆ្នាំ​អញ្ចឹង។

  • ការ​ថែរក្សា​សក់ អ្នក​នាង​ពេជ្ជតា​បាន​ជ្រើស​រើស​សាប៊ូកក់​សក់​ដែល​តម្រូវ​ទៅតាម​សរសៃ​សក់។ ដោយ​សារសក់​របស់ អ្នក​នាង​លាប​ពណ៌ ដូច​នេះ​តម្រូវ​មាន​ការយក​ចិត្ដទុក​ដាក់​ថែរក្សា​បន្ដិច។ ការកក់​សក់​របស់​អ្នកនាង​ធ្វើឡើង​ជារៀង​រាល់​ពីរថ្ងៃ​ម្ដង ឬអាច​ពេលខ្លះ​កក់សឹង​តែ​រាល់ថ្ងៃ ដោយ​សារតែ​ត្រូវ​ធ្វើសក់​ដើម្បី​ឡើង​កម្មវិធី ឬ​ចេញ​ថត​ផ្សេងៗ។
  • ការ​ថែរក្សា​ភ្នែក ចំពោះ​កែវ​ភ្នែកវិញ​នោះ​អ្នក​នាង​ពេជ្ជតា​មិន​មានអ្វី​ដែល​ធ្វើឱ្យ​ប៉ះពាល់​ខ្លាំង​ទៅលើ​កញ្ចក់​ភ្នែក​នោះ ទេ ដោយ​សារតែ​អ្នកនាង​មិន​សូវថត​ផ្ទាល់​ត្រូវនឹង​ពន្លឺ​ព្រះ​អាទិត្យ​ទេ។ ជាទូទៅ​អ្នក​នាង​តែងតែ​ថតនៅ​ក្នុង​ទីកន្លែង​ដែល​ត្រជាក់ និង ប្រើ​ប្រាស់​ពន្លឺ​ភ្លើង​អគ្គិសនី​ច្រើន​ជាង​ការថត​នៅហាល​វាល​ហាល​ថ្ងៃ។ ដូច្នេះ​ទើបធ្វើ​ឱ្យភ្នែក​អ្នកនាង​ល្អ​មិន​សូវ​មាន​បញ្ហា។ 

ការថែ​រក្សា​រោម​ភ្នែក ចិញ្ចើម និង​បបូរមាត់ ចំពោះ​បបូរ​មាត់​វិញ​អ្នកនាង​ប្រើ​ប្រាស់​ផលិត​ផល​ដែល​មាន​គុណភាព​ល្អ ជា​ពិសេស​ផលិត​ផល​ក្រៅ​ស្រុក​ដោយ​សារ​តែវា​មាន​គុណ​ភាព​ខ្ពស់​ក្នុងការ​ធ្វើឱ្យ​បបូរមាត់​មើល​ទៅ​ស្រស់​ស្អាត​មិន​ស្ងួត។ ទោះបី​ជា ពេល​ដែល​ជូតវា​ចេញ​ក៏ដោយ ក៏មើល​ទៅឃើញ​មាត់​យើង​មាន​ភាព​ស្រទន់ និង​ក្រហម​ព្រឿងៗ​ជានិច្ច។ ចំណែក​ឯរោម​ភ្នែក​វិញ អ្នក​នាង​តែង​ប្រើជា​រោមភ្នែក​ពាក់ ដើម្បី​កុំឱ្យ​រោមភ្នែក​ដែល​មាន​ពី​ធម្មជាតិ​នោះ​ដាច់ ឬជ្រុះ​ជាដើម។ ចិញ្ចើម​វិញ​គឺ​អ្នកនាង​តែង​គូស បន្ដិចៗ​ពេល​ដែល​ចេញ​ទៅខាង​ក្រៅ ប៉ុន្ដែបើ​ពេល​ចេញ​ទៅ​កម្មវិធី​អ្វីមួយ ឬ​ឡើង​ថត​នោះ​គឺអ្នក​នាង​គូស​ទៅតាម​ទម្រង់​មុខ​ដើម្បី​ឱ្យ សក្ដិ​សម។

  • ការ​ថែរក្សា​ធ្មេញ ជា​ធម្មតា​ធ្មេញ​អ្នកនាង​ស្រស់​ស្អាត​ដូច​ធម្មជាតិ​ទោះបី​មិនសូវ​មាន​ពេល​ទៅជួប​ទន្ដពេទ្យ​ជាញឹក​ញាប់ ក៏ដោយ ដោយ​សារតែ​អ្នកនាង​មាន​ការរវល់​នឹងការ​ងារ​ច្រើន។ អ្នកនាង​បាន​ជ្រើសរើស​ថ្នាំដុស​ធ្មេញ​ដែល​ត្រូវនឹង​អញ្ចាញ​ធ្មេញ ទៅ តាមវេជ្ជ​បញ្ជា​របស់​ទន្ដពេទ្យ​បាន​ណែនាំ​ឱ្យប្រើ។
  • រូបភាពទស្សនាវដ្ដីសុខភាពយើង

    ការ​ថែរក្សា​ស្បែក​មុខ អ្នកនាង​ចូល​ចិត្ដ​ការ​ផាត់មុខ​បែប​ធម្មជាតិ​ស្ដើងៗ និង​ចូលចិត្ដ​ផាត់​ភ្នែក​បែប​សាមញ្ញ​ជាពណ៌ ដែល​មិនរើស​សម្លៀក​បំពាក់។ អ្នកខ្លះ​ទៀត​ចូលចិត្ដ​លាប​ពណ៌​ភ្នែក​ឱ្យដូច​នឹងពណ៌​សម្លៀក​បំពាក់​តែចំពោះ​អ្នកនាង​វិញនោះ​មិនសូវ​ជា ចូលចិត្ដ​ធ្វើ​អញ្ចឹង​ទេ។ ពេល​ដែល​អ្នកនាង​ឡើង​ថត​តែងតែ​ត្រូវការ​ប្រើ​ប្រាស់​សម្លៀក​បំពាក់​ច្រើន​ម៉ូតក្នុង​ការថត។ បើផាត់​មុខបែប ធម្មតាៗ​នោះ វាមិន​មានអ្វី​ប៉ះពាល់​ដល់​សម្លៀក​បំពាក់ទេ។ នៅមុន​ពេល​ដែល​ផាត់​មុខ​អ្នកនាង​តែងតែ​លាប​ផលិត​ផល​ការពារ​ស្បែក មុខ ទុកឱ្យ​ស្ងួតរួច​មកផាត់​ម្សៅ​ទ្រនាប់ ហើយ​ផាត់​ម្សៅ​ហុយ​ពីលើ។ ចំណែក​ឯភ្នែក​វិញ​នោះ គឺផាត់​ពណ៌​ទៅតាម​ការពេញ​ចិត្ដ​របស់ អ្នកនាង។

  • ការថែ​រក្សា​ស្បែក​ខ្លួន ជាទូទៅ​អ្នកនាង​តែងតែ​ប្រើសាប៊ូ​ដែល​ត្រូវ​នឹង​ស្បែក​ខ្លួន នៅ​ពេល​ងូតទឹក​ម្ដងៗ។ ពេល​ដែល​ងូត ទឹករួច​ហើយ​ភាគ​ច្រើន​អ្នកនាង​ប្រើ​ប្រាស់​ជាផលិត​ផល​ការ​ពារ​ស្បែក​លាបខ្លួន​ទៅតាម​ការ​ពេញ​ចិត្ដ​និងក្លិន​របស់​ផលិត​ផល​នីមួយៗ។
  • ការថែ​រក្សា​ក្រចក ជានិច្ច​កាល អ្នកនាង​ច្រើនតែ​ប្រើជា​ក្រចក​សិប្ប​និម្មិត ព្រោះ​ខ្លាច​ក្រចក​ងាយ​ខូច​ដោយ​សារតែ​ការ លាប​ពណ៌​ច្រើន។ ពេល​ឡើង​ឆាក ឬពេល​ដែល​ឡើង​ថត អ្នក​នាង​តែងតែ​បិទ​ក្រចក​ពេល​ចប់​កម្មវិធី​អ្នកនាង​ក៏ដោះ​វាចេញ​វិញ។ ពេជ្ជតា​តែង​ប្រើជា​ថ្នាំលាប​ការពារ​ក្រចក​ដើម្បី​កុំឱ្យ​ក្រចក​មើល​ទៅខ្មៅ ឬ​លឿង។  

ការថែ​ទាំសុខ​ភាព​ផ្លូវ​កាយ

អ្នកនាង ម៉េង កែវ​ពេជ្ជតា មាន​ការ​មមាញឹក​ច្រើន ពេលខ្លះ​ជាកិច្ច​ការ​គ្រួសារ ដែល​ត្រូវតែ​ធ្វើជា​បន្ទាន់។ ដូច្នេះ​អ្នក​នាង​មិន​សូវ​ជាមាន​ពេល​វេលា​ក្នុង​ការ​ថែរក្សា​រាង​កាយ​ប៉ុន្មាន​ទេ។ តែទោះ​ជាយ៉ាង​ណា ក៏អ្នក​នាង​នៅតែ​ឆ្លៀត​ពេល​វេលា​ពេល​ព្រឹកៗ ដើម្បី​ធ្វើការ​ហាត់​ប្រាណ​ជារៀង​រាល់​ព្រឹក រយៈ​ពេល១៥​នាទី។

បំណង​សម្រាប់​ថ្ងៃ​អនាគត

បំណង​សម្រាប់​ថ្ងៃ​អនាគត​នោះ​គឺអ្នក​នាង​ចង់ឱ្យ​ទស្សនិក​ជន​នៅតែ​បន្ដការ​គាំទ្រ​អ្នកនាង​ជារៀង​រហូត​និង​ទី២ប្រាថ្នា​ចង់បាន បុត្រី​មួយ​រូប​បន្ថែម​ទៀត​នៅឆ្នាំ​នេះ ដែល​សព្វថ្ងៃ​អ្នកនាង​មាន​បុត្រា​មួយរួច​ទៅ​ហើយ។

បណ្ដាំ​ផ្ញើ​របស់​ម៉េង កែវ​ពេជ្ជតា

សូម​មិត្ដ​អ្នកអាន​ទាំងអស់​គ្នាយក​ចិត្ដទុក​ដាក់​ចំពោះ​សុខភាព​ក៏ដូច​ជា​សម្រស់​របស់​ខ្លួនឱ្យ​បានល្អ​ទើប​ធ្វើឱ្យ​លោកអ្នក​ទទួល បាននូវ​អ្វី​ដែល​ល្អក្នុង​ជីវិត។ កាល​ណា​លោកអ្នក​មាន​សុខភាពល្អ នោះអ្វីៗ​វាល្អ​តាមពី​ក្រោយ​ជានិច្ច ទាំង​ការ​ងារ​ទាំងមុខ​របរ​រកស៊ី។ សម្រស់​ជាផ្នែក​មួយ​យ៉ាង​សំខាន់​ចំពោះ​មិត្ដនារីៗ ដូច្នេះ​ត្រូវចេះ​ថែរក្សា​សម្រស់​របស់​ខ្លួនឱ្យ​បានល្អ​ដើម្បី​ជាទី​ពេញចិត្ដ​ដល់​អ្នកផង​ទាំង ពួង​ដែល​នៅជុំវិញ​ខ្លួនយើង។

ការរៀប​រាប់ជូន​ខាង​លើនេះ ជាការ​យល់​ឃើញ និង​ជាការ​អនុវត្ដ​របស់​អ្នកនាង ម៉េង កែវ​ពេជ្ជតា តែ​ប៉ុណ្ណោះ។ សូម លោកស្រី​អ្នកនាង​កញ្ញា​ជ្រើស​រើស​យកអ្វី​ដែល​លោកអ្នក​យល់ថា​ល្អត្រឹម​ត្រូវ​សម្រាប់​អនុវត្ដ​បាន​ហើយ។

ប្រវត្ដិ​រូប​សង្ខេប

  • ឈ្មោះ ៖ ម៉េង កែវពេជ្ជតា
  • អាយុ ៖ ៣២ឆ្នាំ
  • កម្ពស់ ៖ ១,៥៦ម៉ែត្រ
  • ចង្កេះ ៖ ២៧
  • ទម្ងន់ ៖ ៥៣គីឡូក្រាម
  • បងប្អូន ៖ ៤នាក់ ស្រី៣នាក់ និងប្រុស១នាក់(ជាកូនទី៤ )
  • កម្រិតវប្បធម៌ ៖ បញ្ចប់បាក់ឌុប
  • អាជីពបច្ចុប្បន្ន ៖ តារាចម្រៀង
  • ទីកន្លែងកំណើត ៖ ខេត្ដតាកែវ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៩ ខែមិថុនា ឆ្នាំ២០០៨

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *