ហាម​ផឹក​គ្រឿង​ស្រវឹង​នៅ​មុន និង​ពេល​បោះ​ឆ្នោត

ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ការ​ដឹក​នាំ​តាម​បែប​ប្រជា​ធិប​តេយ្យ​នៅ​លើ​ពិភព​លោក​ដោយ​សន្តិ​វិធី។​ ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១២​កន្លង​ទៅ​នេះ រាជ​រដ្ឋា​ភិបាល​កម្ពុជា ក៏​បាន​ណែ​នាំ​ឱ្យ​ផ្អាក​ការ​លក់​ដូរ និង​ពិសា​គ្រឿងស្រវឹងមុន១ថ្ងៃនិងនៅថ្ងៃបោះឆ្នោត៣មិថុនាដើម្បីធានាដល់​​​​​​ដំណើរការបោះឆ្នោតប្រព្រឹត្ត​ទៅ​ដោយ ​សេរី​ ត្រឹម​ត្រូវ​ និង​យុត្តិ​ធម៌​ គ្មាន​ហិង្សា គ្មាន​ការ​គម្រាម​កំហែង​ គ្មាន​កា​របំភិត​បំភ័យ​ និង​បាតុ​ភាព​នានា​ ដែលអាច​កើត​មាន​ឡើង​ ដោយ​សារ​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​នាពេល​ខាង​មុខ ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

រដ្ឋា​ភិបាល​បាន​ចេញ​សេច​ក្តី​ណែ​នាំ​ស្តី​ពី​ការ​ផ្អាក​មិន​ឱ្យ​លក់​ដូរ​ និង​ពិសា​គ្រឿង​ស្រវឹង​មួ​យ​ថ្ងៃ​មុន​ថ្ងៃ​បោះ​ឆ្នោត​ និង​ថ្ងៃ​បោះ​ឆ្នោត​ជ្រើ​ស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ អាណត្តិ​ទី​៣​ ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១២ ។ តាម​សេចក្តី​ណែ​នាំ​ដែល​បាន​ចុះ​ហត្ថ​លេខា​ដោយ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន​ សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ចុះ​ថ្ងៃ​ទី​២៥ ខែ​ឧសភា បាន​សរសេរ​ថា ​ថ្ងៃទី​៣ ខែ​មិថុនា ឆ្នាំ​២០១២​ខាង​មុខនេះ​ ព្រះ​រាជាណា-​ចក្រ​កម្ពុជា​​នឹង​មាន​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើ​ស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់់​អាណត្តិ​ទី​៣ ដែល​រៀប​ចំ​ឡើង​ដោយ​កម្ពុជា​ខ្លួន​ឯង​ផ្ទាល់​ ។ អនុលោម​តាម​ច្បាប់​ស្តី​ពីការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ និង​ច្បាប់​ស្តី​ពី​វិសោធនកម្ម​នៃ​ច្បាប់​នេះ​ និងបទ​ប​ញ្ជា​ ព្រមទាំងនីតិ​វិធី​សម្រាប់​ការ​បោះ-​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ អាណត្តិ​ទី​៣ រាជ​រដ្ឋា​ភិបាល​សូម​ធ្វើ​ការ​ណែ​នាំ​ដូច​ខាង​ក្រោម​៖

. ប្រជា​ពលរដ្ឋ​ខ្មែរ និង​ជន​បរទេស​ទាំង​អស់​ដែល​រស់​នៅ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា ត្រូវ​រួម​សហការ​ជាមួយ​រាជ​រដ្ឋា​ភិបាល​ កង​កម្លាំង​សន្តិសុខ​គ្រប់​ប្រភេទ ​អាជ្ញាធរ​ដែន​ដី​គ្រប់​លំដាប់​ថ្នាក់​ គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត និង​គណៈ​កម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​គ្រប់​លំដាប់​ថ្នាក់​ ដោយ​ត្រូវ​ផ្អាក​ពិសា​ និង​ផ្អាក​ការ​លក់ដូរ​គ្រឿង​ស្រវឹង​មួយ​ថ្ងៃ​មុន​ថ្ងៃ​បោះ​ឆ្នោត​ គឺ​ចាប់​ពី​ម៉ោង​២៤​ នៃ​ថ្ងៃ​ទី១ ខែ​មិ​ថុនា ឆ្នាំ​២០១២ រហូត​ដល់​ម៉ោង​២៤ ​ថ្ងៃទី​៣ ខែមិថុនា​ ឆ្នាំ២០១២ ​ដើម្បី​រួម​ចំណែក​ទប់​ស្កាត់​អំពើ​ហិង្សា ការ​គំរាម​កំហែង​​ ការ​បំភិត​បំភ័យ ​និ​ងបាតុ​ភាព​នានាដែល​អាច​បណ្តាល​មក​ពី​ការពិសា​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ។

2​​ . កង​រាជ​អាវុធ​ហត្ថ​ កង​នគរបាល​ជាតិ​ រួម​ជាមួយ​អាជ្ញាធរ​ដែន​ដី​គ្រប់​លំដាប់​ថ្នាក់​ ត្រូវ​ធ្វើ​ការ​បំពាក់​បំប៉ន​ដល់​កង​កម្លាំង​ និង​មន្ត្រី​រាជ​ការ​ក្រោម​ឱវាទ និង​អប់រំ​ណែ​នាំ​ប្រជា​ពលរដ្ឋ​​ខ្មែរ និង​ជន​បរទេស​ទាំង​អស់​ក្នុង​មូល​ដ្ឋាន​របស់​ខ្លួន អនុវត្ត​ផ្អាក​ការ​លក់​ដូរ​ និង​ពិសា​គ្រឿង​ស្រវឹង​ ក្នុង​គោល​បំណង​ធ្វើ​ឱ្យ​កិច្ច​ដំណើរ​ការ​បោះឆ្នោត​ជ្រើ​ស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ អាណត្តិ​ទី​៣​ ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១២ ខាងមុខ​នេះ ប្រព្រឹត្ត​ទៅ​ក្នុង​បរិយា​កាស​នយោ​បាយ​ល្អ សេរី​ ត្រឹម​ត្រូវ យុត្តិ​ធម៌​ និង​គ្មាន​អំពើ​ហិង្សា ។

3 . រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ ត្រូវ​សហការ​ជាមួយ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ដើម្បីធ្វើ​ការ​ផ្សព្វ​ផ្សាយ​សេចក្តីណែ​នាំ​នេះ​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ជន​បរទេស អ្នក​លក់​ដូរ មន្ត្រី​រាជ​ការ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​មូល​ ឱ្យ​បាន​យល់​ជ្រួត​ជ្រាប​ និង​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ ។

រដ្ឋា​ភិបាលកម្ពុជា​សង្ឃឹម​ជឿ​​ជាក់​ថា ពេល​ទទួល​បាន​សេចក្តី​ណែ​នាំ​នេះ អាជ្ញាធរ​មាន​សមត្ថ​កិច្ច អាជ្ញាធរ​ដែន​ដី​គ្រប់​លំដាប់​ថ្នាក់​ មន្ត្រី​រាជ​ការ​ស៊ី​វិល និង​កង​កម្លាំង​ប្រដាប់​អាវុធ​​គ្រប់​ប្រភេទ ព្រមទាំង​ប្រជា​ពលរដ្ឋ​ខ្មែរ​ ជន​បរទេស និង​អ្នក​លក់​ដូរ​ទាំង​អស់​នៅក្នុងព្រះ​រាជា​ណាចក្រ​កម្ពុជា នឹង​ចូល​រួម​អនុវត្ត​សេចក្តីណែ​នាំ​នេះ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ដើម្បី​ធ្វើ​ឱ្យ​កិច្ច​ដំណើរ​ការ​បោះ​ឆ្នោត​នេះ​ទទួល​បាន​លទ្ធ​ផល​ល្អប្រសើរ​ជូន​ជាតិ​ និង​មាតុ​ភូមិ។

អត្ថបទដោយ ៖ សៀង វិរៈ

ចេញផ្សាយ ៖​ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១២

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *