វិធី​ថែទាំ​ស្បែក​នៅ​ពេល​យប់

ការថែទាំ​ស្បែក​នៅ​ពេល​យប់​ផ្ដល់​នូវ​អត្ថ​ប្រយោជន៍។ ការថែទាំ​នៅពេល​យប់​ងាយ​ធ្វើឱ្យ​ស្បែក​ឆាប់​សម៉ត់​និង​មាន​ជាតិ សំណើម​ណាស់ ព្រោះ​ស្បែក​ពុំបាន​ទទួល​រងពី​កម្ដៅ​ថ្ងៃ ហើយ​មិន​បានធ្វើ​ឱ្យ​ស្បែក​ក្រៀម​ស្ងួត​ទៀត​ផង។ ហេតុដូច​នេះ​សូម​លោកស្រី អ្នក​នាង​កញ្ញា​កុំបណ្ដោយ​ឱ្យស្បែក​ទ្រុឌ​ទ្រោម​ទៅតាម​អាយុកាល​ឱ្យសោះ​ប្រសិន​បើចង់​បាន​ស្បែក​ដូច​ដែល​លោកអ្នក​ប៉ង គ្រាន់តែ លោកស្រី​អ្នកនាង​កញ្ញា​អនុវត្ដ​រូបមន្ដ​មួយ​ចំនួន។ 

រូបភាពទស្សនាវដ្ដីសុខភាពយើង

សម្រាប់​លេខ​នេះ ទស្សនាវដ្ដី សុខភាពយើង​សូម​លើក​ពីវិធីថែ​ទាំស្បែក​នៅពេល​យប់​មក​បង្ហាញ​ជូន​ប្រិយ​មិត្ដ​អ្នកអាន​ឱ្យ បាន​ស្វែង​យល់​តាម​រយៈ​ការ​ជួប​សម្ភាសន៍​ជាមួយ​អ្នកនាង សោភា ម្ចាស់​ហាងកែ​សម្ផស្ស​ម៉ាលីន​ណា។

ដើម​ហេតុ​ថែទាំ​ស្បែក​នៅ​ពេល​យប់

ធម្មតា​នៅ​ពេល​យប់ គឺពុំ​មាន​កម្ដៅ​ព្រះអាទិត្យ​ឡើយ ហើយ​ក៏អាកាស​ធាតុល្អ​ប្រសើរ​ជាង​ពេល​ថ្ងៃ។ ដូចនេះ​ការ​ថែទាំ ស្បែក​នៅពេល​យប់ គឺ ឆាប់​ទទួល​លទ្ធផល​ល្អ ដូចជា​ធ្វើឱ្យ​ស្បែក​មាន​សំណើម សម៉ត់​រលោង។ ចំពោះ​ពេល​ថ្ងៃ​ទោះបី​ជា​លោក អ្នក​ថែទាំ​ស្បែក​ដោយ​យក​ចិត្ដ​ទុក​ដាក់​បំផុត​ក៏ដោយ ស្បែក​លោកអ្នក​ក៏នៅ​ទទួល​រង​ឥទ្ធិពល​ពីកម្ដៅ​ព្រះអាទិត្យ​ដែរ។ ប្រសិន​បើ​ពេល ថ្ងៃ​លោកអ្នក​ប្រើ​ប្រាស់​ផលិត​ផល​ខុសនោះ​ធ្វើឱ្យ​ស្បែក​លោកអ្នក​ឆាប់​មាន​ប្រតិកម្ម​ជាង​ពេល​យប់​បណ្ដាល​ឱ្យចេញ​កន្ទាល​រមាស់​នៅ លើ​ស្បែក។ ព្រោះ​ការ​លាប​ឡេ​នៅ​ពេលថ្ងៃ វាជ្រាប​ចូល​ទៅ​តាមរន្ធ​រោម​ហើយ​បង្កើត​បានជា​មេរោគ។ ម្យ៉ាង​វិញ​ទៀត​បើ​ពេលថ្ងៃ លោកអ្នក​ប្រើឡេ​លាប​ស្បែក ហើយ​ដើរ​ហាល​ថ្ងៃក្ដៅ​ធ្វើឱ្យ​ស្បែក​ចេញ​ញើស ក្រៀម​ស្ងួត​គ្មាន​សំណើម និង​ធ្វើឱ្យ​ស្បែក​លោកអ្នក​ខ្មៅ ទៀតផង។

វិធី​ថែទាំ​ស្បែក​នៅ​ពេល​យប់

វិធីថែ​ទាំស្បែក​នៅ​ពេល​យប់​មាន​ច្រើន​របៀប​ដែល​លោកអ្នក​អាច​ជ្រើស​រើស​យក​វិធីណា​មួយ​មក​អនុវត្ដ​ក៏បាន។

1 . ការ​ប្រើ​ផលិត​ផល​គីមី មាន​ដូចជា​ឡេ​ម៉ាស្សា​ខ្លួន​ជាដើម។ ជាដំបូង​លោកអ្នក​ត្រូវងូត​ទឹក​លាង​សម្អាត​ខ្លួន​ជាមុន​សិន ដើម្បី​កុំឱ្យ​មានក្អែល​នៅជាប់​នឹង​ស្បែក។ បន្ទាប់​មក​លោកអ្នក​ត្រួវ​ប្រើឡេ​ម៉ាស្សា​ដែល​ត្រូវ​ជាមួយ​ស្បែក​លោកអ្នក​យកមក​លាបឱ្យ សព្វ​នៅ​លើរាង​កាយ។ លោកអ្នក​ត្រូវ​ធ្វើវិធី​នេះ​រាល់​យប់​ជាប្រចាំ​នោះនឹង​ធ្វើឱ្យ​ស្បែក​លោកអ្នក​សម៉ត់​រលោង​ស្អាត​ដូចដែល​ប៉ង ប្រាថ្នា។ ប៉ុន្ដែ​វិធី​ធ្វើនេះ​ធ្វើឱ្យ​លោកអ្នក​អស់​ថវិកា​ច្រើនបន្ដិច។

2 . ការប្រើ​ផលិត​ផល​ធម្មជាតិ មាន​ដូចជា​ពន្លៃ ទឹកឃ្មុំ និង​ស្រាស​ជាដើម។ ជា​បឋម​លោកអ្នក​ត្រូវ​យក​ពន្លៃ​មក​បុក ឱ្យម៉ត់​ទើប​លាយ​ជាមួយ​ស្រាស និង​ទឹកឃ្មុំ។ បន្ទាប់​ពីលោក​អ្នក​ងូត​ទឹក​សម្អាត​ខ្លួន​ហើយ លោកអ្នក​ត្រូវយក​ពន្លៃ​និង​ស្រាស​មក​លាប ឱ្យសព្វ​នៅលើ​រាង​កាយ។ ការ​ដែលថែ​ទាំស្បែក​ដោយ​ប្រើ​ពន្លៃ​ម៉ត់​លាយ​ជាមួយ​ស្រាស​ធ្វើឱ្យ​មានការ​ធុំក្លិន​ខ្លួន​បន្ដិច​មែន ប៉ុន្ដែ​ក្រោយ ពីផ្អាប់​ខ្លួន​ប្រហែល​១៥នាទី​រួចមក លោកអ្នក​ត្រូវ​លាង​សម្អាត​ខ្លួន​វិញ​ដើម្បី​បំបាត់​ការ​ធុំក្លិន​ខ្លួន។ បើ​លោកអ្នក​ព្យាយាម​លាបឬ​ធ្វើវិធី នេះ​ជារៀង​រាល់យប់ នោះ​នឹងធ្វើ​ឱ្យស្បែក​លោក​អ្នក​សម៉ត់​រលោង​ស្អាត​តាម​បែប​ធម្មជាតិ​ហើយ​លោកអ្នក​មិន​សូវ​អស់​ថវិកា​ច្រើន ទៀតផង។

ដំបូន្មាន​អ្នក​ជំនាញ

របៀប​ថែទាំ​ស្បែក​នៅ​ពេល​យប់ មិន​ថាជា​របៀប​ថែទាំ​ស្បែក​ដោយ​ប្រើ​ផលិត​ផល​គីមី ឬផលិត​ផល​ធម្មជាតិ​ឡើយ​វិធីទាំង នេះ​អាច​អនុវត្ដ​សម្រាប់​មនុស្ស​ទូទៅ​មិន​ប្រកាន់​ស្បែក​នោះទេ មិនថា​ស្បែក​ស្ងួត ស្បែក​មាន​ជាតិ​ខ្លាញ់​ឬស្បែក​ខ្មៅ​ឡើយ។ ការ​ប្រតិបត្ដិ​តាម​វិធីទាំង​នេះជា​ប្រចាំ នោះ​នឹងធ្វើ​ឱ្យ​លោកអ្នក​ឆាប់​ទទួល​ផល​ល្អ​ដូចជា​ស្បែក​ស្អាត​ដូច​ដែល​អ្នកចង់​បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៩ ខែមិថុនា ឆ្នាំ២០០៨

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *