វិបត្ដិនៃការឡើងរឹងនៃលិង្គ ឬលិង្គងាប់នេះប្រហែលជាលោកអ្នកបានយល់ដឹងច្បាស់មកហើយ តាមរយៈទស្សនាវដ្ដីសុខ ភាពយីង ដែលបានបើកកកាយរឿងរ៉ាវនេះដំបូងគេនៅកម្ពុជា នៅលើទំព័ររបស់ខ្លួនកន្លងមក។ ហេតុនេះលោកអ្នកបានយល់ច្បាស់ ហើយអំពីនិយមន័យនៃលិង្គងាប់។ សូមប្រយ័ត្នខ្លួនកុំឱ្យឡើងទម្ងន់ធាត់ជ្រុលនិងសូមកុំធ្វើខ្លួនឱ្យក្លាយទៅជាអ្នកញៀនបារី។ ព្រោះ ការញៀនបារី និងការធាត់ហួសទម្ងន់ធ្វើឱ្យមានការបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពផ្លូវភេទគឺសមត្ថភាពលិង្គឡើងរឹងតែម្ដង។
ដើម្បីជាសក្ខីភាព យើងខ្ញុំសូមណែនាំជូនអំពីលទ្ធផលនៃការធ្វើអង្កេតមកជាអំណះអំណាងសម្រាប់លោកអ្នក។ អ្នកស្រាវ ជ្រាវនៃសកលវិទ្យាល័យហាវ៉ាដនៅសហរដ្ឋអាមេរិកបានធ្វើការកត់សម្គាល់ថា ការធាត់កន្ទ្រលនិងការញៀនបារីធ្វើឱ្យកើតមាន និង កើនឡើងគួរឱ្យកត់សម្គាល់នូវលទ្ធភាពរងគ្រោះជាវិបត្ដិលិង្គឡើងរឹងមិនសូវល្អ រឹតតែកើនឡើង។ ផ្ទុយទៅវិញសកម្មភាពផ្លូវកាយជា ប្រចាំជួយកាត់បន្ថយផលប៉ះពាល់ ឬគ្រោះថ្នាក់នេះ។ ទាំងនេះគឺជាលទ្ធផលសំខាន់ៗដែលទទួលបានមកពី ការសិក្សាតាមដានខ្នាតធំ លើកដំបូងក្នុងគោលដៅស្វែងរកខ្មាំងសត្រូវនៃការឡើងរឹងនៃលិង្គ។
ការអង្កេតស្រាវជ្រាវអាចជាអំណះអំណាងបានហើយ
ក្រុមអ្នកស្រាវជ្រាវនៃសាលាសុខភាពសាធារណៈប្រចាំសកលវិទ្យាល័យហាវ៉ាដ ដែលមានលោកកុងស្ដង់បាកុងនិងអេរិក រីម បានធ្វើការតាមដានបុរសអាយុពី៤០ទៅ៧៥ឆ្នាំ ចំនួន២២ ០០០នាក់ ដែលមានសុខភាពផ្លូវភេទល្អនិងមិនមានជម្ងឺរ៉ាំរ៉ៃក្នុងកំឡុង មុនឆ្នាំ១៩៨៦។ ក្នុងចំណោមពួកគាត់ ១៧,៧%(ប្រហែល៤០០០នាក់)បានរាយការណ៍ថាមានកើតវិបត្ដិលិង្គមិនឡើងរឹងនៅចន្លោះ ពីឆ្នាំ១៩៨៦ដល់២០០០។ គោលបំណងនៃការតាមដានរយៈពេលច្រើនឆ្នាំនេះគឺប្រយោជន៍ស្វែងរកឥទ្ធិពលនៃកត្ដាអនាម័យជីវិត ជា អាទិ ការជក់បារី ការឡើងទម្ងន់(ធាត់) ការទទួលទានអាល់កុល(ស្រា)និងការទំនេរ(នៅទំនេរមិនធ្វើការ)។ អ្នកស្រាវជ្រាវបាន តម្រង់ទិសលទ្ធផលដោយគិតគូរអំពីបុរសដែលរងគ្រោះដោយជម្ងឺមហារីកប្រូស្ដាតព្រោះថាការព្យាបាលជម្ងឺនេះ(ដោយកាំរស្មីអ៊ិច ឬ ការវះកាត់ជាដើម)សុទ្ធតែអាចមានឥទ្ធិពលដោយផ្ទាល់ទៅលើការឡើងរឹងនៃលិង្គ។
ការញៀនបារី និងការឡើងទម្ងន់អាចទន្ទ្រានការត្រេកត្រអាល
លទ្ធផលបានបង្ហាញថា ការញៀនបារី និងការឡើងទម្ងន់បានបង្កើនលទ្ធភាពរងគ្រោះជាវិបត្ដិលិង្គមិនសូវឡើងរឹង។ រីឯ សកម្មភាពរាងកាយជាប្រចាំអាចកាត់បន្ថយលទ្ធភាពរងគ្រោះនេះ។ អ្នកស្រាវជ្រាវបានរកឃើញថាបុរសដែលធាត់ឬលើសទម្ងន់ និង ហាត់ប្រាណតិចតួចមានរោគលិង្គមិនឡើងរឹងច្រើនជាងបុរសដែលមិនលើសទម្ងន់ ឬមិនធាត់និងធ្វើការហាត់ប្រាណឬសកម្មភាពផ្លូវ កាយបានយ៉ាងហោចណាស់៣០នាទីក្នុងមួយថ្ងៃ ដល់ទៅ២ដងកន្លះឯណោះ។ ប្រសិនបើគិតតែបុរសដែលមានអាយុតិចជាង៥៥ឆ្នាំនោះ អត្រារងគ្រោះបានកើនឡើងដល់ទៅ៤ដងឯណោះ។ រីឯជាតិអាល់កុលឬស្រាហាក់ដូចជាមិនបានបង្ហាញការបង្កគ្រោះថ្នាក់ដល់វិបត្ដិ មុខងារផ្លូវភេទនោះទេ នោះបើតាមការសិក្សាស្រាវជ្រាវនេះ។
លទ្ធផលជាការដាស់តឿនបុរស
លទ្ធផលទាំងនេះបានណែនាំឱ្យដឹងថា វិបត្ដិលិង្គមិនឡើងរឹង និងជម្ងឺបេះដូងសរសៃឈាមមានកត្ដាគ្រោះថ្នាក់រួមគ្នាដូចគ្នា។ ដូច្នេះលទ្ធផលនេះហាក់ដូចជាចង់លើកទឹកចិត្ដបុរសឱ្យប្រកាន់យកនូវការរស់នៅត្រឹមត្រូវ និងល្អប្រសើរបំផុត។ បើលោកបុរសៗទាំង ឡាយចង់ស្ថិតនៅក្មេងជាងវ័យលើរឿងលើគ្រែ ចាប់ពីពេលនេះទៅសូមហាត់ប្រាណឬលេងកីឡាហើយគ្រវែងបារីចោល។ បើចង់ដោះស្រាយ អ្វីៗនឹងត្រូវស្រាកស្រាន្ដ។ ប្រការសំខាន់បំផុត សូមការពារប្រសើរជាងព្យាបាល។
បណ្ដាំផ្ញើ ៖ អ្វីដែលលោកអ្នកអាចធ្វើបានដើម្បីសមត្ថភាពផ្លូវភេទបានយូរអង្វែង គួរកុំខកខានឱ្យសោះ។ សូមកុំឱ្យអង្ករក្លាយជាបាយ ហើយ ទើបស្ដាយក្រោយ គឺហួសពេលហើយ។ សូមហាត់ប្រាណ ឬលេងកីឡា ដើម្បីសុខភាព និងសុភមង្គល។ ម្យ៉ាងទៀត បើសិន លោកអ្នកមានបញ្ហាលិង្គមិនឡើងរឹងសូមរួសរាន់រកសេវាព្យាបាលដ៏មានប្រសិទ្ធភាពជាមួយគ្រូពេទ្យជំនាញ។
ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៩ ខែមិថុនា ឆ្នាំ២០០៨
Leave a Reply