ដូចការរំពឹងទុករបស់គណបក្សប្រជាជនកម្ពុជាមុនការបោះឆ្នោតមែន លទ្ធផលបណ្តោះអាសន្នដែលត្រូវបានផ្សព្វផ្សាយកាលពីម្សិលមិញបានបង្ហាញថា គណបក្សកាន់អំណាចមួយនេះបានឈ្នះអាសនៈលើសលប់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៣។
តាមបណ្តាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុកនានាបានឲ្យដឹងថា លទ្ធផលបោះឆ្នោតឃុំសង្កាត់កាលពីម្សិលមិញគណបក្សប្រជាជនកម្ពុជាបានគ្រប់គ្រងតំណែងមេឃុំ-ចៅសង្កាត់រហូតដល់ចំនួន ១៥៩១ឃុំសង្កាត់ ក្នុងចំណោម១៦៣៣ទូទាំងប្រទេស។ ចំណែកគណបក្សប្រឆាំងសមរង្ស៊ីវិញទទួលបានត្រឹមតែ២២ឃុំសង្កាត់ប៉ុណ្ណោះ ដោយត្រូវបាត់បង់ចំនួន៦ បើធៀបនឹងឆ្នាំ២០០៧ ដែលគណបក្សមួយនេះទទួលបានតំណែងឃុំសង្កាត់ទូទាំងប្រទេសចំនួន២៨។ ដោយឡែកគណបក្សសិទ្ធិមនុស្សវិញត្រូវសង្ឃឹមថា នឹងទទួលបានតំណែងជាមេឃុំចៅសង្កាត់ចំនួន២០។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រសារព័ត៌មានសេរី។
បើប្រៀបធៀបជាមួយការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០០៧ ចំនួនអាសន: គណបក្សប្រជាជនកម្ពុជា បានកើនឡើង ពី ៧៩៩៣ មកដល់ ៨២៨៣ អាសន: ក្នុងចំណោម អាសន: ទាំងអស់ ១១៤៥៩។
ក្នុងចំណោមអាសនៈសរុប ១១.៤៥៩ លទ្ធផលក្រៅផ្លូវការ បានបង្ហាញដូចតទៅនេះ
- គណបក្សប្រជាជនកម្ពុជា ទទួលបាន ៨.២៨៣អាសនៈ
- គណបក្សសមរង្ស៊ី ទទួលបាន ២.១៥៥អាសនៈ
- គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន ១៦០អាសនៈ
- គណបក្សនរោត្តម រណឫទ្ធិ ទទួលបាន ៥៣អាសនៈ
- គណបក្សសិទ្ធិមនុស្ស ទទួលបាន ៨០០អាសនៈ
សូមរម្លឹកផងដែរថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី២ នាឆ្នាំ២០០៧កន្លងទៅ មានគណបក្សនយោបាយ ចំនួន១២ បានចូលរួមប្រកួតប្រជែងដណ្តើមអាសនះទាំងអស់១១៣៥៣ ហើយមាន គណបក្ស៥ប៉ុណ្ណោះ ដែល ទទួលបាន អាសនៈ។
លទ្ធផលការបោះឆ្នោតឆ្នាំ២០០៧បង្ហាញថា៖
- គណបក្ស ប្រជាជន កម្ពុជា ចំនួន ៧.៩៩៣ អាសនៈ
- គណបក្ស សមរង្ស៊ី ចំនួន ២.៦៦០ អាសនៈ
- គណបក្ស នរោត្តម រណឫទ្ធិ ចំនួន ៤២៥ អាសនៈ
- គណបក្ស ហ្វ៊ុន ស៊ិនប៉ិច ចំនួន ២៧៤ អាសនៈ
- គណបក្ស ហង្សដារ៉ា ចលនាប្រជាធិបតេយ្យ ចំនួន ១ អាសនៈ
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី០៤ ខែមិថុនា ២០១២
Leave a Reply