ភ្នែកគឺជាសរីរៈខាងក្រៅដែលមានសារសំខាន់នៅក្នុងចំណោមសរីរៈទាំងអស់នៅលើរាងកាយរបស់មនុស្ស។ បងប្អូនប្រជាពលរដ្ឋភាគច្រើនតែងយល់ថាជម្ងឺរលាកកញ្ចក់ភ្នែកគឺជាជម្ងឺឈឺភ្នែកធម្មតា ពុំសូវយកចិត្ដទុកដាក់ក្នុងការព្យាបាលនោះទេ។ ជម្ងឺ នេះ អាចកើតលើមនុស្សគ្រប់វ័យ ហើយអាចធ្វើឱ្យភ្នែកពិការបានប្រសិនបើធ្វើការព្យាបាលមិនទាន់ពេលវេលា។
ទស្សនាវដ្ដី សុខភាពយើង សូមលើកយកប្រធានបទជម្ងឺរលាកកញ្ចក់ភ្នែកមកធ្វើការបកស្រាយតាមរយៈខ្លឹមសារនៃការ ជួបសម្ភាសជាមួយលោកវេជ្ជបណ្ឌិត ងី ម៉េង ប្រធានសមាគមគ្រូពេទ្យភ្នែកកម្ពុជា។
រលាកកញ្ចក់កែវភ្នែក ជាអ្វី?
រលាកកញ្ចក់ភ្នែក គឺជាការបាត់បង់នូវស្រទាប់កញ្ចក់ភ្នែក ដែលពាក្យបច្ចេកទេសពេទ្យហៅថា “អេពីតេលីយ៉ូមនិងស្ដ្រូម៉ា”។ ជម្ងឺរលាកកញ្ចក់កែវភ្នែកបង្កឡើងដោយពពួកមេរោគបាក់តេរី មេរោគផ្សិតឬរបួសដោយសារការប៉ះទង្គិចភ្នែកដោយប្រការ ណាមួយ បង្កឱ្យរលាក ឬដំបៅ។ កញ្ចក់ភ្នែកគឺជាបង្អួចរបស់ភ្នែក ប្រសិនបើកញ្ចក់ភ្នែកត្រូវរងនូវការខូចខាតនោះនឹងបង្កឱ្យមានផល វិបាករហូតដល់ពិការភ្នែកបាន។
រោគសញ្ញាជម្ងឺរលាកកញ្ចក់ភ្នែក
ចំពោះរោគសញ្ញាមុនពេលមានជម្ងឺរលាកកញ្ចក់ភ្នែក គេសង្កេតឃើញមានអាការមួយចំនួនដូច ជារកាំភ្នែកខ្លាំងភ្នាសសនៃ គ្រាប់ភ្នែកឡើងក្រហម ត្របកភ្នែកហើម កញ្ចក់ភ្នែកឡើងប្រផេះហើយស្រអាប់ ឈឺភ្នែកខ្លាំង ចាញ់ពន្លឺថ្ងៃស្រវាំងភ្នែក មានពពឹក ភ្នែក និងអាចមានខ្ទុះ នៅក្នុងបន្ទប់មុខនៃភ្នែកទៀតផង។ នៅពេលដែលលោកអ្នកបានជួបប្រទះនឹងរោគសញ្ញា និងអាការដូចខាងលើ សូមប្រញាប់ទៅពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់ដើម្បីធ្វើការព្យាបាលពីព្រោះជម្ងឺរលាកកញ្ចក់ភ្នែកនេះអាចធ្វើឱ្យ ភ្នែកលោកអ្នកពិការបាន ប្រសិនបើធ្វើការព្យាបាលមិនទាន់ពេល។
មូលហេតុរលាកកញ្ចក់ភ្នែក
មូលហេតុដែលនាំឱ្យរលាកកញ្ចក់ភ្នែកមានកត្ដាជាច្រើន ដូចជាការប៉ះទង្គិចភ្នែកបណ្ដាលឱ្យរងរបួសដោយចៃដន្យធូលីដី ឬសម្រាមចូលភ្នែក ការប្រើប្រាស់ថ្នាំបន្ដក់ឬក្រមួនមិនបានត្រឹមត្រូវ ការប្រើឱសថបុរាណដែលពុំមានអនាម័យល្អ។ ជាពិសេសគឺពពួក មេរោគដូចជាបាក់តេរី វីរុស ឬមេរោគផ្សិតផ្សេងៗ ដែលមាននៅតាមត្របកភ្នែក បរិយាកាសជុំវិញខ្លួននិងនៅតាមស្លឹករុក្ខ ជាតិ។ ជួន កាលវាក៏អាចបណ្ដាលមកពីការញីភ្នែកដោយដៃមិនស្អាតនាំឱ្យមេរោគមានឱកាសឆ្លងតាមដៃចូលភ្នែក។
ការធ្វើរោគវិនិច្ឆ័យជម្ងឺរលាកកញ្ចក់ភ្នែក
ការកំណត់ប្រភេទជម្ងឺរលាកកញ្ចក់ភ្នែកបណ្ដាលមកពីវីរុស បាក់តេរី ឬមេរោគផ្សិតដែលនៅតាមត្របកភ្នែកបានគឺមានតែ គ្រូពេទ្យជំនាញតែប៉ុណ្ណោះ។ នៅពេលដែលពិនិត្យឃើញថា នៅលើកញ្ចក់ភ្នែកមានដំបៅស្នាមរាងជាឫសឈើនោះបញ្ជាក់ថាការ រលាកកញ្ចក់ភ្នែកគឺបណ្ដាលមកពីវីរុស។ បើពិនិត្យទៅឃើញនៅលើកញ្ចក់កែវភ្នែកមានដំបៅរាងដូចជាហ្វ្រូម៉ាហើយអាចមានខ្ទុះនៅពី ក្រោយកញ្ចក់ភ្នែកទៀតនោះ បញ្ជាក់ថាការរលាកគឺបណ្ដាលមកពីមេរោគផ្សិត។ ប៉ុន្ដែប្រសិនបើពិនិត្យទៅឃើញមានដំបៅនៅលើស្ដ្រូ ម៉ា ហើយមានខ្ទុះនៅពីក្រោយកញ្ចក់ភ្នែកនោះបញ្ជាក់ថាការរលាកគឺបណ្ដាលមកពីពពួកបាក់តេរី។
ការព្យាបាលជម្ងឺរលាកកញ្ចក់ភ្នែក
ការព្យាបាលជម្ងឺរលាកកញ្ចក់ភ្នែកអាចធ្វើទៅបានគឺអាស្រ័យទៅនឹងមូលហេតុនីមួយៗដែលបណ្ដាលឱ្យកើតមានឡើង។ ប្រសិនបើបង្កឡើងដោយពពួកបាក់តេរី នោះគឺត្រូវប្រើថ្នាំសម្លាប់ពពួកបាក់តេរី(ពពួកថ្នាំអង់ទីប៊ីយ៉ូទិច)ដូចជាថ្នាំក្រមួនថ្នាំបន្ដក់ ជាដើម។ ដោយត្រូវអនុវត្ដឱ្យ បានខ្លាំងក្លា មួយម៉ោងម្ដងៗជាប្រចាំរហូតបានធូរស្បើយ។ បើបង្កឡើងដោយពពួកវីរុស ត្រូវប្រើ ពពួកថ្នាំសម្លាប់វីរុស(ពពួកថ្នាំអង់ទីវីរុស) ដោយត្រូវអនុវត្ដរៀងរាល់២ម៉ោងម្ដងៗឬក្នុងមួយ ថ្ងៃឱ្យបាន៤ទៅ៥ដង។ តែបើបង្កឡើង ដោយមេរោគផ្សិត ត្រូវប្រើថ្នាំសម្លាប់ពពួកមេរោគផ្សិត ដោយត្រូវអនុវត្ដរៀងរាល់មួយម៉ោងម្ដងៗរហូតបានធូរស្បើយទើបបន្ថយ ការអនុវត្ដ និងត្រូវឧស្សាហ៍លាងសម្អាតភ្នែកឱ្យបានញឹកញាប់ជាមួយនឹងសំឡីឬក្រណាត់ស្បៃ-សស្អាត។ ប្រការសំខាន់គឺត្រូវទៅ ពិនិត្យ និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញដើម្បីរកដំណោះស្រាយឱ្យទាន់ពេលវេលា ទើបជាការប្រសើរ។
ផលវិបាកជម្ងឺរលាកកញ្ចក់កែវភ្នែក
ជម្ងឺរលាកកញ្ចក់កែវភ្នែកអាចបណ្ដាលឱ្យមានផលប៉ះពាល់ជាច្រើន ដូចជាធ្វើឱ្យមានសម្លាក-សនៅលើកញ្ចក់ភ្នែកករជា ក្រមរ-សក្រាស់នៅលើកញ្ចក់ភ្នែក ធ្លាយកញ្ចក់ភ្នែក ហើយស្អិតជាប់នឹងប្រស្រីភ្នែក។ មិនតែប៉ុណ្ណោះវាអាចបណ្ដាលឱ្យមានការបាត់ បង់នូវគំហើញអស់មួយជីវិត ប្រសិនបើធ្វើការព្យាបាលមិនទាន់ពេលវេលា។
វិធានការការពារជម្ងឺរលាកកញ្ចក់ភ្នែក
ដើម្បីការពារ និងចៀសវាងពីជម្ងឺរលាកកញ្ចក់ភ្នែក វិធីដែលល្អបំផុតគឺត្រូវឧស្សាហ៍ធ្វើការសម្អាតលុបលាងមុខនិងភ្នែក ជាមួយនឹងទឹកស្អាត ក្រោយពីធ្វើដំណើរនៅទីសាធារណៈឱ្យបានញឹកញាប់ត្រូវប្រយ័ត្នកុំឱ្យមានការប៉ះទង្គិចភ្នែកជាមួយនឹងវត្ថុផ្សេងៗ ។ ពេលធ្វើដំណើរទៅ ណាមកណាត្រូវពាក់វ៉ែនតាការពារពន្លឺថ្ងៃ ពិសេសការពារធូលីកុំឱ្យចូលភ្នែក ត្រូវឧស្សាហ៍ធ្វើ ការលាងសម្អាត ភ្នែកជាមួយទឹកថ្នាំលាងភ្នែក។ ជាពិសេសនៅពេលដែលកើតមានអាការឈឺភ្នែកមិនត្រូវប្រើវិធីព្យាបាលដោយប្រើឱសថបុរាណគ្មាន អនាម័យឡើយ វាអាចធ្វើឱ្យមេរោគងាយស្រួលបង្កបញ្ហាថែមទៀត។
ដំបូន្មានអ្នកជំនាញ
បើលោកអ្នកមានបញ្ហាភ្នែក សូមប្រញាប់អញ្ជើញមកពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឯកទេសខាងភ្នែកដើម្បីទទួល យកនូវការពិនិត្យ និងព្យាបាលឱ្យទាន់ពេលវេលានៅតាមគ្លីនិក ឬមណ្ឌលសុខភាពដែលនៅជិតលោកអ្នកបំផុត។ ម្យ៉ាងវិញទៀតសូម លោកអ្នកយកចិត្ដទុក ដាក់ទៅលើសុខភាពភ្នែកខ្លួនឯងបើមានបញ្ហាត្រូវប្រញាប់មកទទួលយកនូវការព្យាបាលឱ្យ បានទាន់ពេលវេលា ព្រោះវាអាចបណ្ដាលឱ្យពិការភ្នែកបាននិង ប៉ះពាល់ ដល់ ជីវភាព ប្រចាំ ថ្ងៃ។ អ្នក ជំនាញ ឬអ្នក ឯក ទេស ខាង ភ្នែក អាច ជួយ លោកអ្នកបាន តាំងពី ដំណាក់ កាល ដំបូង ពេលដែលទើបតែមានបញ្ហាភ្នែក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៩ ខែមិថុនា ឆ្នាំ២០០៨
Leave a Reply