តាមរយៈកញ្ចក់ទូរទស្សន៍រាជធានីភ្នំពេញបុស្ដិ៍លេខ៣ លោកអ្នកតែងតែបានឃើញនូវសម្ផស្សនិងទេពកោសល្យរបស់ ពិធីការិនីសួន ភក្ដី ហៅអាណូ។ ពិធីការិនីរូបនេះមានថ្វីមាត់ដែលជាទីទាក់ទាញដល់ទស្សនិកជន ជាពិសេសយុវវ័យហើយល្បិច នៃការតុបតែងខ្លួនក៏និយមតាមបែបយុវវ័យដែរ។ ទោះបីជាយ៉ាងណាអាណូនៅតែស្រស់ស្អាតសម្រាប់ក្រសែភ្នែកលោកអ្នក ជា ពិសេសសុភាពស្ដ្រីដែលប្រាថ្នាឱ្យបានដូចនាង និងចង់ដឹងពីវិធីថែទាំសម្រស់របស់ពិធីការិនីមុខកូនកាត់អឺរ៉ុបរូបនេះដែរ។
អាថ៌កំបាំងក្នុងការថែរក្សាសម្រស់ និងសុខភាពរបស់កញ្ញាអាណូ នាងពេញចិត្ដនឹងប្រគល់ជូនលោកអ្នក ជាពិសេសមិត្ដនារី ទាំងអស់ តាមរយៈទស្សនាវដ្ដី សុខភាពយើង។
ប្រវត្ដិមុនចូលសិល្បៈ
មុននឹងក្លាយជាពិធីការិនីដែលមានឈ្មោះបោះសម្លេងដូចសព្វថ្ងៃ អាណូជាដំបូងឡើយគ្រាន់តែជាអ្នកអានព័ត៌មាននៅ ស្ថានីយទូរទស្សន៍បុស្ដិ៍លេខ៥ បន្ទាប់ពីបានប្រឡងជាប់ចំណាត់ថ្នាក់លេខ១របស់ផលិតផលគ្រឿងសម្អាងហានីវី។ ក្រោយមកក៏ក្លាយ ទៅជាឌីជេក្នុងវិទ្យុ ហើយក៏ធ្វើជាវីជេក្នុងកម្មវិធីតន្ដ្រីប៉ុស្ដិ៍លេខ៥។ ចាប់ពីពេលនោះមកអាណូក៏មានឱកាសចេញថតចម្រៀងខារ៉ន្ដផ្សេងៗ ហេតុនេះនាងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ការងារនៅស្ថានីយទូរទស្សន៍បុស្ដិ៍លេខ៥ទើបសម្រេចចិត្ដ លាឈប់តែម្ដង។ ក្រោយមកក៏បំពេញការងារនៅស្ថានីយទូរទស្សន៍បុស្ដិ៍លេខ៣ក្នុងតួនាទីជាអ្នកផលិតកម្មវិធីនិងពិធីការិនីរហូតមក ដល់សព្វថ្ងៃនេះ។ ភាពយន្ដដែលអាណូបានចូលរួមសម្ដែងមានប្រមាណជាជាង២០រឿងហើយ។
ការថែរក្សាសក់
ជារឿងធម្មតាសម្រាប់តារាសម្ដែង និងពិធីការិនី សក់របស់អាណូត្រូវបានតុបតែងតាមម៉ូដផ្សេងៗឱ្យសមនឹងសាច់រឿង ឬ កម្មវិធី ជួនកាលគាបសក់ បួងសក់ បាញ់នូវផលិតផលតុបតែងផ្សេងៗ រួមជាមួយនឹងកម្ដៅថ្ងៃ ជាហេតុធ្វើឱ្យសរសៃសក់អាណូស្រួយ បែកចុង និងគ្មានទម្ងន់។ ដូចនេះហើយទើបអាណូមានវិធីថែទាំសក់យ៉ាងពិសេស គឺនៅពេលដែលនាងកក់សក់រៀងរាល់ពីរថ្ងៃម្ដង នាងតែងតែអប់សក់ជាប្រចាំ ដើម្បីជំនួយដល់សរសៃសក់។
ការថែរក្សាស្បែក
ជាតារាសម្ដែង និងជាពិធីការិនី ស្បែកមុខរបស់អាណូត្រូវទទួលរងនូវកម្ដៅថ្ងៃ ពន្លឺភ្លើងហ្វារ និងគ្រឿងសម្អាងគ្រប់ប្រភេទ។ បន្ទាប់ពីការតុបតែងក្នុងពេលសម្ដែង ឬកម្មវិធី អាណូត្រូវតែប្រញាប់លាងសម្អាតមុខ ព្រោះការទុកគ្រឿងសម្អាងនៅលើ មុខក្នុងរយៈពេលយូរវាជារឿងមិនល្អសម្រាប់ស្បែកមុខ។ ក្រៅពីការសម្ដែង អាណូតែងតែទុកស្បែកមុខឱ្យនៅទំនេរដោយមិន ប៉ះពាល់ជាមួយផលិតផលអ្វីឡើយ។ ដោយឡែកសម្រាប់វិធីថែទាំស្បែកតាមធម្មជាតិវិញនោះ អាណូតែងតែប្រើទឹកក្ដៅឧណ្ហៗលាយ ជាមួយអំបិល ហើយជ្រលក់ក្រណាត់ឬកន្សែងស្អាតមកជូតសម្អាតលើស្បែកមិនថាស្បែកខ្លួន ឬស្បែកមុខទេ។ អាណូមិនដែលទៅ ម៉ាស្សា ឬស្ទីមមុខនោះទេ ដោយសារនាងគ្មានពេលវេលាគ្រប់គ្រាន់ម្យ៉ាងនាងខ្លាចមានបញ្ហាលើស្បែកមុខទៅថ្ងៃក្រោយទៀតផង។ ចំពោះស្បែកខ្លួនក៏ដូចគ្នា គ្រាន់តែលាបឡេការពារកម្ដៅថ្ងៃជាការស្រេច។
ការថែរក្សាធ្មេញ
ជាទូទៅអាណូសម្អាតធ្មេញក្នុងមួយថ្ងៃ៣ដងជាប្រចាំជាមួយនឹងថ្នាំដុសធ្មេញដែលមានសារជាតិជួយឱ្យធ្មេញរឹងមាំនិងស។ អាណូពុំសូវមានពេលវេលាគ្រប់គ្រាន់ក្នុងការទៅរកពេទ្យធ្មេញទេ ជួនកាលពន្យារពេលរហូតដល់៦ខែទើបទៅម្ដង។
ការថែរក្សាក្រចក និងប្រអប់ដៃ
អាណូចូលចិត្ដកាត់ក្រចកខ្លីធម្មតាមិនទុកវែងពេក និងចូលចិត្ដលាបពណ៌ក្រចកបែបយុវវ័យ។ ជាទូទៅពី៥ទៅ៧ថ្ងៃអាណូ ទៅធ្វើក្រចកម្ដង។ ចំពោះប្រអប់ដៃអាណូមិនដែលទៅម៉ាស្សាឱ្យម្រាមដៃស្រឡូនម្ដងណាទេ ហើយក៏គ្មានក្រែមដែលប្រើពិសេស សម្រាប់ថែប្រអប់ដៃដែរ។
វិធីសម្រកទម្ងន់ និងការថែរក្សាសុខភាព
អាណូមិនសូវទទួលទានអាហារទៀងទាត់ពេលវេលាទេ ព្រោះត្រូវសម្ដែង ជួនពេលខ្លះអត់ទទួលទានក៏មានដែរ។ ប៉ុន្ដែ សម្រាប់អាណូគ្មានបញ្ហាក្រពះឡើយ ព្រោះនាងមានសុខភាពមាំមួនជានិច្ច។ អាណូចូលចិត្ដទទួលទានបន្លែ និងផ្លែឈើណាស់ ដើម្បី សម្រស់និងសុខភាព។ ជាងនេះទៅទៀតទឹកក៏សំខាន់ណាស់ដែរសម្រាប់នាង។ អាណូមិនដែលទៅពិនិត្យសុខភាពទេ ព្រោះនាងមិន មានពេលវេលាគ្រប់គ្រាន់ ទាល់តែមានជម្ងឺទើបទៅរកវេជ្ជបណ្ឌិតព្យាបាលតែម្ដង។ ដោយឡែកចំពោះការហាត់ប្រាណនាងក៏មិនមាន ពេលគ្រប់គ្រាន់ដើម្បីហាត់ដែរ។ អាណូពិតជារវល់នឹងអាជីពរបស់នាងខ្លាំងណាស់ម្ល៉ោះហើយមិនសូវមានពេលវេលាសម្រាប់ទទួល ទាន ដំណេកគ្រប់គ្រាន់ទេ។ ទោះជាយ៉ាងណា ដើម្បីកុំឱ្យភ្នែករបស់នាងស្លក់រង្វង់ភ្នែកស្រអាប់មិនស្រស់ថ្លា នាងតែងតែឆ្លៀតទទួល ទានដំណេកនៅពេលទំនេរ។
បំណងទៅថ្ងៃអនាគត
អាណូបានអះអាងថា បើទស្សនិកជននៅតែគាំទ្រ នាងនឹងបន្ដអាជីពសិល្បៈជារៀងរហូត។ អ្វីដែលជាបំណងប្រាថ្នារបស់ នាងគឺបើកកន្លែងសម្រាប់លាងរថយន្ដមួយ ដើម្បីរកប្រាក់ចំណូលទប់ទល់ជីវភាពនៅពេលមានវ័យចំណាស់។
បណ្ដាំផ្ញើរបស់អាណូ
សូមសុភាពនារីទាំងអស់ងាកមកចាប់អារម្មណ៍ជាមួយការថែរក្សាសម្រស់តាមបែបធម្មជាតិ ព្រោះអាចធានាសុវត្ថិភាព ដល់រាងកាយ និងសម្រស់បានដោយមិនបាច់បារម្ភ។ ក្រៅពីនេះសូមចេះកំណត់ដោយខ្លួនឯងអំពីរបៀបនៃការថែរក្សាសុខភាព និង សម្រស់។
ការរៀបរាប់ជូនខាងលើនេះ ជាការយល់ឃើញ និងជាការអនុវត្ដរបស់កញ្ញាអាណូតែប៉ុណ្ណោះ។ សូមលោកស្រីអ្នកនាង កញ្ញាជ្រើសរើសយកអ្វីដែលលោកអ្នកយល់ថាល្អត្រឹមត្រូវសម្រាប់អនុវត្ដបានហើយ។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ សួន ភក្ដី ហៅអាណូ
- អាយុ ៖ ២៦ឆ្នាំ
- កម្ពស់ ៖ ១,៦៣ ម៉ែត្រ
- ទម្ងន់ ៖ ៤៧គីឡូក្រាម
- ទំហំទាំងបី ៖ ៣៦, ២៦, ៣៧
- បងប្អូន ៖ ៧ នាក់(ជាកូនទី៣)
- ស្ថានភាពគ្រួសារ ៖ នៅលីវ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨
Leave a Reply