សក់ជារឿងមួយដែលត្រួវយកចិត្ដទុកដាក់ថែទាំឱ្យមានសុខភាពល្អ ព្រោះសក់ស្អាតជាផ្នែកមួយនៃសោភ័ណភាពជួយលើក សម្រស់ផ្ទៃមុខ ជាពិសេសសម្រាប់សុភាពនារីទាំងឡាយ។ ប្រសិនបើសរសៃសក់មិនស្អាតទេ ដូចជាបែកចុងស្ងួតឬគ្មានសំណើមនោះ ធ្វើ ឱ្យលោកស្រីអ្នកនាងកញ្ញាមានសេចក្ដីសុខមិនពេញលេញ។ បច្ចុប្បន្ននេះការរីកចម្រើនបានផលិតផលិតផលជំនួយនិងបំប៉នសរសៃ សក់ឱ្យទន់ល្មើយ រលាស់បានល្អឬមានទម្ងន់ ដើម្បីបំពេញតម្រូវការរបស់លោកស្រីអ្នកនាងកញ្ញា។
ដើម្បីបង្ហាញពីវិធីអប់សក់ឱ្យបានល្អ ជូនមិត្ដអ្នកអានឱ្យបានជ្រាប ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសន៍ជាមួយ លោកស្រី ហេង ជាន ម្ចាស់ហាងមជ្ឈមណ្ឌលថែរក្សាសម្ជស្សប៊ីប៊ី។
វិធីអប់សក់
វិធីអប់សក់ គឺសំដៅទៅលើការយកប្រេងអប់សក់មកលាបនៅលើសរសៃសក់ពេញលើក្បាល ប្រយោជន៍ឱ្យប្រេងអប់សក់ ជ្រាបចូលសរសៃសក់និងបញ្ចៀសកុំឱ្យសរសៃសក់ស្អិត ធ្វើឱ្យសរសៃសក់លោកស្រីអ្នកនាងកញ្ញាទទួលបាននូវភាពទន់ល្មើយ ងាយ ស្រួលក្នុងការសិតសក់ ហើយជាពិសេសធ្វើឱ្យសរសៃសក់លោកអ្នករលាស់បានល្អ។ សុភាពនារីត្រូវអប់សក់ទៅតាមប្រភេទសរសៃសក់់ ខូចជាមុនសិន។ បើសរសៃសក់ខូចដោយសារអ៊ុតត្រង់ ត្រូវជ្រើសរើសផលិតផលប្រេងសម្រាប់អប់សក់អ៊ុតត្រង់។ បើសរសៃសក់ខូច ដោយសារលាបពណ៌ ត្រូវប្រើផលិតផលប្រេងសម្រាប់អប់សក់ពណ៌។ ចំពោះសរសៃសក់ស្ងួតហើយបែកចុង គឺត្រូវប្រើផលិតផលប្រេង សម្រាប់សក់បែកចុង។ មុននឹងអប់សក់ លោកស្រីអ្នកនាងកញ្ញាត្រូវកក់សក់នឹងសាប៊ូឱ្យបានស្អាតសិន ហើយយកម៉ាស៊ីនផ្លុំសក់មក ផ្លុំសក់ដើម្បីឱ្យសរសៃសក់ស្ងួត រួចយកប្រេងអប់សក់មកលាបសរសៃសក់ឱ្យសព្វ។ បន្ទាប់មកលោកស្រីអ្នកនាងកញ្ញាត្រូវស្ទីមសក់ ដើម្បីចំហុយសរសៃសក់ឱ្យប្រេងអប់សក់ជ្រាបចូលសរសៃសក់ល្អ។ ការអប់សក់នេះគឺប្រើរយៈពេល១៥នាទីរួចរាល់ជាការស្រេច។ លោកស្រីអ្នកនាងកញ្ញាត្រូវអប់សក់ក្នុងរយៈពេល១សបា្ដហ៍ម្ដងដើម្បីឱ្យសរសៃសក់រលាស់ស្អាតមានទម្ងន់ល្អ។ ការអប់សក់នេះមិន រើសពេលវេលាទេ ពេលណាក៏បានឱ្យតែទំនេរ។
អត្ថប្រយោជន៍នៃការអប់សក់
ក្រោយពីលោកស្រីអ្នកនាងកញ្ញាបានអប់សក់រួចហើយ សក់របស់លោកស្រីអ្នកនាងកញ្ញានឹង មានសរសៃសក់ទន់ល្មើយ រលោងស្អាត ហើយរលាស់បានល្អ និងធ្វើឱ្យសរសៃសក់មានទម្ងន់ទៀតផង។ កាលណាសរសៃសក់មានទម្ងន់រលាស់ស្អាតហើយនោះ ជួយលើកតម្កើងសម្រស់ផ្ទៃមុខរបស់លោកស្រីអ្នកនាងកញ្ញាថែមមួយកម្រិត។ មិនតែប៉ុណ្ណោះ សក់ងាយស្រួលសិត មិនធ្វើឱ្យសក់ កណ្ដាញ់នោះទេ ដែលពិបាកក្នុងការសិតសក់។
ដំបូន្មានអ្នកប្រឹក្សា
ដើម្បីចៀសវាងកុំឱ្យសរសៃសក់របស់លោកស្រីអ្នកនាងកញ្ញាស្ងួតបែកចុងគ្មានសំណើម ហើយគ្មានទម្ងន់ដោយសារអ៊ុតត្រង់ ឬលាបពណ៌សក់ លោកស្រីអ្នកនាងកញ្ញាត្រូវអប់សក់ក្នុង១សប្ដាហ៍ម្ដងដើម្បីឱ្យសរសៃសក់មានទម្ងន់រលាស់បានល្អ។ បើសិនសរសៃ សក់អប់រួចហើយ នៅតែខូចទៀត នោះសូមលោកស្រីអ្នកនាងកញ្ញាទៅជួបអ្នកជំនាញដើម្បីពិភាក្សា និងព្យាបាល។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣០ ខែកក្កដា ឆ្នាំ២០០៨
Leave a Reply