កញ្ញា សេង វិមានរចនា ជាអ្នកសិល្បៈមួយដួងដែលមានការពេញចិត្ដពីសំណាក់ទស្សនិកជនជាច្រើនគ្រប់ស្រទាប់វណ្ណៈទាំងអស់។ ចំណែកឯរូបសម្រស់វិញនោះ កញ្ញាមានរូបរាងដ៏តូចច្រឡឹងមិនចាញ់តារាភាពយន្ដ និងតារាចម្រៀងប៉ុន្មានទេ។ ពេលខ្លះទៀតមានស្ដ្រីមួយចំនួនប្រាថ្នាចង់បានអ្វីៗដែលដូចទៅនឹងកញ្ញារចនាផងដែរ។ តើលោកអ្នកត្រូវធ្វើដូចម្ដេចដើម្បីបានរូប សម្រស់ល្អស្អាតដូចជារូបនាង។ កញ្ញារចនាពិត ជាមានរូបមន្ដអ្វីពិសេសហើយមើលទៅ បានជាការថែរក្សាសម្រស់របស់កញ្ញាស្រស់ ស្អាតជានិច្ចកាល និងគ្រប់ពេលវេលាតាមបែបធម្មជាតិបែបនេះ។
ដើម្បីឱ្យកាន់តែច្បាស់ទៅទៀតក្នុងការថែទាំសម្រស់របស់កញ្ញាដែលធ្វើឱ្យបានរូបសម្ផស្សល្អស្អាតនោះ ពេលនេះទស្សនាវដ្ដី សុខភាពយើង បានធ្វើការសម្ភាសន៍ជាមួយកញ្ញាផ្ទាល់តែម្ដងពីបញ្ហានានាដែលទាក់ទិនទៅនឹងសម្រស់ និងសុខភាព។
ប្រវត្ដិមុនពេលចូលសិល្បៈ
មុនពេលប្រឡូកចូលក្នុងពិភពសិល្បៈ កញ្ញាវិមានរចនាធ្លាប់ធ្វើការនៅសាលាភាសាបរទេសមួយកន្លែងដែលមានមុខនាទី ជាអ្នកទទួលភ្ញៀវ។ ក្រោយមកទៀតនោះកញ្ញាក៏ធ្លាប់បានធ្វើការនៅក្រុមហ៊ុនមួយកន្លែងទៀត ដែលកញ្ញាជាជំនួយការក្នុង ការិយាល័យមួយរូប។ ស្របពេលជាមួយគ្នានោះកញ្ញាបានសម្លឹងមើលអ្នកសិល្បៈជាច្រើនដួង ហើយក៏គិតថានៅថ្ងៃណាមួយរូបកញ្ញា នឹងឈានទៅដល់ចំណុចនោះជាក់ជាមិនខាន។ កញ្ញាបានពេញចិត្ដនឹងពិធីការិនីម្នាក់ដែលមានឈ្មោះបោះសម្លេងនៅប្រទេសកម្ពុជា យើង ហើយកញ្ញាគិតថាកញ្ញានឹងធ្វើវាឱ្យបាន ហើយធ្វើយ៉ាងល្អបំផុតទៀតផង រចនានឹងធ្វើឱ្យបានដូចជាក្ដីស្រមៃ។ បន្ទាប់ពីនោះទៀត កញ្ញាបានទទួលដំណឹងថា អង្គការមួយត្រូវការជ្រើសរើសបុគ្គលិកជាពិធីការិនីម្នាក់ ក្នុងកម្មវិធីមួយដែលធ្វើការចាក់ផ្សាយតាមរយៈ កញ្ចក់ទូរទស្សន៍មួយ។ ពេលនោះរចនាក៏បានទៅដាក់ពាក្យ ហើយក៏ត្រូវបានគេហៅឱ្យទៅសម្ភាស។ រចនាបានសម្ភាសជាប់ ដោយសារ តែកញ្ញាមានសមត្ថភាព រូបរាង មុខមាត់ និងពណ៌សម្បុរជាស្ដ្រីខ្មែរពេញលក្ខណៈ ដែលអង្គការនោះចង់បាន។
វិធីថែរក្សាសម្រស់
សព្វថ្ងៃនេះរចនាជាពិធីការិនីមួយរូបដែលមានទេពកោសល្យ និងមានរូបរាងស្រស់ស្អាតតាមបែបធម្មជាតិពិតៗ។ កញ្ញាមិន បានគិតថា ពេលណាដែលខ្លួននាងមានឈ្មោះល្បីនោះ ស្រាប់តែរូបរាងនាងមានការប្រែប្រួលឬផ្លាស់ប្ដូរនោះទេ។ កញ្ញាចង់រក្សានូវ រូបរាងក៏ដូចជាពណ៌ស្បែកឱ្យស្ថិតនៅភាពដើមតាមបែបធម្មជាតិ។ កញ្ញាមានការមមាញឹកនឹងការងារសព្វថ្ងៃខ្លាំងណាស់ ដោយកញ្ញា ធ្វើការមួយសប្ដាហ៍ដល់ទៅ៦ថ្ងៃ ដែលចំនួន២ថ្ងៃធ្វើការជាពិធីការិនី ហើយ៤ថ្ងៃទៀតធ្វើការនៅក្នុងការិយាល័យ។ មិនតែប៉ុណ្ណោះកញ្ញា ថែមទាំងឆ្លៀតពេលទៅធ្វើជាពិធីករនៅស្ថានីយទូរទស្សន៍ជាតិកម្ពុជាទៀតផង។ ដូចនេះយើងឃើញថា កញ្ញារវល់ខ្លាំងណាស់ តែហេតុ អីក៏សម្រស់របស់នាងនៅតែស្រស់ស្អាតក្នុងក្រសែភ្នែកទស្សនិកជន និងមនុស្សជាច្រើនទៀត។ ដូច្នេះយើងក្រឡេកមើលមកការ ថែរក្សាសម្រស់របស់កញ្ញារចនាវិញម្ដង។ តើកញ្ញាមានអ្វីដែលធ្វើឱ្យនាងស្អាតយ៉ាងនេះ?
- ការថែរក្សាសក់ ៖ រចនាមានសរសៃសក់ស្អាត ហើយវែងនិងមានពណ៌ខ្មៅដូចជាធម្មជាតិអញ្ចឹង។ ក្រោយពេលដែលកញ្ញា កក់សក់រួច កញ្ញាតែងតែប្រើប្រាស់ក្រេមបន្ទន់សក់ ដើម្បីជំនួយដល់សក់ឱ្យសក់ទន់ និងមិនជំពាក់។ ជាទូទៅកញ្ញាតែងតែកក់សក់២ថ្ងៃ ម្ដង។ បន្ទាប់មកទៀតកញ្ញាទុកវាឱ្យស្ងួតដោយឯកឯង ដោយមិនប្រើម៉ាស៊ីនផ្លុំសក់សម្ងួតឡើយ។ រចនាចូលចិត្ដតុបតែងសក់តាមបែប សាមញ្ញៗ មិនថាពេលដែលឡើងតាមទូរទស្សន៍ ពេលដែលកញ្ញាចូលរួមកម្មវិធីអ្វីមួយ ឬពេលចេញដើរទៅណាមកណានោះទេ។ កញ្ញា ចូលចិត្ដប្រើម៉ូតសក់ណាដែលងាយៗ និងមិនធ្វើឱ្យសក់ជំពាក់ ឬដាច់។
- ការថែរក្សាភ្នែក ៖ វិមានរចនាយកចិត្ដទុកដាក់ក្នុងការថែរក្សាភ្នែកជាទីបំផុត នៅពេលដែលកញ្ញាចេញទៅកម្មវិធីឬពេលចេញទៅខាងក្រៅនោះ ព្រោះកញ្ញាយល់ថារង្វង់ភ្នែកមានសារៈសំខាន់ខ្លាំងណាស់ចំពោះនាង។ ពេលកញ្ញាទៅចូលរួមកម្មវិធីអ្វី មួយនោះ រចនាតែងតែពាក់រោមភ្នែកដើម្បីកុំឱ្យរោមភ្នែកធម្មជាតិរបស់នាងមានការដាច់ ឬក៏ជ្រុះជាដើម ហើយមើលទៅវាស្អាត ថែម និងមិនមានផលអាក្រក់ដល់ភ្នែកទៀតផង។
- ការថែរក្សាចិញ្ចើម និងបបូរមាត់ ៖ ចំពោះចិញ្ចើម រចនាចូលចិត្ដកោរតែផ្នែកខាងចុងនៃចិញ្ចើមតែប៉ុណ្ណោះព្រោះវាមាន ការងាយស្រួលពេលត្រូវចេញទៅខាងក្រៅ គឺគ្រាន់តែគូសផ្នែកខាងចុងបន្ដិចទៅជាការស្រេច។ បើមិនមានចេញទៅណាទេ នោះ ចិញ្ចើមយើងក៏មើលទៅស្រស់ស្អាតដែរ។ ចំណែកឯបបូរមាត់វិញនោះ កញ្ញាចូលចិត្ដប្រើជាក្រេមរលោងៗដែលធ្វើឱ្យបបូរមាត់រចនា មានសំណើមជានិច្ច ពេលនិយាយទៅកាន់អ្នកដែលនៅជុំវិញខ្លួនឯងនោះ។ រចនាតែងដាក់កូនបំពង់ក្រែមរលោងតាមកាបូបជានិច្ច។
- ការថែរក្សាធ្មេញ ៖ ចំពោះបញ្ហាមាត់ធ្មេញវិញ រចនាយកចិត្ដទុកដាក់ជាខ្លាំង ព្រោះនាងយល់ថាការប្រាស្រ័យទាក់ទងគ្នា ជារឿងមួយដែលសំខាន់ជាទីបំផុត ប្រសិនបើយើងមានក្លិនមាត់មិនល្អនោះ វាជាការរំខានមួយផងដែរ។ រចនាតែងតែធ្វើការដុះធ្មេញ មួយថ្ងៃ៣ដង ដោយពេលព្រឹកម្ដង នៅពេលដែលបរិភាគបាយថ្ងៃត្រង់រួចម្ដង និងចុងក្រោយពេលដែលជិតទទួលទានដំណេកពេលយប់ ម្ដងទៀត។ រយៈពេល៣ខែម្ដង រចនាតែងតែទៅជួបគ្រូពេទ្យធ្មេញម្ដង ដើម្បីពិនិត្យមើលធ្មេញ និងសម្អាតធ្មេញ។
- ការថែរក្សាស្បែកមុខ ៖ នៅពេលបច្ចុប្បន្ននេះមានផលិតផលជាច្រើនដែលដាក់លក់នៅលើទីផ្សារ ដែលភាគច្រើនពេល ដែលគេផាត់មុខនោះច្រើនតែប្រើប្រាស់ជាមួយនឹងម្សៅស្អិត។ ប៉ុន្ដែចំពោះរចនាវិញនោះ ផ្ទៃមុខរបស់នាងមិនចាំបាច់ប្រើម្សៅស្អិតនោះ ទេ។ ពេលដែលកញ្ញាចេញទៅចូលរួមកម្មវិធីអ្វីមួយ កញ្ញាគ្រាន់តែប្រើជាឡេ បើចេញទៅពេលថ្ងៃនោះរចនាជ្រើសរើសឡេសម្រាប់ លាបការពារកម្ដៅថ្ងៃ បើត្រូវចូលរួមកម្មវិធីពេលយប់នោះរចនាជ្រើសរើសយកឡេសម្រាប់ពេលយប់ ដោយគ្រាន់តែលាបវាពីក្រោម ទុកឱ្យស្ងួតបន្ដិច ហើយយកម្សៅផាត់មកផាត់ពីលើជាការស្រេចទៅហើយ។ ដូច្នេះហើយទើបផ្ទៃមុខរបស់កញ្ញាគ្មានមុន និងស្នាមជាំអ្វី ទាំងអស់ ដែលធ្វើឱ្យមុខរចនាមានលក្ខណៈជាធម្មជាតិ។
- ការថែរក្សាស្បែកដងខ្លួន ៖ រចនាមានវិធីថែរក្សាស្បែកខ្លួន ដូចជាពេលដែលកញ្ញាងូតទឹក កញ្ញាតែងប្រើផ្លែប៉េងប៉ោះ ឬក៏ផ្លែក្រូចពោធិ៍សាត់លាបដុសពេញរាងកាយ ដោយមួយសប្ដាហ៍ធ្វើរបៀបនេះ២ដង ឬអាចយកក្រូចឆ្មារមកញីត្រង់ចំណុចដែលមាន ស្នាមខ្មៅ ដូចជានៅកែងដៃជាដើម។ ការធ្វើបែបនេះគឺវាអាចជួយឱ្យស្បែកយើងទន់ ភ្លឺរលោង និងមានសំណើមពីធម្មជាតិ ដោយមិន ចាំបាច់ប្រើប្រាស់ឡេទៀតផង។
- ការថែរក្សាក្រចកដៃជើង ៖ រចនាមិនសូវជាចូលចិត្ដតុបតែងក្រចកដៃជើងប៉ុន្មានទេ គ្រាន់តែឧស្សាហ៍កាត់តម្រឹមនិង សម្អាតវាឱ្យស្អាតតែប៉ុណ្ណោះ។ ជាទូទៅកញ្ញាធ្វើការលាបក្រចកដៃជើងតែចំពោះពេលដែលនាងសម្ដែងជាពិធីករ ឬពេលដែលចេញទៅ ពិធីសង្គម ពិធីជប់លៀងផ្សេងៗតែប៉ុណ្ណោះ។ រចនាចូលចិត្ដរក្សាក្រចកមើលទៅមិនវែងពេក មិនខ្លីពេក សមល្មមទៅនឹងម្រាមដៃ ហើយកញ្ញាចូលចិត្ដទុកក្រចកឱ្យមានលក្ខណៈសៗ ដោយមិនប្រើប្រាស់ថ្នាំលាបញឹកញាប់ទេ។
ការថែរក្សាសុខភាពរាងកាយ
ជាទូទៅរចនាព្យាយាមញ៉ាំទឹកក្រូចច្របាច់ ឬក៏ជាទឹកដោះគោស្រស់ៗនៅពេលព្រឹកព្រលឹមជារៀងរាល់ថ្ងៃ។ ពេលខ្លះទៀត កញ្ញាញ៉ាំផ្លែឈើបន្ថែម ដូចជាផ្លែប៉ោម ផ្លែសារី១ឬ២ផ្លែប៉ុណ្ណោះនៅពេលព្រឹក។ រចនាក៏ចូលចិត្ដបន្លែណាស់ដែរកញ្ញាតែងតែច្នៃ មុខម្ហូបប្លែកៗជារៀងរាល់ថ្ងៃ ដែលមានជាតិបន្លែគ្រប់មុខដើម្បីកុំឱ្យធុំអាហារ។ នៅពេលជិតដល់ពេលហូបបាយ កញ្ញាតែងញ៉ាំទឹក មួយកែវ ហើយយកផ្លែឈើមកញ៉ាំពេលដែលតុអាហាររៀបចំរួច គឺកញ្ញាញ៉ាំបាយបានតិចបំផុតហើយក៏ធ្វើឱ្យកញ្ញាមានអារម្មណ៍ថា ឆ្អែតដូចគ្នាទៅនឹងអ្នកដែលញ៉ាំបាយបានច្រើនដែរ។ នេះហើយជាវិធីមួយដែលធ្វើឱ្យកញ្ញាមិនអាចធាត់ ឬឡើងទម្ងន់បានលឿន។
បំណងសម្រាប់ថ្ងៃអនាគត
រចនាមានបំណងតាំងតែពីកុមារភាពមកម្ល៉េះ ថាថ្ងៃណាមួយកញ្ញានឹងក្លាយជាម្ចាស់នៃសណ្ឋាគារផ្ទាល់ខ្លួនមួយរូបហើយ សង្ឃឹមថា សេចក្ដីប៉ងប្រាថ្នានេះនឹងបានសម្រេចនៅថ្ងែណាមួយជាក់ជាមិនខាន។
បណ្ដាំផ្ញើរបស់វិមានរចនា
លោកអ្នកត្រូវគិតថា សម្រស់របស់អ្នកវាជារូបភាពមួយយ៉ាងសំខាន់បំផុត ដូចនេះអ្នកត្រូវចេះថែរក្សាវាឱ្យបានល្អ។ ចំពោះ លោកអ្នកដែលចូលចិត្ដងូតទឹកក្ដៅនោះ សូមចៀសវាងកុំងូតដល់ក្បាលឱ្យសោះ ព្រោះទឹកក្ដៅវាអាចធ្វើឱ្យសក់យើងជ្រុះ ងាយបែក ចុង ស្ងួត និងធ្វើឱ្យសក់លោកអ្នកឆាប់ខូច។ បើលោកអ្នកជាមនុស្សសាមញ្ញមិនមែនជាតារាអ្វីទេនោះ លោកអ្នកគួរតែទុកផ្ទៃមុខឱ្យនៅ ទំនេរ កុំប្រើប្រាស់ម្សៅលាប សូម្បីតែជាម្សៅលាបយប់ក៏មិនចាំបាច់ដែរ នេះជាវិធីល្អមួយសម្រាប់ផ្ទៃមុខលោកអ្នក។
ការរៀបរាប់ជូនខាងលើនេះ ជាការយល់ឃើញ និងជាការអនុវត្ដផ្ទាល់របស់កញ្ញា សេង វិមានរចនា តែប៉ុណ្ណោះ។ សូម លោកស្រីអ្នកនាងកញ្ញាជ្រើសរើសយកអ្វីដែលលោកអ្នកយល់ថាល្អត្រឹមត្រូវសម្រាប់អនុវត្ដបានហើយ។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ សេង វិមានរចនា
- អាយុ ៖ ២៤ឆ្នាំ
- កម្ពស់ ៖១,៦០ម៉ែត្រ
- ទម្ងន់ ៖ ៤៧គីឡូក្រាម
- ទំហំទាំងបី ៖ ៣២ ២៦ ៣២
- បងប្អូន ៖ ៤នាក់ (ជាកូនទី១)
- កម្រិតវប្បធម៌ ៖ បញ្ចប់ថ្នាក់បាក់ឌុប
- អាជីពបច្ចុប្បន្ន ៖ ជាពិធីការិនី
- ទីកន្លែងកំណើត ៖ក្រុងភ្នំពេញ
- ស្ថានភាពគ្រួសារ ៖ នៅជាមួយឪពុកម្ដាយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣០ ខែកក្កដា ឆ្នាំ២០០៨
Leave a Reply