ថ្វាយ​បង្គំ​គ្រូ​មុន​ការ​ប្រកួត

សិល្បៈ​កីឡា​ប្រដាល់​របស់​ខ្មែរ​មាន​ដើម​កំណើត​ដក់​ជាប់​ក្នុង​បេះដូង​ខ្មែរ​តាំង​ពីមុន​សម័យ​អង្គរ​មក​ម្ល៉េះ។ ដើម្បី​ទប់​ទល់​នឹង សត្រូវ​ឈ្លាន​ពាន​ទឹក​ដី បុព្វ​បុរស​ខ្មែរ​បាន​ស្រាវ​ជ្រាវ​បង្កើត​ជា​ក្បាច់​គុន ប្រើ​ថ្នាំ ប្រទាល បាលី​គាថា​សក្ដិ​សិទ្ធ បង្ហាត់​បង្រៀន​មនុស្ស​ខ្មែរ តៗ​គ្នា​ដើម្បី​ការ​ពារ​ខ្លួន ការ​ពារ​ទឹក​ដី រហូត​ក្បាច់​ប្រដាល់​នេះ​ក្លាយ​ជា​សិល្បៈ​កីឡា​ដ៏មាន​ប្រជា​ប្រិយ​ភាព​ក្នុង​សង្គម​ខ្មែរ​ជា​រៀង​រហូត មក។ តាំង​ពី​ដើម​រៀង​មក មុន​ការ​ប្រកួត​សិល្បៈ​កីឡា​នេះ គេ​មាន​រៀប​បាយ​សី និង​បង្ហាញ​ក្បាច់​រំលឹក​គុណ​គ្រូ ឬ​ហៅ​ថា​ថ្វាយ​បង្គំ​គ្រូ​ពុំ ដែល​ខាន​ឡើយ។ តើ​ការ​ថ្វាយ​បង្គំ​គ្រូ​ធ្វើ​ដើម្បី​អ្វី និង​មាន​របៀប​ដូច​ម្ដេច​ខ្លះ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ប្រិយ​មិត្ដ​បាន​ជ្រាប​ពី​របៀប​រំលឹក​គុណ​គ្រូ​ក្នុង​សិល្បៈ​កីឡា​ប្រដាល់​ខ្មែរ ទស្ស​នា​វដ្ដី សុខភាពយើង បាន​ជួប​សម្ភាស ជា​មួយ​លោក​ទ្រឿង សុស​សាយ ជា​អាជ្ញា​កណ្ដាល និង​ចាប់​គូ​ប្រកួត​ប្រចាំ​សហ​ព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ស្ម័គ្រ​ចិត្ដ។

អ្វី​ជា​ការ​ថ្វាយ​បង្គំ​គ្រូ?

ថ្វាយ​បង្គំ​រំលឹក​គុណ​គ្រូ ឬ​ថ្វាយ​បង្គំ​គ្រូ​ជា​ការ​សម្ដែង​ឡើង​នូវ​កាយ​វិការ​ប្រកប​ដោយ​ក្បូរ​ក្បាច់​ផ្សេងៗ​របស់​កីឡា​ករ​តាម​ការ បង្ហាត់​បង្រៀន​របស់​គ្រូ​នីមួយៗ។ ការ​ថ្វាយ​បង្គំ​គ្រូ​របស់​គូភាគី​ទាំង​សង​ខាង​នឹងធ្វើ​ឡើង​នៅមុន​ការ​ចាប់​ផ្ដើម​ប្រកួត​គ្នា។ កាល​ពី​ដើម ឡើយ និង​ក្នុង​សម័យ​សង្គម​រាស្ដ្រ​និយម ការ​ថ្វាយ​បង្គំ​គ្រូ​មាន​រយៈ​ពេល​ប្រមាណ​ពី១០​ទៅ​១៥​នាទី។ ប៉ុន្ដែ​បច្ចុ​ប្បន្ន​ការ​ថ្វាយ​បង្គំ​គ្រូ ត្រូវ​បាន​គេ​ធ្វើ​សង្ខេប​តម្រូវ​តាម​ពេល​វេលា​ខ្លី ពិសេស​ការ​ប្រកួត​ដែល​មាន​ការ​ចាក់​ផ្សាយ​តាម​ប៉ុស្ដិ៍​ទូរទស្សន៍។ រយៈ​ពេល​នេះ ត្រូវ​គេ បង្រួញ​មក​ត្រឹម២​ទៅ៤​នាទី​ប៉ុណ្ណោះ។ ឯក្បាច់​ដែលគេ​សម្ដែង​ក៏ធ្វើ​ឡើង​កាត់ៗ និង​ក្លាយ​ខុស​ពី​លក្ខណៈ​ដើម​ប្រហែល​៧០%។

មូល​ហេតុ​ថ្វាយ​បង្គំ​គ្រូ

ខ្មែរ​យើង​ជាពូជ​ពង្ស​ដែល​កតញ្ញូ​តា​ធម៌​ចំពោះ​អ្នក​មាន​គុណ​ណាស់ រហូត​ចាត់​ទុក​គ្រូបា​ធ្យាយ​គឺ​ជាអ្នក​មាន​គុណ​ធ្ងន់​ជា​ឪពុក ម្ដាយ​ទីពីរ​ទៀត​ផង។ ដើម្បី​តប​ស្នង​ចំពោះ​ការ​បង្ហាត់​បង្ហាញ ការ​លះ​បង់​កម្លាំង​កាយ​ចិត្ដ​ផ្ដល់​នូវ​ចំណេះ​ដឹង និង​អប់រំ​ទូន្មាន​របស់​គ្រូ សិស្ស​គុន​ចាំ​បាច់​ត្រូវ​តែ​រំលឹក​ដល់​គុណ​គ្រូ​មុន​ធ្វើការ​ប្រកួត​ប្រដាល់ ដែល​យើង​ហៅ​ថា​ថ្វាយ​បង្គំ​គ្រូ។ ធ្វើ​ដូច្នេះ​គឺ​ដើម្បី​រំលឹក​ឡើង​វិញ នូវ​ពាក្យ​ពេចន៍​ទូន្មាន​របស់​គ្រូ​ក្នុង​ការ​ហាត់​ប្រដាល់ រំលឹក​នូវ​តម្រេះ​ស្នៀត​ផ្សេងៗ។ លើស​ពីនេះ​ដើម្បី​តាំង​អារម្មណ៍​ឱ្យ​មូល បង្កើន​ភាព ក្លាហាន​មិន​តក់​ស្លុត និង​រំលឹក​គុណ​ឪពុក​ម្ដាយ​ឱ្យ​តាម​ជួយ​ថែ​រក្សា។ ម្យ៉ាង​ទៀត​គឺ​ដើម្បី​រំលឹក​នូវ​មន្ដ​អាគមន៍​គាថា​បាលី​ទាំង​ឡាយ ដែល​គ្រូ​បាន​បង្ហាត់ ដូច​ជា​បាលី​បំភាន់​ភ្នែក​សត្រូវ បាលី​ធ្វើឱ្យ​សត្រូវ​វង្វេង បាលី​ធ្វើឱ្យ​ភ្នែក​រឹង បាលី​បញ្ចុះ​ទម្ងន់​ដៃ​ជា​ដើម។

  • សុខមុខ សំបុកមេដែក សះលាទុក្ខបលៈមៈអរៈ ជា​បាលី​បញ្ចុះ​ទម្ងន់​ដៃ សូត្រ​៧ចប់​រួច​យក​ក្រមួន​លាប​ផ្នែក​មុខ​កណ្ដាប់ ដៃ។
  •  អធិឥមៈស្មឹង សម្បើមខ្លាធំ ឧបស្វាហយ្យ ជា​បាលី​ត្រៀម​ចូល​ប្រយុទ្ធ សូត្រ​៧ចប់​ដោយ​យក​ជើង​ធាក់​ដីរួច​ដើរ​សំដៅ​គូ ប្រកួត។
  •  អ្នក អ្នក ឧ ជាបាលី​សម្រាប់​បំបិទ​ភ្នែក​សត្រូវ គេ​សូត្រ៧​ចប់​ហើយ​ដាល់​សំដៅ​ទៅ​មុខ​គូ​ប្រកួត។

លក្ខណៈ​ពិសេស​នៃ​ការ​ថ្វាយ​បង្គំ​គ្រូ

ការ​ថ្វាយ​បង្គំ​គ្រូ​នៅ​ក្នុង​សិល្បៈ​កីឡា​ប្រដាល់​របស់​ខ្មែរ​មិន​មែន​ចេះ​តែ​ធ្វើ​ឡើង​តាម​ការ​នឹក​ឃើញ​នោះ​ទេ។ បុព្វ​បុរស​ខ្មែរ​បាន ដក​ស្រង់​ចេញ​ពីផ្នែក​មួយ​នៃ​សិល្បៈ​វប្ប​ធម៌​របស់​ខ្លួន ដែល​មាន​លក្ខណៈ​ទន់​ភ្លន់ និង​រក្សា​បាន​ទាំង​លក្ខណៈ​អត្ដ​សញ្ញាណ​ជាតិ​ផង ដូច​ជា របាំ​រឿង​រាម​កេរ្ដិ៍ ក្រមុំ​ចូល​ម្លប់​ជា​ដើម។ ទាំង​ការ​បង្ហាញ​ក្បាច់​ប្រដាល់​ផង​នោះ គឺ​មាន​ឆ្លាក់​ជាប់​នឹង​ជញ្ជាំង​ប្រាសាទ​បាយ័ន ប្រាសាទ ព្រះ​លាន​ជល់​ដំរី ប្រាសាទ​ព្រះ​ខ័ន​ជា​ដើម។ លើសពី​នេះក៏​បាន​ដក​ស្រង់​ពីការ​ធ្វើ​តម្រាប់​តាម​សត្វ ដែល​លោក​ធ្លាប់​ស្គាល់ ធ្លាប់​ពើប ប្រទះ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ក្ន្នុង​នោះ​មាន​ដូច​ជា​ក្បាច់​ខ្លា​ក្រាប ក្បាច់​ក្រពើ​ហា និង​ក្បាច់​ផ្សេង​ទៀត។

ពិធី​ថ្វាយ​បង្គំ​គ្រូ​នៅ​ផ្ទះ

មុន​ថ្វាយ​បង្គំ​គ្រូ​នៅ​លើ​សង្វៀន ចាស់​បុរាណ​លោក​មាន​រៀប​ជា​បាយ​សី៧​ថ្នាក់ ឬ៨​ថ្នាក់​ដើម្បី​រំលឹក​គុណ​គ្រូនៅ​នឹង​ផ្ទះគ្រូ​សិន (កន្លែង​ហាត់​រៀន)មុន​នឹង​ចេញ​ទៅ​ប្រកួត។ ការ​មិន​រៀប​បាយ​សី​អាច​ធ្វើឱ្យ​បារមី​គ្រូ​ប្រកាន់​ខឹង និង​អាច​ធ្វើឱ្យ​កីឡា​ករ​មាន​គ្រោះ​ថ្នាក់ ពេល​ប្រកួត។ ការ​រៀប​បាយ​សី​នេះ​ជា​ការ​ថ្វាយ​បង្គំ​គ្រូក្នុង​ដំណាក់​កាល​ទី​មួយ ព្រោះ​នៅក្នុង​ពិធី​មាន​សូត្រ​បាលី​មន្ដ​អាគមន៍ ដែល​គ្រូ បង្ហាត់ គ្រូ​ប្រោះ​ព្រំសុំ​បារមី​សក្ដិ​សិទ្ធ​តាម​ជួយ​ថែ​រក្សា​ជា​ដើម។ បាយ​សីនឹង​ធ្វើ​ពីធី​រើ​ចេញ​វិញ​ពេល​ការ​ប្រកួត​ត្រូវ​បញ្ចប់ ដោយ​មាន មើល​ពីពេល​វេលា​ល្អ​ត្រូវ​រើ។ លើស​ពី​នេះ​គ្រូ​នឹង​ត្រៀម​ខ្លង់​ព្រះ​កេស​គ្រូ ឬហៅ​ថា​ឈើ​តី​គ្រូ​ដែល​ធ្វើពី​អំបោះ​ឆៅ(អំបោះ​សីមា)​សម្រាប់ ពាក់​លើ​ក្បាល និង​ពាក់​ខ្លង់​នៅ​លើ​ដើម​ដៃ​ម្ខាង​មួយៗ​ឱ្យ​សិស្ស​គុណ ពេល​ថ្វាយ​បង្គំ​គ្រូនៅ​លើ​សង្វៀន។ កីឡា​ករ​បង្គោល​ខៀវ គ្រូ​នឹង ពាក់​ខ្លង់​នៅ​លើ​ដើម​ដៃ​នោះ​ពណ៌​ខៀវ បើជា​បង្គោល​ក្រហម គ្រូនឹង​ពាក់​ខ្លង់​នៅលើ​ដើមដៃ​ពណ៌​ក្រហម។ ខ្លង់​ដែល​ពាក់​លើ​ក្បាល និង ដើម​ដៃនោះ​មាន​បញ្ចុះ​សិល្ប៍​ប្រសាទ​ដើម្បី​ជួយ​ប្រសិទ្ធី​ដល់​សិស្ស​គុនឱ្យ​មាន​កម្លាំង និង​កុំឱ្យ​តក់​ស្លុត​ផង​ដែរ។ សិស្ស​គុន​នីមួយៗ​មាន រៀន​សិល្ប៍​ប្រសាទ​ធ្វើឱ្យ​ស្បែក​ស្វិត​និង​បាលី​ផ្សេង​ទៀត។ ព្រោះ​ពី​ដើម​ពុំមាន​ប្រដាប់​ការពារ​ប្រដាប់​ភេទ ពុំមាន​ហ្កង់​ពាក់​ស្រោប កណ្ដាប់​ដៃ គឺគេ​ប្រើ​ក្រណាត់​ជ្រលក់​នឹងទឹក​បបរ​ហាល​ទុក​រហូត​រឹង​(ក្រោយ​មក​ហៅថា​បង់​គូទ​ខ្ចៅ)។

ក្បាច់​ថ្វាយ​បង្គំ​គ្រូ

ចូល​ដល់​ទី​ដែល​រៀប​ចំ​សម្រាប់​ប្រដាល់ គ្រូ​នឹង​បំពាក់​ខ្លង់​ព្រះ​កេស​គ្រូ​លើ​ក្បាល និង​ពាក់​ខ្លង់​នៅ​ដើម​ដៃ​ឱ្យ​សិស្ស​គុន។ ខ្លង់ ពាក់​លើ​ក្បាល​គ្រូ​នឹង​សូត្រ​គាថា​ដោះ​ចេញ​វិញ​ពេល​ថ្វាយ​បង្គំ​គ្រូ​នៅ​លើ​សង្វៀន​ចប់។ ឯ​ខ្លង់​ពាក់​នៅ​ដើម​ដៃ​ទាំង​សង​ខាង គឺ​ទុក​រហូត​ចប់ ការ​ប្រកួត។ ការ​ថ្វាយ​បង្គំ​គ្រូ​លើ​សង្វៀន​ប្រកួត កីឡា​ករ​នឹង​បញ្ចេញ​ក្បាច់​ថ្វាយ​បង្គំ​យ៉ាង​ទន់​ភ្លន់​រំពើត​រំពើង​តាម​ប្រភេទ​ក្បាច់​រៀងៗ ខ្លួន។ ក្បាច់​ថ្វាយ​បង្គំ​គ្រូ​របស់​ខ្មែរ​មាន​ច្រើន​ប្រភេទ​ណាស់​តាំង​ពី​បុរាណ​មក​និង​សម័យ​ក្រោយៗ​ក៏មាន​បង្កើត​បន្ថែម​ទៀត​ដែរ។ ក្បាច់ ទាំង​នោះ​រួម​មាន ៖ ក្រុង​រា​ពណ៍​សម្ដែង​ឫទ្ធិ ព្រះ​រាម​ថ្លែង-​ស ហនុ​មាន​លីថ្ម​ចង​ស្ពាន​យក​នាង​សិតា ព្រះ​លក្ម្សណ៍​ព័ទ្ធ​សីមា ក្រមុំ​ចូល​ម្លប់ ព្រហ្ម​មុខ​បួន ឥស្សី​ប្រោះ​ព្រំ ទន្សាយ​ប្រឡែង​ព្រះ​ចន្ទ គ្រុឌ​ឆក់​នាគ នាគ​ញំ​កែវ នាគ​លេង​ទឹក ក្បាច់​ល្បុក្ក​តោ ក្បាច់​ស្រងែ​ពេន ក្បាច់​ខ្លា ក្រាប ក្បាច់​ក្រពើ​ហាជា​ដើម។

ការ​ថ្វាយ​បង្គំ​គ្រូ​បច្ចុ​ប្បន្ន

បច្ចុ​ប្បន្ន​ការ​ថ្វាយ​បង្គំ​គ្រូ​មាន​លក្ខណៈ​សង្ខេប និង​ក្លាយ​ច្រើន តែ​នៅ​មាន​លក្ខណៈ​ដើម​ពី​បុរាណ​ប្រមាណ​៣០%​ប៉ុណ្ណោះ។ ក្បាច់​ដែល​នៅ​និយម​មាន​ដូច​ជា​ព្រហ្ម​មុខ​បួន ក្បាច់​ខ្លា​ក្រាប ក្បាច់​ក្រពើ​ហា ក្បាច់​នាគ​ញំ​កែវ ឥន្ទ្រី​សម្ដែង​ឫទ្ធិ​ហនុ​មាន​ចង​ស្ពាន យក​នាង​សីតា​ជា​ដើម។ ការ​បាត់​បង់​ទៅ​កាន់​តែ​ច្រើន​បែប​នេះ ដោយ​សារ​ឯក​សារ​សំណេរ ឯក​សារ​រស់(ចាស់​ទុំ​ដែល​ចេះ​ដឹង)បាត់​បង់ ក្នុង​សម័យ​សង្គ្រាម ខ្វះ​ការ​ចង​ក្រង​ផ្សព្វ​ផ្សាយ និង​ត្រូវ​តម្រូវ​ទៅតាម​ពេល​វេលា​ដែល​មាន​ខ្លីក៏​ទម្លាប់​ថ្វាយ​បង្គំ​គ្រូ​ដោយ​ធ្វើ​កាត់​ខ្លីៗ​តាម គ្នា​រហូត​មក។ ឯ​ការ​រៀប​បាយ​សី​មន្ដ​អាគមន៍​ក៏​មាន​កាន់​តែ​តិច​បំផុត។

ដំបូ​ន្មាន​អ្នក​ប្រឹក្សា

ដោយ​សារ​ប្រវត្ដិ​សិល្បៈ​ប្រដាល់​របស់​ខ្មែរ​យើង​មាន​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ​នោះ កីឡា​ករ​ប្រដាល់​ទាំង​អស់​គួរ​ចេះ និង​អនុ​វត្ដ​ថ្វាយ​បង្គំ​គ្រូ​តាម​បែប​ខ្មែរ​បុរាណ​ទើប​ប្រសើរ ដើម្បី​រួម​ចំណែក​ថែ​រក្សា និង​សម្គាល់​ថា​ក្បាច់​ទាំង​នេះ​យើង​មាន​ខ្លួន​ឯង​ផ្ទាល់ មិន​បាន​ចម្លង​ពី​សាសន៍​ណា​ឡើយ។ ម្យ៉ាង​ទៀត​គ្រប់​ស្ថាប័ន​ផ្សព្វ​ផ្សាយ និង​ក្រសួង​អប់រំ​គួរ​ជួយ​ផ្សព្វ​ផ្សាយ​ដល់​ស្រទាប់​ប្រជា​ពល​រដ្ឋ​ឱ្យ បាន​ទូលំ​ទូលាយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣០ ខែកក្កដា ឆ្នាំ២០០៨

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *