របៀប​ជ្រើស​រើស​ម្សៅ

ម្សៅ​ជា​វត្ថុ​មិន​អាច​ខ្វះ​បាន ក្នុង​ការ​តុប​តែង​ខ្លួន​សម្រាប់​ជំនួយ​ស្បែក​មុខ​ឱ្យ​មាន​សភាព​ភ្លឺ​រលោង សម៉ត់ មាន​ទាំង​ម្សៅ​ស្អិត និង​ម្សៅ​ផាត់។ ផ្ទៃ​មុខ​ដ៏​មាន​មន្ដ​ស្នេហ៍ គឺ​ត្រូវ​ការ​ម្សៅ​ប្រភេទ​ណា​ដែល​មាន​គុណ​ភាព​ល្អ មិន​មែន​អាច​ប្រើ​ផលិត​ផល​នេះ ឬ​ផលិត ផល​នោះ​បាន​ឡើយ។ ព្រោះ​សាច់​មុខ​ទន់​ហើយ​ស្ដើង កាល​ណា​ប្រើ​ម្សៅ​ខុស​ធ្វើឱ្យ​ប្រតិ​កម្ម​ស្បែក​មុខ។ ប្រតិ​កម្ម​ស្បែក​មុខ​អាច​បង្ក​ជា គ្រាប់​មុន​ស្បែក​មុខ​ជ្រួញ ស្បែក​មុខ​ស្ងួត ឬ​ស្បែក​មុខ​ខ្លាញ់ រហូត​បណ្ដាល​ឱ្យ​ស្បែក​មុខ​ជាំ​ជា​ដើម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្ស​នា​វដ្ដី សុខភាពយើង បាន​ធ្វើ​ការ​សម្ភាសន៍​ជាមួយ​លោក​ស្រី ច័ន្ទ ស្រី​ណុច ដែល​ជា​ម្ចាស់​ហាង​កែ​សម្ផស្ស​មីកា​សា ប្រយោជន៍​បក​ស្រាយ​ពីការ​ជ្រើស​រើស​ម្សៅ​ឱ្យ​កាន់​តែ​ច្បាស់ និង​បំពេញ​នូវ​តម្រូវ​ការ​ជូន​លោក​ស្រី​អ្នក​នាង​កញ្ញា។

របៀប​ជ្រើស​រើស​ម្សៅ​ដ៏​ត្រឹម​ត្រូវ

ស្បែក​មុខ​មាន​ច្រើន​សណ្ឋាន មិត្ដ​នារី​ខ្លះ​មាន​ស្បែក​មុខ​ស្អាត អ្នក​ខ្លះ​មាន​បញ្ហា​ស្បែក​មុខ​ខ្លាញ់ អ្នក​ខ្លះ​ទៀត​មាន​បញ្ហា​ស្បែក មុខ​ស្ងួត​ពេក។ ដើម្បី​ជ្រើស​រើស​ម្សៅ​ផាត់​លើ​ស្បែក​មុខ​ឱ្យ​បាន​ត្រឹម​ត្រូវ មិត្ដ​នារី​ទាំង​ឡាយ​គួរ​អនុវត្ដ​តាម​ប្រការ​ដូច​ខាង​ក្រោម ៖

  • ស្បែក​មុខ​ធម្មតា ៖ ស្បែក​មុខ​ប្រភេទ​នេះ ចង់​សំដៅ​លើ​ផ្ទៃ​មុខ​ស្រស់​ស្អាត​ទន់​រលោង គ្មាន​ជាតិ​ខ្លាញ់ ឬ​សំណើម​លើ​ផ្ទៃ​មុខ ជា​ប្រភេទ​ស្បែក​ស្រួល​ផាត់​មុខ ធ្វើ​ឱ្យ​សាច់​មុខ​ម៉ត់​រលោង ដោយ​មិន​ចាំ​បាច់​ប្រើ​ផលិត​ផល​ជំនួយ ដូច​ជាឡេ ឬ​ម្សៅ​ស្អិត​ទេ។
  • ស្បែក​មុខ​ខ្លាញ់ ៖ ស្បែក​មុខ​ដែល​មាន​សំណើម​(ខ្លាញ់)​អាច​បង្ក​ជា​មុន​តូចៗ​នៅ​លើ​ស្បែក​មុខ ឬ​ហៅ​ម្យ៉ាង​ទៀត​ថា​មុន អង្កាម។ ចំពោះ​ស្បែក​មុខ​ខ្លាញ់ លោក​អ្នក​គួរ​ប្រើ​ឡេ​ឬ​ក្រែម​ស្ងួត​យក​មក​លាប ដើម្បី​បំបាត់​ជាតិ​ញើស​នៅ​លើ​ផ្ទៃ​មុខ។ ម្យ៉ាង​ទៀត អាច​យក​ជា​ម្សៅ​ស្អិត​មក​លាប​ជំនួស​ឡេ​ក៏​បាន​ដែរ។ បន្ទាប់​មក​សូម​លោក​ស្រី​អ្នក​នាង​កញ្ញា​យក​ម្សៅ​ផាត់​មក​ផាត់​ពីលើ​ទៅ​តាម សេចក្ដី​ត្រូវ​ការ។
  • ស្បែក​មុខ​ស្ងួត គួរ​ជ្រើស​រើស​ប្រើ​ជា​ឡេ​ជំនួយ​ស្បែក​មុខ​ឱ្យ​មាន​សំណើម ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ផាត់​មុខ។ មិន​តែ ប៉ុណ្ណោះ បើ​សិន​ជាចង់​ប្រើ​ជា​ម្សៅ​ស្អិត​ជំនួស​ឡេ​វិញ​ក៏​បាន​ដែរ តាម​ចំណង់​ចំណូល​ចិត្ដ។

ប្រការ​គួរ​ប្រតិ​បត្ដិ

បើ​លោក​ស្រី​អ្នក​នាង​កញ្ញា​មិន​មាន​ការ​ប៉ិន​ប្រសព្វ​ក្នុង​ការ​ជ្រើស​រើស​ម្សៅ សុភាព​នារី​អាច​ទៅ​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ ខាង​កែ​សម្ផស្ស ឬ​សើ​ស្បែក។ ផ្ទៃ​មុខ​មិន​អាច​យក​អ្វី​មក​ជំនួស​បាន​ឡើយ ព្រោះ​ស្បែក​មុខ​ជា​ស្បែក​ដ៏​ស្ដើង​បំផុត បើ​មាន​ប្រតិ​កម្ម​នោះ ពិបាក​ក្នុង​ការ​កែ​លម្អ​ណាស់។ សូម​សុភាព​ស្ដ្រី​ទាំង​អស់​ដែល​មាន​ផ្ទៃ​មុខ​ធម្មតា ផ្ទៃ​មុខ​ស្ងួត ឬ​ផ្ទៃ​មុខ​ខ្លាញ់​ត្រូវ​ជ្រើស​រើស​ពណ៌​ម្សៅ និង​ប្រភេទ​ម្សៅ​ឱ្យ​មាន​ពណ៌​ក្រមៅ​ជាង​ផ្ទៃមុខ​ទើប​ប្រសើរ។

ដំបូ​ន្មាន​អ្នក​ប្រឹ​ក្សា

មិត្ដ​នារី​ទាំង​ឡាយ​មុន​នឹង​ជ្រើស​រើស​ម្សៅ គប្បី​ត្រូវ​យល់​ដឹង​អំពី​ប្រភេទ​នៃ​ស្បែក​មុខ​ជា​មុន​សិន ទើប​មិន​ធ្វើ​ឱ្យ​លោក​ស្រី អ្នក​នាង​កញ្ញា​ក្លាយ​ជាវត្ថុ​ចម្លែក​សម្រាប់​ភ្នែក​អ្នក​ទាំង​ឡាយ។ ចំពោះ​ការ​ប្រើ មិត្ដ​នារី​មិន​អាច​យក​ម្សៅ​ដែល​គ្មាន​គុណ​ភាព​ត្រឹម​ត្រូវ មក​លាប​បាន​ទេ ហើយ​ចំពោះ​ការ​លាប​ក៏មិន​អាច​ចេះ​តែ​លាប​បាន​ដែរ។ បើ​មិន​ច្បាស់ សូម​រក​ជំនួយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *