វ៉ាង ស្រីណូ គួរ​ឆ្លៀត​ពេល​ហាត់​ប្រាណ

កញ្ញាវ៉ាងស្រីណូជាតារា​មួយ​រូប​ដែល​មាន​ឈ្មោះ​បោះ​សម្លេង​នៅក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​យើង ដែល​ធ្វើ​ឱ្យ​ទស្ស​និក​ជន​ជា​ច្រើន​បាន​ស្គាល់ និង​មាន​ការ​ពេញ​ចិត្ដ​យ៉ាង​ខ្លាំង​ចំពោះ​កាយ​វិការ ក្បាច់​រាំ និង​សំនៀង​របស់​កញ្ញា។ កញ្ញា​ស្រីណូ មាន​រូប​សម្ផស្ស​ស្រស់​ស្អាត តូច​ច្រឡឹង សាច់​ហ្មត់​រលោង​គួរជា​ទីគយ​គន់ មិនថា​ជា​នារី ឬ​បុរស​ទេ​ក៏​សម្លឹង​មើល​កញ្ញា​មិន​ដាក់​ភ្នែក ដែរ។នេះ​បញ្ជាក់​ថា​ទោះ​ជា​មាន​ការ​មមា​ញឹក​យ៉ាង​ណាក៏​ស្រី​ណូ​នៅ​តែ​មាន​សុខ​ភាព​ល្អ​និង​សម្រស់​រឹតតែ​ទាក់​ទាញ​ចំពោះ​ទស្ស​និក​ជន ទាំង​អស់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ប្រវត្ដិ​មុន​ពេល​ចូល​សិល្បៈ

កញ្ញា វ៉ាង ស្រីណូ មាន​ស្រុក​កំណើត​នៅ​ខេត្ដ​កំពង់​ឆ្នាំង។ កញ្ញា​បាន​រៀន​នៅ​បឋម​សិក្សា​ពន្លឺ​ក្រុង ហើយ​ក៏បន្ដ​ចូល​សិក្សា វិទ្យា​ល័យ​ព្រះបាទ​សុរាម​រិទ្ធ។ បន្ទាប់​មក​ទៀត​​នោះ​កញ្ញា​ត្រូវ​បាន​លោក ម៉ែន សំផន ជាអ្នក​បង្ហាត់​បង្រៀន​នាង​ឱ្យចេះ​ច្រៀង និង​ការ សម្ដែង​ផ្សេងៗ រហូត​ដល់​មាន​ផលិត​កម្ម​មួយ​ចំនួន​មក​ទាក់​ទងឱ្យ​ថត​ចម្រៀង​ប្រចាំ​ផលិត​កម្ម​នោះ​តែ​ម្ដង។ កញ្ញា​បាន​ថត​ឱ្យ​ផលិត​កម្ម មួយ​មុន​ដំបូង​គេក្នុង​ការ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​នោះ គឺ​ផលិត​កម្ម​ផ្កាយ​ព្រឹក ហើយ​បទ​ដំបូង​គេ​នោះ​គឺបទ នារី​សិច​ស៊ី ដែល​ជា​ចង្វាក់ ម៉ាឌី​ហ្សូន។

វិធី​ថែ​រក្សា​សម្រស់

កញ្ញា ស្រីណូ មាន​សម្រស់​ស្រស់​ស្អាត​ពី​ធម្ម​ជាតិ​ទៅ​ហើយ​ដូច្នេះ​គ្រាន់​តែ​តុប​តែង​បន្ដិចៗ​ទៅជា​ការ​ស្រេច​ទៅ​ហើយ។ កញ្ញា ប្រើ​ប្រាស់​ផលិត​ផល​ដែល​មាន​តម្លៃ​ថ្លៃៗ​ព្រោះ​កញ្ញា​យល់​ថា​របស់​ដែល​ថ្លៃគឺ​អាច​ធ្វើឱ្យ​សម្រស់​នាង​ស្រស់​ស្អាត​បាន​យូរ និង​មិន​បង្ក​ឱ្យ ខូច​ស្បែក ថែម​ទាំង​មាន​គុណ​ភាព​ខ្ពស់​ទៀត​ផង។ ក្រៅ​ពីនេះ​កញ្ញា​ក៏មាន​វិធី​សាស្ដ្រ​មួយ​ចំនួន​ទៀត​គួប​ផ្សំនឹង​ការ​ប្រើ​ប្រាស់​ផលិត ផល​ផង​ដែរ។​តើ​កញ្ញា​មាន​រូបមន្ដ​អ្វី​ដែល​ធ្វើឱ្យ​រូប​សម្ផស្ស​របស់​កញ្ញា​គួរ​ឱ្យ​ទាក់​ទាញ​យ៉ាង​ដូចនេះ?

  • ការថែ​រក្សា​សក់ ៖ ស្រីណូ​មាន​សរសៃ​សក់​មិន​សូវ​ជា​ខូច​ខ្លាំង​ទេ ទោះ​បីជា​កញ្ញា​លាប​ថ្នាំ​ពណ៌​ក៏ដោយ។ កញ្ញា​យល់​ថា សក់​ពណ៌​ទង់​ដែង​មិន​សូវ​ជាមាន​ប្រតិ​កម្ម​នឹង​ពន្លឺ​ថ្ងៃ។ ជា​ទូទៅ​កញ្ញា​តែង​តែ​កក់​សក់​ជា​រៀង​រាល់​២ថ្ងៃ​ម្ដង​និង​ប្រើ​ក្រែម​បន្ទន់​សក់ ពេល​ដែល​កក់​សក់​រួច។ ស្រីណូ​ជ្រើស​រើស​យក​ថ្នាំ​អប់​សក់​ដែល​តម្រូវ​ទៅ​តាម​សរសៃ​សក់​របស់​កញ្ញា​ហើយ​កញ្ញា​តែង​អប់​មួយ​សប្ដាហ៍ ម្ដង ដើម្បី​កុំឱ្យ​សក់​ខូច ស្ងួត និង​ធ្វើឱ្យ​សក់​មាន​ទម្ងន់ ភ្លឺ​រលោង​ដូចជា​ធម្ម​ជាតិ។
  • ការ​ថែ​រក្សា​ភ្នែក ៖ ចំពោះ​ស្រីណូ​វិញ ការ​ថែ​រក្សា​ភ្នែក​ជា​រឿង​ដែល​សំខាន់​ខ្លាំង​ណាស់។ កញ្ញា​តែង​ញ៉ាំ​អាហារ​ដែល មាន​ជាតិ​បន្លែ​ច្រើន ជា​ពិសេស​គឺផ្លែ​ការ៉ុត ប៉េង​ប៉ោះ និង​បន្លែ​បៃ​តង ដើម្បី​ជួយ​ឱ្យ​ភ្នែក​ភ្លឺ​ច្បាស់​ល្អ។ ពេល​ខ្លះ​ទៀត​កញ្ញា​ចេញ​ទៅ ខាង​ក្រៅ តែង​តែមាន​ធូលី​ដី​ហុយ​ជា​ច្រើន​ដែល​ធ្វើឱ្យ​ភ្នែក​កញ្ញា​រកាំ​ភ្នែក​ប៉ុន្ដែ​កញ្ញា​បាន​ជ្រើស​រើស​យក​ថ្នាំ​បន្ដក់​ភ្នែក ដើម្បី​លាង​សម្អាត កែវ​ភ្នែក​ឱ្យ​ស្អាត និង​មិន​បណ្ដាល​ឱ្យ​ឈឺ​ភ្នែក​ទៀត​ផង។
  • ការ​ថែ​រក្សា​រោម​ភ្នែក ចិញ្ចើម បបូរ​មាត់ ដោយ​សារ​តែ​កញ្ញា​ជា​តារា ដូច​នេះ​ត្រូវ​មាន​ការ​តុប​តែង​ច្រើន ទើប​កញ្ញា​ត្រូវ ពាក់​រោម​ភ្នែក​នៅ​ពេល​ដែល​ចេញ​ច្រៀង ឬ​សម្ដែង​ផ្សេងៗ ដោយ​មិន​សូវ​ជា​ប្រើ​រោម​ភ្នែក​ពិត​ប្រាកដ​ប៉ុន្មាន​ទេ។ ចំណែក​ឯ​ចិញ្ចើម​វិញ កញ្ញា​ចូល​ចិត្ដ​គូស​បែប​សិច​ស៊ី​បន្ដិច តម្រូវ​ទៅ​តាម​ការ​ផាត់​មុខ ពេល​ចូល​រួម​កម្ម​វិធី​ឬ​ពេល​ចេញ​ទៅ​សម្ដែង។ ភាគ​ច្រើន​ស្រីណូ​ប្រើ​ជា ក្រែម​លាប​បបូរ​មាត់​ដែល​មាន​ជាតិ​សំណើម កុំឱ្យ​មាត់​ស្ងួត និង​ក្រៀម​ព្រោះ​កញ្ញា​ត្រូវ​ការ​និយាយ​ច្រើន មាន​សកម្ម​ភាព​ច្រើន ដូច្នេះ មាត់​ចាំបាច់​ត្រូវ​ស្រស់​ស្អាត​ជានិច្ច។
  • ការ​ថែ​រក្សា​ធ្មេញ ស្រីណូ​ដុស​ធ្មេញ​មួយ​ថ្ងៃ២​ដង នៅ​ពេល​ព្រឹក​ក្រោក​ពី​ដំណេក និង​ពេល​យប់។ ក្រោយ​ពេល​ញ៉ាំ អាហារ​ផ្សេងៗ​រួច​នោះ កញ្ញា​តែង​តែ​ខ្ពុរ​មាត់​រាល់​ពេល ព្រោះ​បញ្ហា​មាត់​ធ្មេញ​ជារឿង​មួយ​សំខាន់​សម្រាប់​ទំនាក់​ទំនង​ជាមួយ​អ្នក​ដទៃ ដែល​នៅ​ជុំវិញ​ខ្លួន​យើង។ ជា​រៀង​រាល់​ពេល​៣ខែ​ម្ដង កញ្ញា​តែង​តែ​ពិនិត្យ​មើល​សុខភាព​មាត់​ធ្មេញ។

    រូបភាពទស្សនាវដ្ដីសុខភាពយើង
  • ការ​ថែ​រក្សា​ស្បែក​មុខ ជា​ទូទៅ​កញ្ញា​តែង​តែ​លុប​លាង​មុខ​នៅ​ពេល​ដែល​ត្រឡប់​មកពី​ខាងក្រៅ​និង​មុន​ពេល​ចូល​គេង​ជា រៀង​រាល់​ថ្ងៃ មិន​ថារវល់​យ៉ាង​ណា​នោះ​ទេ។ ពេល​យប់​កញ្ញា​បាន​ជ្រើស​រើស​យក​ផលិត​ផល​ជាទឹក​ជូត​សម្អាត​មុខ​បន្ទាប់​មក​ទៀត​ទើប ប្រើ​ប្រាស់​ក្រែម​រក្សា​ស្បែក​មុខ​ជា​ក្រោយ។ ចំណែក​ឯពេល​ថ្ងៃ​វិញ​កញ្ញា​បាន​ប្រើ​ប្រភេទ​ក្រែម​លាប​ការ​ពារ​ស្បែក នៅ​ពេល​ដែល ស្រី​ណូ​ចេញ​ទៅ​ខាង​ក្រៅក៏​ដូច​ជា​ពេល​ចេញ​ទៅ​សម្ដែង ឬ​ចេញ​ទៅ​កាន់​កម្មវិធី​សង្គម។
  • ការ​ថែ​រក្សា​ស្បែក​ដង​ខ្លួន កញ្ញា​ស្រីណូ​បាន​ប្រើ​ប្រាស់​ឡេ​ជា​ប្រចាំ ដើម្បី​ឱ្យ​សម្រស់​ស្បែក​ស្រស់​ថ្លា​បែប​ធម្ម​ជាតិ​តែ​មិន ធ្វើឱ្យ​សាច់​កញ្ញា​ស​ពេក​នោះ​ទេ។ ជា​រៀង​រាល់​មួយ​សប្ដាហ៍​ម្ដង កញ្ញា​តែង​តែ​ទៅ​ស្ទីម​ស្បែក​ខ្លួន​ដើម្បី​កម្ចាត់​ជាតិ​ក្អែល​ធូ​លី​ដី និង​ជួយ ឱ្យ​ស្បែក​ទន់​រលោង មាន​សំណើម​ថែម​ទៀត​ផង។
  • ការ​ថែ​រក្សា​ក្រចក​ដៃ​ជើង ចំណែក​ឯ​ក្រចក​ដៃ​ជើង​កញ្ញា​ស្រីណូ​វិញ​នោះ​គឺ​កញ្ញា​មិន​សូវជា​ចូល​ចិត្ដ​ទុកវា​ឱ្យ​វែង​ប៉ុន្មាន ទេ នាង​ចូល​ចិត្ដ​ទុក​វាឱ្យ​ខ្លីៗ សម​ល្មម​ទៅនឹង​ម្រាម​ដៃ​ជើង​តែ​ប៉ុណ្ណោះ។ កញ្ញា​តុប​តែង​លាប​ថ្នាំ​បន្ដិចៗ​នៅ​ពេល​ដែល​ចេញ​ទៅ​កម្មវិធី ឬ​ចេញ​ទៅ​សម្ដែង​ផ្សេងៗ។

ការ​ថែ​រក្សា​សុខ​ភាព​រាង​កាយ

ស្រីណូ​គ្មាន​ពេល​វេលា​សម្រាប់​ហាត់​ប្រាណ​ទេ។ ពេល​ខ្លះ​ទៀត​កញ្ញា​ស្ទើរ​តែ​គ្មាន​ពេល​គេង​ផង​ដោយ​សារ​ការ​ងារ​មមា​ញឹក ច្រើន។ ចំពោះ​អាហារ​វិញ​កញ្ញា​ចូល​ចិត្ដ​ញ៉ាំ​បន្លែ​និង​ផ្លែ​ឈើ​ច្រើន​ដែល​វាអាច​ជួយ​ឱ្យមាន​សុខ​ភាព​ល្អ​បាន​មួយ​កម្រិត​ដែរ ក្រៅ​អំពី​ការ ហាត់​ប្រាណ។ ប៉ុន្ដែ​ទោះ​បីជា​យ៉ាង​ណា​ក៏​កញ្ញា​ខិត​ខំ​ឆ្លៀត​ពេល​វេលា​សម្រាប់​ហាត់​ប្រាណ​ដែរ​ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ស្រី ណូ​តែង​តែទៅ​កាន់​មន្ទីរ​ពេទ្យ ដើម្បី​ពិនិត្យ​សុខ​ភាព​ជា​ប្រចាំ​រៀង​រាល់​៣ខែ​ម្ដង។

បណ្ដាំ​ផ្ញើ

នាង​ខ្ញុំមិន​មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​ធ្វើ​លំហាត់​ប្រាណ​ទេ ដោយ​សារ​តែ​ការ​ងារ​រវល់​ពេក​ដូច្នេះ​បង​ប្អូន​មិត្ដ​អ្នក​អាន​ទាំង អស់​កុំធ្វើ​ដូច​ជារូប​ខ្ញុំ គួរ​តែ​ឆ្លៀត​ពេល​វេលា​ហាត់​ប្រាណ​ដើម្បី​សុខ​ភាព និង​សម្រស់​ស្រស់​ស្អាត​របស់​លោក​អ្នក។ ចំណែក​ឯរឿង​ថែ​រក្សា សម្រស់​វិញ​នោះ មុន​ជ្រើស​រើស​យក​ផលិត​ផល​ណា​មួយ​មក​ប្រើ​ប្រាស់​ត្រូវ​យល់​ដឹង​ពីម៉ាក​ផលិត​ផល​នោះ​ឱ្យ​បាន​ច្បាស់​លាស់ និង​ត្រូវ ដឹង​ថា វា​ផលិត​នៅ​ប្រទេស​ណា វា​អាច​ជួយ​អ្វីខ្លះ​ដល់​លោក​អ្នក​ធ្វើ​ដូច​នេះទើប​ធ្វើឱ្យ​លោក​អ្នក​ទទួល​បាន​លទ្ធ​ផល​ល្អ​ទៅ​បាន។

ការ​រៀប​រាប់​ជូន​ខាង​លើ​នេះ ជា​ការ​យល់​ឃើញ និង​ជា​ការ​អនុវត្ដ​របស់​កញ្ញា វ៉ាង ស្រីណូ តែ​ប៉ុណ្ណោះ។ សូម​លោក​ស្រី អ្នក​នាង​កញ្ញា​ជ្រើស​រើស​យក​អ្វី​ដែល​លោក​អ្នក​យល់​ថាល្អ​ត្រឹម​ត្រូវ​សម្រាប់​អនុវត្ដ​បាន​ហើយ។

ប្រវត្ដិ​រូប​សង្ខេប

  •   ឈ្មោះ ៖ វ៉ាង ស្រី​ណូ
  •   អាយុ ៖ ២០ឆ្នាំ
  •   កម្ពស់ ៖ ១,៦០ម៉ែត្រ
  •   ទម្ងន់ ៖ ៤៥​គីឡូក្រាម
  •   ទំហំ​ទាំង​បី ៖ ៣៦ ២៥ ៣៥
  •   បង​ប្អូន ៖ ៧នាក់ ប្រុស៣​នាក់ ស្រី៤​នាក់(ជាកូន​ទី​៦)
  •   កម្រិត​វប្បធម៌ ៖ ត្រឹម​ថ្នាក់​បាក់​ឌុប
  •   អាជីព​បច្ចុប្បន្ន ៖ តារា​ចម្រៀង និង​សម្ដែង
  •   ទីកន្លែង​កំណើត ៖ ខេត្ដ​កំពង់​ឆ្នាំង
  •   ស្ថាន​ភាព​គ្រួសារ ៖ នៅ​លីវ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *