កូន​ខ្ញុំ​ជ្រាំង​អណ្ដាត

អណ្ដាត​ជាអ្នក​ស្រង់​នូវ​រស​ជាតិ​ទាំង​ឡាយ​ដែល​ឆ្លង​កាត់ អាចឱ្យ​អ្នក​បរិភោគ​មាន​អារម្មណ៍​ថា​ឆ្ងាញ់ ឬមិន​ឆ្ងាញ់ ផ្អែម​ល្វីង ចត់​ជា​ដើម។ ប៉ុន្ដែ​នៅ​ពេល​ដែល​មាត់ អណ្ដាត​មាន​ជម្ងឺ លោក​អ្នក​ប្រាកដ​ជាពិបាក​ទាំង​គ្រលៀស​អាហារ​ដើម្បី​ទំពា​និង​ពិបាក​ទាំង​ដឹង រស​ជាតិ​អាហារ​ថែម​ទៀត។ នេះ​ស្រប​នឹង​ពាក្យ​មួយ​ឃ្លា​ថា“ឈឺដៃ​ជើង​អាច​ធាត់ ឈឺមាត់​ប្រាកដ​ជា​ស្គម”។ ជាទូទៅ​គេ​សង្កេត​ឃើញ ថា នៅលើ​អណ្ដាត​កុមារ​តូចឬ​ទារក​ច្រើន​ជាជម្ងឺ​ជ្រាំង។ ជម្ងឺ​ជ្រាំង​ធ្វើឱ្យ​ទារក​បៅ​មិន​កើត​ឬញ៉ាំ​មិន​បាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនា​វដ្ដី សុខភាពយើង បាន​សុំការ​ប្រឹក្សា​ពី​លោក​ស្រី​វេជ្ជ​បណ្ឌិត ជី កាំ​ហូយ​អ្នក​ជំនាញ​ផ្នែក​ជម្ងឺ​កុមារ​ប្រចាំ​មន្ទីរ​ពេទ្យ កុមារ​ជាតិ​បក​ស្រាយ​ពីជម្ងឺ​ជ្រាំង​អណ្ដាត​នេះ។

ជម្ងឺ​ជ្រាំង​អណ្ដាត​ជា​អ្វី?

ជ្រាំង​អណ្ដាត​ជាជម្ងឺ​មួយ​ប្រភេទ​ដែល​បណ្ដាល​មកពី​ការ​រលាក​ផ្នែក​ស្រទាប់​ស្ដើង​នៅលើ​អណ្ដាត​ឬក្នុង​មាត់​ទៅលើ​ភ្នាស ស្ដើង​តាម​អញ្ចាញ​ធ្មេញ ក្រអូម​មាត់ បបូរ​មាត់ និង​ផ្នែក​ផ្សេង​ទៀត​ក្នុង​មាត់ ទោះ​មាន​មេរោគ​ក្ដី គ្មាន​មេរោគ​ក្ដី។ ប៉ុន្ដែ​ករណី​បង្ក​ដោយ មេរោគ​នឹងធ្វើ​ឱ្យ​ក្មេង​ក្តៅ​ខ្លួន​ខ្លាំង។ ជម្ងឺ​ជ្រាំង​អណ្ដាត​អាច​បណ្ដាល​មកពី​ជម្ងឺ​ផ្សិត​ផ្សេងៗ​និង​ដែល​អាច​បង្ក​ដោយ​មេរោគ​ឱកាស​និយម មួយ​ចំនួន។ ប្រសិន​បើមាន​ការ​រលាក​ខ្លាំង​ធ្វើឱ្យ​ក្មេង​ញ៉ាំ​អាហារ​មិន​បាន បៅ​មិន​កើត។ ករណី​នេះអាច​ធ្វើឱ្យ​ក្មេង​ឈាន​ទៅ​រក​ជម្ងឺ​មួយ ប្រភេទ​ទៀត គឺជម្ងឺ​ខ្វះ​អាហា​រូបត្ថម្ភ។ ជា​ទូទៅ​ជម្ងឺ​ជ្រាំង​អណ្ដាត​ច្រើន​កើត​លើ​កុមារ​អាយុ​ក្រោម​ប្រាំ​ឆ្នាំ។

រោគ​សញ្ញា​ជម្ងឺ​ជ្រាំង​អណ្ដាត

ជម្ងឺ​ជ្រាំង​អណ្ដាត​អាច​ចាប់​ផ្ដើម​ឱ្យ​អាណា​ព្យាបាល​ឃើញ​តាម​រយៈ​ការ​កើត​ឡើង​នូវ​សភាព​ក្រហម​និង​មាន​លេច​ឡើង​លក្ខណៈ​ក្ដាំង​សៗ​លើ​អណ្ដ្កាត​ធ្វើឱ្យ​ឈឺ​ផ្សា​ខ្លាំង​លើ​អណ្ដ្កាត ហៀរ​ទឹក​មាត់ ក្ដៅ​ខ្លួន យំ​ច្រើន មិនចង់​ញ៉ាំ​អាហារ​មិន​ចង់​បៅជា​ដើម។ ក្នុង​ករណី​ធ្ងន់​ធ្ងរ ក្មេង​អាច​មាន​អាការ​ក្អួត​ចង្អោរ ប្រេះ​អណ្ដាត និង​ចេញ​ឈាម​លើ​បបូរ​មាត់​តិចៗ​ផង។ បើការ​រីក​រាល​ដាល​លឿន ជម្ងឺ​ជ្រាំង​អណ្ដាត​អាច​ធ្វើឱ្យ​មាត់​កុមារ​រលួយ ធុំក្លិន​ស្អុយ​ទៀត​ផង។

មូល​ហេតុ​ជម្ងឺ​ជ្រាំង​អណ្ដាត

ការ​កើត​មាន​ជម្ងឺ​ជ្រាំង​អណ្ដាត​គឺអាច​បណ្ដាល​មកពី​កត្ដា​ផ្សេងៗ​ដូចជា ៖

  • កុមារ​ខ្វះ​វីតា​មីន ពិសេស​វីតា​មីន​សេ វីតា​មីន​បេ ជាតិ​ស័ង្ក​សី ជាតិ​ដែក អាស៊ីត​ហ្វូលីក​ជា​ដើម
  • មាន​អាការ​ក្តៅ​ក្នុង​ខ្លាំង លេច​ចេញ​ជា​ពង​បែក មាន​ការ​រលាក​ក្នុង​មាត់ និង​លើ​អណ្ដាត
  • ការ​ប្រើ​ប្រាស់​ថ្នាំ​ផ្សះ​ពពួក​អង់​ទី​ប៊ី​យ៉ូ​ទិក​ញឹក​ញាប់​រយៈ​ពេល​យូរ​នឹង​អាច​បង្កើត​ជាជម្ងឺ​ផ្សិត​មួយ​ចំនួន​ដុះ​សៗ​តាម​បបូរ មាត់
  • ការ​ចាប់​ផ្ដើម​រលាក​បន្ដិច​បន្ដួច​ដោយ​មូល​ហេតុ​ផ្សេងៗ​អាច​នឹង​ក្លាយ​ជា​ជម្ងឺ​ជ្រាំង​អណ្ដាត​បាន​ប្រសិន​បើ​មាន​មេរោគ​ជ្រៀត​ចូល ហើយ​អាណា​ព្យាបាល​មិន​យក​ចិត្ដ​ទុក​ដាក់ ឬ​ប្រញាប់​ព្យាបាល​ទាន់​ពេល។

ផល​វិបាក​ជម្ងឺ​ជ្រាំង​អណ្ដាត

កុមារ​ដែល​កើត​មាន​ជម្ងឺ​ជ្រាំង​អណ្ដាត​គឺមាន​ផល​វិបាក​ជាច្រើន​ដែល​នឹង​កើត​ឡើង​មួយ​ចំនួន ៖

  • ក្មេង​ក្ដៅ​ខ្លួន គ្រុន យំ​ច្រើន ដែល​រំខាន​ដល់​ពេល​វេលា​ប្រកប​អាជី​វកម្ម ការ​ងារ​ផ្សេងៗ​របស់​អាណា​ព្យាបាល​និង​សមា​ជិក ដទៃ​ទៀត​ក្នុង​គ្រួសារ
  • ក្មេង​បៅ​មិន​កើត​ឬបៅ​បាន​តិច​តួច ជា​ហេតុ​ធ្វើឱ្យ​កុមារ​មាន​សុខ​ភាព​មិន​ល្អ ស្រក​ទម្ងន់
  • កុមារ​នឹង​មាន​ក្អួត បើ​សិន​ជាមិន​បាន​ព្យាបាល​ត្រឹម​ត្រូវ​ទេ​នោះ
  • កុមារ​នឹង​ញ៉ាំ​អាហារ​មិន​បាន​ដោយ​សារ​ឈឺ​អណ្ដាត និង​មាត់​របស់​វា
  • នៅទី​បំផុត​កុមារ​អាច​មាន​ជម្ងឺ​កាន់តែ​ធ្ងន់​ធ្ងរ​ខ្លាំង​ឡើង ហើយ​អាច​ស្លាប់​បាន​ដោយ​សារ​ជម្ងឺ​កង្វះ​អាហា​រូបត្ថម្ភ
  • ជម្ងឺ​ជ្រាំង​អណ្ដាត​មិន​អាច​ឆ្លង និង​ធ្វើ​ឱ្យ​ដំបៅ​ក្បាល​សុដន់​របស់​ម្ដាយ​ទេ។ ប៉ុន្ដែ​បើ​សិន​ជាមាន​ការ​បំបៅ​ក្មេង​ដទៃ​ទៀត តាម​ក្រោយ ក្មេង​ដែល​មាន​ជម្ងឺ​ជ្រាំង​អណ្ដាត​ដោយ​មិន​បាន​លាង​សម្អាត​ក្បាល​ដោះ​ជា​មុន​នោះ​ក្មេង​ទីពីរ​អាច​ឆ្លង​ជម្ងឺ​ជ្រាំង​អណ្ដាត បាន។

ការ​ព្យាបាល​ជម្ងឺ​ជ្រាំង​អណ្ដាត

1 . វិធី​ព្យាបាល​សាមញ្ញ​ដែល​អាណា​ព្យាបាល​អាច​ធ្វើ​បាន ៖ ការ​ព្យាបាល​គឺអាច​ចាប់​ផ្ដើម​ពី​អាណា​ព្យា​បាល​ផ្ទាល់​ដោយ ម្ដាយ​ត្រូវ​សម្អាត​មាត់​កូន​ដែល​មាន​ជម្ងឺ​តាម​វិធី​ដូច​ខាង​ក្រោម ៖

  • ដាំ​ទឹកឱ្យ​ពុះ​ហើយ​ទុកឱ្យ​នៅ​ក្ដៅ​ឧណ្ហៗ
  • បង់​អំបិល​ស្អាត​ទៅ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ​នោះ​ឱ្យ​ប្រៃ​ល្មម
  • យក​ក្រណាត់​ទន់ៗ​ស្អាត ដែល​បាន​ស្ងោរ​សម្លាប់​មេ​រោគ​ហើយ​មក​ជ្រលក់​ទឹក​អំបិល​ក្ដៅ​ឧណ្ហៗ​នោះ​ជូត​សម្អាត​ក្នុង​មាត់ លើ​អណ្ដាត​ឱ្យបាន​ញឹក​ញាប់​អាច​ពីបួន​ទៅ​ប្រាំ​មួយ​ដង​ក្នុង​មួយ​ថ្ងៃ ប៉ុន្ដែ​មិន​អាច​ជូត​ខ្លាំង​ពេក​ទេ​ព្រោះ​ធ្វើឱ្យ​អណ្ដាត​កុមារ​ឈឺឬ​ចេញ ឈាម​បាន។ ផ្ទុយ​ទៅវិញ​បើ​លោក​អ្នក​យក​ក្រណាត់​មិន​ស្អាត ឬមិន​បាន​សម្លាប់​មេ​រោគ​ជា​មុន​ទេ​នោះ​ការ​សម្អាត​នោះ​នឹង​ក្លាយ​ជាការ ចម្លង​មេ​រោគ និង​ធ្វើឱ្យ​ជម្ងឺ​ជ្រាំង​លើ​ទារក​កាន់តែ​ធ្ងន់​ធ្ងរ​ថែម​ទៀត។

2 . វិធី​ព្យាបាល​តាម​បែប​វេជ្ជ​សាស្ដ្រ ការ​ព្យាបាល​តាម​បែប​វេជ្ជ​សាស្ដ្រ ជា​សមត្ថ​កិច្ច​របស់​គ្រូ​ពេទ្យ​ជំនាញ។ ក្នុង​នោះ​ការ ព្យាបាល​មាន​ទាំង​ប្រើ​ថ្នាំ​ជូត​សម្អាត​ក្នុង​មាត់ លើ​អណ្ដាត ពិសេស​កន្លែង​មាន​ដំបៅ​ជ្រាំង និង​មាន​ទាំង​ថ្នាំ​លេប​តាម​កម្រិត​ជម្ងឺ​ធ្ងន់​ធ្ងរ ឬក៏​ស្រាល។ ការ​ព្យាបាល​នេះ​អាច​ជាសះ​ស្បើយ​ក្នុង​អំឡុង​ពេល​មួយ​សប្ដាហ៍។

វិធី​បង្ការ​ជម្ងឺ​ជ្រាំង​អណ្ដាត

ករណី​បំបៅ​កូន​ដោយ​ទឹក​ដោះ ម្ដាយ​ត្រូវ​ទទួល​ទាន​អាហារ​ឱ្យ​បាន​គ្រប់​គ្រាន់​និង​មាន​វីតា​មីន​ច្រើន​ប្រភេទ​ដើម្បី​ការពារ ការ​កើត​មាន​ជម្ងឺ​ពង​បែក ឬ​រលាក ដែល​បណ្ដាល​ឱ្យ​កើត​ជ្រាំង​អណ្ដាត។ កុមារ​ដែល​អាច​ញ៉ាំ​អាហារ​បាន​គួរឱ្យ​ចំណី​អាហារ​ដែល​មាន ជីវ​ជាតិ​គ្រប់​គ្រាន់ ដូច​ជាជាតិ​សាច់ ត្រី បន្លែ​ពណ៌​បៃ​តង​ចាស់ និង​ផ្លែ​ឈើ​ពណ៌​លឿង​ទុំ​និង​ចំណី​អាហារ​មាន​ជាតិ​វីតា​មីន​ច្រើន​ប្រភេទ។ លើស​ពីនេះ​ត្រូវ​មាន​អនា​ម័យល្អ​ផង​ដែរ។

ដំបូ​ន្មាន​អ្នក​ជំនាញ

ម្ដាយ​តែង​មាន​ការ​ងារ​ក្នុង​ផ្ទះ​ច្រើន​ជាង​សមា​ជិក​ដទៃ​ទៀត​ក្នុង​គ្រួសារ។ ដូច្នេះ​ការ​មើល​ថែទាំ​កូន​ត្រូវ​តែ​មាន​ការ​ចូល​រួម ទទួល​ខុស​ត្រូវ​ទាំង​អស់​គ្នា​ដើម្បី​សុខ​ភាព​កូនៗ​របស់​លោក​អ្នក។ ជា​ពិសេស​ការ​ធ្វើ​អនា​ម័យ​ឱ្យបាន​ស្អាត​បាត​ដើម្បី​ចៀស​ផុត​ពី​ជម្ងឺ ផ្សេងៗ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨

Categories:

Leave a Reply

Your email address will not be published. Required fields are marked *