ពូឃ្លាំង សុខភាពល្អ ជីវិតរីករាយ

 បើ​កាល​ណាគេ​និយាយ​ដល់​បទ​ចម្រៀង​រេប​(RAP) និង​ហ៊ីប​ហប់​គេ​តែង​នឹក​ឃើញ​ភ្លាម​ដល់​ពូឃ្លាំង​អាណិក​ជន​ខ្មែរ​នៅ សហ​រដ្ឋ​អាមេ​រិក។ ពូឃ្លាំង​នេះ​ហើយ​ដែល​ធ្វើឱ្យ​បទ​ចម្រៀង​រេប(RAP)ខ្មែរ​មាន​ការ​គាំទ្រ​ពេញ​និយម​ពី​សំណាក់​មិត្ដ​យុវវ័យ។ម្យ៉ាងវិញ​ទៀត​នោះរាល់​បទ​ចម្រៀង​ដែល​ពូឃ្លាំង​និពន្ធ​ឡើង​គឺ​ភាគ​ច្រើន​មាន​អត្ថ​ន័យ​អប់រំ​ដល់​កូន​ខ្មែរ​គ្រប់​រូប​ពិសេស​យុវ​ជន​ឱ្យ​ចេះ ស្រឡាញ់​កេរ​ដំណែល​វប្ប​ធម៌ ស្រឡាញ់​ជាតិ​មាតុ​ភូមិ ចេះ​កែ​ខ្លួនស្គាល់​ខុស​ត្រូវនិង​មាន​សីល​ធម៌។ទោះបី​ជា​មមា​ញឹក​នឹង​វិស័យសិល្បៈ​នេះ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយក៏ពូ​ឃ្លាំង​មិន​ដែល​ភ្លេច​ហើយ​តែង​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​បញ្ហា​សុខ​ភាព​ផ្ទាល់​ខ្លួន​របស់​គាត់​ដែរ។ នេះ​ហើយ​ដែល​ធ្វើឱ្យ​ពូ​ឃ្លាំង​មាន​សុខ​ភាព​ល្អ​និង​កាន់តែ​មាន​មន្ដ​ស្នេហ៍​ទទួល​បាន​ការគាំ​ទ្រកាន់​តែ​ច្រើន​ឡើងៗ​ពី​សំណាក់​មិត្ដ​យុវវ័យ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ស្វែង​យល់ពី​អាថ៌​កំបាំង​នៃការ​ថែ​រក្សា​សុខ​ភាព និង​សម្រស់​របស់​ពូ​ឃ្លាំង ទស្ស​នា​វដ្ដី សុខភាពយើងបាន​ជួប​ជា​មួយ លោក ដើម្បី​ទទួល​យក​ការ​បក​ស្រាយ​ការ​ពិត​ទាំង​នេះ។ ពូឃ្លាំង​ជា​បុគ្គល​ម្នាក់​កំពុង​តែមាន​ឈ្មោះ​បោះ​សម្លេង​ក្នុង​វិស័យ​សិល្បៈ ដូច​នេះ គាត់​ចៀស​មិនផុត​អំពី​ការ​ថែ​រក្សា​នូវ​សម្រស់​របស់​គាត់​ដើម្បី​ឱ្យរូប​គាត់​កាន់តែ​ទាក់​ទាញ​និង​មាន​អ្នក​គាំទ្រ​ច្រើន​នោះ​ទេ។ មិន​ដឹង​ថា តើពូ​ឃ្លាំង​មាន​អាថ៌​កំបាំង​ក្នុង​ការ​ថែរក្សា​សម្រស់​របស់​គាត់ឬ​យ៉ាង​ណា​នោះ​ទេ​បានជា​គាត់​មាន​មន្ដ​ស្នេហ៍​ម្ល៉េះ?

ប្រវត្ដិ​មុន​ចូល​សិល្បៈ

ដោយ​សារ​មាន​និស្ស័យ​ជាមួយ​សិល្បៈ ជា​ពិសេស​វិស័យ​ចម្រៀង​រេប​នេះ​តែ​ម្ដង​បាន​ធ្វើឱ្យ​ពូឃ្លាំង​ម្នាក់​នេះ​ចាប់​ផ្ដើម​ឈាន ជើង​ចូល​តាំងពី​គាត់​នៅវ័យ​ជំទង់​មក​ម្ល៉េះ ពោល​គឺកាល​ពី១៥​ឆ្នាំមុន។ ប៉ុន្ដែ​មិន​បាន​សម​តាម​បំណង​ព្រោះ​ត្រូវ​ទៅរស់​នៅ​ឯសហ​រដ្ឋ អា​មេរិក ដោយ​មាន​មុខ​របរ​ជាអ្នក​កែ​សម្ផស្ស។ នៅ​ឆ្នាំ​២០០៥ ទើប​លោក​ត្រឡប់​មក​កម្ពុជា​ជា​ថ្មី​ហើយ​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​សិល្បៈ ចម្រៀង Rap នេះ។

ការ​ថែ​រក្សា​សម្រស់

មនុស្ស​គ្រប់​រូប​មិន​ដែល​មាន​នរណា​ម្នាក់​ប្រាថ្នា​រូប​សម្បត្ដិ​មិន​ល្អ​ប្រសើរ​នោះ​ទេ។ គេតែង​ប្រាថ្នា​ចង់ឱ្យ​រូប​សម្ផស្ស​របស់​គេ​ជា ទីពេញ​ចិត្ដនៃ​អ្នកផង​ទាំង​ពួង។ ម្យ៉ាង​ទៀត​បើកាល​ណាមាន​ភាពមិន​ប្រក្រតី​កើត​ឡើង​ចំពោះ​រូប​សម្ផស្ស​របស់គេ​ហើយ​នោះ គេ​តែង រិះរក​គ្រប់​មធ្យោ​បាយ​ដើម្បី​ធ្វើការ​កែខៃ​ឱ្យ​មាន​សោ​ភ័ណ​ភាព​វិញ​មិន​តែប៉ុណ្ណោះ​គេមិន​ដែល​ភ្លេច​ក្នុង​ការ​យក​ចិត្ដ​ទុក​ដាក់​ថែ​រក្សា ការ​ពារ​ចំពោះ​រូប​សម្បត្ដិ​ដែល​អំណោយ​ផលពី​ធម្ម​ជាតិ​ស្រាប់​របស់​គេ​នោះ​ផង​ទេ។

  • ការ​ថែរក្សា​ស្បែក​មុខ ពុំ​មានអ្វី​ប្លែក​នោះ​ទេ ចំពោះ​ភាព​ខុស​គ្នា​រវាង​មនុស្ស​យើង​ម្នាក់ៗក្នុង​ការ​ថែរក្សា​សម្រស់​របស់​ខ្លួន ផ្ទាល់។ អ្នកខ្លះ​ចូល​ចិត្ដ​ប្រើ​ប្រាស់​នូវ​ផលិត​ផល​សម្អាង​កាយ​នានា ដូចជា​ម្សៅ ឡេ​ជា​ដើម​ក៏ប៉ុន្ដែ​នៅតែ​មិន​ទទួល​បាន​នូវ​លទ្ធ​ផល​ធ្វើ​ឱ្យ ស្បែក​មុខ​របស់​ខ្លួន​ស្រស់​ស្អាត​នោះ​ទេ។ អ្នក​ខ្លះ​ទៀត​មិន​ដែល​ប្រើ​ប្រាស់​នូវ​ផលិត​ផល​ជំនួយ​អ្វី​នោះ​ទេ​តែផ្ទុយ​ទៅវិញ​ផ្ទៃមុខ​របស់​គេ នៅតែ​រលោង គ្មាន​មុន គ្មាន​អាចម៍​រុយអ្វី​ទាំង​អស់។ ជាក់​ស្ដែង​ពូឃ្លាំង​តែម្ដង​លោក​បាន​បង្ហើប​ប្រាប់​យើង​ថា​ចំពោះ​ស្បែក​មុខ​រលោង គ្មាន​មុន​របស់​គាត់ គឺ​គាត់​មិន​ដែល​បាន​ប្រើ​ប្រាស់​ផលិត​ផល​ជំនួយ​ឬធ្វើ​ការ​កែច្នៃ​នោះ​ទេ។ ភាព​ស្រស់​ស្អាត​នេះគឺ​បាន​មក​ដោយ ធម្ម​ជាតិ​តែ​ម្ដង ដែល​ជា​មោទន​ភាព​សម្រាប់​ខ្លួន​គាត់​ផ្ទាល់​និងជា​បំណង​ប្រាថ្នា​នៃអ្នក​ផង​ទាំង​ពួង។
  • ការថែ​រក្សា​ស្បែក​ដង​ខ្លួន រីឯ​ស្បែក​ដង​ខ្លួន​វិញក៏​មិន​មាន​បញ្ហា​ចោទ​ចំពោះ​ពូ​ឃ្លាំង​ដែរ​គឺគាត់​មិន​ដែល​ភ័យ​ព្រួយ​បារម្ភ អំពី​បញ្ហា​នេះ​ទេ ព្រោះ​តែខ្លួន​គាត់​មាន​អំណោយ​ផលពី​ធម្ម​ជាតិ​ស្រាប់​តែ​ម្ដង។ រាល់​ពេល​ដែល​លោក​ចេញ​ទៅ​សម្ដែង​ឬធ្វើ​ដំណើរ​ទៅ ខាង​ក្រៅ​ម្ដងៗ លោក​ក៏មិន​ដែល​ប្រើ​ប្រាស់​ផលិត​ផល​ជំនួយ​នោះ​ដែរ​ដោយ​គ្រាន់​តែមាន​ប្រើ​ផលិត​ផល​សម្រាប់​បំបាត់​ក្លិន​ខ្លួន ដូច​ជា ទឹក​អប់​ជាដើម​តែ​ប៉ុណ្ណោះ។
  • ការថែ​រក្សា​សក់ បញ្ហា​នេះ​លោក​បាន​ជម្រាប​ថា លោក​តែង​កក់​សក់​ជា​រឿយៗ ហើយ​ជួន​កាល​លោក​ធ្វើកា​រអប់​ឬ​ពន្លា ផង​ដែរ ដើម្បី​ឱ្យ​សរសៃ​សក់​ត្រង់​ល្អ។ លោក​មិន​ចូល​ចិត្ដ​លេង​ម៉ូត​សក់​តាម​របៀប​ក្មេង​សម័យ​នោះ​ទេ​ប៉ុន្ដែ​លោក​ចូល​ចិត្ដ​អ្វី​ដែល​ប្លែក។ មាន​ន័យ​ថា​លោក​ចូល​ចិត្ដ​ទុក​សក់​វែង ហើយ​នៅ​ពេល​ដែល​លោក​គិត​ថាវា​ស៊ាំ​ហើយ​នោះ​លោក​តែង​កាត់វា​ឱ្យខ្លី​ម្ដង​វិញ។
  • ការ​ថែ​រក្សា​ភ្នែក សម្រាប់​អាជីព​ជាអ្នក​សិស្បៈ​ចម្រៀង និង​សម្ដែង​ផ្ទាល់​ផង​នោះ តែង​ត្រូវធ្វើ​ដំណើរ​ក្រោម​កម្ដៅ​ព្រះ​អាទិត្យ និងមាន​ធូលី​ហុយ​ច្រើន។ ហេតុ​នេះ​ហើយ​ទើបពូ​ឃ្លាំង​តែង​ប្រើ​ប្រាស់​នូវវ៉ែន​តា​សម្រាប់​ការពារ​ភ្នែក​របស់​គាត់។ លើស​ពី នេះ​ទៅ​ទៀត​នោះ លោក​ក៏បាន​ប្រើ​ថ្នាំ​សម្រាប់​បន្ដក់​លាង​សម្អាត​ភ្នែក​របស់​គាត់​ផង​ដែរ។

    រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ថែ​រក្សា​សុខ​ភាព​រាង​កាយ

សុខ​ភាព និង​សម្រស់​គឺ​ត្រូវ​តែ​ដើរ​ទន្ទឹម​គ្នា។ សម្រស់​ស្រស់​ស្អាត គឺ​ទាល់​តែខ្លួន​មាន​សុខ​ភាព​ល្អ​បរិ​បូរណ៍​ហេតុ​នេះ​ហើយ បាន​ជាពូ​ឃ្លាំង​មិន​ដែល​ធ្វេស​ប្រហែស​ក្នុង​ការ​ថែ​រក្សា​សុខ​ភាព​របស់​គាត់​នោះទេ​បើ​ទោះបី​ជា​មមា​ញឹក​យ៉ាង​ណាក៏​ដោយ។

  • សុខ​ភាព​មាត់​ធ្មេញ បញ្ហា​ក្លិន​មាត់​គឺជា​រឿង​សំខាន់​សម្រាប់​មនុស្ស​គ្រប់​រូប ដែល​ត្រូ​វធ្វើ​ការ​ទំនាក់​ទំនង​ជាមួយ​មហា​ជន​នៅ​ខាង​ក្រៅ​ច្រើន ជា​ពិសេស​អ្នក​សិល្បៈ​នេះ​ផ្ទាល់​តែ​ម្ដង។ វាអាច​ជា​កត្ដា​មួយ​ដែល​រួម​ចំណែក​ធ្វើ​ឱ្យ​ការ​ងារ​របស់​យើង​ទទួល បាន​ជោគ​ជ័យ ឬ​បរាជ័យ។ ដូច្នេះ​ហើយ​ទើប​ពូ​ឃ្លាំង​ខិត​ខំ​យក​ចិត្ដ​ទុក​ដាក់​ក្នុង​ការ​ថែ​រក្សា និង​សម្អាត​វា។ លោក​បាន​ប្រាប់​ថា ដើម្បី​ការ​ពារ​កុំឱ្យ​ធ្មេញ​ពុក ឬ​ខូច​លោក​តែង​ធ្វើការ​លាង​សម្អាត​ជានិច្ច​នៅ​ក្រោយ​ពេល​ដែល​លោក​បរិភោគ​អាហារ​រួច គឺមាន​ន័យ​ថា យ៉ាង​ហោច​ណាស់​៣ដង​ក្នុង​មួយ​ថ្ងៃ។ លើស​ពីនេះ​ទៅ​ទៀត​លោក​ក៏បាន​ប្រើ​ទឹក​ខ្ពុរ​មាត់​ជា​ប្រចាំ​ដើម្បី​កុំឱ្យ​មាត់​មាន​ក្លិន​មិន​ល្អ​ផង ដែរ។
  • ការ​ទទួល​ទាន​ចំណី​អាហារ ក្រៅពី​ទទួល​ទាន​សាច់ និង​បន្លែ​ហើយ​នោះ​ពូឃ្លាំង​ចូល​ចិត្ដ​ញ៉ាំ​ផ្លែឈើ​ច្រើន​ដែល​ធ្វើឱ្យ ស្បែក​របស់​គាត់​កាន់​តែមាន​សុខ​ភាព​ល្អ។
  • ការ​លេង​កីឡា ជា​ទូទៅ​ពូ​ឃ្លាំង​មិន​សូវ​ចូល​ចិត្ដ​លេង​កីឡា​នោះ​ទេ ដោយ​សារ​ពុំ​សូវ​មាន​ពេល​វេលា​គ្រប់​គ្រាន់។ ប៉ុន្ដែ​ពូ​ឃ្លាំង​យល់​ថាការ​ច្រៀង​រាំនេះ​ក៏ជា​កីឡា​មួយ​ប្រភេទ​ផង​ដែរ ដែល​អាច​ធ្វើឱ្យ​ពូ​ឃ្លាំង​បង្ហូរ​ញើស បញ្ចេញ​ជាតិ​ពុល​ដូច​គ្នាទៅ​នឹង ការ​លេង​បាល់ ការ​ហែល​ទឹក ការ​រត់​ជា​ដើម។
  • ការ​ទទួល​ទាន​ដំណេក ជា​ទូទៅ​ដោយ​សារ​ការ​រវល់​ទៅនឹង​ការ​ងារ​របស់​គាត់​ពូឃ្លាំង​ទទួល​ទាន​ដំណេក​បាន​ត្រឹម​តែ៦ ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។ រយៈ​ពេល​នៃការ​ទទួល​ទាន​ដំណេក​នេះបាន​ក្លាយ​ទៅជា​ទម្លាប់​មួយ​សម្រាប់​ពូឃ្លាំ​ងទៅ​ហើយ។

បំណង​ទៅ​ថ្ងៃ​អនាគត

ដោយ​សារ​បច្ចុ​ប្បន្ន​នេះ​ពូ​ឃ្លាំង​គឺជា​អាណិក​ជន​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​ហើយ​ដោយ​សារ​ការ​ស្រឡាញ់​ជាតិ​មាតុ​ភូមិ​ចង់​មក រស់​នៅលើ​ទឹក​ដី​កម្ពុជា​វិញ​នោះ លោក​បាន​ប្រាប់​ថា​នៅ​ថ្ងៃ​អនាគត លោក​ចង់​មាន​ផ្ទះ​និង​មាន​ឡាន​ផ្ទាល់​ខ្លួន​សម្រាប់​រស់នៅ​ទីក្រុង ភ្នំពេញ​នេះ​តែ​ម្ដង។

បណ្ដាំ​ផ្ញើ​របស់​ពូ​ឃ្លាំង

សូម​បង​ប្អូន​ជន​រួម​ជាតិ​ខ្មែរ​ទាំង​អស់​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​បញ្ហា​សុខ​ភាព​ផ្ទាល់​ខ្លួន​ព្រោះ​បើ​កាល​ណា​សុខ​ភាព​ល្អ​នោះ ជីវិត​នឹង​បាន​រីករាយ ជីវ​ភាព​ក៏បាន​ធូរ​ស្រាល​មួយ​កម្រិត​ផង​ដែរ។ សូម​ធ្វើការ​ស្វែង​យល់ពី​បញ្ហា​សុខ​ភាព​ឱ្យបាន​ច្រើន​តាម​រយៈ​ការ អាន ការ​ស្ដាប់  និង​ការ​ទស្សនា​ទូរ​ទស្សន៍​នានា​ដែល​មាន​កម្ម​វិធី​អប់រំ​សុខ​ភាព។

ប្រវត្ដិ​រូប​សង្ខេប

  • អាយុ ២៩​ឆ្នាំ
  • កម្ពស់ ៖ ១,៧៦​ម៉ែត្រ
  • ទម្ងន់ ៧៦​គីឡូ​ក្រាម
  • បង​ប្អូន ៖ ៤នាក់ ​ជា​កូន​ទី​បី
  • អាជីព​ការ​ងារ អ្នក​ចម្រៀង​រេប
  • កម្រិត​វប្ប​ធម៌ ៖ មហា​វិទ្យា​ល័យ​កែ​សម្ផស្ស

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨

Categories: , , , , ,

Leave a Reply

Your email address will not be published. Required fields are marked *