នរណាម្នាក់ក៏ចង់ឱ្យជីវិតរបស់ខ្លួនរស់នៅក្នុងលក្ខណៈរុងរឿង សេចក្ដីសុខ និង សុភមង្គលដែរ។ ការរស់នៅជាប្រចាំរបស់មនុស្ស ម្នាក់ទាមទារឱ្យ មានការចេះបែង ចែកជីវិតឱ្យបានត្រឹមត្រូវ ទើបការរស់នៅមានភាពល្អប្រសើរបាន។ ឆាកជីវិតរបស់ មនុស្សយើងមាន រយៈពេលខ្លីណាស់ បើលោកអ្នកមិនចេះរៀបចំជីវិត លោកអ្នកនឹង ស្ដាយក្រោយជាមិនខាន។
ដើម្បីជាជំនួយដល់ការរៀបចំជីវិតរបស់លោកអ្នកទាំងអស់គ្នា ទស្សនាវដ្ដី សុខភាពយើងសូមរួមចំណែកផ្ដល់នូវគំនិតខ្លះៗដល់ លោកអ្នក។ យើងខ្ញុំសង្ឃឹមថាលោកអ្នកនឹងអាចជ្រើសរើសយកចំណុចណាមួយក្នុងចំណោមចំណុចទាំងអស់នេះមកប្រើប្រាស់ ដើម្បី ទុកជាទុនក្នុងការកសាងជីវិតឱ្យល្អប្រសើរ។
ស្ថានភាពរស់នៅនាពេលបច្ចុប្បន្នរបស់លោកអ្នកបានជំរុញឱ្យជួបនឹងភាពតឹងតែងស្មុគស្មាញស្ទើរដោះស្រាយមិនរួច។ ទាំងនេះ ក៏ព្រោះតែលោកអ្នកមានជីវិតជាមនុស្សដែលតែងតែទាមទាររកសុភមង្គលឱ្យខ្លួនឯង ចង់មានចង់បាននិងការលោភលន់មិនចេះចប់ មិនចេះហើយ។ បញ្ហាទាំងនេះបានជំរុញឱ្យលោកអ្នកជួបរឿងរ៉ាវជាច្រើន ដែលត្រូវប្រឡងប្រជែងយកឈ្នះ។ វិធីខាងក្រោមនេះនឹង អាចជួយសម្រួលដល់លោកអ្នកបាន។ ប្រសិនបើលោកអ្នកអនុវត្ដតាមអ្វីដែលមាននៅទីនេះលោកអ្នកនឹងជួបនូវអ្វីដែលលោកអ្នកចង់ បាន។
1 . វិធីទី១ បំភ្លេចរឿងអតីតកាល ៖ ការរស់នៅមិនមែនសម្រាប់ខ្លួនឯងតែម្នាក់នោះទេ។ ជាការងាយទេបើរវល់គិតតែពីខ្លួនឯង យើងនឹងមានបញ្ហាជាច្រើនដែលធ្វើឱ្យពិបាកចិត្ដនាំឱ្យអនុវត្ដសេចក្ដីប៉ងប្រាថ្នារបស់យើងមិនបានពេញលេញ។ បើសិនចេះតែងាកទៅ រកអតីតកាល ហើយខ្វល់ខ្វាយនឹងវាពេកនឹងធ្វើឱ្យយើងចេះតែស្ដាយក្រោយ មានវិប្បដិសារីឥតឈប់ឈរ។ យកល្អបំផុតគឺគួរតែ កសាងនូវបច្ចុប្បន្នកាលមួយដ៏ល្អប្រសើរ វានឹងប្រែក្លាយអនាគតត្រចះត្រចង់។ ប្រការនោះនឹងនាំមកនូវផលប្រយោជន៍ជាក់ស្ដែងជាទី មោទនៈ។
2 . វិធីទី២ កុំរងចាំព្រេងវាសនា ៖ ត្រូវតែមានសកម្មភាពរស់រវើកជានិច្ច មិនត្រូវអង្គុយត្អូញត្អែរពីវាសនាអភ័ព្វឬការបាត់បង់របស់ ខ្លួនឡើយ ឬមួយក៏រង់ចាំឱកាសល្អ ដែលសង្ឃឹមថានឹងមកដល់នោះទេ។ ល្អបំផុតគឺត្រូវដាក់ផែនការក្នុងរង្វង់សមត្ថភាពរបស់ខ្លួន ដូចជា នៅក្នុងវិជ្ជាជីវៈដែលយើងបានជ្រើសរើសជាដើម ដោយការយល់ច្បាស់នឹងមានការជ្រើសរើសហ្មត់ចត់នោះយើងអាចបណ្ដាក់ទុន ពង្រឹងពង្រីកបង្កើនសមត្ថភាពជំនាញ និងបង្កើនភាពសម្បូរនូវបទពិសោធន៍។ ក្នុងដំណើរសកម្មភាពនិងការសិក្សា បង្កើននូវការច្នៃ ប្រឌិតកែលម្អ នោះយើងនឹងរកឃើញប្រភពរីករាយ ជំនក់ចិត្ដនឹងជោគជ័យក្នុងការងារ។ ទាំងអស់នេះជាប្រភពសុភមង្គល ដែលនឹង ជួយបំពេញដល់អ្វីដែលយើងបានចំណាយ។ ជំនក់ចិត្ដនេះផ្សាភ្ជាប់ជាមួយយើងរហូតដល់ពេលណាមួយ យើងត្រូវទៅណាឆ្ងាយមួយ រយៈ វានឹងធ្វើឱ្យយើងមិនស្រណុកក្នុងចិត្ដឡើយអន្ទះអន្ទែងចង់តែត្រឡប់មកធ្វើការវិញ។
3 . វិធីទី៣ ជឿជាក់លើខ្លួនឯង ៖ ត្រូវជឿជាក់លើកម្លាំងឆន្ទៈរបស់ខ្លួនឯង។ មហាបុរសអាចធ្វើឱ្យប្រវត្ដិសាស្ដ្រប្រែប្រួលបាន។ ចំពោះឆន្ទៈដ៏ក្លៀវក្លារបស់យើង អាចធ្វើឱ្យអនាគតរបស់យើងប្រែប្រួលបានដែរ។ ហេតុនេះឆន្ទៈនោះត្រូវមានទិសដៅត្រឹមត្រូវ យើង ត្រូវចាំថា កម្ជិល និងកំសាក នឹងធ្វើឱ្យយើងដើរបញ្ច្រាសនឹងគោលដៅដែលបានកំណត់ហើយ។ សេចក្ដីព្យាយាមក្លាហានអង់អាចគួប ផ្សំនឹងកម្លាំងឆន្ទៈ ជួយឱ្យយើងពុះពារឆ្លងកាត់រាល់ការលំបាកនិងឧបសគ្គសម្រេចបាននូវជោគជ័យដូចបំណងប្រាថ្នា។
4 . វិធីទី៤ ត្រូវមានភាពស្មោះត្រង់ ៖ ការស្មោះត្រង់ និងពាក្យសន្យានឹងអ្នកដទៃព្រមទាំងចំពោះខ្លួនឯង។ មិនត្រូវឱ្យគេអស់សង្ឃឹម នឹងខ្លួនយើងទេ។ ជាធម្មតាក៏មិនងាយអនុវត្ដបានដែរ ពេលដែលមានមូលហេតុអូសទាញជាច្រើនជ្រៀតចូជួនកាលអាចធ្វើឱ្យយើង រក្សាពាក្យសន្យាមិនបាន។ ប្រការនេះត្រូវបង្ខំឱ្យយើងត្រូវគិតពិចារណាឱ្យបានហ្មត់ចត់មុនពេលសន្យាដើម្បីរក្សាភាពស្មោះត្រង់។
5 . វិធីទី៥ ហ៊ានទទួលខុសត្រូវ ៖ ជីវិតរបស់មនុស្សយើងសំខាន់ណាស់ ការដែលហ៊ានទទួលខុសត្រូវនូវអ្វីដែលយើងបានប្រព្រឹត្ដឱ្យ គ្មានការគេចវេស ហើយច្រានដំណួលនេះទៅឱ្យអ្នកដទៃនៅពេលនោះលោកអ្នកនឹងបាត់បង់នូវតម្លៃជាមនុស្សថ្លៃថ្នូរអ្នកដទៃនឹង មើលងាយលោកអ្នកទៅតាមនោះដែរ។
6 . វិធីទី៦ មានការតស៊ូ និងតាំងចិត្ដ ៖ គ្រប់យ៉ាងដែលកើតមានចំពោះអ្នកដទៃ ដូចជាអ្នកមានបុណ្យសក្ដិ មានលុយមានអំណាច មានកិត្ដិយសក្នុងសង្គម សុទ្ធតែជាពន្លឺដែលនាំលោកអ្នកទៅរកភាពជោគជ័យដូចអ្នកទាំងនោះ ព្រោថាអ្នកទាំងនោះខិតខំ ប្រឹងប្រែងយ៉ាងខ្លាំងទើបអាចមានថ្ងៃនេះបាន។ ហេតុនេះលោកអ្នកត្រូវមានការតាំងចិត្ដនិងត្រូវធ្វើឱ្យបានដូចអ្នកទាំងនេះ ទើបអាច ជំរុញឱ្យលោកអ្នកមានការតស៊ូជាមួយការតាំងចិត្ដមួយយ៉ាងពិតប្រាកដ។
បណ្ដាំផ្ញើ
វិធីទាំង៦យ៉ាងដែលបានជម្រាបជូនខាងលើនេះ គ្រាន់តែជាចំណុចមួយៗប៉ុណ្ណោះតែបើសិនលោកអ្នកអាចអនុវត្ដបាននោះ លោកអ្នកនឹងរកឃើញប្រភពសុភមង្គលក្នុងជីវិតបាន។ សូមលោកអ្នកអានទទួលបាននូវជោគជ័យសម្រាប់ជីវិតប្រកបដោយ សុភមង្គល។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨
Leave a Reply