បច្ចុប្បន្ននេះ បច្ចេកវិទ្យាកែសម្ជស្សដូចជាការកែចង្កា ធ្វើឱ្យចង្កាស្រួច ឬចង្កាព្រែកដើម្បីឱ្យសមទៅតាមទម្រង់មុខ និងការតុបតែងផ្សេងៗទៀតនៅលើផ្ទៃមុខដើម្បីឱ្យស្រស់ស្អាតលើសពីសម្រស់ធម្មជាតិ ត្រូវបានគេពេញនិយម។ សម្រស់ជារឿងមួយដែលត្រូវយកចិត្ដទុកដាក់ជាចាំបាច់សម្រាប់មនុស្សទូទៅ ជាពិសេសស្ដ្រី។ សម្រស់ស្រស់ស្អាតពិតជាធ្វើឱ្យលោកអ្នកមានភាពរីករាយ និងមានការទាក់ទាញចាប់អារម្មណ៍ពីអ្នកដទៃបាន។
ដើម្បីបង្ហាញពីវិធីវះកាត់កែចង្កាជូនមិត្ដអ្នកអានឱ្យបានដឹង ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសជាមួយលោកស្រី សុ ផាន់ មុំជាម្ចាស់ហាងមជ្ឈមណ្ឌលថែរក្សាសម្ផស្សដាវី អារីយ៉ា។
ហេតុផលនៃការវះកាត់កែចង្កា
ការវះកាត់កែចង្កាគឺជាការវះកាត់ធ្វើឱ្យចង្កាខុសប្លែកពីចង្កាមុន និងធ្វើឱ្យលោកអ្នកដែលមានមុខធំ ចង្កាខ្លីទៅជាមានចង្កា វែងស្រួចនិងធ្វើឱ្យអ្នកដែលមានមុខវែងចង្កាវែងទៅជាចង្កាព្រែកវិញ ដើម្បីឱ្យសមទៅតាមទម្រង់មុខ និងបំពេញទៅតាមសេចក្ដីត្រូវ ការរបស់លោកអ្នកដែលចង់បានភាពស្រស់ស្អាត។
វិធីវះកាត់កែចង្កា
មុនចាប់ផ្ដើមធ្វើការវះកាត់កែចង្កា លោកអ្នកត្រូវលាងសម្អាតមុខឱ្យស្អាតជាមុនសិន ដើម្បីកុំឱ្យមានធូលីដីនៅជាប់នឹង ស្បែកមុខ។ រួចយកសំឡីផ្ដិតអាល់កុលបន្ដិចមកជូតសព្វផ្ទៃមុខ ដើម្បីកុំឱ្យមានមេរោគនៅជាប់កាន់នឹងស្បែកមុខ ជាពិសេសជូតនៅត្រង់កន្លែងដែលត្រូវធ្វើការវះកាត់ឱ្យបានស្អាត។ បន្ទាប់មកទើបចាក់ថ្នាំស្ពឹកដើម្បីកាត់បន្ថយការឈឺចាប់នៅពេលធ្វើការវះកាត់កែ ចង្កា។ ពេលវះកាត់រួចហើយទើបដាក់ខ្ទង់សិប្បនិម្មិតចូលទៅខាងក្នុងចង្កា ហើយត្រូវរៀបខ្ទង់សិប្បនិម្មិតនោះឱ្យសមទៅតាមទម្រង់ មុខ ជាខ្ទង់សិប្បនិម្មិតចង្កាស្រួច ឬចង្កាព្រែក។ ពេលតម្រៀបរួចរាល់ហើយទើបយកម្ជុល និងអំបោះមកដេរឱ្យជិតវិញ។ ការវះកាត់កែ ចង្កា គឺចំណាយពេលវេលាតែ២៥នាទីប៉ុណ្ណោះរួចរាល់ជាស្ថាពរ។
អត្ថប្រយោជន៍នៃការវះកាត់កែចង្កា
បន្ទាប់ពីធ្វើការវះកាត់កែចង្កាហើយ លោកអ្នកនឹងបានទទួលអត្ថប្រយោជន៍ជាច្រើន។
- ចង្កាលោកអ្នកស្អាតប្លែកពីមុន
- ចង្កាស្រួច ឬចង្កាព្រែកកាន់តែស្រស់តាមបែបធម្មជាតិ
- ជាពិសេសចង្កាស្អាតជួយលើកសម្រស់ទម្រង់ផ្ទៃមុខ ធ្វើឱ្យមានការទាក់ទាញចាប់អារម្មណ៍ពីអ្នកដទៃទៀតផង។
ផលប៉ះពាល់នៃការវះកាត់កែចង្កា
ការវះកាត់កែចង្កាកម្រមានផលប៉ះពាល់ណាស់ បើលោកអ្នកជ្រើសរើសកន្លែងដែលមានសេវាកម្មល្អហើយមានជំនាញ ច្បាស់លាស់។ ផ្ទុយមកវិញបើលោកអ្នកជ្រើសរើសកន្លែងដែលមិនមានជំនាញពិតប្រាកដ នោះលោកអ្នកនឹងទទួលផលវិបាកជាច្រើនដូចជាមានការឈឺចាប់នៅពេលធ្វើការវះកាត់ ធ្វើឱ្យចង្កាហើមជាំ ឬធ្វើឱ្យមានខ្ទុះនៅខាងក្នុងចង្កា ហើយអាចឈានទៅដល់ការប៉ះ ពាល់សុខភាពធ្ងន់ធ្ងរទៀតផង។
ដំបូន្នានអ្នកជំនាញ
បើលោកអ្នកចង់កែចង្កាឱ្យស្រួច ឬព្រែកស្អាតតាមបែបធម្មជាតិ លោកអ្នកត្រូវជ្រើសរើសកន្លែងណាដែលមានសេវាកម្មល្អនិងមានវិជ្ជាជីវៈពិតប្រាកដ ដើម្បីចៀសវាងមានផលអាក្រក់កើតឡើងនៅពេលធ្វើការវះកាត់កែចង្កា។ អ្វីដែលបានរៀបរាប់ជូនខាងលើនេះ គ្រាន់តែជាចំណេះដឹងសម្រាប់លោកអ្នកពិចារណាតែប៉ុណ្ណោះ។ សូមលោកអ្នកជ្រើសរើសយកអ្វីដែលលោកអ្នកយល់ថាល្អត្រឹមត្រូវ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣២ ខែកញ្ញា ឆ្នាំ២០០៨
Leave a Reply