ស្បែកដែលធម្មជាតិបានផ្ដល់ឱ្យលោកអ្នកគ្រប់គ្នាតាំងពីកំណើត គឺជាស្បែកល្អណាស់ មិនថាតែស្បែកស ស្បែកខ្មៅ ឬស្បែកលឿងឡើយ។ ស្បែកគឺជារបាំងការពារសរីរៈខាងក្នុងរាងកាយ និងជារបងទប់ទល់នូវមជ្ឈដ្ឋានខាងក្រៅ។ ប៉ុន្ដែសម្រាប់ស្ដ្រីដែលមាន សម្បុរខ្មៅតែងតូចចិត្ដនឹងសម្បុរខ្លួនឯង ហើយក៏ធ្វើការកែសម្រស់ស្បែកឱ្យមានសម្បុរស ជាហេតុធ្វើឱ្យស្បែកស្ដើង និងពិបាកថែទាំ ស្បែកហើយថែមទាំងបង្កឱ្យមានផលវិបាកទៅថ្ងៃក្រោយ។
ប្រធានបទស្ដីពីស្បែកស្ដើង និងផលប៉ះពាល់ ត្រូវបានបកស្រាយបំភ្លឺជូនមិត្ដអ្នកអានដោយលោកវេជ្ជបណ្ឌិត ម៉ី ស៊ីថាច អ្នកឯកទេសជម្ងឺសើស្បែក និងកាមរោគនៃមន្ទីរពេទ្យព្រះកុសុមៈ តាមរយៈការធ្វើកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្ដី សុខភាពយើង។
មូលហេតុស្បែកស្ដើង
កត្ដាដែលធ្វើឱ្យស្បែកស្ដើងបណ្ដាលមកពីមូលហេតុជាច្រើនយ៉ាង ដូចជាការបកស្បែក ខាត់ស្បែក ការប្រើប្រាស់ឡេ ឬឱសថមួយចំនួន។
- បកស្បែក ៖ ការបកស្បែកញឹកញាប់ច្រើនដងក្នុង១ឆ្នាំ ជាហេតុធ្វើឱ្យស្បែកស្ដើង ព្រោះតែការបាត់បង់់នូវកោសិកាស្បែកស្រទាប់ខាងក្រៅ។
- ការប្រើប្រាស់ក្រែម ៖ ការប្រើប្រាស់ក្រែមដូចឡេដែលមានប្រភពមិនច្បាស់លាស់ ដែលមានសារធាតុកាត់លាបនៅលើ ស្បែកធ្វើឱ្យស្បែកស្ដើង បណ្ដាលឱ្យកោសិកាស្បែកស្រទាប់ខាងក្រៅត្រូវបាត់បង់ ហើយនៅសល់តែកោសិកាស្បែកស្រទាប់ខាងក្នុង។
- ខាត់ស្បែក ៖ ការជ្រើសរើសផលិតផលគីមីយកមកខាត់ស្បែកជាប្រចាំ បណ្ដាលឱ្យងាប់កោសិកាស្បែកខាងក្រៅ។
- ការប្រើប្រាស់ឱសថមួយចំនួន ដើម្បីព្យាបាលជម្ងឺ ដូចជាជម្ងឺហឺត ច្រមុះ ឬរលាកច្រមុះរ៉ាំរ៉ៃជាដើម ដែលចាំបាច់ត្រូវប្រើឱសថមួយចំនួនក្នុងរយៈពេលវែងបណ្ដាលឱ្យស្បែកស្ដើង។
ផលប៉ះពាល់នៃស្បែកស្ដើង
ស្បែកស្ដើងពិបាកក្នុងការថែទាំណាស់ ហើយបង្កឱ្យមានផលវិបាកច្រើន គឺស្បែកឆាប់យារជ្រីវជ្រួញ ឆាប់មានប្រតិកម្មឆាប់ចេញកន្ទួលរមាស់ និងងាយទទួលរងពីកម្ដៅព្រះអាទិត្យ ដូចជាធ្វើឱ្យស្បែករលាកដោយកម្ដៅថ្ងៃ ហើយធ្វើ ឱ្យស្បែកទៅជា មហារីកស្បែកដោយសារស្រទាប់ស្បែកខាងក្រៅវិវត្ដន៍ទៅជាស្បែកគ្រើម បន្ទាប់មកក៏ក្លាយទៅ ជាមហារីកស្បែក។ មហារីកស្បែក គឺជាមហារីកមួយដែលគ្រោះថ្នាក់វាអាចធ្វើឱ្យមានកូនកណ្ដុរនៅគ្រប់ទីកន្លែងនៅក្នុងខ្លួន តាំងពីសួត ស្រោមខួរ ថ្លើមជាដើម។ ម្យ៉ាងទៀតធ្វើឱ្យមានការប្រែប្រួលនៃប្រជ្រុយមានន័យថាមានការប៉ះទង្គិចកោសិកាស្រទាប់ក្នុង បណ្ដាលឱ្យប្រជ្រុយមានការប្រែ ប្រួល ដែលពីមុនប្រជ្រុយជាកោសិកាតូចហើយក៏បំបែកទៅជាកោសិកាធំដែលបំបែកខ្លួនទៅជាមីតូសច្រើន រួចវិវត្ដន៍ទៅជាមហារីក បាន។
ប្រការគួរប្រតិបត្ដិដើម្បីចៀសវាងស្បែកស្ដើង
មិនមែនឱ្យតែស្បែកស ទើបហៅថាស្បែកស្អាតនោះទេ ការយល់ឃើញបែបនេះមិនត្រឹមត្រូវឡើយ។ ស្បែកស្អាតអាចកើតមានមិនថាស្បែកមានសម្បុរណាទេ។ ស្បែកដែលធម្មជាតិបានផ្ដល់ឱ្យ គឺជាស្បែកល្អណាស់សម្រាប់មនុស្សគ្រប់រូប មិនថាជាស្បែកស ស្បែកខ្មៅឬស្បែកលឿងឡើយ។ ហេតុនេះដើម្បីចៀសវាងស្បែកស្ដើង សុភាពនារីមិនត្រូវគិតគូរទៅលើវិធីគ្រប់បែបយ៉ាង ដែលធ្វើ ឱ្យស្បែកសស្ដើងទេព្រោះសុភាពនារីជ្រាបហើយថា ស្បែកស្ដើងបង្កឱ្យមានផលវិបាកច្រើន។ ប្រសិនបើសុភាពនារីទាំងឡាយចង់ធ្វើ ការបកស្បែ សូមកុំបកស្បែកញឹកញាប់ច្រើនដងក្នុងមួយឆ្នាំព្រោះឆាប់ធ្វើឱ្យស្បែកមានប្រតិកម្ម ហើយកុំប្រើក្រែមដែលមានប្រភព មិនច្បាស់លាស់។
ដំបូន្មានអ្នកឯកទេស
ស្បែកខ្មៅក្ដី សក្ដី លឿងក្ដី មិនសំខាន់ទេ។ សំខាន់ឱ្យតែស្បែកនោះរលោងម៉ត់ និងមានជាតិសំណើមបានហើយ។ ស្បែកដែលធម្មជាតិបានផ្ដល់ឱ្យពីកំណើតជាការគ្រប់គ្រាន់ហើយ។ ប្រសិនធ្វើការកែសម្រស់ស្បែក សូមកុំធ្វើឱ្យហួសហេតុ និងហួសកម្រិត ពេកព្រោះអាចនាំឱ្យមានផលវិបាកទៅថ្ងៃក្រោយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣២ ខែកញ្ញា ឆ្នាំ២០០៨
Leave a Reply