ករណីពុលអាហារបានកើតឡើងជាញឹកញាប់ដែលតែងតែប្រទះឃើញនៅតាមបណ្តាសារព័ត៌មានដែល បានចេញផ្សាយនៅក្នុងប្រទេសកម្ពុជា។ ករណីពុលមី ពុលទឹកក្រូច ពុលបន្លែស្ពៃក្តោប និងករណីពុលជា ច្រើនផ្សេងទៀតត្រូវបានអ្នកសារព័ត៌មានយកមកចុះផ្សាយព្រោង ព្រាតនៅតាម បណ្តាសារព័ ត៌មាន ផ្សេងៗ។
កាលពីប៉ុន្មានថ្ងៃមុននេះ គេហទំព័រសុខភាពកម្ពុជា បានលើកយកនូវព័ត៌មានមួយដែលទាក់ទងទៅនឹងការពុលរបស់ប្រជាជននៅខេត្តស្វាយរៀងជិត១០០នាក់រួចមកហើយ។ ឥឡូវនេះ បើតាមសារព័ត៌មានកោះសន្តិភាព បានឲ្យដឹងថា មានប្រជាពលរដ្ឋ១៦នាក់បានពុលផ្លែឈើវិញម្តង។ នេះគឺជាការពុលដូចបណ្តាក់វេនគ្នាស្ទើរតែគ្រប់ខេត្តក្រុងនៅក្នុងប្រទេសកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ។
ប្រជាពលរដ្ឋមនុស្សចាស់ក្មេងប្រុសស្រីចំនួន១៦នាក់ត្រូវបានគ្រូពេទ្យអះអាងថាបានពុលបន្លែផ្លែឈើ ហើយត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិជីភូ ខេត្តស្វាយរៀងជាបន្តបន្ទាប់ ។ នេះជាលើកទី២ហើយបន្ទាប់ពីមនុស្សប្រុសស្រីក្មេងចាស់ចំនួន៩៧នាក់ បានជួបនូវហេតុការណ៍ពុលបន្លែ ផ្លែឈើដូចគ្នានេះដែរកាលពីប៉ុន្មានថ្ងៃមុន ។
ដោយឡែកការពុលលើកទី២នេះបានកើតឡើងនៅថ្ងៃទី៧ មិថុនានៅភូមិខ្សែត្រ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ ប្រជាពលរដ្ឋរងគ្រោះបានប្រាប់ថា ពួកគាត់បានទិញបន្លែ និងផ្លែឈើពីផ្សារកំពង់រោទ៍យកមកបរិភោគ។ នៅពេលយកមកដល់ផ្ទះកូនៗ បាននាំគ្នាហូបផ្លែសាវម៉ាវ នៅ២០នាទីក្រោយមកពួកគេក៏មានអាការៈក្អួតចង្អោរ និងចុកពោះ ។ លុះដាំស្លឆ្អិន នៅវេលាម៉ោង១០ព្រឹកក៏នាំគ្នាហូបបាយស្រាប់តែកើតរោគវិលមុខ ក្អួតចង្អោរ និងរាករូសតែម្តងក៏ប្រញាប់ប្រញាល់នាំកូនមកសង្គ្រោះនៅមន្ទីរពេទ្យ ។
លោកអធិការនគរបាល ស្រុកកំពង់រោទ៍បានប្រាប់តាមទូរស័ព្ទថា ប្រជាពលរដ្ឋ១៦នាក់ នេះពុលបន្លែស្ពៃក្រញ៉ាញ់ ឬស្ពៃខ្មៅ។ រីឯគ្រូពេទ្យមានប្រសាសន៍ថា តាមការសន្និដ្ឋានបន្លែ និងផ្លែឈើ ដែលប្រជាពលរដ្ឋទិញយកមកបរិភោគនេះ ទំនងជាទើបតែបាញ់ថ្នាំសម្លាប់សត្វល្អិតរួច ត្រូវម្ចាស់បន្លែផ្លែឈើដក ឬបេះយកមកលក់ ហើយដោយប្រជាពលរដ្ឋខ្វះការយល់ដឹងពីអនាម័យផងទើបបណ្តាលឱ្យពុល។ ដូច្នេះសូមប្រជាពលរដ្ឋមានអនាម័យខ្ពស់ក្នុងការទទួលទាន ពិសេសត្រូវលាងបន្លែផ្លែឈើដែលទិញមកពីផ្សារឱ្យបានស្អាតមុនបរិភោគ ។
ប្រជាពលរដ្ឋបានរិះគន់ថា នេះមកពីការធ្វេសប្រហែសរបស់មន្រ្តីមិនបានត្រួតពិនិត្យបន្លែផ្លែឈើដែលឈ្មួញនាំចូលមកពីប្រទេសវៀតណាម ចូលតាមច្រកទ្វារអន្តរជាតិ តែពួកគេបែរជាអង្គុយរាប់តែក្បាលរថយន្ត និងម៉ូតូយកលុយប៉ុណ្ណោះ បើគ្មានលុយគឺចាប់ មានលុយបិទភ្នែក ដែលទាំងនេះជាមូលហេតុ។ ដូច្នេះប្រជាពលរដ្ឋយល់ថាគួរតែពិនិត្យឡើងវិញផងចំពោះករណីខាងលើ៕
ការលាងសម្អាត បន្លែ ផ្លែឈើ និងចំណីអាហារផ្សេងៗ គឺជារឿងចាំបាច់ដែលមិនអាចខ្វះបាន។ ប៉ុន្តែបើម្ហូបអាហារមានសារធាតុពុលច្រើននោះ ទោះបីជាការលាងសម្អាតឲ្យល្អស្អាត និងច្រើនដងយ៉ាងណាក៏ដោយក៏ ជាតិថ្នាំពុលខ្លាំងមួយចំនួនដែលតោងជាប់នៅក្នុងបន្លែ ផ្លែឈើទាំងនោះ នៅសេសសល់សារធាតុពុលមួយចំនួនខ្លះផងដែរ នៅពេលដែលលោកអ្នកបរិភោគ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្ននៅពេលទិញបន្លែ ផ្លែឈើបរិភោគ កុំឲ្យឃើញថា ស្រស់ គ្មានដង្កូវចោះ គិតថាល្អទាំងស្រុងឲ្យសោះ ព្រោះវាអាចមានសារធាតុពុលមួយចំនួនដែលលោកអ្នកមិនអាចដឹងមុនបាន៕
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១២
Leave a Reply