ទល់លាមកធ្វើឱ្យប៉ះពាល់ចំពោះទារកតូចៗ ដោយសារតែទារកមិនអាចនិយាយប្រាប់មាតាបិតាគេបាន ហើយស្ដ្រីជាម្ដាយក៏ពិបាកនឹងដឹងពីអាការរបស់កូនខ្លួនផងដែរ។ បញ្ហានេះពេលខ្លះអាចបង្កឱ្យមានជម្ងឺដល់ទារក ប៉ុន្ដែការទល់លាមកខ្លះមិនបង្កឱ្យ មានគ្រោះថ្នាក់ទៅដល់ទារកទេ។ មាតាបិតាអាចតាមដានអាការរបស់ទារកបាន ដោយសង្កេតមើលការបន្ទោរបង់របស់ទារក ជាប្រចាំថ្ងៃ។
ដើម្បីឱ្យកាន់តែច្បាស់ជាងនេះទៅទៀតនោះ ទស្សនាវដ្ដី សុខភាពយើង បានធ្វើការសម្ភាសន៍ជាមួយលោក ហ៊យ គឹមហេងឯកទេសជម្ងឺកុមារ នៃមន្ទីរពេទ្យកុមារជាតិ ដើម្បីធ្វើការបកស្រាយនូវប្រធានបទខាងលើនេះ។
ទល់លាមករបស់ទារក
ជាទូទៅការទល់លាមកចំពោះទារក គឺមានន័យថាជាការមិនបន្ទោរបង់ក្នុងរយៈពេល២៤ម៉ោង។ ការទល់លាមកមាន ច្រើនប្រភេទដោយពេលខ្លះទារកមិនបន្ទោរបង់មែន តែក្រោយមកគេក៏បន្ទោរបង់ដោយមិនមានបង្កជាបញ្ហាអ្វីទេ។
ជាធម្មតាទារកដែលមានអាយុក្រោម៦ខែតែងតែបៅដោះម្ដាយតែមួយគត់ ដោយមិនឱ្យបរិភោគអាហារ ឬសារជាតិរាវ អ្វីផ្សេងៗទៀតទេដើម្បីឱ្យទារកបៅដោះម្ដាយបានច្រើន។ ពេលដែលទារកទើបនឹងកើតមក គ្រូពេទ្យតែងតែឱ្យទារកបៅទឹក ដោះដំបូងរបស់ម្ដាយ។ ដោយសារតែទឹកដោះដំបូងនេះអាចជួយទារកឱ្យចៀសផុតពីជម្ងឺផ្សេងៗ និងអាចផ្ដល់សារជាតិគ្រប់គ្រាន់ ដែល រាងកាយរបស់ទារកត្រូវការធ្វើឱ្យទារកមានសុខភាពមាំមួន មិនសូវមានជម្ងឺផ្សេងៗមកបៀតបៀន និងមានប្រាជ្ញាឈ្លាសវៃ ថែម ទាំងអាចធ្វើឱ្យលាមកទារកទន់ មិនធ្វើឱ្យគេទល់លាមកទៀតផង។ ការទល់លាមករបស់ទារកអាចបណ្ដាលមកពីចំណីអាហារ ដែល ម្ដាយបរិភោគមិនបានត្រឹមត្រូវនិងអាចមកពីចំណីអាហារដែលម្ដាយផ្ដល់ឱ្យទារកបរិភោគ។
រោគសញ្ញាទារកទល់លាមក
រោគសញ្ញារបស់ទារកទល់លាមកដោយទារកមិនជុះរយៈពេលពីពីរទៅបីថ្ងៃ។ ទារកមានអាការផ្សេងៗដូចជារសេះរសោះ នៅក្នុងខ្លួនយំខ្លាំង ក្ដៅខ្លួន ក្អួតចង្អោរ តឹងពោះ ពោះទារកឡើងរឹង ពោះឡើងប៉ោង ឬមើលឃើញសរសៃរវាមពេញផ្ទៃពោះរបស់ ទារកនោះតែម្ដងជាដើម។
មូលហេតុដែលធ្វើឱ្យទារកទល់លាមក
ទារកភាគច្រើនទល់លាមកដោយសារតែការបរិភោគចំណីអាហាររបស់មាតាក្រោយពេលសម្រាលរួច។ ស្ដ្រីក្រោយពេលសម្រាលកូនរួចត្រូវការអាហារដែលផ្ដល់នូវជាតិកាឡូរីឱ្យបានច្រើន សមស្របទៅនឹងការបញ្ចេញទឹកដោះរបស់ម្ដាយ។ ស្ដ្រីត្រូ ការបរិភោគចំណីអាហារឱ្យបានគ្រប់គ្រាន់ និងមានអនាម័យត្រឹមត្រូវ ដើម្បីឱ្យមានកម្លាំងអាចទប់ទល់នឹងជម្ងឺផ្សេងៗបាន។ ប្រសិនបើ ស្ដ្រីបរិភោគអាហារមិនបានគ្រប់គ្រាន់ទេនោះធ្វើឱ្យស្ដ្រីមិនសូវមានទឹកដោះសម្រាប់បំបៅកូនទេ ហើយទារកក៏មិនសូវមានការធំធាត់ ដែរ ដោយសារខ្វះសារជាតិចិញ្ចឹមពីម្ដាយហើយអាចមានជម្ងឺនានាទៀតផង។ មួយវិញទៀត បើស្ដ្រីបរិភោគចំណីអាហារណាដែលរឹង ពិបាករំលាយ មិនសូវមានជាតិបន្លែផ្លែឈើនោះធ្វើឱ្យទារកមានបញ្ហាមួយគឺទល់លាមកបាន។ មួយវិញទៀត ដោយសារតែពោះវៀន របស់ទារកងាយនឹងស្រូបជាតិទឹកពីចំណីអាហារពេក ក៏ធ្វើឱ្យទារកទល់លាមកបានដែរ។HeasPrung
មូលហេតុមួយទៀតគឺដោយសារមកពីជម្ងឺម្យ៉ាងដែលមានឈ្មោះថាហៀសព្រង (HeasPrung) ដែលពោះវៀនមិនសូវមានសរសៃឈាមជួយរំញោចទៅពោះវៀនដើម្បីធ្វើចលនា។ ដូច្នេះវាធ្វើឱ្យពោះវៀនខ្សោយមិនសូវផលិតបានល្អ ក៏អាចធ្វើឱ្យទារក ទល់លាមកបានឡើយ។
ប្រការគួរប្រតិបត្ដិ
ស្ដ្រីដែលមានកូនតូចមានអាយុក្រោម៦ខែ ត្រូវព្យាយាមបរិភោគចំណីអាហារណាដែលមានជាតិសរសៃ ដូចជាបន្លែ ពណ៌បៃតង ផ្លែឈើនិងត្រូវពិសាទឹកឆ្អិនឱ្យបានច្រើន ឬអាចពិសាទឹកសណ្ដែក ទឹកដោះគោឆៅបន្ថែមទៀតក៏រឹតតែល្អ។ ការប្រតិបត្ដិ ខ្លួនបែបនេះធ្វើឱ្យលាមកទារកទន់មិនពិបាកក្នុងការបន្ទោរបង់។ ម្យ៉ាងវិញទៀតនោះចំពោះកុមារដែលមានអាយុចាប់ពី៦ខែឡើងទៅមាតាភាគច្រើនតែងឱ្យចំណីអាហារបន្ថែមពីលើការបំបៅដោះ ដែលគេហៅថាអាហារូបត្ថម្ភរបស់កុមារ។ អាហារទាំងនោះមានដូចជា ចេកណាំវ៉ាទុំ បបរដែលមានជាតិបន្លែ ជាតិសាច់ និងប្រេងកិនឱ្យម៉ដ្ឋល្អឱ្យកុមារញ៉ាំជាដើម។ ពេលខ្លះទៀតមានបន្ថែមទឹកដោះគោឱ្យ គេបៅទៀតផង។ ចំណីអាហារអស់ទាំងនេះអាចធ្វើឱ្យកុមាររឹតតែមានកម្លាំងមាំមួន ឆាប់លូតលាស់ មានប្រាជ្ញាឈ្លាសវៃ ចៀងវាងពី ជម្ងឺផ្សេងៗបានទៀតផង។
ចំពោះកុមារដែលមានអាយុចាប់ពីមួយឆ្នាំឡើងទៅ មាតាបិតាមិនត្រូវឱ្យកុមារបរិភោគចំណីអាហារណារឹងពេកទេ ព្រោះវាអាចធ្វើឱ្យកុមារនោះទល់លាមកបាន និងអាចមានផលប៉ះពាល់ទៅដល់ពោះវៀនទៀតផង។
ដំបូន្មានអ្នកជំនាញ
បើលោកអ្នកមានទារកដែលមានអាការដូចខាងលើ ត្រូវប្រញាប់នាំមកកាន់មន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាលឱ្យទាន់ពេល វេលា។ ចំពោះស្ដ្រីដែលទើបតែសម្រាលត្រូវបរិភោគចំណីអាហារឱ្យបានគ្រប់គ្រាន់ និងមានអនាម័យល្អ ទើបធ្វើឱ្យទារកមិនមានបញ្ហារឿងទល់លាមកនេះកើតឡើង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣២ ខែកញ្ញា ឆ្នាំ២០០៨
Leave a Reply