ឡេលាយជាសារធាតុច្រើនយ៉ាងបញ្ចូលគ្នា សម្រាប់ជួយកែខៃស្បែកឱ្យស្រស់ថ្លា និងភ្លឺរលោង។ ឡេលាយអាចលាបបានទាំងបុរសទាំងស្ដ្រី។ ឡេលាយមានទាំងគុណសម្បត្ដិ និងគុណវិបត្ដិជាមួយគ្នា អាស្រ័យទៅលើការលាយត្រឹមត្រូវតាមក្បួនខ្នាតឬក៏អត់ ។ មិត្ដនារីមួយចំនួនដែលមានចំណាប់អារម្មណ៍ក្នុងការលាយឡេនោះ ពិតជាមានការចង់ដឹងពីវិធីលាយឡេ ថាតើគួរលាយតាមវិធី សាស្ដ្របែបណាដើម្បីមិនឱ្យមានផលប៉ះពាល់ដល់បញ្ហាសុខភាពស្បែក។
សព្វថ្ងៃដោយសារតែមានការនិយមប្រើឡេលាយសម្រាប់លាបខ្លួនយ៉ាងច្រើន ទើបទស្សនាវដ្ដី សុខភាពយើង បានសម្ភាសជាមួយលោកស្រី ច័ន្ទ ស្រីណុច ម្ចាស់ហាងកែសម្ផស្ស មីកាសា ដើម្បីមកបកស្រាយអំពីវិធីសាស្ដ្រលាយឡេ និងផលប៉ះពាល់របស់វា។
វិធីសាស្ដ្រក្នុងការលាយឡេ
ជាដំបូងមិត្ដនារីគួរដឹងពីការកំណត់ចំនួនបរិមាណឱ្យបានត្រឹមត្រូវ មួយមុខៗត្រូវមានបរិមាណស្មើគ្នាឬសមស្រប។ សម្រាប់ផលិតផលដែលជ្រើសរើសយកមកលាយ ត្រូវពិនិត្យលើគុណភាព និងកាលបរិច្ឆេទ។ ប្រសិនបើមិត្ដនារីមិនមានជំនាញច្បាស់លាស់ទេនោះ អាចទៅពិភាក្សាជាមួយអ្នកដែលមានបទពិសោធន៍ ដើម្បីពិគ្រោះយោបល់។ នៅពេលជ្រើសរើសផលិតផលបានតាមការកំណត់ ហើយអាចយកសារធាតុផ្សំទាំងអស់នោះមកលាយបញ្ចូលគ្នាហើយកូរវាឱ្យយូរ រហូតសព្វល្អ ឬក៏អាចយកវាទៅកិន ឬគ្រលុកជាមួយម៉ាស៊ីនទឹកគ្រលុកក៏បានដែរ។ កាលណាឡេលាយមិនបានល្អ នៅពេលយកទៅលាបនោះក៏មិនសូវមានប្រសិទ្ធភាពប៉ុន្មានឡើយ តែបើ លាយសព្វបានល្អឆាប់មានប្រសិទ្ធភាព។
វ័យដែលគួរប្រើប្រាស់លាបឡេ និងឡេលាយ
ចំពោះស្ដ្រីការប្រើឡេគឺចាប់ពីពេញវ័យ រហូតដល់វ័យចំណាស់។ ស្ដ្រីដែលមានវ័យចំណាស់ គួរតែឧស្សាហ៍លាបឡេឱ្យបានញឹកញាប់បន្ដិច ព្រោះស្បែកចាប់បាត់បង់ភាពស្រស់ថ្លាទៅតាមអាយុកាល ជាហេតុចាំបាច់ត្រូវបំប៉នស្បែកជាប្រចាំ ជាពិសេសពេលចេញដើរទៅខាងក្រៅផ្ទះត្រូវប្រើជាឡេការពារកម្ដៅថ្ងៃ ដើម្បីចៀសវាងការកើតមានចំណុចខ្មៅឬអាចម៍រុយនៅលើស្បែក។ មិនគួរ ប្រើឡេនៅវ័យក្រោមអាយុ១០ឆ្នាំឡើយ។ អ្នកដែលមានសម្បុរមិនភ្លឺថ្លា គួរតែថែទាំឱ្យបានញឹកញាប់បន្ដិច និងទាមទារឱ្យមានការ ចេះថែរក្សាបន្ថែមទៀត។
វិធីការពារចៀសវាងប្រតិកម្មស្បែក
នៅពេលដែលលោកស្រីអ្នកនាងកញ្ញាសម្រេចចិត្ដជ្រើសរើសផលិតផលយកមកលាយជាមួយឡេ ដើម្បីលាបឱ្យស្បែក ស្រស់ស្អាតនោះគួរជ្រើសរើសយកផលិតផលដែលមានគុណភាព និងលាយឱ្យបានល្អ។ ប្រសិនបើមិនចេះជ្រើសរើស អាចទៅពិភាក្សាជាមួយអ្នកជំនាញខាងកែសម្ផស្ស ឬជំនាញខាងស្បែក ដើម្បីពិនិត្យ និងផ្ដល់ជាយោបល់ ក្នុងការជ្រើសរើសឱ្យបានត្រឹមត្រូវ។ ពេលងូត ទឹកសូមដុសជាមួយសាប៊ូដែលត្រូវជាមួយស្បែកឱ្យស្អាត ដើម្បីកម្ចាត់មេរោគ ហើយជូតខ្លួនឱ្យស្ងួតជាតិទឹកលើដងខ្លួន ទើបលោកអ្នក លាបឡេតាមក្រោយដើម្បីចៀសវាងការប្រតិកម្មស្បែក។ លោកអ្នកគួរលាបនៅពេលយប់ព្រោះងាយស្រួលឱ្យជាតិឡេឆាប់ជ្រាប ចូលក្នុងស្បែក។ សម្រាប់ពេលថ្ងៃគួរលាបជាឡេការពារកម្ដៅថ្ងៃទើបអាចបញ្ចៀសស្នាមខ្មៅនៅលើស្បែក។
ផលប្រយោជន៍ចំពោះការប្រើឡេលាយ
ការលាបឡេមានសារៈសំខាន់ជាច្រើន ធ្វើឱ្យមានការផ្លាស់ប្ដូរពីអាក្រក់ទៅល្អ បំបាត់ស្លាកស្នាមកន្ទួលនៅលើស្បែក និងផ្លាស់ប្ដូរពណ៌រោមនៅលើស្បែកផងដែរ។ ចំពោះមនុស្សវ័យចំណាស់ អាចមានការប្រែក្លាយជាក្មេងជាងវ័យ ព្រោះសារធាតុទាំងនេះបានជ្រាបទៅជួយរឹតបន្ដឹងភាពជ្រីវជ្រួញ និងបំបាត់អាចម៍រុយលើស្បែក។
ផលប៉ះពាល់ចំពោះការប្រើឡេ
ផលប៉ះពាល់នៃការប្រើឡេលាយមានច្រើនគួរឱ្យកត់សម្គាល់ អាស្រ័យលើផលិតផលដែលយកមកលាយ បើផលិតផលទាំងនោះជាផលិតផលមិនត្រឹមត្រូវ ផលិតផលគ្មានគុណភាព ហួសកាលកំណត់ ក្លែងក្លាយ នាំឱ្យបង្កប្រតិកម្មឬបញ្ហាផ្សេងៗលើស្បែក។ ម្យ៉ាងទៀតប្រសិនបើការលាយមិនបានល្អក៏ជាហេតុមួយបង្កឱ្យមានបញ្ហាប្រតិកម្មលើស្បែកដែរ ដូចជាបណ្ដាលឱ្យកើតជារមាស់កន្ទួល ឬខូចស្បែក។ អ្នកខ្លះមានបញ្ហារមាស់ដល់ថ្នាក់អេះចេញឈាម និងឡើងកន្ទួលធំៗ ដែលឡេលាយអាចជ្រាបចូលដល់កោសិកាខាងក្នុង ប៉ះទង្គិចដល់សុខភាពស្បែកនិងសុខភាពរាងកាយ។
ដំបូន្មានអ្នកប្រឹក្សា
លោកអ្នកគប្បីថែរក្សាសម្រស់ស្បែកឱ្យបានឋិតថេរទាំងបុរសទាំងស្ដ្រី ហើយសូមកុំឱ្យត្រូវកម្ដៅថ្ងៃញឹកញាប់ពេក។ គួរតែពាក់អាវដៃវែងពេលដើរហាលថ្ងៃ ព្រោះកម្ដៅថ្ងៃធ្វើឱ្យស្បែកឆាប់ជ្រីវជ្រួញងាយនឹងកើតបញ្ហាផ្សេងៗលើស្បែក។ លោកអ្នកគួរលាបឡេការពារកម្ដៅថ្ងៃឱ្យបានជាប្រចាំ ទើបរក្សាស្បែកនៅស្រស់ស្អាតបានយូរ។ មិត្ដនារីគ្រប់រូប គួរប្រើឡេមានគុណភាពល្អ និងមាន ឈ្មោះត្រឹមត្រូវតាមរយៈការពិគ្រោះជាមួយអ្នកជំនាញត្រឹមត្រូវ។
បណ្ដាំផ្ញើ
អ្វីដែលរៀបរាប់ជូនខាងលើនេះ គ្រាន់ជាចំណេះដឹងសម្រាប់លោកអ្នកពិចារណាតែប៉ុណ្ណោះ។ សូមលោកអ្នកជ្រើសរើសយកអ្វីដែលលោកអ្នកយល់ថាល្អត្រឹមត្រូវ។ ជាពិសេសសូមពិគ្រោះជាមួយអ្នកឯកទេសមុនសម្រេចចិត្ដ ទើបត្រឹមត្រូវ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣២ ខែកញ្ញា ឆ្នាំ២០០៨
Leave a Reply