ស្បែកស ទន់ ភ្លឺរលោង គឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប ជាពិសេសចំពោះសុភាពនារី។ មានស្ដ្រីមួយចំនួនបាន ចំណាយពេលវេលា និងប្រាក់ជាច្រើនក្នុងការខំប្រឹងស្វះស្វែងរកការព្យាបាល និងដំណោះស្រាយច្រើនយ៉ាងធ្វើឱ្យស្បែកមានសភាព ទន់ រលោង ហើយភ្លឺ។ ប៉ុន្ដែការចំណាយទាំងអស់នោះទទួលលទ្ធផលត្រឡប់មកវិញ ខ្លះបានសម្រេចខ្លះទៀតមិនបានសម្រេច។ តើមានវិធីសាស្ដ្រណាខ្លះ អាចធ្វើឱ្យស្បែកមានសភាពភ្លឺរលោង ដោយមិនចាំបាច់ចំណាយពេលវេលានិងប្រាក់ច្រើននោះ?
ដើម្បីឱ្យអស់ចម្ងល់ និងចំណាយថវិកាតិចក្នុងការកែខៃបញ្ហាស្បែកស្ងួតពីស្ងួតមកឱ្យមានសភាពភ្លឺរលោងនោះលោកស្រី លីណា នាយិកាមន្ទីរព្យាបាលសម្ផស្សអន្ដរជាតិអាស៊ី បានបកស្រាយយ៉ាងច្បាស់នៅលើទំព័រទស្សនាវដ្ដី សុខភាពយើងដើម្បីចែកជូន ដល់បងប្អូនជាស្ដ្រី ជាពិសេសអ្នកដែលចង់មានស្បែកភ្លឺរលោងទុកគ្រាន់ជាការជ្រាប។
មូលហេតុស្បែកស្ងួត
មូលហេតុដែលបណ្ដាលឱ្យស្បែកស្ងួត មិនភ្លឺរលោង គឺបណ្ដាលមកពីកត្ដាពីរយ៉ាង។ កត្ដាទី១គឺបណ្ដាលមកពីធម្មជាតិ ដូចជាត្រូវកម្ដៅថ្ងៃខ្លាំង ប៉ះពាល់ជាមួយអាកាសធាតុក្ដៅស្ងួត ឬបណ្ដាលមកពីការអំណោយទានពីធម្មជាតិនៃស្បែក។ កត្ដាទី២ អាចបណ្ដាលមកពីសកម្មភាពរបស់យើងផ្ទាល់ ដោយការប្រើប្រាស់នូវផលិតផលខាត់ស្បែកដែលពុំមានគុណភាពត្រឹមត្រូវការប្រើប្រាស់ នូវគ្រឿងសម្អាងជំនួយស្បែកចម្រុះ ដោយពុំបានធ្វើការវិភាគទៅលើសុខភាព និងប្រភេទនៃស្បែកឬប្រើផលិតផលខាត់ស្បែក ដែល សម្បូរទៅដោយជាតិអាស៊ីតកាត់ស្បែកច្រើន និងកង្វះជាតិទឹកនៅក្នុងរាងកាយ។ មួយវិញទៀតនោះអាចបណ្ដាលមកពីការថែរក្សា មិនបានត្រឹមត្រូវ ឬអាចមកពីការប្រើប្រាស់ឡេ មិនត្រូវទៅតាមស្ដង់ដារបស់ស្បែកជាដើម។
វិធីព្យាបាលស្បែកឱ្យភ្លឺថ្លា
ជាទូទៅស្បែកនៅលើដងខ្លួនរបស់មនុស្សមានច្រើនស្រទាប់។ ស្រទាប់ក្រៅអាចមានសំណើមភ្លឺរលោងទៅបានគឺអាស្រ័យ ទៅលើសារធាតុចិញ្ចឹមមួយចំនួនដែលមាននៅក្នុងរាងកាយ ដែលបានមកពីការបរិភោគនូវចំណីអាហារប្រចាំថ្ងៃជាពិសេសជាតិទឹក និងវីតាមីនមួយចំនួន។
ដើម្បីកែខៃនូវបញ្ហាស្បែកស្ងួតនេះឱ្យប្រែក្លាយទៅជាស្បែកដែលមានសភាពសម៉ដ្ឋភ្លឺរលោងទៅបានគឺអាស្រ័យទៅលើ កត្ដាមួយចំនួនដូចខាងក្រោមនេះ ៖
- ចាំបាច់ត្រូវបរិភោគទឹកឱ្យបានច្រើន ចាប់ពី២ទៅ៣លីត្រក្នុងមួយថ្ងៃ
- ព្យាយាមបរិភោគទឹកផ្លែឈើឱ្យមានច្រើន ដែលមានដូចជាទឹកសណ្ដែក ឪឡឹក ត្រសក់ ឬប៉ោម
- ចៀសវាងការប្រើប្រាស់នូវផលិតផលសម្អាងផ្សេងៗដែលពុំមានគុណភាពត្រឹមត្រូវ
- បរិភោគអាហារដែលមានផ្ទុកទៅដោយវីតាមីន(វីតាមិន A E B1 B12)ជាដើម
- ប្រើនូវផលិតផលណាដែលត្រូវជាមួយនឹងសុខភាពស្បែក
- ចៀសវាងធ្វើការបកស្បែកនៅតាមទីកន្លែងដែលគ្មានជំនាញ និងគ្មានបទពិសោធន៍ច្បាស់លាស់
- ត្រូវជួបពិគ្រោះជាមួយអ្នកជំនាញ ដើម្បីត្រួតពិនិត្យស្បែក និងជ្រើសរើសប្រភេទផលិតផលប្រើប្រាស់។
បណ្ដាំអ្នកជំនាញ
ការប្រើផលិតផលមិនមែនចេះតែប្រើនោះទេ ទាមទារឱ្យអ្នកដែលមានស្បែកស្រអាប់ទៅពិនិត្យស្បែកឱ្យបានត្រឹមត្រូវដើម្បីងាយស្រួលក្នុងការដាក់ផលិតផលឱ្យត្រូវទៅនឹងស្បែក ហើយនិងងាយទទួលបានប្រសិទ្ធភាពផងដែរ។ ស្បែកជាសម្រស់ទាក់ ទាញមួយរបស់មនុស្ស។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៣ ខែតុលា ឆ្នាំ២០០៨
Leave a Reply